38.1 C
Phnom Penh

សាលា​​​ដំបូង​​​ខេត្ត​​​សៀមរាប​​​ចោទប្រកាន់​បុរស​ពីរនាក់​ពីបទ​មនុស្ស​ឃាតដោយ​គិត​ទុក​ជាមុន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​និយាយ​ថា កាលពី​ម្សិលមិញ សាលាដំបូង​ខេត្ត​សៀម​រាប​​បាន​ចោទ​ប្រកាន់​ បុរស​ពីរនាក់​ពី​បទ​មនុស្ស​ឃាត​ដោយ​គិត​ទុក​ជាមុន​​ចំពោះ​ការ​ជាប់ពាក់ព័ន្ធ​ក្នុង​ការ​កាត់​ក្បាល​ស្ត្រីវ័យ​ក្មេង​ម្នាក់​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​។

យោង​តាម​នគរបាល​បាន​ឱ្យ​ដឹង​ថា ចាន់ ឆាយ៉ា អាយុ​៤០ឆ្នាំ​ ជា​មគ្គុទ្ទេសក៍​ទេស​ចរ​ភាសា​ថៃ​នៅ​ឧទ្យាន​បុរាណ​អង្គរ​ និង​ នឹប សិដ្ឋ អ្នក​បើក​បរ​ឱ្យ​ក្រុមហ៊ុន​សំណង់​មួយ​របស់​ចិន​​ ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ក្រុង​សៀម​រាប​​កាលពី​ចុង​សប្តាហ៍ពាក់ព័ន្ធ​​​ការ​សម្លាប់កញ្ញា​​ លេន សិលា អាយុ​២៣ឆ្នាំ​ ជា​បុគ្គលិក​​បម្រើការ​នៅ​ភូមិ​វប្បធម៌ក្នុងក្រុង​សៀម​រាប ដែល​សាក សព​ឥត​ក្បាល​របស់នាង​ត្រូវ​បាន​ប្រទះ​ឃើញ ក្រោម​គ្រែ​នៅ​ផ្ទះ​សំណាក់​ប្រាសាទកែវ។

ក្បាល​របស់សាកសព​ត្រូវ​បាន​រក​ឃើញ​នៅ​​ក្នុង​រណ្តៅ​ភ្នក់ភ្លើង​នៅ​ផ្ទះរបស់​ ឆាយ៉ា បន្ទាប់​ពី​ម្តាយ​ជន​រងគ្រោះ​​និយាយ​ថា​កូនស្រី​របស់​គាត់​​បាន​បញ្ចប់​ទំនាក់ទំនង​​ជាមួយ​បុរ​ស​រូប​នេះ​កាលពី​ពេល​ថ្មី​ៗដោយ​សារ​បុរស​នេះ​បាន​ប្រពន្ធរួច​ហើយ។

ក្រុមមន្ត្រី​បាននិយាយ​នៅពេលនោះថា បើ​ទោះជា​​ ឆាយ៉ា សារភាព​ថា បាន​រឹកក​ស្ត្រី​រូប​នេះ​នឹង​ក្រមា​មុនពេល​យកកាំបិត​មក​ កាត់​ក្បាល​ទំនង​ជា​ការ​ប្រចណ្ឌ​​ថា នាង​មាន​ស្នេហា​ជាមួយ​បុរស​ម្នាក់ទៀត​ មុនពេល​យក​សាក​សព​របស់​នាង​ទៅ​ដាក់បន្ទប់​ផ្សេង​​នៅ​ផ្ទះ​សំណាក់​ដដែល​នេះក៏ដោយ ក៏ នឹប​ សិដ្ឋ ត្រូវ​បាន​ចាប់ខ្លួន​ដែរ​ ពីព្រោះ​ ជន​នេះ​បាន​ដេក​ លើ​គ្រែ​​​ដែល​មាន​សាក​សព​នៅ​ពីក្រោម​។

ទោះ​យ៉ាង​ណា កាលពី​ម្សិលមិញ លោក ថោង សាគុណ ស្នង​ការ​រង​នគរបាល​ខេត្ត​​បាន ​មាន​ប្រសាសន៍​ថា ឆាយ៉ា បាន​ភ្ជាប់ នឹប សិដ្ឋ​ បន្ទាប់ពី​ការ​ចាប់ខ្លួន​ពួកគេ​។ លោក​បាន​ថ្លែង​ថា “​ដំបូង​ ចាន់ ឆាយ៉ា ​បាន​ប្រាប់​់យើង​ថា នឹប សិដ្ឋ ជាប់ពាក់ព័ន្ធ ប៉ុន្តែ​ក្រោយមក បដិសេធ​ថា​ មិន​ស្គាល់​ជន​នេះទេ។ តុលាការ​​បាន​ចោទ​​​ប្រកាន់ពួកគេ​ពី​បទ​មនុស្ស​ឃាត​ដោយ​​​គិត​ទុក​ជាមុន​…មានន័យ​ថា ពួកគេ​ប្រឈម​ការ​ជាប់​ពន្ធនាគារ​អស់មួយ​ជីវិត”៕ សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស