ក្រុមមន្ត្រីបាននិយាយថា កាលពីម្សិលមិញ សាលាដំបូងខេត្តសៀមរាបបានចោទប្រកាន់ បុរសពីរនាក់ពីបទមនុស្សឃាតដោយគិតទុកជាមុនចំពោះការជាប់ពាក់ព័ន្ធក្នុងការកាត់ក្បាលស្ត្រីវ័យក្មេងម្នាក់កាលពីល្ងាចថ្ងៃសុក្រ។
យោងតាមនគរបាលបានឱ្យដឹងថា ចាន់ ឆាយ៉ា អាយុ៤០ឆ្នាំ ជាមគ្គុទ្ទេសក៍ទេសចរភាសាថៃនៅឧទ្យានបុរាណអង្គរ និង នឹប សិដ្ឋ អ្នកបើកបរឱ្យក្រុមហ៊ុនសំណង់មួយរបស់ចិន ត្រូវបានចាប់ខ្លួនក្នុងក្រុងសៀមរាបកាលពីចុងសប្តាហ៍ពាក់ព័ន្ធការសម្លាប់កញ្ញា លេន សិលា អាយុ២៣ឆ្នាំ ជាបុគ្គលិកបម្រើការនៅភូមិវប្បធម៌ក្នុងក្រុងសៀមរាប ដែលសាក សពឥតក្បាលរបស់នាងត្រូវបានប្រទះឃើញ ក្រោមគ្រែនៅផ្ទះសំណាក់ប្រាសាទកែវ។
ក្បាលរបស់សាកសពត្រូវបានរកឃើញនៅក្នុងរណ្តៅភ្នក់ភ្លើងនៅផ្ទះរបស់ ឆាយ៉ា បន្ទាប់ពីម្តាយជនរងគ្រោះនិយាយថាកូនស្រីរបស់គាត់បានបញ្ចប់ទំនាក់ទំនងជាមួយបុរសរូបនេះកាលពីពេលថ្មីៗដោយសារបុរសនេះបានប្រពន្ធរួចហើយ។
ក្រុមមន្ត្រីបាននិយាយនៅពេលនោះថា បើទោះជា ឆាយ៉ា សារភាពថា បានរឹកកស្ត្រីរូបនេះនឹងក្រមាមុនពេលយកកាំបិតមក កាត់ក្បាលទំនងជាការប្រចណ្ឌថា នាងមានស្នេហាជាមួយបុរសម្នាក់ទៀត មុនពេលយកសាកសពរបស់នាងទៅដាក់បន្ទប់ផ្សេងនៅផ្ទះសំណាក់ដដែលនេះក៏ដោយ ក៏ នឹប សិដ្ឋ ត្រូវបានចាប់ខ្លួនដែរ ពីព្រោះ ជននេះបានដេក លើគ្រែដែលមានសាកសពនៅពីក្រោម។
ទោះយ៉ាងណា កាលពីម្សិលមិញ លោក ថោង សាគុណ ស្នងការរងនគរបាលខេត្តបាន មានប្រសាសន៍ថា ឆាយ៉ា បានភ្ជាប់ នឹប សិដ្ឋ បន្ទាប់ពីការចាប់ខ្លួនពួកគេ។ លោកបានថ្លែងថា “ដំបូង ចាន់ ឆាយ៉ា បានប្រាប់់យើងថា នឹប សិដ្ឋ ជាប់ពាក់ព័ន្ធ ប៉ុន្តែក្រោយមក បដិសេធថា មិនស្គាល់ជននេះទេ។ តុលាការបានចោទប្រកាន់ពួកគេពីបទមនុស្សឃាតដោយគិតទុកជាមុន…មានន័យថា ពួកគេប្រឈមការជាប់ពន្ធនាគារអស់មួយជីវិត”៕ សារុន