ប្រជាពលរដ្ឋនិងអ្នកត្រូវគេបណ្តេញចេញពីតំបន់បឹងកក់និងបុរីកីឡា ក្រុងភ្នំពេញបានត្រឡប់មកការិយាល័យរបស់ធនាគារពិភពលោកនៅតាមមហាវិថីព្រះនរោត្តមជាថ្មីទៀតកាលពីថ្ងៃច័ន្ទ ហើយគប់ពងទាដាក់ខ្លោងទ្វារមុខ និងទាមទារឲ្យស្ថាប័នផ្តល់ប្រាក់កម្ចីអន្តរជាតិនេះចាកចេញពីប្រទេសកម្ពុជា។
ក្រុមដដែលនេះបានគប់ពងទាដាក់ការិយាល័យនេះកាលពីពីរសប្ដាហ៍មុន និងបានសន្យាថានឹងត្រឡប់មកវិញរាល់សប្តាហ៍ រហូតដល់ធនាគារនេះដកចេញ ប៉ុន្តែពួកគាត់បានខកខានរយៈពេលមួយសប្តាហ៍ដោយសារបុណ្យចូលឆ្នាំចិន។ ក្រុមអ្នកតវ៉ាបានបន្ទោសធនាគារនេះ ថាបានបណ្តោយឲ្យរដ្ឋាភិបាលប្រើកម្លាំងបណ្តេញប្រជាពលរដ្ឋរាប់ពាន់គ្រួសារចេញពីផ្ទះសំបែងរបស់ពួកគាត់នៅបឹងកក់ ក្នុងពេលមានគម្រោងផ្តល់ប័ណ្ណកម្មសិទ្ធិដែលផ្តល់មូលនិធិដោយធនាគារនេះ ហើយក្រោយមកគម្រោងនេះមិនបានជួយដល់ពួកគាត់ទេ។

អ្នកស្រី ស៊ា សារ៉េត អ្នកបឹងកក់រងការបណ្តេញចេញ និងជាអ្នកតវ៉ាម្នាក់ក្នុងចំណោមអ្នកតវ៉ាប្រហែល៤០នាក់ នៅខាងក្រៅការិយាល័យធនាគារនេះកាលពីព្រឹកថ្ងៃច័ន្ទ ដែលបានគប់ពងទាដាក់ខ្លោងទ្វារមុខ បាននិយាយថា “ធនាគារពិភពលោកត្រូវតែចាកចេញពីប្រទេសកម្ពុជា”។
អ្នកស្រីបាននិយាយថា “យើងមិនត្រូវការធនាគារពិភពលោកទេ ពីព្រោះកម្ចីរបស់ធនាគារនេះបានបណ្តាលឲ្យពលរដ្ឋជាច្រើននៅបឹងកក់បាត់បង់ផ្ទះសំបែងរបស់ខ្លួនដោយសារគម្រោងអភិវឌ្ឍន៍”។
ទោះជាចន្លោះមួយសប្តាហ៍មុនក៏ដោយ ក៏អ្នកស្រី ណារ៉េត បាននិយាយថា ក្រុមអ្នកតវ៉ានៅតែបន្តគម្រោងគប់ពងទាជាទៀងទាត់ពីពេលឥឡូវនេះទៅ។
អ្នកស្រីបាននិយាយថា “យើងនឹងវិលមកទីនេះវិញរាល់ថ្ងៃច័ន្ទ ដើម្បីគប់ពងទារហូតដល់ពួកគេចេញពីប្រទេសកម្ពុជា”។
អ្នកតវ៉ាបានប្រគល់ឲ្យលោក ប៊ូ សារឿន អ្នកនាំពាក្យធនាគារ នូវលិខិតមួយច្បាប់បញ្ជាក់ពីជំហររបស់ពួកគាត់ នៅពេលដែលពួកគាត់បានមកកាលពីពីរសប្តាហ៍មុន ប៉ុន្តែបាននិយាយថា ពួកគាត់មិនបានទទួលការឆ្លើយតបទេ។
ទាក់ទងកាលពីថ្ងៃច័ន្ទដើម្បីសុំការពន្យល់ លោក សារឿន បានដាក់ទូរស័ព្ទចុះមិននិយាយជាមួយអ្នកកាសែត។
លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ បានហៅការគប់ពងទាថា “អត់សីលធម៌” និងបាននិយាយថា អាជ្ញាធរនឹងចាត់វិធានការលើក្រុមអ្នកតវ៉ា ប្រសិនបើនិងពេលណាធនាគារនេះសុំជំនួយ។
លោក ឡុង ឌីម៉ង់ បានហៅអ្នកតវ៉ាថា “មនុស្សពាល” ប៉ុន្តែក៏បាននិយាយដែរថា អាជ្ញាធរនឹងមិនចាត់វិធានការទេ ប្រសិនបើធនាគារនេះមិនស្នើសុំទេនោះ។
លោកបានបន្ថែមថា “ខ្ញុំគិតថា នេះគឺខុសច្បាប់ ពីព្រោះពួកគាត់បានគប់ពងទាដាក់ខ្លោងទ្វាររបស់គេ”៕ និត