ដោយអ្នកតវ៉ាដែលជាអាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិកនាំគ្នាចេញមកធ្វើបាតុកម្មនៅលើផ្លូវមួយដែលស្ថិតនៅឆ្ងាយពីរមណីយដ្ឋាន Sunnylands នាភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ានោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្វាគមន៍លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក និងបានថតរូបពេលចាប់ដៃគ្នាដោយគ្មានការរំខានកាលពីថ្ងៃច័ន្ទ មុនពេលកិច្ចប្រជុំកំពូលអាមេរិក-អាស៊ានដែលមានរយៈពេលពីរថ្ងៃចាប់ផ្តើម។
បាតុកម្មនេះដែលរៀបចំដោយសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង ជាក្រុមសកម្មជនមានមូលដ្ឋាននៅក្នុងរដ្ឋការ៉ូលីណា ខាងជើងបានធ្វើឡើងតាមគ្រោងទុកក្រោយពេលមានការប្រមែប្រមូលគ្នាជាច្រើនសប្តាហ៍ ដែលអំឡុងពេលនោះអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចបានព្រមានពីការឆ្លើយតបដ៏ហិង្សា ប្រសិនបើបាតុកម្មនេះនៅតែធ្វើឡើង។

ទោះបីជាមានការគំរាមយ៉ាងនេះក្តីដែលរួមមានការនិយាយបញ្ឆិតបញ្ឆៀងដល់ការវាយដំយ៉ាងសាហាវលើតំណាងរាស្ត្រគណបក្សប្រឆាំងពីររូបនៅខាងក្រៅរដ្ឋសភាក្នុងរាជធានីភ្នំពេញកាលពីខែតុលាក្តី តែប្រតិកម្មកាលពីម្សិលមិញ ចំពោះបាតុកម្មនេះគ្មានសកម្មភាពអ្វីទេ ដោយសារមានការប្រទាំងប្រទើសជំុវិញទំហំនៃបាតុកម្មនេះ។
លោក រឿន វាសនា អនុប្រធានសម្ព័ន្ធមិត្ត ខ្មែរ-អាមេរិកាំងបានលើកឡើងថា បាតុកម្មនៅក្នុងក្រុង Rancho Mirage រដ្ឋកាលីហ្វ័រញ៉ា មានអ្នកចូលរួមជាង១.០០០នាក់ ក្នុងនោះភាគច្រើនមកពីសមាគមខ្មែរនៅសហរដ្ឋអាមេរិក និងកាណាដា។
លោក រឿន វាសនា បានលើកឡើងថា ”យើងឃើញថា មានចំនួនសរុបយ៉ាងតិច១.៥០០នាក់”។ លោកបានបន្ថែមថា “ក្នុងនោះ៨០ភាគរយមកពីចលនាប្រជាជនខ្មែរ រីឯអ្នកផ្សេងទៀតគឺជាពលរដ្ឋថៃ ពលរដ្ឋវៀតណាម ពលរដ្ឋរ៉ូហីុងយ៉ា និងអ្នកតវ៉ាប្រឆាំងកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP)”។
រូបភាពនៃបាតុកម្មនេះបង្ហាញឲ្យឃើញថា អ្នកតវ៉ាឈរនៅពីក្រោយរបាំងដោយមានលើកបដាប្រឆាំងលោក ហ៊ុន សែន និងប្រវត្តិសិទ្ធិមនុស្សរបស់រដ្ឋាភិបាលលោក។ បដាមួយមានអត្ថន័យថា “បញ្ហាអាយុជីវិតប្រជាពលរដ្ឋខ្មែរ” រីឯបដាមួយទៀតមានអត្ថន័យថា “អាមេរិក=លទ្ធិប្រជាធិបតេយ្យ, កម្ពុជា=លទ្ធិប្រជាធិបតេយ្យក្លែងក្លាយ” ហើយបដាមួយផ្សេងទៀតមានអត្ថន័យថា “ហ៊ុន សែន គឺជាឃាតករ”។

លោក រឿន វាសនា បានមានប្រសាសន៍ថា “សារដ៏សំខាន់បំផុតនោះគឺយើងឆ្អែតឆ្អន់នឹងការគ្មានតម្លាភាពអស់រយៈពេល៣៥ឆ្នាំមកហើយ ឆ្អែតឆ្អន់នឹងរដ្ឋាភិបាលផ្តាច់ការដែលកាន់អំណាចអស់រយៈពេល៣៥ឆ្នាំមកនេះ និងឆ្អែតឆ្អន់ចំពោះអំណាចផ្តាច់ការ”។ លោកបានបន្ថែមថា “យើងចង់ឃើញរដ្ឋាភិបាលដែលមានការទទួលខុសត្រូវ ហើយយើង គិតថា យើងនឹងមិនទទួលបានបែបនេះទេ បើ ហ៊ុន សែន នៅតែកាន់អំណាចនោះ”។
ដោយនិយាយផ្ទុយទាក់ទិនទៅនឹងការប៉ាន់ប្រមាណរបស់លោក រឿន វាសនា ដែលថា បាតុកម្មមានអ្នកចូលរួមយ៉ាងច្រើននោះលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា ប្រភពផ្ទាល់របស់លោកដែលបដិសេធសុំមិនបញ្ចេញ ឈ្មោះបានប្រាប់លោកថា សកម្មជនរូបនេះនិយាយបំផ្លើសចំនួននៃអ្នកចូលរួមដែលជាអាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិក ដែលថា មានប្រហែល៩០០នាក់នោះ។
លោក សុខ ឥសាន បានថ្លែងថា “ព័ត៌មានដែលខ្ញុំទទួលបានគឺថា ពួកគេត្រូវការជាង៩៤០នាក់ទៀតទើបដល់ចំនួន១.០០០នាក់”។
ដោយច្រានចោលការលើកឡើងដែលថា ចលនាប្រជាជនខ្មែរជាទូទៅមិនពេញចិត្តនឹងលោក ហ៊ុន សែន នោះ លោក បានលើកឡើងថា “នេះបង្ហាញឲ្យឃើញថា ពួកគេបរាជ័យព្រោះមានតែមនុស្សត្រឹមតែ៥០នាក់ទៅ៦០នាក់ប៉ុណ្ណោះដែលមកចូលរួមការការតវ៉ានេះ”។
លោកបានមានប្រសាសន៍បន្ថែមថា ”រឿងដែលគួរឲ្យគត់សម្គាល់បំផុតនោះគឺថា បាតុករប្រឆាំងរដ្ឋាភិបាលថៃបានស្វាគមន៍នឹងថ្លែងអំណរគុណចំពោះសម្តេចតេជោហ៊ុន សែន សម្រាប់ការគាំទ្រការតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសថៃ”។
លោក សាំង សុង អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលសន្យាកាលពីថ្ងៃអាទិត្យ ថា នឹងធ្វើបាតុកម្មតបតនឹងគណបក្សសង្គ្រោះជាតិវិញប្រសិនបើសកម្មជនដែលជាអាណិកជនខ្មែររស់នៅអាមេរិកធ្វើបាតុកម្មតាមការគ្រោងទុករបស់ខ្លួននោះ បាននិយាយបន្ទរតាមលោក សុខ ឥសាន។លោកបានលើកឡើងថា បាតុកម្មនេះមានទ្រង់ទ្រាយតូចណាស់មិនចាំបាច់ដល់ថ្នាក់តបតទេទោះបីជាលោកអះអាងថា បានឃើញសកម្ម ជនគណបក្សសង្គ្រោះជាតិនៅក្នុងចំណោមក្រុមបាតុករក៏ដោយ។

លោក សាំង សុង ដែលប្រាប់អត្តសញ្ញាណ ខ្លួនលោកថា ជាប្រធានក្រុមសម្ព័ន្ធយុវជននិងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាបាននិយាយថា “យើងឃើញថា មានអ្នកតវ៉ាខ្មែរត្រឹមតែប្រហែល២០០នាក់ប៉ុណ្ណោះ ហើយការតវ៉ានេះហាក់បីដូចជាតូចណាស់”។
លោកបាននិយាយបន្ថែមថា “ដោយសារវាជាការតវ៉ាទ្រង់ទ្រាយតូចដែលគ្មានផលប៉ះពាល់ ឬសម្ពាធលើរដ្ឋាភិបាលរបស់សម្តេចតេជោ យើងបានសម្រេចលុបចោលគម្រោងរបស់យើង”។
កាលពីថ្ងៃច័ន្ទ លោក ម៉ន ផល្លា ប្រធានគណៈកម្មាធិការប្រតិបត្តិរបស់គណបក្សសង្គ្រោះជាតិនៅក្នុងរាជធានីភ្នំពេញបានផ្ញើលិខិតមួយច្បាប់ជូនមន្ត្រីសាលារាជធានីដោយស្នើសុំការការពារសន្តិសុខបន្ថែម ដោយលើកឡើងជាពិសេសអំពីការសន្យាធ្វើបាតុកម្មតបតរបស់លោក សាំង សុង នៅក្នុងសារតាមហ្វេសប៊ុក។
កាលពីម្សិលមិញ លោក អ៊ូ ច័ន្ទរិទ្ធ តំណាង រាស្ត្រគណបក្សសង្គ្រោះជាតិបានលើកឡើងថា គណបក្សរបស់លោកនៅតែមានការប្រុងប្រយ័ត្នទោះបីជាកាលពីម្សិលមិញមានភាពស្ងប់ស្ងាត់ក៏ដោយ ដោយសារមិនបានឃើញអាជ្ញាធរខិតខំបង្កើនការការពារសន្តិសុខ នៅឯទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិ។
ដោយសារគ្មានការឆ្លើយតបពីក្រសួងមហាផ្ទៃ និងសាលារាជធានី លោកបានលើកឡើងថា សកម្មជនបក្សរបស់លោកត្រូវបានបញ្ជូនទៅការពារគេហដ្ឋានរបស់លោក កឹម សុខា អនុប្រធានបក្សនៅក្នុងខណ្ឌទួលគោកនិងត្រូវបានបញ្ជូនទៅកាន់ទីស្នាក់ការកណ្តាល បក្សសម្រាប់បន្ថែមការការពារ។ លោកថ្លែងថា “យើងរង់ចាំមើលពីរបីថ្ងៃទៀតសិនហើយ យើងនៅតែមានការប្រុងប្រយ័ត្ន”៕ស៊ុយឈាង