33 C
Phnom Penh

​អាជ្ញាធរ​​ទុក​ពេល​១ខែ​ឲ្យ​អាជីវ​​​កម្ម​នានា​​​នៅ​តាម​បណ្ដោយ​ឆ្នេរ​​ក្រុង​ព្រះសីហនុ​​​​បិទ​​ការ​រកស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បារ ភោជនីយដ្ឋាន​ និង​ផ្ទះ​សំណាក់​ទាំង​អស់​​​​​តាម​បណ្ដោយ​​​ឆ្នេរ​អូរត្រេះ​​ជិត​ក្រុង​ព្រះ​​សីហនុ​ និង​អាជីវកម្ម​មួយ​ចំនួន​​លើ​ឆ្នេរ​​អូរ​ឈើទាល​ក្បែរ​ខាង​ ត្រូវ​បិទ​​ការ​រក​ស៊ី​ក្នុង​រយៈ​​​ពេល​១ខែ​ ប្រសិន​បើ​មិន​​​​ធ្វើ​​​តាមទេ​នឹង​ត្រូវ​ប្រឈម​ការ​បណ្ដេញ​ចេញ​ នេះ​បើ​​​​តាម​​​មន្ត្រី​មូលដ្ឋាន​បាន​បញ្ជាក់​កាលពី​ម្សិលមិញ។

យោង​តាម​​សេចក្ដី​ថ្លែងការណ៍​មួយ​ចុះ​ថ្ងៃទី​១២ ខែ​កុម្ភៈ និង​ចុះ​ហត្ថលេខា​ដោយ​លោក យន្ត មីន អភិបាល​​ខេត្ត​ព្រះ​សីហនុ ​​អាជីវកម្ម​នានា​លើ​ឆ្នេរ​អូរត្រេះ និង​អាជីវ​កម្ម​​​​នៅ​ចុង​ភាគ​ខាង​ត្បូង​​​នៃ​ឆ្នេរ​អូរឈើទាល មានពេល​រហូត​ដល់​ថ្ងៃ​ទី១៣ ​​​ខែ​មីនា ដើម្បី​រើ​ចេញ​ដោយ​លើក​ឡើង​​ពី​ការ​ព្រួយបារម្ភ​អំពី​បរិស្ថាន​។

​​សេចក្ដី​ថ្លែងការណ៍​​​នេះ​​​​​​​​​មាន​​​​​​​​ខ្លឹម​​​​​​សារ​​​ដូច្នេះ​​​​​​ថា ”​អាជីវករ​ទាំង​អស់​​ក្នុង​តំបន់​ទាំង​នេះ​ត្រូវ​រុះរើ​ទីតាំង​អាជីវកម្ម​របស់​ខ្លួន​​​​នៅ​​​លើ​ឆ្នេរ​​សាធារណៈ​របស់​រដ្ឋ​ទាំង​នេះ​​ចន្លោះ​ពី​ថ្ងៃ​ទី១៣ ខែ​កុម្ភៈ ដល់​ថ្ងៃទី​១៣ ខែ​មីនា។ ​ក្រោយ​​​​​​​កាលបរិច្ឆេទ​នេះ អាជ្ញាធរ​ខេត្ត​នឹង​ចាត់​វិធាន​​ការ​បោស​សម្អាត​ដោយ​ខ្លួន​​​ឯង ហើយ​នឹង​មិន​​​ទទួល​ខុស​ត្រូវ​ចំពោះ​​ទ្រព្យ​សម្បត្តិ​ណាមួយ​​​ដែល​រង​ការ​បំផ្លិច​បំផ្លាញ​ឡើយ​។គណៈ​កម្មាធិ​ការ​ជាតិ​​គ្រប់គ្រង​ និង​អភិវឌ្ឍន៍​ឆ្នេរ​កម្ពុជា​​ ចង់​អភិវឌ្ឍ​ឆ្នេរ​ទាំង​នេះ ហើយ​ចង់​​​​ធ្វើ​ឲ្យ​ប្រសើរ​ឡើង និង​ថែរក្សា​ការ​ពារ​បរិស្ថាន​”។

កាលពី​ម្សិលមិញ លោក យន្ត មីន ​បាន​បន្ទោស​អាជីវកម្ម​​​ដែល​រង​ផល​ប៉ះពាល់​​ទាំង​នេះ​​​​ថា ​​​មិន​​​បាន​​​​អើ​ពើ​នឹង​អាជ្ញាធរ​​ក្នុង​ពេល​កន្លង​មក។ អភិបាល​ខេត្ត​រូប​នេះ​​បាន​មាន​ប្រសាសន៍​ថា ”​អាជ្ញាធរ​បាន​ព្យាយាម​​​​​ទប់​​​ស្កាត់​​ពួកគាត់​ [មិន​ឲ្យ​សាង​សង់​] ជាយូរ​មក​ហើយ​ ប៉ុន្តែ​ពួកគាត់​ចេះ​តែ​បន្ត​សាងសង់​។ ពេល​នេះ​​​រដ្ឋាភិបាល​ចង់​អនុវត្ត​​វិធានការ​នេះ​​ដើម្បី​ធ្វើ​ឲ្យ​ឆ្នេរ​ទាំង​នេះ​ស្អាត។ យើង​ត្រូវ​តែ​​​​ធ្វើ​​  ហើយ​​​​សុំឲ្យ​ពួកគាត់​រើ​ចេញ”។

លោក អុី សុខឡេង អភិបាល​ក្រុង​ព្រះ​សីហនុ​មាន​ប្រសាសន៍​ថា មាន​តែ​អាជីវ​កម្ម​​​នៅ​​​​លើ​ឆ្នេរ​ប៉ុណ្ណោះ​​ដែល​ត្រូវ​​​​​បាន​​​បញ្ជា​ឲ្យ​បិទ​ ហើយ​​​​​​លោក​មិន​​​​ដឹង​​​​​​​ឡើយ​ចំពោះ​​​ផែន​ការ​​អភិវឌ្ឍ​​​តំបន់​នេះ​​ ​ក្រោយពី​ពួកគាត់​ចាក​ចេញ​។

​លោក​មាន​ប្រសាសន៍​ទៀត​ថា ”​សំណង់​​​ទាំង​នោះ​នៅ​កៀក​​​សមុទ្រ​ ការ​សាង​សង់​គួរ​តែ​ធ្វើ​ឡើង​ចម្ងាយ​ជាង​១០០​ម៉ែត្រ​។ ​ជា​ការ​ពិត នៅ​ពេល​ទំនាច​​សមុទ្រ​ឡើង​ខ្ពស់​ វា​តែង​តែ​​ប៉ះ​ដល់​​សំណង់​ទាំង​នេះ​។ អាជ្ញាធរ​ខេត្ត​​មិន​ដឹង​​​ថានឹង​មាន​អ្វី​កើត​ឡើង​​​ទេ ​​បន្ទាប់ពី​អាជីវកម្ម​ទាំង​នេះ​រើ​ចេញ​អស់​ និង​ថា​តើ​​នឹង​មាន​ការ​សាងសង់​​​សណ្ឋាគារ​ថ្មីៗ​ ឬយ៉ាង​​ណា។ ​​នោះ​គឺ​​​ជា​ការ​សម្រេច​របស់​រដ្ឋាភិបាល​​​ បន្ទាប់​​ពី​រដ្ឋាភិបាល​សម្រេច​​ថា​​​ចម្ងាយ​ប៉ុន្មាន​ម៉ែត្រ​ពី​សមុទ្រ​ដែល​គេ​អាច​សាង​សង់​បាន​”។

លោកបាន​មាន​ប្រសាសន៍​​បន្ត​ថា ទោះបី​ជា​​​​​​ម្ចាស់​អាជីវកម្ម​​​​​​​​​នានា​​​បាន​ស្នើ​សុំ​​​​​​​ប្រាក់​​​​​​​​​​​សំណង​ជា​ថ្នូរ​នឹង​ការ​​រើ​ចេញ​ក្ដី ក៏​តាម​លក្ខណៈ​​​​បច្ចេក​ទេស​​​​មាន​ន័យ​ថា ពួកគាត់​កំពុង​កាន់​កាប់​​​ដី​រដ្ឋ​ ហើយ​មិន​ដែល​បង់​ពន្ធ​ឡើយ។

ម្ចាស់​អាជីវកម្ម​នានា​​លើ​ឆ្នេរ​អូរត្រេះ​ បាន​​​​​​ប្រតិកម្ម​ចំពោះ​បទ​បញ្ជា​នេះ​លាយ​ឡំ​ដោយ​ការ​​រឹង​ទទឹង​ និង​ការ​ភ័យ​ខ្លាច​។

លោក ចូសេហ្វ ម៉ាកខត (Joseph McCourt) ​​ដែល​​​ជា​ពលរដ្ឋ​អង់គ្លេស និង​ជា​​​ម្ចាស់​រួម​​​​របស់​​​​ ​​Sea Garden Bungalows ​បាន​និយាយ​ថា “​ខ្ញុំ​​​នឹង​ប្រាប់​អ្នក​​ថា​​​អ្វី​​ជា​ប្រតិកម្ម​របស់​ខ្ញុំ​​​​ចំពោះ​​​បញ្ហា​​​​​​នេះ​​​៖ នោះ​គឺ​ថា ខ្ញុំ​នឹង​នៅ​​​បន្ត​​​​រហូត​ទាល់​តែ​ពួកគេ​មក​ដេញ​ខ្ញុំ​នៅទីនេះ​។ តើ​ខ្មែរ​ទាំង​នេះ​កំពុង​ធ្វើ​អ្វី​នៅ​ពេល​នេះ​? យក​ចុង​ភៅ​​​របស់​យើង​មក​ធ្វើ​ជា​ឧទារហណ៍ទៅ​​​​ចុះ បី​នាក​​​់​ក្នុង​ចំណោម​ពួកគេ​មិន​ដែល​មាន​ការ​ងារ​ធ្វើ​ទេ​​​នៅ​​​​ក្នុង​​​ឆាក​​​ជីវិត ហើយ​ពេល​នេះ​ពួកគេ​មាន​វ័យ​ជាង​២០​ឆ្នាំ​​​​ហើយ​​​។ តើ​ពួកគេ​នឹង​ធ្វើ​​​អ្វី? គេ​​​នឹង​កាត់​​​​បន្ថយ​​​ការ​ងារ​រាប់​ពាន់​”។

លោក កុយ ឆាយ ​​​ដែល​​​ជា​​​​​​ម្ចាស់​​ Bamboo Bistro ​​និយាយ​ថា គាត់​កំពុង​កៀរគរ​​ប្រជា​ពលរដ្ឋ​មូលដ្ឋាន​ប្រមាណ​២៥០​នាក់​​ដើម្បី​ធ្វើ​ការ​តវ៉ា​ប្រឆាំង​ការ​​​សម្រេច​​​នេះ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ព្រហស្បតិ៍។

​លោក​លើក​​​ឡើង​​​បន្ត​ថា “​គ្រប់​កន្លែង​​មាន​​​​បុគ្គលិក​​​ច្រើន​ ហើយ​យើង​កំពុង​រស់​​​អាស្រ័យ​​​​លើ​អាជីវកម្ម​នេះ។ យើង​ពឹង​​​ផ្អែក​លើ​វា វា​ចិញ្ចឹម​ជីវិត​​​ពួក​​​យើង។ បើ​គ្មាន​អាជីវកម្ម​នេះ​ទេ សហគមន៍​​ទាំង​អស់​​​​របស់​​​​​​យើង បុគ្គលិក​​​​​​ទាំង​អស់ ​​​អ្នក​​​​​​ទាំង​​​អស់​​​គ្នា​​​​​​​នឹង​គ្មាន​ការ​ងារ​ធ្វើ​ ហើយ​យើង​នឹង​​​​​​​រស់​​​នៅ​​​​​​​​​​​​ដោយ​​​​​​ក្រីក្រ​តោក​​​យ៉ាក​​​។ យើងចង់​ឲ្យ​ប្រទេស​របស់​យើង​​​មាន​ការ​អភិវឌ្ឍ និង​​​ល្អ​​​ស្អាត។ ទន្ទឹម​​​​​​​​​នឹង​​​នេះ​​​ បើ​​ប្រជាពលរដ្ឋ​គ្មាន​ការ​ងារ​ធ្វើ​ តើ​​​​​ការ​​​​​​អភិវឌ្ឍ​​​​មាន​ន័យ​​​​អី​​​?”។

លោក ឈិន សេងងួន អភិបាល​រង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​​បាន​ពិចារណា​​​​​​​អំពី​​​ផលប៉ះពាល់​​​​ផ្នែក​​​សេដ្ឋកិច្ច​​​​មក​​​លើ​ប្រជា​ពលរដ្ឋ​មូលដ្ឋាន​​​​​​រួច​​​ហើយ ហើយ​បាន​សម្រេច​​​​​ថា បរិស្ថាន​ជា​អាទិភាព​។ លោក​បាន​​បន្ត​ថា “​គណៈកម្មាធិការ​ជាតិ​មាន​ការ​ព្រួយ​បារម្ភ​​​​​ខ្លាច​​​ពួក​​​គាត់​​​បាត់​បង់​អាជីវកម្ម​ ឬ​ការ​ងារ​របស់​ខ្លួន​។ ប៉ុន្តែ​នេះ​នឹង​មាន​អត្ថប្រយោជន៍​ធំ​សម្រាប់​​​​អ្នក​គ្រប់គ្នា​​នៅ​ក្នុង​ប្រទេស​”៕ សុខុម​​​​​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស