អ្នកកាសែតប្រចាំទូរទស្សន៍ម្នាក់ដែលត្រូវបានឃាត់ខ្លួនរយៈពេលខ្លីដោយកងរាជអាវុធហត្ថក្នុងខេត្តមណ្ឌលគិរីកាលពីសប្តាហ៍មុនបាននិយាយកាលពីម្សិលមិញថា លោកបានដាក់ពាក្យបណ្តឹងទៅតុលាការប្តឹងមេបញ្ជាការម្នាក់ដែលបានបញ្ជាឲ្យចាប់ខ្លួនលោក។
ហេតុការណ៍នេះបង្កឡើងដោយអត្ថបទមួយដែលត្រូវបានផ្សព្វផ្សាយតាមរលកធាតុអាកាសរបស់ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ កាលពីថ្ងៃពុធ សប្តាហ៍មុនដែលបានអះអាងថា លោក សាក់ សារា៉ង មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានទទួលសំណូកពីអ្នកកាប់ឈើខុសច្បាប់ក្នុងតំបន់អភិរក្សជីវចម្រុះសីមា។ អត្ថបទនេះផ្អែកលើរបាយការណ៍របស់លោក វា៉ន់ ទិត្យ អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ ក្នុងខេត្តភាគបូព៌ា។
លោក វ៉ាន់ ទិត្យ បាននិយាយថា ព្រឹកបន្ទាប់ពីអត្ថបទនេះត្រូវបានផ្សព្វផ្សាយតាមរលកធាតុអាកាស លោកត្រូវបានមន្ត្រីកងរាជអាវុធហត្ថបួននាក់នាំចេញពីផ្ទះរបស់លោក ហើយបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុក ទីដែលទូរស័ព្ទដៃរបស់លោកត្រូវបានដកហូត បន្ទាប់ពីលោកបានទាក់ទងទៅនិពន្ធនាយករបស់ខ្លួន។
លោកបានថ្លែងថា បន្ទាប់មកលោកត្រូវបានបញ្ជូនបន្តទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ទីដែលឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង បានបញ្ជាឲ្យលោក ”ឈប់ភ្ជាប់ឈ្មោះរបស់គាត់ទៅនឹងការជួញដូរឈើទៀត” ហើយបានដោះលែងលោកវិញប្រហែលពីរម៉ោងក្រោយមក។
កាលពីម្សិលមិញ លោក វ៉ាន់ ទិត្យ បាននិយាយថា លោកបានដាក់ពាក្យបណ្តឹងចំនួនពីរកាលពីថ្ងៃច័ន្ទ ដោយមានការជំរុញពីនិពន្ធនាយករបស់លោក គឺពាក្យបណ្តឹងមួយប្តឹងទៅសាលាដំបូងខេត្តមណ្ឌលគិរី ចោទប្រកាន់ឧត្តមសេនីយ៍ត្រីរូបនេះពីបទឃុំខ្លួនដោយខុសច្បាប់ ហើយពាក្យបណ្តឹងមួយទៀតប្តឹងទៅកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្នើសុំអន្តរាគមន៍ពីលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
លោក វ៉ាន់ ទិត្យ បាននិយាយថា “ខ្ញុំបានដាក់ពាក្យបណ្តឹងប្តឹងគាត់ ពីព្រោះគាត់បានរំលោភសិទ្ធិបុគ្គលរបស់ខ្ញុំ និងបានរំលោភសិទ្ធិរបស់ខ្ញុំជាអ្នកកាសែតនៅពេលគាត់បានឃុំខ្លួនខ្ញុំដោយខុសច្បាប់ និងបានគំរាមខ្ញុំទៀតផង។ ខ្ញុំមិនចង់បានសំណងទេ ខ្ញុំចង់បានតែយុត្តិធម៌ប៉ុណ្ណោះ”។
លោក អេង ហីុ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសមានប្រសាសន៍ថា មន្ត្រីរបស់លោកនឹងធ្វើការសើុបអង្កេតផ្ទៃក្នុងពីហេតុការណ៍នេះ ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទេ។
លោក សូ សុវិទ្យា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរីមានប្រសាសន៍ថា លោកមិនបានឃើញពាក្យបណ្តឹងនេះទេ។ លោកបានថ្លែងថា “ប្រហែលជាពាក្យបណ្តឹងនេះនៅការិយាល័យរដ្ឋបាលរបស់តុលាការនៅឡើយ។ ប្រសិនបើវាមកដល់ដៃរបស់យើង យើងនឹងសើុបអង្កេតរឿងនេះ”។ ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
លោក ភោគ ចន្ធី មេបញ្ជាការរងកងរាជអាវុធហត្ថបានច្រានចោលការចាត់ទុកសកម្មភាពរបស់ចៅហ្វាយលោកថា ”ខុសច្បាប់”ប៉ុន្តែ លោកបានទទួលស្គាល់ថា ឧត្តមសេនីយ៍រូបនេះបានអនុវត្ត “នីតិវិធីមិនត្រឹមត្រូវ”។
លោក ភោគ ចន្ធី មានប្រសាសន៍ថា ”គាត់គួរទូរស័ព្ទទៅអ្នកកាសែតរូបនោះ ឬអញ្ជើញគាត់ឱ្យមកដោយស្ម័គ្រចិត្ត”។ លោកបានបន្ថែមថា លោក វ៉ាន់ ទិត្យ ក៏មានកំហុសផងដែរ ដោយបានសរសេររឿងមិនត្រឹមត្រូវតាមការពិត។
លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា យើងគួរព្យាយាមស្វែងយល់បញ្ហានេះរួមគ្នា សូមអភ័យទោស ឬក៏បញ្ជាក់អំពីកំហុសជាមួយគ្នា។ យើងមកពីស្ថាប័នរដ្ឋដូចគ្នា។ ជួនកាលយើងធ្វើខុសដោយអចេតនា”។
យោងតាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានឱ្យដឹងថា បើទោះជាស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ មិនត្រូវបានដំណើរការជាផ្លូវដោយរដ្ឋាភិបាលក៏ដោយ ក៏ស្ថានីយទូរទស្សន៍នេះនិងវិទ្យុរបស់ខ្លួន ត្រូវបានគ្រប់គ្រងដោយក្រុមគ្រួសាររបស់លោក ឃុន ហាំង ទេសរដ្ឋមន្ត្រីមកពីគណបក្សប្រជាជនកម្ពុជាដែរ។
លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជាបានមានប្រសាសន៍កាលពីម្សិលមិញថា ស្ថាប័នរបស់លោកបានធ្វើអន្តរាគមន៍ដើម្បីស្វែងរកឲ្យមានការដោះលែងលោក វ៉ាន់ ទិត្យ ឲ្យបានឆាប់កាលពីសប្តាហ៍មុន បន្ទាប់ពីទទួលបានដំណឹងពីស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ពីការចាប់ខ្លួនគាត់។
លោកបានមានប្រសាសន៍ថា “យើងបានដោះស្រាយរឿងនេះនៅថ្ងៃនោះ វារួចរាល់ហើយ។ យើងបានតវ៉ាចំពោះការឃុំខ្លួនគាត់ដោយខុសច្បាប់ ហើយគាត់ត្រូវបានដោះលែងភ្លាមៗ”៕ សារុន