33 C
Phnom Penh

សមត្ថកិច្ច​ដោះលែង​ជនជាតិ​ឥណ្ឌា​ម្នាក់​វិញ​ទាក់ទិន​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កំពត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​និយាយ​ថា ជនជាតិ​ឥណ្ឌា​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខេត្ត​កំពត​កាលពី​ថ្ងៃ​ច័ន្ទ បន្ទាប់ពី​បុក​ពីក្រោយ​ម៉ូតូ​មួយ​គ្រឿង និង​បណ្តាល​ឲ្យ​អ្នក​ដំណើរ​ម្នាក់​ស្លាប់ ប៉ុន្តែ​ត្រូវ​បាន​ដោះលែង​វិញ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ក្រោយពី​សមត្ថកិច្ច​បាន​កំណត់​ថា គ្រោះថ្នាក់​នេះ​មិន​មែន​ជា​កំហុស​របស់​គាត់​ទាំង​ស្រុង​ទេ។

យោង​តាម​អធិការ​រង​ស្រុក លោក ណាក់ អែល បាន​ឲ្យ​ដឹង​ថា ឧប្បត្តិហេតុ​នេះ​បាន​កើត​ឡើង​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៣ ក្នុង​ស្រុក​ឈូក នៅ​ម៉ោង​ប្រហែល​១២​និង​៣០​នាទី​ថ្ងៃ​ត្រង់ នៅ​ពេល​នោះ​ជនជាតិ​ឥណ្ឌា អាមីត គន្ធី (Amit Gandhi) អាយុ​៤៤​ឆ្នាំ បាន​បើក​រថយន្ត​បុក ស រុន អាយុ​៥៨​ឆ្នាំ និង​ញាតិ​របស់​គាត់ ឈ្មោះ ស៊ុន ណី អាយុ​៤៦​ឆ្នាំ ខណៈ​ដែល​ពួកគាត់​បត់​ឆ្វេង​ចេញ​ពី​ផ្លូវ​ជាតិ ដោយ​មិន​ឲ្យ​សញ្ញា។ លោក​បាន​និយាយ​ថា លោក រុន ជា​ម្ចាស់​ម៉ូតូ ហើយ​ជា​អ្នក​បើក​ម៉ូតូ។

លោក​អធិការ​រង អែល បាន​និយាយ​ថា “យានយន្ត​ទាំង​ពីរ​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ស្រាប់តែ​ពេល​នោះ​ម្ចាស់​[ម៉ូតូ]​បាន​បត់​ឆ្លង​គន្លង​ផ្លូវ​ដោយ​ធ្វេស​ប្រហែស​ឆ្ពោះ​ទៅ​ផ្ទះ​របស់​ពួកគាត់”។

លោក​បាន​និយាយ​ថា លោក ស៊ុន ណី បាន​ស្លាប់​ភ្លាម​មួយ​រំពេច ហើយ​លោក គន្ធី ត្រូវ​បាន​ចាប់​ខ្លួន​នៅ​នឹង​កន្លែង ហើយ​លោក រុន ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រោះ​របួស​ធ្ងន់។ លោក​បាន​និយាយ​ថា “ប្រសិនបើ​អ្នក​ទាំង​ពីរ​ប្រយ័ត្ន​តែ​បន្តិច នឹង​មិន​មាន​គ្រោះ​ថ្នាក់​ទេ”។

ក៏​ប៉ុន្តែ លោក ណុប សារ៉េត នាយ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃស្នង​ការដ្ឋាន​នគរបាល​ខេត្ត​កំពត បាន​និយាយ​ថា បុរស​ឥណ្ឌា​នោះ​ត្រូវ​បាន​ដោះ​លែង​នៅ​ព្រឹក​ថ្ងៃ​ម្សិលមិញ បន្ទាប់ពី​បាន​សាកសួរ​នៅ​តុលាការ​ខេត្ត​កំពត ដោយ​គាត់​បាន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មួយ​យប់។

លោក​បាន​និយាយ​ថា “តុលាការ​មិន​បាន​ចោទ​ប្រកាន់​រូប​គាត់​ទេ ពីព្រោះ​មិន​មែន​តែ​គាត់​ម្នាក់​ឯង​ទេ​ដែល​បាន​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​នេះ”។ លោក​បាន​លើក​ឡើង​ថា លោក រុន បាន​បត់​ឆែវ​ពី​មុខ​រថយន្ត​របស់​លោក គន្ធី នៅ​ពេល​ដែល​គាត់​ព្យាយាម​ឆ្លង​ថ្នល់។

លោក​នាយ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​រូប​នេះ​បាន​និយាយ​ថា លោក គន្ធី ធ្វើការ​ឲ្យ​ក្រុមហ៊ុន VE (Cambodia) ជា​ក្រុមហ៊ុន​ចែកចាយ​ឱសថ។ ជីវប្រវត្តិ​របស់​លោក គន្ធី នៅ​លើ​វិបសាយ LinkedIn ឲ្យ​ដឹង​ថា គាត់​ជា​នាយក​របស់​ក្រុមហ៊ុន​នេះ៕និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស