នៅក្នុងឆ្នាំ១៩៩១ មានក្មេងប្រុសពិការភ្នែកម្នាក់បានទៅដល់មណ្ឌលកុមារកំព្រាមួយដែលលោក បឺន័រ ឌូសាតូ អាម៉ង់ហ្សុង (Benoit Duchateau-Arminjon) ទើបតែបង្កើតឡើងនៅជំរំជនភៀសខ្លួនសម្រាប់ប្រជាជនកម្ពុជាក្នុងប្រទេសថៃ។
ពេលមណ្ឌលកុមារកំព្រានេះផ្លាស់មករាជធានីភ្នំពេញក្នុងឆ្នាំ១៩៩៣ ក្មេងប្រុសរូបនោះចង់ដឹងថា ហេតុអ្វីបានជាខ្លួនមិនអាចទៅសាលារៀនបាន។ លោក ឌូសាតូ អាម៉ង់ហ្សុង បានពន្យល់ប្រាប់ថា ក្នុងប្រទេសកម្ពុជា គ្មានសាលារៀនសម្រាប់កុមារពិការភ្នែកទេ ប៉ុន្តែទីបំផុតលោកបានសន្យាកែប្រែស្ថានភាពនោះ។

អង្គការគ្រួសារថ្មីរបស់បុរសជនជាតិបារាំងរូបនេះ មិនត្រឹមតែបន្តបើកសាលារៀនឯកទេសសម្រាប់សិស្សពិការភ្នែក និងគថ្លង់ទេ ប៉ុន្តែថែមទាំងបានបង្កើតប្រព័ន្ធសរសេរអក្សរស្ទាបខ្មែរដំបូងបង្អស់ និងអភិវឌ្ឍភាសាសញ្ញាខ្មែរ ឲ្យមានភាពទូលំទូលាយទៀតផង។
នៅសប្តាហ៍នេះ ពោលគឺ២៥ឆ្នាំបន្ទាប់ពីគ្រួសារថ្មីចាប់កំណើត អង្គការនេះនឹងប្រគល់សាលារៀនទាំងប្រាំរបស់ខ្លួន បូករួមជាមួយឧបករណ៍ និងជំនាញដែលបុគ្គលិករបស់ខ្លួនបានអភិវឌ្ឍក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះឲ្យទៅរដ្ឋាភិបាលកម្ពុជា។
លោក អូរៃ អូន នាយកគ្រប់គ្រងទូទៅនៅអង្គការគ្រួសារថ្មីបានមានប្រសាសន៍ថា ”វាជាការប្រថុយប្រថាន ប៉ុន្តែជាការប្រថុយដែលមានការគិតគូរទុកជាមុនយ៉ាងល្អិតល្អន់។ ប្រសិនបើយើងមិន [ប្រគល់កម្មវិធីនេះឲ្យទៅរដ្ឋាភិបាល] ទេ យើងនឹងធ្វើការងារបានល្អ ជួយឧបត្ថម្ភគាំទ្រកុមារប្រហែល១.០០០នាក់ក្នុងរយៈពេល២៥ឆ្នាំ។ ប៉ុន្តែតើមានអ្វីប៉ះពាល់ដល់កម្មវិធីរបស់យើងនៅក្នុងប្រទេស?”។
យោងតាមអនុស្សរណៈនៃការយោគយល់មួយដែលបានចូលជាធរមានកាលពីម្សិលមិញ ក្រោយពីសម្រេចបានក្នុងពិធីមួយក្រោមព្រះរាជអធិបតីភាពរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី នៅសាលារៀនរបស់អង្គការនេះស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ បញ្ជាក់ថា ដំណើរការផ្ទេរនេះនឹងមានរយៈពេល៤ឆ្នាំ ដោយអង្គការគ្រួសារថ្មីធ្វើជាអ្នកប្រឹក្សាផ្នែកបច្ចេកទេស។
លោក អូរៃ អូន បានគូសបញ្ជាក់ថា “វត្ថុបំណង និងបេសកកម្មសាកលរបស់យើង គឺដើម្បីជួយបញ្ចូលកុមារពិការភ្នែក និងគថ្លង់ចូលទៅក្នុងសង្គមកម្ពុជា”។
ទស្សនៈដែលចង់ឲ្យមានប្រព័ន្ធសាលារដ្ឋដែលចាត់ទុកសិស្សពិការភ្នែក និងគថ្លង់ស្មើសិស្សរបស់ខ្លួនដោយផ្អែកតាមគំរូបង្កើតឡើងដោយគ្រួសារថ្មី ត្រូវលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យល់ស្របតាម។
លោកថ្លែងថា “កុមារទាំងនេះសិក្សារួមគ្នាជាមួយកុមារដទៃទៀត ពួកគេមិនត្រូវបានបំបែកចេញពីគ្នាទេ។ ពួកគេទៅសាលារដ្ឋនៅពេលព្រឹក ហើយពួកគេទៅសាលាពិសេសនៅពេលរសៀល”។
លោក ឌូសាតូ អាម៉ង់ហ្សុង មានប្រសាសន៍ថា ដំណើរការផ្ទេរសាលារៀនរបស់អង្គការគ្រួសារថ្មីចូលក្នុងប្រព័ន្ធអប់រំរបស់រដ្ឋ បានចាប់ផ្ដើមក្នុងឆ្នាំ២០១១ នៅពេលគ្រូបង្រៀនរបស់អង្គការនេះទទួលបានឋានៈជាមន្ត្រីរបស់ក្រសួងអប់រំ។
លោកលើកឡើងថា “ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ យើងបានសហការជាមួយសាលារបស់គ្រូបង្រៀន [រដ្ឋ] ដើម្បីឲ្យគ្រូបង្រៀននាពេលអនាគតដឹងថា នេះមិនមែនជាការអប់រំពិសេសសម្រាប់មនុស្សពិសេសទេ។ វាជាការអប់រំយោងតាមកម្មវិធីសិក្សាថ្នាក់ជាតិដែលត្រូវបានកែសម្រួលដើម្បីឲ្យកុមារពិការភ្នែកអាចសិក្សាបានតាមរយៈអក្សរស្ទាប ហើយសិស្សគថ្លង់អាចសម្របខ្លួនតាមវាបានតាមរយៈភាសាសញ្ញា”។
សិស្សមួយចំនួនរបស់អង្គការគ្រួសារថ្មី មិនត្រឹមតែបញ្ចប់កម្រិតវិទ្យាល័យប៉ុណ្ណោះទេ ពួកគេថែមទាំងបានបន្តការសិក្សាដល់កម្រិតសាកលវិទ្យាល័យទៀតផង។ សិស្សពិការភ្នែកទី១ របស់ខ្លួនទទួលបានសញ្ញាបត្រកម្រិតសាកលវិទ្យាល័យក្នុងឆ្នាំ២០១០ ហើយក្រោយមកទៀត និស្សិតគថ្លង់ទី១ បានបញ្ចប់ការសិក្សាកម្រិតសាកលវិទ្យាល័យក្នុងឆ្នាំ២០១៤។
ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ អង្គការគ្រួសារថ្មីបានឈ្នះពានរង្វាន់មួយចំនួនក្នុងនោះរួមមានទាំងពានរង្វាន់វិនហួយ (Wenhui Award) របស់អង្គការយូណេស្កូ សម្រាប់នវានុវត្តន៍អប់រំ (Educational Innovation) នៅក្នុងឆ្នាំ២០១០ផងដែរ។ កាលពីឆ្នាំមុន អ្នកគ្រូ នាង ផល្លា ជាអ្នកសម្របសម្រួលកម្មវិធីអប់រំសម្រាប់កុមារពិការភ្នែកនៅអង្គការនេះ បានស្ថិតក្នុងចំណោមបេក្ខជនវគ្គផ្ដាច់ព្រ័ត្រ១០រូបដើម្បីប្រជែងយកពានរង្វាន់គ្រូបង្រៀនឆ្នើមពិភពលោក (Global Teacher Prize)។
សាលារៀនទាំងប្រាំរបស់អង្គការនេះ ដែលពីរស្ថិតនៅក្នុងរាជធានីភ្នំពេញ មួយនៅក្រុងសៀមរាប មួយនៅក្រុងកំពង់ចាម និងមួយទៀតនៅក្រុងបាត់ដំបង នឹងបន្តបង្រៀនសិស្សធម្មតា ប៉ុន្តែវាក៏ក្លាយជាស្ថាប័នបណ្ដុះបណ្ដាលគ្រូបង្រៀនឯកទេសផងដែរ។
ចំនួនកុមារពិការភ្នែក ឬគថ្លង់ក្នុងប្រទេសកម្ពុជា គ្មានតួលេខដែលអាចជឿទុកចិត្តបាននោះទេ។ ធនាគារពិភពលោក និងអង្គការសុខភាពពិភពលោក (WHO) ប៉ាន់ប្រមាណថា ១៥ភាគនៃប្រជាជនកម្ពុជាសរុប មានទម្រង់ពិការភាពរាងកាយមួយចំនួន ដោយប្រមាណ៣២០.០០០នាក់មានពិការភាពធ្ងន់ធ្ងរដូចជា ពិការភ្នែក ឬគថ្លង់ជាដើម។
យោងតាមទិន្នន័យរបស់គ្រួសារថ្មីសម្រាប់ឆ្នាំ២០១៥បង្ហាញថា បុគ្គលិកចំនួន២៥០នាក់របស់ខ្លួនមបានមើលថែទាំកុមារចំនួន២.៦០០នាក់តាមរយៈកម្មវិធីផ្សេងៗរបស់ខ្លួននៅតាមទីក្រុង និងខេត្តចំនួន១៤។ (អង្គការនេះនឹងបន្តដំណើរការកម្មវិធីគាំពារកុមារតទៅទៀត ហើយមានគម្រោងអភិរក្ស និងអភិវឌ្ឍសិល្បៈបុរាណ)។
ក្នុងចំណោមថវិកា១,៧លានដុល្លាររបស់ខ្លួន ប្រហែល១លានដុល្លារត្រូវបានប្រើប្រាស់សម្រាប់សាលារៀនទាំងនេះ ហើយមូលនិធិនឹងបានពីខ្ទង់ចំណាយរបស់រដ្ឋាភិបាលក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
លោក ឌូសាតូ អាម៉ង់ហ្សុង មានប្រសាសន៍ថា ”ការស្វែងរកមូលនិធិកាន់តែពិបាកខ្លាំងឡើង។ វាកាន់តែពិបាកបញ្ចុះបញ្ចូលម្ចាស់ជំនួយឲ្យផ្ដល់ជំនួយដល់កម្ពុជា ជាប្រទេសមួយដែលកកស្ទះចរាចរណ៍ដោយសារសម្បូរទៅដោយរថយន្តលុចសិុស និងរថយន្តធំៗ។ វាស្រេចលើប្រជាជនកម្ពុជា ទទួលខុសត្រូវចំពោះ [ការផ្តល់មូលនិធិ] ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា”។
កិច្ចព្រមព្រៀងរវាងអង្គការគ្រួសារថ្មី និងរដ្ឋាភិបាល ស្នើឲ្យពង្រីកកម្មវិធីមានស្រាប់តាមរយៈការអនុវត្តគោលនយោបាយថ្នាក់ជាតិដើម្បីអប់រំកុមារពិការ ដោយចាប់ផ្ដើមចេញពីការបង្កើត ”នាយកដ្ឋានអប់រំបញ្ចូលគ្នា” នៅក្នុងក្រសួងអប់រំ ឬអគ្គនាយកដ្ឋាន។
ដោយមើលឃើញបញ្ហាប្រឈមជាច្រើន និងធនធានមានកម្រិតរបស់ក្រសួងអប់រំ ថវិការបស់ខ្លួនបានកើតឡើងជាលំដាប់ ប៉ុន្តែស្ថិតនៅចំនួន៤៩៧លានដុល្លារនៅឡើយក្នុងឆ្នាំនេះ សម្រាប់ចំណាយទៅលើសាលារៀនចំនួន១២.០០០ដែលមានបុគ្គលិកគ្រូបង្រៀនលើស១០០.០០០នាក់ ហើយសមត្ថភាពរបស់ខ្លួនក្នុងការធ្វើសមាហរណកម្មសាលារៀននានាសម្រាប់សិស្សពិការភ្នែក និងគថ្លង់ប្រហែលជាមានការលំបាក។
ទោះជាយ៉ាងណា លោក ហង់ ជួន ណារ៉ុន មានជំនឿចិត្តថា ក្រសួងរបស់លោកមានសមត្ថភាពអាចធ្វើកិច្ចការនេះបាន។ លោកថ្លែងថា ”ក្រសួងអប់រំប្ដេជ្ញាចិត្ត” ចំពោះកម្មវិធីនេះ។
លោក ឌូសាតូ អាម៉ង់ហ្សុង ក៏មានសុទិដ្ឋិនិយមដូចរដ្ឋមន្ត្រីរូបនេះដែរ។ លោកមានប្រសាសន៍ថា “នឹងមានការកែសម្រួល នឹងមានការកែប្រែ។ រឿងខ្លះប្រហែលជាធ្វើបានល្អប្រសើរ រឿងខ្លះប្រហែលជាធ្វើមិនសូវបានល្អ ប៉ុន្តែគោលដៅគឺថា ចរន្តនេះនឹងបន្ត ហើយធ្វើឲ្យកុមារកម្ពុជាទទួលបានការអប់រំ និងមានអនាគតល្អ”៕ សុខុម