យោងតាមក្រុមមន្ត្រីបានឲ្យដឹងថា លោក អេង ប៊ុនហៀង អភិបាលខេត្តមណ្ឌលគិរីដែលរងការរិះគន់ច្រើននោះ នឹងត្រូវជំនួសដោយអភិបាលរងនៅថ្ងៃនេះនៅក្នុងពិធីមួយដែលធ្វើជាអធិបតីដោយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
បើទោះជារដ្ឋាភិបាលអះអាងថា លោក អេង ប៊ុនហៀង ត្រូវបានជំនួសដោយសារលោកដល់អាយុចូលនិវត្តន៍គឺអាយុ៦០ឆ្នាំក៏ដោយ ក៏សកម្មជន និងបុគ្គលិកសិទ្ធិមនុស្សសង្ស័យថា ការដករូបលោកចេញទាក់ទងទៅនឹងការមិនពេញចិត្តក្នុងចំណោមសហគមន៍ជនជាតិដើមភាគតិច និងការដែលលោកមិនបានទប់ស្កាត់ការកាប់ឈើខុសច្បាប់ដ៏រាលដាលនៅក្នុងខេត្តភាគបូពា៌នេះ។
លោក អេង ប៊ុនហៀង ជាអ្នកស្មោះត្រង់គណបក្សប្រជាជនកម្ពុជា និងជាអតីតអភិបាលរង ត្រូវបានតែងតាំងជាអភិបាលខេត្តក្នុងឆ្នាំ២០១៣។ យោងតាមលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានឲ្យដឹងថា ឥឡូវនេះមិនដល់៣ឆ្នាំផង លោកនឹងត្រូវជំនួសដោយអភិបាលរងគឺលោក ស្វាយ សំអ៊ាង។
លោកបានថ្លែងថា “អាយុរបស់គាត់តម្រូវឲ្យគាត់ចូលនិវត្ត។ លោក អេង ប៊ុនហៀង នឹងត្រូវបញ្ជូនទៅធ្វើការនៅក្រសួងមហាផ្ទៃ ប៉ុន្តែថ្នាក់លើមិនទាន់បានតែងតាំងលោកឲ្យកាន់តួនាទីជាក់លាក់នៅឡើយទេ”។
នៅពេលស្នើសុំឲ្យពន្យល់ពីមូលហេតុដែលលោក អេង ប៊ុនហៀង អាយុច្រើនមិនអាចដឹកនាំការងារថ្នាក់ខេត្តបាន ប៉ុន្តែលោកនៅអាចបម្រើប្រទេសជាតិបាននោះ ឧត្ដមសេនីយ៍ ខៀវ សុភ័គ មានប្រសាសន៍ត្រឹមតែថា ការផ្ទេរនេះគឺជា “រឿងធម្មតា” ទេ។
លោក អ៊ាង ម៉េងលី អ្នកស៊ើបអង្កេតអង្គការ សិទ្ធិមនុស្សអាដហុកប្រចាំខេត្តនេះបានមានប្រសាសន៍ថា ចំណាត់ការនេះមិនទំនងសោះ។
លោក ម៉េងលី បានថ្លែងថា “យើងមិនដឹងមូលហេតុពិតប្រាកដចំពោះការដករូបលោកទេ។ ប៉ុន្តែកាលពីឆ្នាំមុន សហគមន៍ទាំងនេះបានដាក់ពាក្យបណ្ដឹងទៅក្រសួងមហាផ្ទៃ និងរដ្ឋសភា ព្រមទាំងទីស្ដីការគណៈរដ្ឋមន្ត្រីស្នើសុំឲ្យដកអភិបាលខេត្តរូបនេះ ពីព្រោះពួកគាត់ខឹងការដែលថា គាត់បានដកហូតសេរីភាព និងរំលោភសិទ្ធិមនុស្ស”។
កាលពីខែតុលា សមាជិកប្រហែល៩០០នាក់មកពីសហគមន៍ជនជាតិដើមភាគតិចព្នង១៧ក្នុងខេត្តមណ្ឌលគិរីបានដាក់ញត្តិដោយមានផ្ដិតមេដៃផង ស្នើសុំឲ្យបណ្ដេញលោក អេង ប៊ុនហៀង ចេញ ហើយបានបញ្ជូនញត្តិនេះទៅក្រសួងមហាផ្ទៃ។
ញត្តិនេះបានចោទអភិបាលខេត្តរូបនេះថា បានរារាំងសហគមន៍មិនឲ្យហែក្បួននៅទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក ហើយធ្វើមិនដឹងមិនឮចំពោះវិវាទដីធ្លីជាច្រើនរបស់ពួកគាត់។ ក្រសួងបានឆ្លើយតបដោយសុំឲ្យអភិបាលខេត្តរូបនេះធ្វើការពន្យល់ពីសកម្មភាពរបស់គាត់។
យោងតាមលោក ម៉េងលី បានឱ្យដឹងថា ការអំពាវនាវផ្សេងទៀតដែលបានផ្ញើជូនរដ្ឋាភិបាល បានរៀបរាប់អំពីការមិនពេញចិត្តរបស់សហគមន៍ទាំងនេះចំពោះការដែលថា លោក អេង ប៊ុនហៀង មិនបានទប់ស្កាត់ការកាប់ឈើខុសច្បាប់ដែលបានបំផ្លិញបំផ្លាញព្រៃឈើដែលក្រុមសហគមន៍បានពឹងផ្អែក។
លោក គ្រឿង តុលា តំណាងសហគមន៍ជនជាតិព្នងជាច្រើនក្នុងខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា លោកជឿថា លោក អេង ប៊ុនហៀង ត្រូវបានដកចេញដោយសារសកម្មភាពរបស់ក្រុមទាំងនេះ ជាពិសេសការគំរាមផ្ដាច់ខ្លួនរបស់ពួកគាត់ពីគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតនាពេលខាងមុខ ព្រោះពួកគាត់ជាអ្នកគាំទ្រស្មោះស្ម័គ្រចំពោះគណបក្សកាន់អំណាចក្នុងការបោះឆ្នោតមុនៗ។
លោកបានថ្លែងថា ”ប្រជាពលរដ្ឋរបស់យើងបានបោះឆ្នោតដើម្បីជួយដល់អភិបាលខេត្តរូបនេះ។ ប៉ុន្តែទីបំផុត អភិបាលខេត្តរូបនេះបែរជាធ្វើបាបប្រជាពលរដ្ឋទៅវិញ។ ខ្ញុំគិតថា ការដកអភិបាលខេត្តរូបនេះ ពីព្រោះជនជាតិភាគតិចរបស់យើងបានគំរាមមិនបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ប្រសិនបើរដ្ឋាភិបាលមិនដកអភិបាលខេត្តរូបនេះចេញទេនោះ”។
គេមិនអាចទាក់ទងលោក អេង ប៊ុនហៀង និងលោក ស្វាយ សំអ៊ាង ដែលត្រូវជំនួសរូបលោកបានទេកាលពីម្សិលមិញ៕ សារុន