29 C
Phnom Penh

អគារ​ភ្លោះ​មាន​១៣៣​ជាន់​ទទួល​បាន​ការ​យល់ព្រម​ដំបូង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​កំពុង​ពិនិត្យ​ដោយ​ហ្មត់ចត់​នូវ​សំណើ​ដ៏​ធំ​ដែល​ចំណាយ​ថវិកា​អស់​ចំនួន​ប្រមាណ​១​ពាន់​លាន​ដុល្លារ​របស់​ក្រុមហ៊ុន​ថៃ​ប៊ុនរ៉ុង​គ្រុប ដើម្បី​សាង​សង់​អគារ​ភ្លោះ​ខ្ពស់​កប់​ពពក​ក្នុង​ក្រុង​ភ្នំពេញ ដែល​ប្រសិនបើ​សង់​រួចរាល់ នឹង​ក្លាយ​ជា​អគារ​មួយ​ក្នុង​ចំណោម​អគារ​ខ្ពស់​បំផុត​នៅ​លើ​ពិភព​លោក។

ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា គម្រោង​សាងសង់​នេះ​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា អគារ​ភ្លោះ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ថៃ​ប៊ុនរ៉ុង (Thai Boon Roong Twin Trade Center) មាន​១៣៣​ជាន់ ដែល​ស្ថិត​នៅ​លើ​ផ្ទៃ​ដី​ទំហំ​៥​ហិកតា ទល់​មុខ​ណាហ្គា​វើល សព្វ​ថ្ងៃជា​មជ្ឈមណ្ឌល​កម្សាន្ត ឌ្រីមលែន បាន​ទទួល​ការ​យល់ព្រម​ដំបូង​ហើយ​ពី​មន្ទីរ​រៀបចំ​ដែនដី​ក្រុង។

លោក សេង ឡូត អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​និយាយ​ថា ក្រុម​មន្ត្រី​ថ្នាក់​ក្រុង​នៅ​ក្រសួង​នេះ​បាន​ពិនិត្យ​ហ្មត់ចត់​នូវ​សំណើ​សុំ​ការ​អនុញ្ញាត​របស់​ក្រុមហ៊ុន​កាលពី​ដើម​ខែ​នេះ ហើយ​បាន​បញ្ជូន​សំណើ​បន្ត​ទៅ​សាលា​រាជធានី។ ប៉ុន្តែ​សំណើ​នេះ​មិន​ទាន់​បាន​ទៅ​ដល់​ថ្នាក់​លើ​របស់​ក្រសួង​សម្រាប់​ការ​វាយ​តម្លៃ​ចុង​ក្រោយ​នៅ​ឡើយ​ទេ។

លោក សេង ឡូត បាន​និយាយ​ថា “នៅ​ពេល​វា​ទៅ​ដល់​ក្រសួង វា​នឹង​ត្រូវ​ពិនិត្យ​ហ្មត់ចត់​គ្រប់​ទិដ្ឋភាព​ទាំង​អស់ ក្នុង​នោះ​មាន​ទាំង​សុវត្ថិភាព​និង​ការ​ប៉ះពាល់​ចរាចរណ៍​ផង​ដែរ។ គម្រោង​ស្នើ​ឡើង​នេះ​មាន​តម្លៃ​ប្រមាណ​មួយ​ពាន់​លាន​ដុល្លារ ហើយ​អគារ​ភ្លោះ​នឹង​មាន​សណ្ឋាគារ ខុនដូ និង​ការិយាល័យ​ធ្វើការ”។

ក្រុមហ៊ុន​ថៃ​ប៊ុនរ៉ុង​គ្រុប ដែល​មាន​សណ្ឋាគារ អិុនអឺ​ខុនធីណិនថល ក្នុង​ក្រុង​ភ្នំពេញ ជា​របស់​លោក ថេង ប៊ុនម៉ា ដែល​ត្រូវ​គេ​ចោទ​ថា​មាន​ទ្រព្យ​ច្រើន​ដោយសារ​ពាក់ព័ន្ធ​ក្នុង​ការ​រកស៊ី​គ្រឿងញៀន និង​មាន​ប្រវត្តិ​បាញ់​បោះ​នៅ​ពេល​មាន​ជម្លោះ។

លោក ថេង ប៊ុនម៉ា បាន​បាត់​មុខ​មាត់​ពី​សាធារណៈ ក៏​ប៉ុន្តែ បាន​បន្សល់​ទុក​ផលប្រយោជន៍​ជំនួញ​របស់​លោក​ក្នុង​ដៃ​កូន​ប្រុស​ជាច្រើន​នាក់។

លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​និយាយ​ថា ក្រុម​បច្ចេកទេស​កំពុង​ពិនិត្យ​សំណើ​នេះ ទោះជា​យ៉ាង​នេះ​ក៏​ដោយ ទាំង​លោក ទាំង​ក្រុម​មន្ត្រី​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មិន​បាន​ផ្តល់​គម្រោង​ពេល​វេលា​សម្រាប់​សំណង់​នេះ ដែល​នឹង​ទទួល​សាងសង់​ដោយ​មាន​សហ​ប្រតិបត្តិ​ការ​ជាមួយ​ក្រុមហ៊ុន​ចិន​ទេ។

លោក ឌីម៉ង់ បាន​និយាយ​ថា “ក្រុមហ៊ុន​និយាយ​ថា ‘កាន់តែ​ឆាប់ កាន់តែ​ប្រសើរ’ ហើយ​បាន​បន្ថែម​ថា សាលា​ក្រុង​គាំទ្រ​គម្រោង​នេះ​ទាំង​ស្រុង ពីព្រោះ​សក្តានុពល​របស់​វា​ជួយ​លើក​ស្ទួយ​សេដ្ឋកិច្ច​របស់​ក្រុង”។

លោក​បាន​និយាយ​ថា “យ៉ាង​ណា​ក៏​ដោយ ជា​ការ​សំខាន់​ដែល​យើង​សិក្សា​អំពី​ផល​ប៉ះពាល់​ទៅ​លើ​ចរាចរណ៍​និង​ប្រព័ន្ធ​បង្ហូរ​ទឹក មុន​ពេល​ចាប់​ផ្តើម​គម្រោង​នេះ​យ៉ាង​ឆាប់​រហ័ស”។

លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យ​រាជធានីភ្នំពេញ បង្ហាញ​គំរូ​អគារភ្លោះ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ថៃ ប៊ុនរ៉ុង ក្នុង​រូបថត​ដែលបង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យ​រាជធានីភ្នំពេញ បង្ហាញ​គំរូ​អគារភ្លោះ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ថៃ ប៊ុនរ៉ុង ក្នុង​រូបថត​ដែលបង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​។

លោក ឌីម៉ង់ បាន​និយាយ​ថា ក្នុង​រយៈ​ពេល​ជាង​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ នៅ​រាជធានី​ភ្នំពេញ មាន​សំណង់​អគារ​ខ្ពស់ៗ​ចាប់ពី​កម្ពស់​៥​ជាន់​ដល់​លើស​ពី​៤០​ជាន់​ចំនួន​៦២៨​អគារ។ ទោះបីជា​អគារ​ភ្លោះ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ថៃ​ប៊ុនរ៉ុង ដែល​មាន​កម្ពស់​ប្រហែល​៥០០​ម៉ែត្រ នឹង​ក្លាយ​ជា​អគារ​ខ្ពស់​បំផុត​ដោយ​ងាយ​នៅ​​ក្រុង​ភ្នំពេញ​ក៏ដោយ ក៏​វា​មិន​មែន​ជា​គម្រោង​ធំ​បំផុត​ក្នុង​ចំណោម​គម្រោង​ធំៗ​ដែល​មាន​ក្នុង​ពេល​កន្លង​មក​ដែរ។

កាលពី​ឆ្នាំ​២០១០ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​ឲ្យ​ដឹង​នូវ​គម្រោង​សម្រាប់​អគារ​ពេជ្រ (Diamond Tower) កម្ពស់​៥៥៥​ម៉ែត្រ ស្ថិត​នៅ​កោះ​ពេជ្រ។ ប៉ុន្តែ​សំណង់​អគារ​នេះ​មិន​ទាន់​ចាប់​ផ្តើម​ទេ ថ្វីបើ​គម្រោង​សាងសង់​ដំបូង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​ក្រោយ​ក៏ដោយ។

គម្រោង​ដ៏​ធំ​មួយ​ទៀត គឺ​អគារ​៤២​ជាន់ (Gold Tower 42) សាងសង់​ដោយ​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង Yon Woo Cambodia បាន​រអាក់រអួល​ចាប់តាំង​ពី​វា​បាន​ចាប់​ផ្តើម​នៅ​ឆ្នាំ​២០០៨​មក។ សំណង់​អគារ​មាន​៤២​ជាន់​នេះ​ដែល​នៅ​កាច់​ជ្រុង​មហា​វិថី​មុនីវង្ស​និង​មហាវិថី​ព្រះសីហនុ ឥឡូវ​នេះ​គេ​រំពឹង​ថា​នឹង​ចប់​នៅ​ឆ្នាំ​២០១៨។

លោក Ross Wheble នាយក​ប្រចាំ​ប្រទេស​នៅ​ទីភ្នាក់ងារ​អចលន​ទ្រព្យ (Knight Frank) បាន​និយាយ​ថា លទ្ធភាព​អាច​សម្រេច​បាន​នៃ​គម្រោង​ធំៗ​បែប​នេះ​នៅ​មិន​ទាន់​ប្រាកដ​ប្រជា​នៅ​ឡើយ​ទេ ដោយសារតែ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​មិន​ទាន់​ឆ្លើយតប​ទៅ​នឹង​សន្ទុះ​កំណើន​នៃ​វិស័យ​សំណង់។

លោក Wheble បាន​និយាយ​ថា “នៅ​ពេល​ដែល​មាន​គម្រោង​មេ​មួយ​សម្រាប់​ក្រុង វា​ពិត​ជា​ត្រូវការ​អនុវត្ត​ឆាប់ៗ។ មិន​មាន​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ​ពិត​ប្រាកដ គឺ​ផ្លូវ​ថ្នល់​តូច​ចង្អៀត ហើយ​ប្រព័ន្ធ​រថយន្ត​ក្រុង​ចាំបាច់​ត្រូវ​ពង្រីក”។

លោក​បាន​បន្ថែម​ថា “ចំពោះ​តម្រូវការ ជា​ធម្មតា​ត្រូវការ​ពេល​មួយ​រយៈ​សម្រាប់​អត្រា​ស្នាក់នៅ​កើន​ឡើង ប៉ុន្តែ​មាន​វិនិយោគទុន​បរទេស​ច្រើន​ណាស់​ហូរ​ចូល​ក្នុង​ទីផ្សារ​នេះ”។

នាយក​គ្រប់គ្រង​ជាន់​ខ្ពស់​ផ្នែក​ការ​ជួល​របស់​ក្រុមហ៊ុន​នេះ​បាន​ប្រាប់​សារព័ត៌មាន ឌឹ ហ្គាឌាន កាលពី​ខែ​កក្កដា​ថា អគារ​វឌ្ឍនៈ (Vattanac Capital tower) ជា​អគារ​ខ្ពស់​ជាងគេ​មាន​កម្ពស់​១៨៨​ម៉ែត្រ​ក្នុង​ទីក្រុង​នេះ បាន​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ​២០១៤ និង​មាន​អត្រា​ស្នាក់នៅ​ប្រហែល​៣០​ភាគរយ។

លោក ស៊ឹង ប៊ុណ្ណា ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ ប៊ុណ្ណា រៀលធី​គ្រុប បាន​និយាយ​ថា បើ​ទោះជា​អត្រា​ស្នាក់នៅ​ទាប​ក្នុង​ចំណោម​គម្រោង​មាន​ស្រាប់​ក៏ដោយ ក៏​វា​ឆាប់​ពេក​ក្នុង​ការ​ប៉ាន់​ប្រមាណ​អំពី​ថា មនុស្ស​ចំនួន​ប៉ុន្មាន​ដែល​គម្រោង​អគារ​ភ្លោះ​នេះ​នឹង​មាន​នោះ។

លោក​បាន​និយាយ​ថា “គម្រោង​នេះ​នឹង​ត្រូវ​ការ​ពេល​យ៉ាង​ហោច​ណាស់​បី ឬ​បួន​ឆ្នាំ​ដើម្បី​បញ្ចប់។ ដូច្នេះ យើង​មិន​អាច​ប៉ាន់​ប្រមាណ​ដឹង​ពិត​ប្រាកដ​នូវ​ចំនួន​ការ​ផ្គត់ផ្គង់​និង​តម្រូវ​ការ​បាន​នៅ​ឡើយ”។

“ដោយសារ​ភាព​ទាក់ទាញ​របស់​វា​ព្រោះ​ជា​អគារ​ការិយាល័យ​ទំនើប​នោះ វា​ក៏​អាច​ធ្វើ​បង្ហើយ​​អគារ​តូចៗ​សម្រាប់​ក្រុមហ៊ុន​ថ្មីៗ​ដែល​ចង់​មក​ប្រទេស​កម្ពុជា​ដែរ”៕ និត (រាយការណ៍​បន្ថែម​ដោយ Tej Parikh)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស