អាជ្ញាធរបាននិយាយកាលពីម្សិលមិញថា អ្នករត់ម៉ូតូឌុបម្នាក់ត្រូវបានចាប់ខ្លួនក្នុងរាជធានីភ្នំពេញកាលពីថ្ងៃពុធ ពីបទចាប់ជំរិតក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ក្នុងខេត្តកណ្ដាលកាលពីដើមសប្ដាហ៍នេះ។
យោងតាមក្រុមមន្ត្រីបានឲ្យដឹងថា ក្មេងប្រុសនេះបានបាត់ខ្លួនភ្លាមៗបន្ទាប់ពីជិះកង់ចេញពីសាលារៀននៅក្នុងស្រុកពញាឮ ខេត្តកណ្ដាល កាលពីរសៀលថ្ងៃច័ន្ទ។ ជនចាប់ជំរិតឈ្មោះ សួស វ៉ានូ អាយុ២២ឆ្នាំ ត្រូវបានចាប់ខ្លួននៅពេលក្រុមគ្រួសារក្មេងប្រុសរងគ្រោះបានរាយការណ៍ទៅអាជ្ញាធរអំពីការចាប់ជំរិតនេះបន្ទាប់ពីព្យាយាមចរចាជាមួយជនសង្ស័យ។
លោក តាំង សង្គម អាយុ៣៩ឆ្នាំ ត្រូវជាឪពុករបស់ក្មេងប្រុសនេះបាននិយាយថា មួយ ថ្ងៃបន្ទាប់ពីកូនប្រុសរបស់គាត់ឈ្មោះ តាំង សុខាតី បានបាត់ខ្លួន លោកទទួលបានការហៅ ទូរស័ព្ទពីបុរសម្នាក់ដែលអះអាងថា បានប្រទះ ឃើញក្មេងប្រុសអាយុ១០ឆ្នាំរូបនេះ។
លោក សង្គម បាននិយាយថា ”នៅម៉ោងប្រហែល១រសៀល បុរសម្នាក់ដែលខ្ញុំមិនស្គាល់បានទូរស័ព្ទមកខ្ញុំ ហើយបានសួរថា ‘តើលោកបាត់កូនប្រុសឬ?’ ហើយខ្ញុំបានអះអាង ថា ខ្ញុំបាត់”។ លោកបានបន្ថែមថា បុរសរូបនោះដែលបដិសេធមិនប្រាប់អត្តសញ្ញាណបានប្រាប់លោកថា គេបានប្រទះឃើញក្មេងប្រុសម្នាក់ដែលមានឈ្មោះដូចគ្នានេះនៅក្នុងខេត្តកំពង់ចាម។
ដោយសំដៅដល់សេវាកម្មផ្ទេរប្រាក់ លោកបាននិយាយថា “ជននោះបានប្រាប់ខ្ញុំថា ’ ប្រសិនបើចង់បានកូនប្រុសវិញ សូមវេរលុយឲ្យខ្ញុំតាមវីងចំនួន២ លានរៀល”។ លោកបានបន្ថែមថា ”ខ្ញុំបានឮកូនប្រុសរបស់ខ្ញុំស្រែកយំតាមទូរស័ព្ទ។ យើងពិតជាបារម្ភថា បុរសនោះអាចសម្លាប់កូនប្រុសរបស់យើង ដូច្នេះយើងបានសម្រេច វេរលុយចំនួន២លានរៀលនៅថ្ងៃដដែលនោះ”។
លោក សង្គម បាននិយាយថា បន្ទាប់ពីចំនួនទឹកប្រាក់ដំបូងត្រូវបានវេររួច បុរសរូបនោះបានទូរស័ព្ទមកខ្ញុំម្ដងទៀត ដោយសុំឲ្យវេរលុយចំនួន៣លានរៀលទៀត ហើយបាននិយាយថា ជីវិតរបស់ក្មេងប្រុសនេះកំពុងជួបគ្រោះថ្នាក់។
លោកបាននិយាយថា “ជននោះបាននិយាយ ថា កូនប្រុសរបស់ខ្ញុំឈឺធ្ងន់…។ ជននេះបាននិយាយថា ‘កូនប្រុសរបស់អ្នកអាចស្លាប់’”ប្រសិនបើយើងមិនវេរលុយបន្ថែម។ លោកបានបន្ថែមថា ក្រុមគ្រួសារលោកបានវេរលុយ២លានរៀលទៀតមុនពេលដាក់ពាក្យបណ្ដឹងទៅកងរាជអាវុធហត្ថខេត្ត។
លោក ប៉ុក សាង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានមានប្រសាសន៍ថា នៅពេលទទួលបានពាក្យបណ្ដឹង អាជ្ញាធរអាចកំណត់ទីកន្លែងទូទៅរបស់ជនសង្ស័យដោយការប្រើប្រាស់សញ្ញាទូរស័ព្ទរបស់ជននេះ។លោកបានថ្លែងថា ពួកគេបានតាមដានជននេះទៅ ដល់ខណ្ឌដង្កោ រាជធានីភ្នំពេញ ទីដែលនគរបាលបានស្វែងរកកន្លែងផ្ទេរប្រាក់វីងនៅតំបន់នោះ។
លោកបាននិយាយថា “យើងបានបញ្ជាឲ្យមន្ត្រីកងរាជអាវុធហត្ថល្បាតតាមផ្លូវ និងពិនិត្យមើលកន្លែងផ្ទេរប្រាក់វីង។ នៅពេលជននេះមកដល់តាមម៉ូតូជាមួយក្មេងប្រុសនេះដើម្បីដកលុយនោះ យើងបានដេញតាមតែម្ដង”។
លោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានមានប្រសាសន៍ថា ការដេញតាមបានបញ្ឈប់បន្ទាប់ពីជនសង្ស័យបានបោះបង់ចោលម៉ូតូ ហើយព្យាយាមរត់គេចខ្លួន។
លោក ស៊ីថា បានថ្លែងថា “នៅពេលយើង កំពុងដេញប្រកៀកប្រកិត ជននេះបានទុកម៉ូតូ និងក្មេងប្រុសចោលនៅលើផ្លូវ ហើយបានរត់ចូលទៅក្នុងវាលស្រែ”។ លោកបានបន្ថែមថា បុរសរូបនេះដែលក្រោយមកត្រូវបានកំណត់អត្តសញ្ញាណថា ឈ្មោះ វ៉ានូ ត្រូវបានចាប់ខ្លួននៅក្នុងវាលស្រែ។
លោក សំ តុលា មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តបានមានប្រសាសន៍ថា ជនសង្ស័យរូបនេះកំពុងត្រូវឃុំខ្លួននៅទីបញ្ជាការដ្ឋានខេត្ត។ លោកបានថ្លែងថា “ឥឡូវនេះយើងកំពុងកសាងសំណុំរឿង ហើយនៅពេលយើងធ្វើរួចរាល់ យើងនឹងបញ្ជូនជននេះទៅឲ្យព្រះរាជអាជ្ញា”៕ សារុន