27 C
Phnom Penh

ពលរដ្ឋ​​​ជា​​​ច្រើន​​​គ្រួសារ​​​ប្តឹង​​​លោក លី​​​ យ៉ុង​​​ផាត់ ទាក់ទិន​​​នឹង​​​តំបន់​​​សេដ្ឋកិច្ច​​​ពិសេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជាពលរដ្ឋ​​​៩​​​គ្រួសារ​​​ដែល​​​បាន​​​បាត់​​​បង់​​​ដី​​​ស្រែ​​​ចម្ការ​​​របស់​​​ខ្លួន​​​ទៅ​​​លើ​​​តំបន់​​​សេដ្ឋកិច្ច​​​ពិសេស ដែល​​​កំពុង​​​សាង​​​សង់​​​នៅ​​​ខេត្ត​​​កោះ​​​កុង បាន​​​ប្តឹង​​​ទៅ​​​អាជ្ញាធរ​​​ខេត្ត​​​កាលពី​​​ថ្ងៃ​សុក្រ​​​ដោយ​​ចង់​ឲ្យ​​​កាត់​​​ដី​​​នោះ​​​ចេញ​​​ពី​​​សួន​​​ឧស្សាហ​កម្ម​​​នេះ​​​ ហើយ​​​ប្រគល់​​​ឲ្យ​​​ពួក​​​គាត់​វិញ។

ប្រជា​​​ពលរដ្ឋ​​​ទាំង​​​នោះ​​​ គឺ​ជា​​​អ្នក​​​មិន​​​ទាន់​​​យល់​​​ព្រម​​​ក្នុង​​​ចំណោម​​​ជាង​​​១០០​គ្រួសារ​​​ ដែល​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពី​​​ដី​​​ធ្លី​​​របស់​​​ពួក​​​គាត់​​​ដើម្បី​​​បើក​​​ផ្លូវ​​​ឲ្យ​​​តំបន់​​​សេដ្ឋកិច្ច​​​ពិសេស ដែល​​​មាន​​​ទំហំ​ផ្ទៃ​​​ដី​​​១.៧៤៣​ហិកតា ក្នុង​​​ស្រុក​​​គិរី​សាគរ ដែល​​​កំពុង​​​ត្រូវ​​​សាង​​​សង់​​​ដោយ​​​សមាជិក​​​ព្រឹទ្ធ​​​សភា​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ គឺ​​​លោក លី យ៉ុង​​​ផាត់​​​ ជា​​​ពាណិជ្ជករ​​​ដ៏​​​ល្បី​​​ និង​​​មាន​​​ទំនាក់​​​ទំនង​​​ជិត​​​ស្និទ្ធ​​​ជាមួយ​​​រដ្ឋាភិបាល។

ក្នុង​​​ពេល​​​ដែល​​​គ្រួសារ​​​ភាគ​​​ច្រើន​​​បំផុត​​​ដែល​​​រស់​​​នៅ​​​លើ​​​ដី​​​​​​ដែល​​​គ្រោង​​​សម្រាប់​​​ការ​​​អភិវឌ្ឍ បាន​​​ឈាន​​​ដល់​​មាន​ដំណោះ​​​ស្រាយ​​​ជាមួយ​​​លោក លី យ៉ុង​​​ផាត់ កាលពី​​​ឆ្នាំ​ទៅ​​នោះ ៩​គ្រួសារ​​​មិន​​​ទាន់​​​សុខ​​​ចិត្ត​​​នេះ​​​និយាយ​​​ថា ដីធ្លី​​​របស់​​​ខ្លួន​​​មាន​​​តម្លៃ​​​ច្រើន​​​ជាង​​​តម្លៃ​​​ដែល​​​គេ​​​ផ្តល់​​​ឲ្យ។ ពួក​​​គាត់​​​និយាយ​​​ថា ពួក​​​គាត់​​​កំពុង​​​ប្តឹង​​​ដើម្បី​​​ឲ្យ​​​គេ​​​កាត់​​​ដី​​​របស់​​​ពួក​​​គាត់​​​ចេញ​​​ពី​​​តំបន់​​​សេដ្ឋកិច្ច​​​ពិសេស បន្ទាប់​​​ពី​​​សំណើ​​​របស់​​​ពួក​​​គាត់​​​ដើម្បី​​​ជួប​​​ជាមួយ​​​​​​តំណាង​​​មក​​​ពី​ក្រុមហ៊ុន លី យ៉ុងផាត់​​​ ត្រូវ​​​គេ​​​ធ្វើ​​​មិន​​​ដឹង​​​មិន​​​ឮ។

អ្នក​​​ស្រី ព្រាប ចន្ថា តំណាង​​​របស់​​​គ្រួសារ​ទាំង​នេះ​ដែល​​​កំពុង​​​ស្វះ​​​ស្វែង​​​ឲ្យ​​​គេ​ប្រគល់​​​ដី​​​សរុប​​​ចំនួន​​​៦៧,៨​ហិកតា​​​មក​​​វិញ​​​នោះ បាន​​​និយាយ​​​ថា “ដោយ​​​ហេតុ​​​ថា ក្រុមហ៊ុន​​​គ្មាន​​​ចេតនា​​​ដោះ​​​ស្រាយ​​​ជម្លោះ​​​នេះ យើង​​​ចាំ​​​បាច់​​​ត្រូវ​​​យក​​​ដី​​​របស់​​​យើង​​​មក​​​វិញ​​​ ហើយ​​​យើង​​​កំពុង​​​ស្នើ​​​សុំ​​​ឲ្យ​​​អាជ្ញាធរ​​​ខេត្ត​​​ចេញ​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ឲ្យ​​​យើង​​​ដែរ”។ ពួក​​​គាត់​​​កំពុង​​​ស្នើ​​​សុំ​​​តម្លៃ​​​ពី​​​០,៥ដុល្លារ​​​ដល់​​​១០​​​ដុល្លារ​​​ ក្នុង​​​មួយ​​​ម៉ែត្រ​​​ក្រឡា​​​ គឺ​​​អាស្រ័យ​​​ទៅ​​​តាម​​​ទី​​​តាំង​​​ដី​​​របស់​​​ពួក​​​គាត់។

អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា អ្នក​​​ភូមិ​​​ត្រូវ​​​បាន​​​គេ​​​ជំរុញ​​​ឲ្យ​​​ប្តឹង​​​បន្ទាប់​​​ពី​​​ក្រុមហ៊ុន​​​នេះ​​​បាន​​​ចាប់​​​ផ្តើម​​​​​​សាង​​​សង់​​​របង​ជុំវិញ​តំបន់​​​សេដ្ឋកិច្ច​​​ពិសេស​​​កាលពី​​​ខែ​​​មុន ក្នុង​​​នោះ​​​មាន​​​ទាំង​​​ដី​​​កំពុង​​​មាន​​​ជម្លោះ​​​ផង​​​ដែរ។

ទោះជា​​​យ៉ាង​​​នេះ​​​ក្តី លោក សិុន សត្ថា​​​ តំណាង​​​ក្រុមហ៊ុន​​​តំបន់​​​សេដ្ឋកិច្ច​​​ពិសេស​​​កោះកុង ជា​​​​​​សាខា​​​មួយ​​​នៃ​​​ក្រុមហ៊ុន​​​ LYP Group របស់​​​លោក លី យ៉ុងផាត់ បាន​​​និយាយ​​​ថា ​​​ក្រុមហ៊ុន​​​បាន​​​បង្ហាញ​ហើយ​​​ថា ខ្លួន​​​​​ធ្វើ​​​ការ​​​ដោយ​​​សេចក្តី​​​ស្មោះ​​​ត្រង់​​​ នៅ​​​ពេល​​​ក្រុមហ៊ុន​​​ដោះ​​​ស្រាយ​​​ជម្លោះ​​​ជាមួយ​​​គ្រួសារ​​​ផ្សេង​​​ទៀត។

លោក សត្ថា បាន​​​និយាយ​​​ថា ក្រុមហ៊ុន​​​នឹង​​​បន្ត​ធ្វើ​​​​​ការ​​​ចរចា​​​​​​ជាមួយ​​​៥​គ្រួសារ​​​ក្នុង​​​ចំណោម​​​៩​​​គ្រួសារ​​​ដែល​​​បាន​​​ប្តឹង ពីព្រោះ​​​ពួក​​​គេ​​​ជា​​​ផ្នែក​​​មួយ​​​នៃ​​​​​​ក្រុម​​​ដើម​​​មាន​​​១៣៥​​​គ្រួសារ​​​​​​ដែល​​​គេ​​​ដឹង​​​ថា មាន​​​ការ​​​ទាមទារ​​​ស្រប​​​ច្បាប់​​​លើ​​​ដី​​​ក្នុង​​​តំបន់​​​នោះ​​​ ប៉ុន្តែ ក្រុមហ៊ុន​​​នឹង​​​មិន​​​ទទួល​​​ស្គាល់​​​សិទ្ធិ​​​៤​​​គ្រួសារ​​​ផ្សេង ដែល​​​បាន​​​ធ្វើ​​​ការ​​​ទាមទារ​​​នៅ​​​ពេល​​​ក្រោយ​​​មក​​​ទៀត​នោះ​​​ទេ។

លោក​​​បាន​​​បន្ថែម​​​ថា “អ្វី​​​ដែល​​​គ្រួសារ​​​នៅ​​​សេសសល់​​​នេះ​​​កំពុង​​​ទាមទារ​​​គឺ​​​ខ្ពស់​​​ពេក។ ឧទាហរណ៍ គ្រួសារ​​​មួយ​​​ចំនួន​​​កំពុង​​​ស្នើ​​​សុំ​​​តម្លៃ​​​​​​១៩០.០០០​ដុល្លារ​​​ ហើយ​​​អ្នក​​​ផ្សេង​​​ទៀត​​​កំពុង​​​ទាមទារ​​​តម្លៃ​​​១៣០.០០០​ដុល្លារ។ ដី​​​ក្នុង​​​តំបន់​​​នោះ​​​មិន​​​មាន​​​តម្លៃ​​​ដល់​​​១០​​​ដុល្លារ ឬ​​​២០​​​ដុល្លារ​​​ក្នុង​​​១​ម៉ែត្រ​​​ក្រឡា​​​ទេ។

លោក​​​ សត្ថា ក៏​​​បាន​​​ប្រាប់​​​ថា ការ​​​កាត់​​​ដី​​​របស់​​​អ្នក​​​មាន​​​ជម្លោះ​​​ចេញ​​​ពី​​​តំបន់​​​សេដ្ឋកិច្ច​​​ពិសេស​​​នៅ​​​ពេល​​​នេះ​​​គឺ​​​ពិបាក​​​។ លោក​​​បាន​​​និយាយ​​​ថា ​​​​​​”ការ​​​កាត់​​​ដី​​​គឺ​​​មិន​​​ដូច​​​ការ​​​យក​​​ឡាន​​​ចេញ​​​ពី​​​ដី​​​ទេ”។

លោក ប៊ុន ឡឺត អភិបាល​​​ខេត្ត​កោះកុង បាន​​​និយាយ​​​ថា លោក​​​បាន​​​ទទួល​​​ពាក្យ​​​បណ្តឹង​​​​​​របស់​​​អ្នក​​​ភូមិ​​​ហើយ​​​ ហើយ​​​នឹង​​​ពិនិត្យ​​​មើល​​​លើ​​​បញ្ហា​​​នេះ។

លោក​​​បាន​​​និយាយ​​​ថា “ជា​​​គោល​​​ការណ៍ ក្រុមហ៊ុន​​​​​​បាន​​​បង្កើត​​​គណៈកម្មាធិការ​​​មួយ​​​ដើម្បី​​​ដោះ​​​ស្រាយ​​​ជម្លោះ​​​ជាមួយ​​​គ្រួសារ​​​នានា​​​ ដូច្នេះ​​​ខ្ញុំ​​​ត្រូវ​​​ការ​​​ពិនិត្យ​​​និង​​​ផ្ទៀង​​​ផ្ទាត់​​​ឈ្មោះ​​​អ្នក​​​ភូមិ​​​ក្នុង​​​ពាក្យ​​​បណ្តឹង​​​នេះ​​​ ដែល​​​ប្តឹង​​​មក​​​ខ្ញុំ​​​នៅ​​​ថ្ងៃ​​​នេះ ជាមួយ​​​នឹង​​​បញ្ជី​​​គ្រួសារ​​​​​​ដែល​​​បាន​​​ទទួល​​​ប្រាក់​​​រួច​​​ហើយ​​​ពី​​​ក្រុមហ៊ុន”៕និត

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស