32 C
Phnom Penh

ជម្លោះ​ក្នុង​ក្រុមគ្រួសារ​មួយ​​ក្នុង​ខេត្ត​ព្រះវិហារ​បញ្ចប់​ដោយ​មាន​ការជួល​មនុស្ស​​បាញ់​សម្លាប់​ច្រឡំ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​អាទិត្យ​ សាលា​ដំបូង​​ខេត្ត​ព្រះ​វិហារ​​​បាន​ចោទ​ប្រកាន់​​មនុស្ស​ប្រាំ​ពីរ​​នាក់​​ ​ក្នុង​នោះ​​​​ពីរ​នាក់​កំបាំង​មុខ​​ពីបទ​បាញ់​សម្លាប់​បុរស​ម្នាក់​ ដែល​ក្រុម​ជន​ដៃដល់​បាន​សម្លាប់​បន្ទាប់ពី​ច្រឡំ​មនុស្ស​ដែល​ជា​គោល​ដៅ​របស់​​ពួកគេ​គឺ​បង​ប្រុស​របស់​បុរសពីរនាក់​​ដែល​បាន​ជួល​ពួកគេ។

លោក ជូ ប៊ុនសុង មេបញ្ជាការ​រង​​កងរាជ​​​អាវុធ​ហត្ថ​ខេត្ត​បាន​មាន​ប្រសាសន៍​ថា បុរស​ឈ្មោះ ​គី គិន អាយុ​២៩​ឆ្នាំ ត្រូវ​បាន​​​ឃាតករ​មួយ​ក្រុម​មាន​គ្នា​ប្រាំនាក់ដែល​ប្អូន​ប្រុស​បង្កើត​​​​​ពីរ​នាក់​បាន​ជួលបាញ់ស្លាប់​ ​នៅ​ម៉ោង​ប្រហែល​៩និង​៣០នាទី​យប់​​កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ ខណៈ​​ដើរ​កាត់​ផ្ទះ​ជា​គោលដៅ​របស់​​ពួកគេ​ គឺ​ឈ្មោះ ឃឹម និន។

​លោក​ ប៊ុន សុង បាន​មាន​ប្រសាសន៍​ថា “​ជន​រងគ្រោះ​មកពី​ផឹកទឹកត្នោត​ជូ​រ​នៅ​ផ្ទះ​អ្នក​ជិត​ខាង​ ស្រាប់តែពេល​នោះ​ជន​សង្ស័យ​ទាំង​នេះ​បាន​បាញ់​គាត់​ជាច្រើន​គ្រាប់​រហូត​ដល់​ស្លាប់”។

​លោក ខាត់ ហ៊ុន នាយ​ការិយាល័យ​នគរ​បាល​​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​បាន​មាន​ប្រសា​សន៍​កាលពី​ម្សិលមិញ​ថា ​ប្អូនប្រុស​​​បង្កើត​​​​​ទាំង​ពីរ​នាក់​​ដែល​មាន​ផែន​ការ​​សម្លាប់​​មិន​បាន​​​​សម្រេច​នេះ ឈ្មោះ ឃឹម ម៉ាង អាយុ​២៤​ឆ្នាំ និង​ ឃឹម ទូច អាយុ​២៣​ឆ្នាំ ត្រូវ​បាន​ចោទ​ប្រកាន​់ពីបទ​​ញុះញង់​ឲ្យ​មាន​អំពើ​មនុស្ស​ឃាត​​​​​​​ដោយ​គិត​ទុក​ជាមុន។

​លោក​បាន​​ថ្លែង​ថា បុរស​ដែល​ពួកគេ​បាន​ជួល​ឲ្យ​ធ្វើ​ការ​ងារ​នេះ និង​​ដែល​បាន​បាញ់​សម្លាប់​​ គី គិន គឺ​ឈ្មោះ អ៊ុំ ខុប អាយុ​៣៥​ឆ្នាំ ត្រូវ​បាន​ចោទ​ប្រកាន់ពីបទ​មនុស្សឃាត​ដោយ​​​​គិត​ទុក​ជាមុន​​ ​ជាមួយ​និង​ ឃុត ឌៀប អាយុ​៤១​ឆ្នាំ និង​ លី ហ៊ឹម អាយុ​៤៤​ឆ្នាំ។ ភឿ ផាន និង លី ហៀប ដែល​កំពុង​រត់គេច​ខ្លួន​នោះ ត្រូវ​បាន​ចោទ​ប្រកាន់​​​កំបាំង​មុខ។

​​លោក ខាត់ ហ៊ុន បាន​មាន​ប្រសាសន៍​ថា “​តុលាការ​បាន​ចោទ​ប្រកាន់​ពួកគេ​​ទាំង​​នេះ​កាល​ពី​ម្សិល​មិញ។ ចៅក្រម​ស៊ើបសួរ ជិន ស្រស់ ​បាន​បញ្ជូន​ពួកគេ​ទៅពន្ធនា​គារ​ខេត្ត​ដើម្បី​ឃុំខ្លួន​បណ្ដោះ​អាសន្ន”។

លោក កែវ ចំរើន ​​ស្នងការរង​នគរ​បាល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ជម្លោះ​រវាង​បង​ប្អូន​បង្កើត​ទាំង​បី​នាក់​នេះ​​បាន​​កើត​ឡើង​បន្ទាប់ពី​​ម្ដាយ​របស់​ពួកគេ​បាន​ស្លាប់​​រយៈ​ពេល​ប្រហែល​២​ឆ្នាំ​កន្លង​មក។

​លោក​បាន​ថ្លែង​ថា “​ប្អូន​ប្រុស​បង្កើត​ទាំង​ពីរ​បាន​រៀប​គម្រោង​សម្លាប់​បង​ប្រុស​របស់​ខ្លួន​ ព្រោះ​ពួកគេ​បាន​ចោទ​បង​ប្រុស​​រូប​នោះ​ថា ធ្វើ​អំពើ​​ឱ្យ​ម្ដាយ​របស់​ពួកគេ​ស្លាប់​ ហើយ​ពួកគេ​ខឹងនឹង​ ឃឹម និន យ៉ាង​ខ្លាំង​ ពីព្រោះ​បុរស​រូប​នេះ​មិន​បាន​ចែក​កេរ​​ រួម​មាន​ផ្ទះ​មួយ​ខ្នង និង​ដី​មួយ​ក្បាល​”។

លោក ចំរើន បាន​មាន​ប្រសាសន៍​ថា ក្នុង​ការ​​​ធ្វើ​រឿង​នេះ អ្នក​ទាំង​​ពីរ​បាន​ចំណាយ​ប្រាក់​​​​​៣.០០០​ដុល្លារ​​ទៅ​ឲ្យ​ឈ្មោះ អ៊ុំ ខុប ដែល​បន្ទាប់​មក​បាន​ជ្រើសរើស​ឈ្មោះ ហៀប ដែល​​​​​​មាន​​កាំភ្លើង​អាកា​-៤៧ ​​និង​ឈ្មោះ ហ៊ឹម ដែល​​​​មាន​ម៉ូតូ​មួយ​គ្រឿង​។ ឈ្មោះ ឌៀប និង​ឈ្មោះ ផាន​ ​ត្រូវ​បាន​​ឲ្យ​ឃ្លាំ​មើលតាម​​ផ្លូវ​។

​លោក​បាន​ថ្លែង​ថា នៅ​យប់​​​ដែល​​កើត​​​ហេតុ​​​​​ការណ៍​​​បាញ់​​សម្លាប់​​​​នោះ ”​​បង​ប្អូន​ប្រុស​បង្កើត​ទាំង​ពីរ​នាក់នេះ​បាន​ប្រាប់​ឃាតករ​ទាំង​នេះ​ថា ឈ្មោះ ឃឹម និន​ ស្លៀក​ក្រមា​ពណ៌​ក្រហម​​ ​​​ហើយ​នឹង​ដើរ​តម្រង់​មក​ផ្ទះ​នៅ​ម៉ោង​​៩​”។

លោក​ ចំរើន បាន​ថ្លែង​ថា ប៉ុន្តែ​​ដោយ​ឃាត​ករ​មិន​​ស្គាល់​​ ឃឹម និន បាន​ចូល​ដេក​ក្នុង​ផ្ទះ​របស់​ខ្លួន​តាំងពី​ម៉ោង​៧យប់​ម្លេ៉ះ មុន​ពេល​​​​​ពួកគេ​មក​ដល់​​​។

លោក​​បាន​ថ្លែង​ថា “​ដូច្នេះ ក្រោយ​ម៉ោង​​៩យប់​ ជន​រងគ្រោះ​ឈ្មោះ គី គិន ដែល​ស្លៀក​​​ក្រមា​ពណ៌​​​ក្រហម​ស្រដៀង​គ្នា​នេះ បាន​​​​ដើរ​ក្បែរ​ទីនោះ​ ហើយ​ត្រូវ​បាន​បាញ់​ស្លាប់​តែ​ម្ដង​។ ​​ពួកគេ​គ្មាន​បំណង​​សម្លាប់​ជន​រងគ្រោះ​រូប​នេះ​ទេ ប៉ុន្តែ​ពួកគេ​ច្រឡំ​​”។

លោក​បាន​មាន​ប្រសាសន៍​ថា ​​”​នគរ​បាល​​បាន​ចាប់​ខ្លួនបង​​ប្អូន​ប្រុស​បង្កើត​ទាំង​ពីរ​នាក់​នេះ​​​​​កាល​ពី​ថ្ងៃពុធ និង​ជន​សង្ស័យ​បី​នាក់​​ទៀត​​​​នៅ​ថ្ងៃ​បន្ទាប់​ ហើយ​ថា អ្នក​ទាំង​នេះ​សារ​ភាព​​​ថា ពិត​ជា​បាន​ចូលរួម​​ក្នុង​​ការ​សម្លាប់​នេះ​មែន”។

​គេ​មិន​អាច​ទាក់​ទង​មន្ត្រីតុលាការ​ដើម្បី​សុំអត្ថាធិប្បាយ​បាន​ទេ៕ សារុន​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស