កាលពីថ្ងៃអាទិត្យ សាលាដំបូងខេត្តព្រះវិហារបានចោទប្រកាន់មនុស្សប្រាំពីរនាក់ ក្នុងនោះពីរនាក់កំបាំងមុខពីបទបាញ់សម្លាប់បុរសម្នាក់ ដែលក្រុមជនដៃដល់បានសម្លាប់បន្ទាប់ពីច្រឡំមនុស្សដែលជាគោលដៅរបស់ពួកគេគឺបងប្រុសរបស់បុរសពីរនាក់ដែលបានជួលពួកគេ។
លោក ជូ ប៊ុនសុង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានមានប្រសាសន៍ថា បុរសឈ្មោះ គី គិន អាយុ២៩ឆ្នាំ ត្រូវបានឃាតករមួយក្រុមមានគ្នាប្រាំនាក់ដែលប្អូនប្រុសបង្កើតពីរនាក់បានជួលបាញ់ស្លាប់ នៅម៉ោងប្រហែល៩និង៣០នាទីយប់កាលពីថ្ងៃទី១៣ ខែកុម្ភៈ ខណៈដើរកាត់ផ្ទះជាគោលដៅរបស់ពួកគេ គឺឈ្មោះ ឃឹម និន។
លោក ប៊ុន សុង បានមានប្រសាសន៍ថា “ជនរងគ្រោះមកពីផឹកទឹកត្នោតជូរនៅផ្ទះអ្នកជិតខាង ស្រាប់តែពេលនោះជនសង្ស័យទាំងនេះបានបាញ់គាត់ជាច្រើនគ្រាប់រហូតដល់ស្លាប់”។
លោក ខាត់ ហ៊ុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តបានមានប្រសាសន៍កាលពីម្សិលមិញថា ប្អូនប្រុសបង្កើតទាំងពីរនាក់ដែលមានផែនការសម្លាប់មិនបានសម្រេចនេះ ឈ្មោះ ឃឹម ម៉ាង អាយុ២៤ឆ្នាំ និង ឃឹម ទូច អាយុ២៣ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យមានអំពើមនុស្សឃាតដោយគិតទុកជាមុន។
លោកបានថ្លែងថា បុរសដែលពួកគេបានជួលឲ្យធ្វើការងារនេះ និងដែលបានបាញ់សម្លាប់ គី គិន គឺឈ្មោះ អ៊ុំ ខុប អាយុ៣៥ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតដោយគិតទុកជាមុន ជាមួយនិង ឃុត ឌៀប អាយុ៤១ឆ្នាំ និង លី ហ៊ឹម អាយុ៤៤ឆ្នាំ។ ភឿ ផាន និង លី ហៀប ដែលកំពុងរត់គេចខ្លួននោះ ត្រូវបានចោទប្រកាន់កំបាំងមុខ។
លោក ខាត់ ហ៊ុន បានមានប្រសាសន៍ថា “តុលាការបានចោទប្រកាន់ពួកគេទាំងនេះកាលពីម្សិលមិញ។ ចៅក្រមស៊ើបសួរ ជិន ស្រស់ បានបញ្ជូនពួកគេទៅពន្ធនាគារខេត្តដើម្បីឃុំខ្លួនបណ្ដោះអាសន្ន”។
លោក កែវ ចំរើន ស្នងការរងនគរបាលខេត្តបានមានប្រសាសន៍ថា ជម្លោះរវាងបងប្អូនបង្កើតទាំងបីនាក់នេះបានកើតឡើងបន្ទាប់ពីម្ដាយរបស់ពួកគេបានស្លាប់រយៈពេលប្រហែល២ឆ្នាំកន្លងមក។
លោកបានថ្លែងថា “ប្អូនប្រុសបង្កើតទាំងពីរបានរៀបគម្រោងសម្លាប់បងប្រុសរបស់ខ្លួន ព្រោះពួកគេបានចោទបងប្រុសរូបនោះថា ធ្វើអំពើឱ្យម្ដាយរបស់ពួកគេស្លាប់ ហើយពួកគេខឹងនឹង ឃឹម និន យ៉ាងខ្លាំង ពីព្រោះបុរសរូបនេះមិនបានចែកកេរ រួមមានផ្ទះមួយខ្នង និងដីមួយក្បាល”។
លោក ចំរើន បានមានប្រសាសន៍ថា ក្នុងការធ្វើរឿងនេះ អ្នកទាំងពីរបានចំណាយប្រាក់៣.០០០ដុល្លារទៅឲ្យឈ្មោះ អ៊ុំ ខុប ដែលបន្ទាប់មកបានជ្រើសរើសឈ្មោះ ហៀប ដែលមានកាំភ្លើងអាកា-៤៧ និងឈ្មោះ ហ៊ឹម ដែលមានម៉ូតូមួយគ្រឿង។ ឈ្មោះ ឌៀប និងឈ្មោះ ផាន ត្រូវបានឲ្យឃ្លាំមើលតាមផ្លូវ។
លោកបានថ្លែងថា នៅយប់ដែលកើតហេតុការណ៍បាញ់សម្លាប់នោះ ”បងប្អូនប្រុសបង្កើតទាំងពីរនាក់នេះបានប្រាប់ឃាតករទាំងនេះថា ឈ្មោះ ឃឹម និន ស្លៀកក្រមាពណ៌ក្រហម ហើយនឹងដើរតម្រង់មកផ្ទះនៅម៉ោង៩”។
លោក ចំរើន បានថ្លែងថា ប៉ុន្តែដោយឃាតករមិនស្គាល់ ឃឹម និន បានចូលដេកក្នុងផ្ទះរបស់ខ្លួនតាំងពីម៉ោង៧យប់ម្លេ៉ះ មុនពេលពួកគេមកដល់។
លោកបានថ្លែងថា “ដូច្នេះ ក្រោយម៉ោង៩យប់ ជនរងគ្រោះឈ្មោះ គី គិន ដែលស្លៀកក្រមាពណ៌ក្រហមស្រដៀងគ្នានេះ បានដើរក្បែរទីនោះ ហើយត្រូវបានបាញ់ស្លាប់តែម្ដង។ ពួកគេគ្មានបំណងសម្លាប់ជនរងគ្រោះរូបនេះទេ ប៉ុន្តែពួកគេច្រឡំ”។
លោកបានមានប្រសាសន៍ថា ”នគរបាលបានចាប់ខ្លួនបងប្អូនប្រុសបង្កើតទាំងពីរនាក់នេះកាលពីថ្ងៃពុធ និងជនសង្ស័យបីនាក់ទៀតនៅថ្ងៃបន្ទាប់ ហើយថា អ្នកទាំងនេះសារភាពថា ពិតជាបានចូលរួមក្នុងការសម្លាប់នេះមែន”។
គេមិនអាចទាក់ទងមន្ត្រីតុលាការដើម្បីសុំអត្ថាធិប្បាយបានទេ៕ សារុន