35 C
Phnom Penh

​ក្រោយពី​​ផ្ទុះ​​​ករណី​​​ឆ្លង​​​​​មេរោគ​អេដស៍​​​​​​​​​​​នៅ​ខេត្ត​កណ្ដាល មន្ត្រី​​​​​បដិសេធ​​​​​​ថា​មិន​​​​​​​បាន​​​ចម្លង​មេរោគ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភូមិ​ពាម​, ខេត្ត​កណ្ដាល-​ក្រោយ​ពី​រក​ឃើញ​​​​ផ្ទុះ​ករណី​​​​ឆ្លង​​​មេរោគ​អេដស៍នៅ​ភូមិ​ជន​​​បទ​​​​នេះ​ ​ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ពញាឮ បាន​​ច្រាន​ចោល​​ការ​​ចោទ​ប្រកាន់​​​​​របស់​​​អ្នក​ភូមិ​ឆ្លង​មេរោគ​អេដស៍​​ដែល​អះអាង​ថា លោក​​​ជា​ប្រភព​​ចម្លង​មេរោគ​នេះ​។

លោក គួយ ប៊ុនធឿន ប្រធាន​មន្ទីរ​សុខា​ភិបាល​ខេត្ត​​​កណ្ដាល​បាន​មាន​ប្រសាសន៍​ថា លោក​ទទួល​បាន​​​​សេចក្តី​​​​រាយការណ៍​ថា ​​​ការ​​​​ឆ្លង​មេរោគ​អេដស៍​​ថ្មី​ចំនួន​១០ករណី​ត្រូវ​បាន​​បញ្ជាក់​​​នៅ​ភូមិ​​ដែល​មាន​ប្រជា​ពលរដ្ឋ​​​​​​​​រស់​​​នៅ​​​​ប្រមាណ​១.០០០​នាក់​នេះ​​ក្នុង​រយៈ​ពេល​​ពីរ​សប្ដាហ៍​​​កន្លង​​​មក ព្រមទាំង​​​ពីរ​ករណី​​នៅ​​ភូមិ​ក្រោល​គោ និង​ពីរ​ករណី​ទៀត​នៅ​ភូមិ​ព្រែក​លឿង​ក្បែរខាង។

​លោក​​​បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​ទទួល​បាន​​​​​ព័ត៌មាន​ពី​អង្គការ​មួយ​​កាលពី​ម្សិលមិញ​ថា ប្រជាពលរដ្ឋ​ចំនួន​១៤​នាក់​​​​បា​​​​ន​ធ្វើ​​​តេស្ត​​​​ឃើញ​​​​​​ផ្ទុក​​​​​​មេរោគ​អេដស៍ ប៉ុន្តែ​ខ្ញុំ​មិន​ប្រាកដ​ទេ ព្រោះ​​​​​ពេល​នេះ​យើង​កំពុង​​ប្រមូល​ទិន្នន័យ​ និង​ធ្វើ​តេស្ត​ឈាម​​អ្នក​ភូមិ​​”។ លោក​បាន​បន្ត​ថា ​តាម​ដឹង​កាលពី​មុន​ ប្រជាពលរដ្ឋ​​​៣២​នាក់​ទៀត​​មក​​​ពី​ភូមិ​​ពាម ​ក៏​ធ្លាប់​ឆ្លង​មេរោគ​នេះ​ដែរ​។

អ្នក​ភូមិ​​​ទើប​ឆ្លង​​​​​ថ្មីៗ​ចំនួន​ប្រាំនាក់​​ដែល​ត្រូវ​បាន​សម្ភាស​កាលពី​ម្សិលមិញ​និយាយ​ថា ​ពួកគាត់​ជឿ​ថា ខ្លួន​ឆ្លង​មេរោគ​នេះ​​នៅ​​​ពេល​​​​​ទទួល​ការ​ព្យាបាល​ពី​លោក សុខ ថន ​​ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ពញាឮ នៅ​គ្លីនិក​ឯក​ជន​​របស់​គាត់​​​ក្នុងឃុំសំបួរ​មាស។

ពួកគាត់​និយាយ​ថា ​ក្រុម​គ្រូពេទ្យ​មក​ពី​មណ្ឌល​​នៃ​ក្ដី​សង្ឃឹម​​​របស់​មន្ទីរ​ពេទ្យ​សីហនុ​ ក្នុង​រាជធានី​ភ្នំពេញ​ បាន​ចុះ​ទៅ​ភូមិ​នេះ​កាល​​​ពី​ដើម​ខែ​នេះ​ បន្ទាប់ពី​​អ្នក​ភូមិ​ជាច្រើន​​ធ្វើ​​តេស្ត​ឃើញ​ផ្ទុក​មេរោគ​នេះ​​​​​​​ ខណៈ​ពេល​​​​​​ទទួល​ការ​ព្យាបាល​នៅ​មណ្ឌល​នេះ​។ ​

ស្ត្រី​​​​​វ័យ​​​៦៥​ឆ្នាំ​ម្នាក់​​​ដែល​សុំ​បញ្ចេញ​ឈ្មោះ​​​ត្រឹមតែ លន់ ​និយាយ​ថា “​កាលពី​២​ឆ្នាំ​មុន​មន្ទីរ​ពេទ្យ​សម្ដេច​ឪ​បាន​ចុះ​មក​ភូមិ​នេះ​ដើម្បី​ធ្វើ​តេស្ត​ឈាម​ ហើយ​ពួកគាត់​​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​​​​ផ្ទុក​មេរោគ​អេដស៍។ ខ្ញុំ​មិន​​​បាន​​​​ដឹង​ថា ខ្ញុំ​ផ្ទុក​មេរោគ​នេះ​ទេ។ បើ​ពួកគាត់​មិន​ពិនិត្យ​​ខ្ញុំ​ទេ ខ្ញុំ​ក៏​មិន​ដឹង​ដែរ”។

​មន្ត្រី​​មកពី​មន្ទីរ​ពេទ្យ​សីហនុ ​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​កាលពី​ម្សិល​មិញ។ ​អ្នកស្រី លន់ ​​​លើក​​​​​​ឡើង​​​ថា ​គាត់​បាន​និយាយ​ជាមួយ​អ្នក​ផ្សេង​ទៀត​ដែល​ធ្វើ​តេស្ត​ឃើញ​​ផ្ទុក​មេរោគ​នេះ ហើយ​​​​សន្និដ្ឋាន​ថា គ្រូពេទ្យ​ សុខ ថន ទំនង​ជា​ប្រភព​​ចម្លង​សំខាន់​ជាង​គេ។

​អ្នកស្រី​និយាយ​ទៀត​ថា “​ខ្ញុំ​តែងតែ​ឲ្យ​គ្រូ​ពេទ្យ​ម្នាក់​ឈ្មោះ ថន ចាក់​ថ្នាំ​ ហើយ​ខ្ញុំ​គិត​ថា ​មេរោគ​អេដស៍​ឆ្លង​ពី​គ្លីនិក​ឯកជន​របស់​គាត់​​។ ​​មនុស្ស​ជាង​១០​នាក់​ដែល​ទើប​តែ​ដឹង​កាលពី​ពេលថ្មីៗ​នេះ​ថា​​​ខ្លួន​​ផ្ទុក​មេរោគ​អេដស៍ ​​​ធ្លាប់​​​​​​​​​ទៅ​គ្លីនិក​នោះ។ ខ្ញុំ​គិត​ថា មនុស្ស​ជាង​២០​​​​នាក់​កំពុង​ផ្ទុក​មេរោគ​នេះ ប៉ុន្តែ​​ពួកគេ​រក្សា​ភាព​​​​ស្ងាត់​ស្ងៀម​”។

​នៅ​រំលង​គ្នា​ពីរបី​ផ្ទះ​​​តាមបណ្តោយ​ផ្លូវ​​មាត់​​​​​​​​ទន្លេ​មេគង្គ លោក ជា សុផាត អាយុ​៤៥​និយាយ​​​​​​ថា ​គាត់​ក៏​សង្ស័យ​​ដែរ​​​​ថា គ្រូពេទ្យ​ សុខ ថន ជា​​​​អ្នក​ចម្លង​មេរោគ​នេះ​ទៅ​គាត់​។ គាត់​​​​គូស​បញ្ជាក់​ថា ”ខ្ញុំ​មិន​ដែល​រួម​ភេទ​ជាមួយ​​​ស្រី​ផ្សេង​​​ទេ ដូច្នេះ​ខ្ញុំ​ឆ្លង​មេរោគ​នេះ​​ពេល​ខ្ញុំ​ចាក់​​​ថ្នាំ​នៅ​គ្លីនិក​នោះ” ដោយ​​​​​​បន្ថែម​​​​​​ថា ​គាត់​​​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​ស្ថានភាព​នេះ។ “​ខ្ញុំ​ពិបាក​ចិត្ត​​ណាស់ ព្រោះ​ខ្ញុំ​ផ្ទុក​មេរោគ​​​​អេដស៍ ហើយ​សង្គម​​ស្អប់ខ្ពើម​​​​អ្នក​ផ្ទុក​មេរោគ​​​​អេដស៍។ ​​​នៅ​មុខ​យើង​គេ​មិន​អី​ទេ ​ប៉ុន្តែ​គេ​នឹង​និយាយ​ក្រោយ​ខ្នង​យើង”។

ក្រោយ​ពីរក​​​​ឃើញ​​​ការ​ផ្ទុះ​ករណី​​​​ឆ្លង​​​មេរោគ​​​​អេដស៍​នៅ​​ឃុំរការ ខេត្ត​បាត់ដំបង កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៤ ែដលទីបំផុត​ប្រជា​ពលរដ្ឋ​មូលដ្ឋាន​​ប្រមាណ​២៧០​នាក់​​ធ្វើ​តេស្ត​ឃើញ​ផ្ទុក​មេរោគ​នេះ ក្រុម​ស៊ើបអង្កេត​បាន​សន្និដ្ឋាន​ថា ប្រភព​ចម្លង​មេរោគ​នេះ​​គ​ឺ​គ្រូពេទ្យ​​​​គ្មាន​អាជ្ញាប័ណ្ណម្នាក់​ឈ្មោះ យ៉ែម ជ្រិន ដែល​​សារភាព​ថា​​​​​​បាន​ប្រើ​​​​​សឺរ៉ាំង​​​​​​​​​​​ប្រើ​រួច​​​​ចាក់​​​​​​ទៅ​លើ​​​​អ្នក​ជំងឺ​។ កាលពី​ខែ​ធ្នូ សាលា​ដំបូង​ខេត្ត​​បាន​​​​​កាត់​ទោស​លោក យ៉ែម ជ្រិន ឲ្យ​ជាប់​​​ពន្ធនាគារ​២៥​ឆ្នាំ​ពីបទ​បង្ក​​​​​ករណី​ឆ្លង​​​​​​នេះ។

​គ្រូពេទ្យ​ សុខ ថន បានអះអាង​កាលពី​ម្សិល​​​មិញ​ថា ​ខ្លួន​មិន​មែន​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​​​​​​​​​ការ​ផ្ទុះ​ករណី​ឆ្លង​មេរោគ​អេដស៍​​នៅ​ខេត្ត​កណ្ដាល​នេះ​ទេ ហើយ​ថែម​ទាំង​គំរាម​​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​​​​ចំពោះ​​​អ្នក​ដែល​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​បែប​នេះ​​​ទៀត​​​​​​ផង​​​។

​​​​​​​​​លោក​​​​​​លើក​​​​​​​​ឡើង​​​​​​ថា “ខ្ញុំ​​​សុំ​ច្រាន​ចោល​ការ​​ចោទ​ប្រកាន់​នេះ​ ព្រោះ​ការ​ចោទ​ប្រកាន់​នេះ​​​​​គ្រាន់​តែ​ដើម្បី​​​បង្ខូច​ឈ្មោះ​ខ្ញុំ និង​គ្លីនិក​របស់​ខ្ញុំ​ប៉ុណ្ណោះ​​​។ ខ្ញុំ​ជា​វេជ្ជបណ្ឌិត និង​ជា​អ្នក​បណ្ដុះ​បណ្ដាល​​ប្រជាពលរដ្ឋ​ឲ្យ​​​​​​យល់​​​ដឹង​​​​​​អំពី​​​ការ​​​​ចម្លង​ជំងឺ​ ដូច្នេះ​ខ្ញុំ​មាន​ចំណេះ​ដឹង​គ្រប់គ្រាន់​​​​អាច​​​យល់​​​​​​​​​​ដឹង​ពី​ការ​ចម្លង​ជំងឺ ជា​ពិសេស​​មេ​រោគ​អេដស៍។ ​សូម​ផ្ដល់​​ឈ្មោះ​អ្នក​ដែល​លោក​​​​បាន​សម្ភាស​​នៅ​ថ្ងៃ​នេះ​មក​ឲ្យ​ខ្ញុំផង ហើយ​ខ្ញុំ​នឹង​ប្រគល់​វា​ទៅ​ឲ្យ​មេធាវី​​​ខ្ញុំ ព្រោះ​ពួក​គាត់​បរិហារកេរ្តិ៍​ខ្ញុំ”។

លោក គួយ ប៊ុនធឿន ​ក៏​បាន​ការ​ពារ​លោក ​​សុខ ថន ដែរ​ដោយ​លើក​ឡើង​​​ពីបទ​ពិសោធន៍​​​របស់​គ្រូពេទ្យរូប​​​​​​​​នេះ​​ និង​ការ​ងារ​​របស់​គាត់​​បណ្ដុះ​បណ្ដាល​​​​គ្រូ​​​ពេទ្យ​​​ផ្សេង​ទៀត​អំពី​ការ​ព្យាបាល​​​អ្នក​ជំងឺ​​អេដស៍​។ ​

លោក​លើក​ឡើង​ដូច្នេះ​ថា ”​វេជ្ជ​បណ្ឌិត សុខ ថន គឺ​ជា​​​ប្រធាន​​មន្ទីរ​​​បង្អែក​ស្រុក​ពញាឮ ហើយ​គាត់​​ទទួល​ខុស​ត្រូវ​ខាង​បណ្ដុះ​បណ្ដាល​​​ក្នុង​កម្មវិធី​មេរោគ​អេដស៍​ ដូច្នេះ​ខ្ញុំ​គិត​ថា គាត់​មិន​មែន​ជា​អ្នក​ទទួល​​ខុស​ត្រូវ​ចំពោះ​ការ​​​ចម្លង​​​​​មេរោគ​អេដស៍​ទៅ​ប្រជាពលរដ្ឋ​ទេ”។

ក្នុង​ចំណោម​​អ្នក​ភូមិ​ដែល​ត្រូវ​បាន​សម្ភាស​​​កាលពី​ម្សិលមិញ គ្មាន​នរណា​ម្នាក់​និយាយ​ថា ​ខ្លួន​​​មាន​គម្រោង​​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ឡើយ​​​។ ទោះ​ជាយ៉ាង​ណា លោក ផល្លា ជីវ័ន្ត ​​​អាយុ​២៩​ឆ្នាំដែល​ប្អូន​ស្រី​របស់​ខ្លួន​ទើប​តែ​ឆ្លង​​​​មេរោគ​​​​​​អេដស៍​​​​កាលពីពេល​ថ្មីៗ​នេះ​ បាន​​​​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​​​​ស៊ើបអង្កេត​លើ​លោក សុខ ថន។

គាត់​និយាយ​ថា ​”​យើង​មិន​ហា៊ន​​ដាក់​ពាក្យ​ប្ដឹង​គ្លីនិក​ទេ ព្រោះ​ម្ចាស់​គ្លីនិក​បាន​គំរាម​ថា បើ​​​​យើង​ប្ដឹង​គាត់​ គាត់​នឹង​ប្ដឹង​បក​វិញ។ ​យើង​មិន​ប្រាកដ​ទាំង​ស្រុង​ថា ការ​ឆ្លង​បណ្ដាល​មក​ពី​គាត់​ទេ ប៉ុន្តែ​យើង​ចង់​​ឲ្យ​អាជ្ញាធរ​ចាត់​វិធាន​​ការ​​​តឹង​រ៉ឹង​លើ​គ្លីនិក​នេះ​ ប្រសិនបើ​ស៊ើប​អង្កេត​​​​​ឃើញ​ និង​បញ្ជាក់​ថា គ្លីនិក​នេះ​​​​ជា​​​​​​​​​អ្នក​​​​​​ចម្លង​​​”។

ពេល​សាកសួរ​អំពី​ករណី​នេះ​ លោក ណែម ​​​យ៉ុង ​នាយ​ប៉ុស្តិ៍​នគរ​បាល​ឃុំ​​ បាន​បដិសេធ​មិន​ឆ្លើយ​បំភ្លឺ​ឡើយ​​​៕ សុខុម​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស