30 C
Phnom Penh

អ្នកយកព័ត៌មាន​ម្នាក់ត្រូវ​ឃាត់ខ្លួន​ពីបទ​ញុះញង់​អ្នកភូមិ​ដែលប្រឈម​ការ​បណ្តេញ​ចេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​កាសែតម្នាក់​​​​ និង​​​ក្រុម​​​មន្ត្រី​​​បាន​​​និយាយ​​​  កាល​​​ពី​​​ម្សិលមិញ​​​ថា អ្នក​​​យក​​​ព័ត៌មាន​​​​​​ម្នាក់​​​ប្រចាំ​​​​​​ ស្ថានីយ​ទូរទស្សន៍ MSJ TV ត្រូវ​​​បាន​​​នគរ​​​បាល​​​ឃាត់​​​ខ្លួន​​​រយៈ​​ពេល​​​ខ្លី​​​​​​ដើម្បី​​​ធ្វើការ​សាក​​​សួរ​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ ពី​​​បទ​​​ញុះញង់​​​អ្នក​​​ភូមិ​​​ដែល​​​​​​ប្រឈម​​​ការ​​​បណ្តេញ​​​ចេញ​​​ពី​​​ផ្ទះ​​​សំបែង​របស់​​​ពួក​​​គាត់​ស្ថិត​​​​តាម​​​មាត់ទន្លេ​​​ក្នុងក្រុង​​​កំពង់​​​ឆ្នាំង​​​។

លោក ងុន​​​លី ធារ៉ា អ្នក​​​អាន​​​ព័ត៌មាន​​​នៅ​​​ស្ថានីយទូរទស្សន៍ MSJ TV បាន​​​និយាយ​​​ថា ​​​លោក​​​បាន​​​ទៅ​​​ភូមិ​​​ផ្សារ​​​ក្រោម​​​កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​សៅរ៍ ដើម្បី​​​សម្ភាស​​​អ្នក​​​ភូមិ​​​ជា​​​មួយ​​​លោក ​​​ម៉េង សុភ័ណ អគ្គនាយក​​​ស្ថានីយ​​​ទូរទស្សន៍​​​នេះ ​​​ព្រមទាំង​លោក សាន់ បូរ៉ា និង​​​លោក​​​ សាយ ​​​សន្យា ​​​អ្នក​​​ឆ្លើយ​​​ឆ្លង​​​ព័ត៌មាន​​​ប្រចាំ​​​ខេត្ត​​​។

លោក​​​បាន​​​និយាយ​​​ថា “នៅ​​​ពេល​​​អ្នក​​​ភូមិ​​​បាន​​​ឃើញ​​​ពួកយើង​​​មក​​​សម្ភាស​​​ពួក​​​គាត់​​​ អ្នក​​​ភូមិ​​​កាន់​​​តែ​​​ច្រើន​​​ឡើង​​​ៗ​​​បាន​​​មក​​​ជួប​​​ជុំ​​​គ្នា​​​… ​​​ពួក​​​គាត់​​​បាន​​​សុំ​​​ឲ្យ​​​ពួក​​​យើង​​​ផ្សព្វផ្សាយ​​​ពី​​​កង្វល់​​​របស់​​​ពួគគាត់​​​”។ លោក​​​បាន​​​បន្ថែម​​​ថា ​​​លោក​​​មិន​​​ស្ថិត​​​នៅ​​​កន្លែង​​​កើត​​​ហេតុ​​​ទេ​ ​​នៅ​​​ពេល​​​នគរ​​​បាល​​​សង្កាត់​​​បាន​​​ចាប់​​​​​​ខ្លួន​​​លោក ​​​បូរ៉ា ​​​ជា​​មិត្ត​​​រួម​​​ការ​​​ងារ​​​នៅ​​​ម៉ោង​​​ប្រហែល​​​៣​​​និង​​​៣០​​​នាទី​​​រសៀល​​​។

លោក ស៊ុន សុវណ្ណារិទ្ធ អភិបាល​​​រង​​​ខេត្ត​​​កំពង់​​​ឆ្នាំ​​​ង​​​ទទួល​​​បន្ទុក​​​ផែន​​​ការ​​​​​​អភិវឌ្ឍ​​​ន៍​រយៈ​ពេល​៥​​​ឆ្នាំ​​​នៃ​តំបន់​​​​ក្រុង​​​ដែលក្នុង​នោះ​​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​អ្នក​​​ភូមិ​​​ជាង​​​១.៥០០​​​គ្រួសារ​​​ផ្លាល់​​​ទី​​​លំនៅ​​​បាន​​​មានប្រសាសន៍​​​ថា អ្នក​​​ភូមិ​​​សរុប​​​២២៥​​​គ្រួសារ​​​​​​កំពុង​​​ប្រឈម​​​ការ​​​បណ្តេញ​​​ ចេញ​​​ពី​​​តំបន​​​់​​​មាត់​​​ទន្លេ។ លោក​​​បាន​​​ថ្លែង​​​ថា លោក​​​ បូរ៉ា ត្រូវបាន​​​​អាជ្ញា​​​ធរ​​​ឃាត់​​​ខ្លួន​​​រយៈ​​​ពេល​​​ខ្លី​​​ពីបទ​​​​​​ញុះ​​​ញង់​​​អ្នក​​​ភូមិ​​​ឲ្យ​​​រួម​​​គ្នា​​​ប្រឆាំង​​​ផែនការ​​​​អភិវឌ្ឍន៍​​​នេះ​។

ដោយ​ពន្យល់ពី​មូលហេតុ​ចាំបាច់​ដែល​​​នគរ​​​បាល​នាំគាត់​ទៅ​សាកសួរលោក សុវណ្ណា​​​រិទ្ធ បាន​មាន​ប្រសាសន៍​​ថា ­”អ្នក​​​យក​​​ព័ត៌មាន​​​​​​ក្នុង​​​ស្រុក និង​​​បរទេស​​​ជាច្រើន​​​បាន​​​មក​​​សម្ភាស​​​ ​​​អ្នក​​​ភូមិ​​​ដែល​​​រស់​​​នៅ​​​ក្នុង​ផ្ទះ​​​បណ្តែត​​​ទឹក​​​ ប៉ុន្តែ ​​​ពួក​​​គាត់​​​មិន​​​បាន​​​ធ្វើ​​​ដូច​​​លោក បូរ៉ា​​​ ទេ”។

លោក​​​បាន​​​បន្ថែម​​​ថា “ជា​​​ទូទៅ​​​ យើង​​​បើក​​​ចិត្ត​​​ទូលាយ​​​ ហើយ​​​មន្ត្រី​​​របស់​​​យើង​​​មិន​​​រើស​​​អើង​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ទេ”។

លោក រិន រដ្ឋា នាយ​​​ប៉ុស្តិ៍​​​សង្កាត់​​​ផ្សារ​​​ឆ្នាំង​​​ទី​​​ដែល​​​អ្នក​​​យក​​​ព័ត៌មាន​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​ឃាត់​​​ខ្លួន​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ ឈួរ ច័ន្ទ​​​ឌឿន អភិបាល​​​ខេត្ត​​​បាន​​​បញ្ជា​​​ឲ្យ​​​ក្រុម​​​មន្ត្រី​​​សាក​​​សួរ​​​អ្នក​​​យក​​​ព័ត៌មាន​​​រូប​​​នេះ​​​ ពីព្រោះ​​​គាត់​​​ បាន​​​ប្រមូល​​​ស្នាម​​​មេដៃ​​​ពី​​​អ្នក​​​ភូមិ​​​ ហើយបាន​​​​សន្យា​​​ជួួយ​​​​ដោះស្រាយ​វិវាទ​នេះ​ជូន​ពួកគាត់​។

លោក​​​បាន​​​ថ្លែង​​​ថា “យើង​​​បាន​​​ឃាត់​​​ខ្លួន​​​អ្នកយកព័ត៌មានរូបនេះ​​​​ ពីព្រោះ​​​គាត់​​​មក​​​ប្រមូល​​​ស្នាម​​​មេដៃ​​​អ្នក​​​ភូមិ​​​។​​​គាត់​​​ជា​​​អ្នក​​​យក​​​ព័ត៌មាន​​​ តើ​​​គាត់​​​អាច​​​ដោះស្រាយ​រឿង​​​នេះ​​​ដូចម្តេចកើត​​​​? អ្នកយកព័ត៌មាន​រូបនេះ​​​​ក៏​​​បាន​​​សន្យា​​​ដោះ​​​ស្រាយ​​​កង្វល់​​​របស់​​​ពួក​​​គាត់​​​ជុំ​​​វិញ​​​ផែនការ​​​អភិ​វឌ្ឍន៍​​​​របស់​​​អាជ្ញាធរផងដែរ​”។

លោក រដ្ឋា បាន​​​​​​ថ្លែង​​​ថា នគរ​​​បាល​​​​​​បាន​​​ឃាត់​​​ ខ្លួន​​​លោក បូរ៉ា រយៈ​​​ពេល​​​កន្លះ​​​ម៉ោង​​​មុន​​​ពេល​​​ អភិបាល​​​រង​​​ខេត្ត​​​បញ្ជា​​​ឲ្យ​​​ដោះ​​​លែង​​​វិញ​។

គេ​​​មិន​​​អាច​​​ទាក់​​​ទង​​​លោក បូរ៉ា ដើម្បី​​​សុំ​​​អត្ថាធិប្បាយ​​​បាន​​​ទេ ។ លោក ធារ៉ា បាន​​​មាន​​​ប្រសា​សន៍​​​ថា មិត្ត​​​រួម​​​ការងារ​​​របស់​​​លោក​​​គ្រាន់ ​​​​​​តែ​​​បាន​​​សន្យា​​​ផ្សព្វ​ផ្សាយ​​​កង្វល់​​​របស់​​​អ្នក​​​ភូមិ​​​តែ​​​ប៉ុណ្ណោះ ប៉ុន្តែ បាន​​​បន្ថែម​​​ថា មិត្ត​​​រួម​​​ការ​​​ងារ​​​ផ្សេង​​​ទៀត​​​​​​បាន​​​ឲ្យ​​​លោក បូរ៉ា នៅ​​​ជាមួយ​​​អ្នក​​​ភូមិ​​​មុន​​​ពេល​​​នគរ​​​បាល​​​បាន​​​មក​​​ដល់​​​។

ការ​​​ឃាត់​​​ខ្លួន​​​អ្នក​​​យក​​​ព័ត៌មាន​​​រូប​​​នេះ​​​ កើត​​​ឡើង​​​បន្ទាប់​​​ពីអ្នក​​​កាសែត​​​ប្រចាំ​​​ស្ថានីយ​​​ទូរ​ទស្សន៍​​​ខ្មែរ​​​ប៉ុស្តិ៍​​​លេខ​​​៩ម្នាក់​​​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​ នៅ​​​ក្នុង​​​ខេត្ត​​​មណ្ឌល​​​គិរី​​​បន្ទាប់​​​ពី​​​មាន​របាយ​ការណ៍​​​មួយ​​​អះ​​​អាង​​​ថា ​​​មេបញ្ជាការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​មណ្ឌល​​​គិរី​​​បាន​​​ទទួល​​​​​​សំណូក​​​ដើម្បី​​​អនុញ្ញាត​​​ឲ្យមាន​​​ការ​​​កាប់​​​ឈើ​​​ខុស​​ច្បាប់​​​នៅ​​​ក្នុង​​​តំបន់អ​​​ភិរក្ស៕​​​ សារុន​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស