នគរបាលនិយាយកាលពីម្សិលមិញថា សាកសពបុរសម្នាក់ដែលមានស្នាមរបួសត្រូវគ្រាប់កាំភ្លើងចំនួនពីរគ្រាប់ និងដែលត្រូវបានកាយឃើញនៅប៉ៃលិនកាលពីថ្ងៃអាទិត្យ ត្រូវបានបញ្ជាក់អត្តសញ្ញាណថាជានិយោជិតកាស៊ីណូជនជាតិថៃ ម្នាក់នៅខេត្តភាគបស្ចិមនេះ។
អាជ្ញាធរបានរាយការណ៍ថា លោក ស៊ុំនឹក ចារូនជីរា៉ាសាធាន (Somnuek Jaroonjirasathian) អាយុ៥០ឆ្នាំដែលកាស៊ីណូប៉ៃលិនហ្វ្លាមីងហ្គោ (Pailin Flamingo Casino) ជួលឲ្យជួយនាំភ្ញៀវថ្មីៗមកលេង បានបាត់ខ្លួនកាលពីថ្ងៃទី១៤ កុម្ភៈ។
យោងតាមលោក អុីវ គឹមសៀន ស្នងការរងខេត្តបានឲ្យដឹងថា សាកសពបុរសរូបនេះត្រូវអ្នកភូមិម្នាក់ប្រទះឃើញនៅក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ កាលពីថ្ងៃអាទិត្យ ក្រោយពីជំពប់ជើងនឹងគំនរដីដែលទើបជីកថ្មីៗ ខណៈកំពុងដើរបេះត្រកួន។ ស្ត្រីអ្នកភូមិរូបនេះបានប្រញាប់ទៅហៅប្ដីរបស់ខ្លួនឲ្យមកជួយជីក ហើយទីបំផុតក៏ជីកឃើញជើងមនុស្ស និងក្រោយមកឃើញសាកសពទាំងមូលតែម្តង។ លោកបញ្ជាក់ថា “សាកសពនេះជាបុរសជនជាតិថៃ។ សាច់ញាតិរបស់គាត់ចំណាំគាត់បាន”។
លោក ឆម វ៉ាន់ធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបានមានប្រសាសន៍ថា ការធ្វើកោសល្យវិច័យដោយសហការជាមួយអាជ្ញាធរថៃ បានបង្ហាញថាមានស្នាមរបួសត្រូវគ្រាប់ចំក្បាល និងមួយគ្រាប់ទៀតចំដងខ្លួន នាំឲ្យក្រុមអ្នកស៊ើបអង្កេតសង្ស័យថា គាត់ត្រូវគេសម្លាប់។ លោកថ្លែងថា “គាត់ត្រូវគេបាញ់មួយគ្រាប់ចំកធ្លាយតាមសៀតផ្កាខាងស្ដាំ និងមួយគ្រាប់ទៀតចំកន្លែងបោះដៃផុតខាងឆ្វេងធ្លាយតាមទ្រូងខាងស្ដាំ”។ លោកមានប្រសាសន៍ទៀតថា សាកសពត្រូវបានប្រគល់ជូនសាច់ញាតិរបស់គាត់ហើយ។
កាសែតបាងកកប៉ុស្តិ៍បានចុះផ្សាយកាលពីម្សិលមិញថា លោក ស៊ុំនឹក ចារូនជីរ៉ាសាធាន មានឈ្មោះហៅក្រៅថា “ទុំ” (Tum) បានត្អូញប្រាប់លោក វ៉ារុត វ៉ាន់ណៃអាំភិគុណ (Warut Wannaiamphikun) ម្ចាស់កាស៊ីណូប៉ៃលិនហ្វ្លាមីងហ្គោថា មិត្តភក្តិម្នាក់របស់គាត់បានជំពាក់ប្រាក់គាត់ប្រហែល៣២លានបាត (ប្រហែល៨៩៥.០០០ដុល្លារ)។ លោក វា៉រុត បានប្រាប់កាសែតនេះថា មិត្តភក្ដិម្នាក់នោះគឺជាសហវិនិយោគិននៅក្នុងការវិនិយោគលើ ”កម្រៃជើងសារ” ដែលត្រូវបានរៀបចំឡើងដើម្បីនាំភ្ញៀវមកលេងនៅកាស៊ីណូនេះ។
ដោយដកស្រង់សម្ដីមន្ត្រីថៃ ម្នាក់ឈ្មោះ នីវ៉ាត់ ហានប្រាសុប (Niwat Hanprasop) កាសែតបាងកកប៉ុស្តិ៍បានសរសេរថា លោក ស៊ុំនឹក ចារូនជីរ៉ាសាធាន បានចាកចេញពីកាស៊ីណូនេះនៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ដើម្បីជួបមិត្តភក្ដិទទួលទានអាហារពេលល្ងាច។ លោក នីវ៉ាត់ និយាយថា ប្រពន្ធរបស់បុរសដែលស្លាប់នេះបានទូរស័ព្ទចូលទូរស័ព្ទប្ដីរបស់ខ្លួន កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ហើយត្រូវស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ប្រាប់ថា ជនរងគ្រោះមិនអាចនិយាយបានទេ មុនពេលឮបុរសម្នាក់ទៀតស្រែកប្រាប់នាងឲ្យបិទទូរស័ព្ទ។
លោក ឆម វ៉ាន់ធី មានប្រសាសន៍ថា ការចុះផ្សាយទាំងនេះគ្មានការបញ្ជាក់ច្បាស់លាស់ទេ។ លោកគូសបញ្ជាក់ថា “វាគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ។ នគរបាលកំពុងបន្តស៊ើបអង្កេតករណីនេះ”។
លោក ជា ចាន់ឌិន ស្នងការខេត្តបានមានប្រសាសន៍ថា បុរសដែលស្លាប់នេះតែងតែធ្វើដំណើរចេញចូលខេត្តកោះកុង ប៉ោយប៉ែត និងប៉ៃលិនជាប្រចាំពាក់ព័ន្ធការងារ ប៉ុន្តែលោកមិនដឹងថា បុរសរូបនេះរកស៊ីអ្វីនោះទេ៕សុខុម