34 C
Phnom Penh

លោកនាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន ​​​សែន ​​​រិះ​​​​​​គន់​​បក្ស​​​សង្គ្រោះជាតិ​​​ជុំវិញ​​​​​​ការ​​​អះអាង​​​អំពី​ឥទ្ធិពល​​​របស់ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ​​​ហ៊ុន​​​ សែន បាន​​​រិះ​​​គន់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ចំពោះ​​​ការ​​​អ​​​ះ​​​អាង​​​ដែល​ថា កំណែទម្រង់​​​មួយ​​​​​​ចំនួន​​​ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​របស់​​​រដ្ឋាភិបាល​​​ធ្វើ​​​ឡើង​​​ដោយ​​​សារ​​​មាន​​​សម្ពាធ​​​ពី​​​គណបក្ស​​​ប្រឆាំង​​​​​​ ដោយ​​​ចាត់​​​ទុក​​​ការ​​​អះ​​​អាង​​​នេះ​​​ថា ជា​​​”ការ​និយាយ​​​​​កុហក​​​សុទ្ធ​​​សាធ​​​”។

នៅ​​​ក្នុង​​​សារ​​​បង្ហោះ​​​តាម​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​របស់​​​ខ្លួន​​​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​រិះ​​​គន់​​​ចំពោះ​​​ការ​​​អះ​​​អាង​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ដែល​​​ថា ខ្លួន​​​មាន​​​ឥទ្ធិពល​​​លើ​​​គោល​​​នយោ​​​បាយ​​​ថ្មី​​​ៗ​​​មួយ​​​ចំនួន​​​របស់​​​​លោក ក្នុង​​​នោះ​​​រួម​​​មាន​​​ដូច​​​ជា​​​ការ​​​សម្រេច​​​ឲ្យ​​​អ្នក​​​បើក​​​បរ​​​ភាគ​​​ច្រើន​​​មិន​​​ចាំ​​​បាច់​​​មាន​​​ប័ណ្ណ​​​បើក​​​បរ​​​ជា​​​ដើម​​​។ លោក ហ៊ុន​​​ សែន បាន​​​សរសេរ​​​ថា “ខ្ញុំ​​​សូម​​​ផ្ញើ​​​សារ​​​ខ្លី​​​នេះ​​​ទៅ​​​កាន់​​​មេបក្ស​​​ប្រឆាំង​​​ព្រម​​​ទាំង​​​ក្រុមបក្ស​​​ប្រឆាំង​​​ទាំងអស់​​​ត្រូវ​​​ឈប់​​​បោក​​​ប្រាស់​​​ប្រជា​​​ពល​​​រដ្ឋ​​​តទៅទៀត​​​ ព្រោះ​​​កន្លង​​​ទៅ​​​ប៉ុន្មាន​​​អាទិត្យ​​​នេះ​​​ បក្ស​​​ប្រឆាំង​​​បាន​​​យក​​​លទ្ធផល​​​ដែល​​​គណបក្ស​​​ប្រជា​​​ជន​​ និង​​​លទ្ធផល​​​ដែល​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​សម្រេច​​​ខាង​​​លើ​​​យក​​​ទៅ​​​ធ្វើ​​​នយោបាយ​​​ប្រជាភិថុតិ​​​ឃោសនា​​​បោក​​​ប្រាស់​​​ប្រជា​​​ពល​​​រដ្ឋ​​​ថា ​​​ដោយ​​​ សារ​​​ពួក​​​គេ​​​ទាម​​​ទារ​​​​​​ទើប​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​សម្រេច​​​ធ្វើ​​​បែប​​​នេះ​​​”។

ក្នុង​​​រយៈ​​​ពេល​​​ពីរ​​​បី​​​ខែ​​​កន្លង​​​មក​​​នេះ​​​ លោក ​​​ហ៊ុន សែន ទី​​​បំផុត​​​បាន​សម្រេច​ធ្វើការ​​​​កែ​​​ប្រែ​​​គោល​​​នយោបាយ​​​ថ្មី​​​មួយ​​​ចំនួន​​​​​​​​​ ដោយ​​​ជា​​​រឿយៗ​​​ផ្អែក​​​លើ​​​សំណូមពរ​​​​ពី​​​ប្រជា​​​ពល​​​រដ្ឋ​​​មកកាន់​​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​ផ្ទាល់ខ្លួន​​​​របស់​​​លោក​​​។ ​​​ការ​កែ​ប្រែ​​​ទាំង​​​នេះ​​​រួម​​​មាន​​​ដូច​​​ជា​​​ការ​​​សម្រេច ​មិនចាំបាច់​ឲ្យមាន​​​​​ប័ណ្ណ​​​បើក​​​បរ​​​ និង​​​ការ​​​លុប​​​ចោល​​​​​​​​​បញ្ជរ​​​បង់​​​ប្រាក់​​​លើ​​​ផ្លូវ​​​ចំនួន​​​ពី​​​រ​​​កន្លែង ក៏​​​ដូច​​​ជា​​​ការ​​​កាត់​​​បន្ថយ​​​ថ្លៃ​​​​​​ផ្ទេរ​​​កម្ម​​​សិទ្ធិ​​​អចលន​​​ ទ្រព្យ​​​​​​ពីជីដូនជីតា​ទៅចៅ ពី​ឪពុក​ម្តាយ​ទៅ​កូន​ពី​​​ប្រពន្ធ​ទៅ​ប្តី​និងពីប្តី​ទៅប្រពន្ធ​ផង​​​ដែរ។

នៅ​​​ក្នុង​​​សារ​​​បង្ហោះ​​​តាម​​​ហ្វេសប៊ុក​​​កាល​​​ពី​​​ម្សិលមិញ​​​ លោក​​​នាយករដ្ឋ​​​មន្ត្រី​​​បាន​​​លើក​​​ឡើ​​​ង​​​ថា ការសរសើរ​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ថា​ ដោយសារ​គណបក្សនេះ​ទើប​​​​មានការ​កែប្រែ​​​ទាំង​​​នេះ គឺខុសហើយ​​​។

លោក​​​បាន​​​លើក​​​ឡើង​​​ថា “នេះ​​​ជា​​​ការ​​​និយាយ​​​កុហក​​​បោក​​​ប្រាស់​​​ប្រជា​​​ពល​​​រដ្ឋ​​​សុទ្ធ​​​សាធ​​​ ដែល​​​គណបក្ស​​​ប្រឆាំង​​​ចេះ​​​ធ្វើ​​​ទៅ​​​រួច​​​ដែរ​​​ ដោយ​​​គ្មាន​​​ការ​​​អៀន​​​ខ្មាស”។

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ទំនង​​​ជា​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​ការ​​​លើក​​​ឡើង​​​ជា​​​សាធារណៈ​​​របស់​​​លោក កឹម សុខា អនុប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ ​​​ជាតិ​​​កាល​​​ពី​​​ចុង​​​សប្តាហ៍​​​ ដែល​អំឡុងពេល​នោះ​​​លោក​​​បាន​​​អះ​​​អាង​​​ថា គណបក្ស​​​របស់​​​លោក​​​បាន​​​បង្ខំ​​​ឲ្យ​​​មាន​​​ការ​​​ផ្លាស់​​​ប្តូរ​​​គោល​​​នយោបាយ​​​រដ្ឋាភិបាល ​​​​​​​ក្នុង​​​នោះ​​​រួម​​​មាន​​​ដូច​​​ជា​​​ការ​​​លុប​​​ចោល​​​បញ្ជរ​​​បង់​​​ប្រាក់​​​​​​នៅ​​​ផ្លូវ​​​ជាតិ​​​លេខ​​​៤​​​ជាដើម​​​។

លោក កឹម សុខា បាន​​​មាន​​​ប្រសាសន៍​​​ពេល​​​​​​ថ្លែង​​​ទៅ​​​កាន់​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​ប្រឆាំង​​​​​​ នៅ​​​ក្នុង​​​ស្រុក​​​សំរោង​​​ ខេត្ត​​​កំពង់​​​ស្ពឺ​​​ថា “អ្នក​​​ខ្លះ​​​និយាយ​​​ថា មេដឹក​​​នាំ​​​របស់​​​យើង​​​ខ្សោយ​​​ ប៉ុន្តែ  ជន​​​រួម​​​ជាតិ​​​ទាំង​​​អស់​​​ ជា​​​ពិសេស​​​សកម្ម​​​ជន​​​ទាំង​​​អស់​​​ដឹង​​​រួច​​​​ហើយ​​​ថា បើ​​​គ្មាន​​​កម្លាំង​​​រួប​​​រួម​​​បង្កើត​​​ជា​​​គណបក្ស​​​សង្គ្រោះជាតិ​​​​​​មួយ​​​ដ៏​​​ខ្លាំង​​​ក្លា​​​នេះ​​​ទេ​​​ ថ្ងៃ​​​េនះ​​​ប្រហែល​​​ជា​​​ផ្លូវ​​​ជាតិ​​​លេខ​​​៤​​​​​​ អម្បាញ់​​​​មិញ​​​នេះ​​​គេ​​​នៅ​​​យក​​​លុយ​​​នៅ​​​ឡើយ​​​ទេ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា ការ​​​សន្យា​​​​ដំឡើង​​​ប្រាក់​​​ខែ​​​គោល​​​អប្បបរមា​​​​​​ជូន​​​មន្ត្រី​​​រាជ​​​ការ​​​ដល់​​​២៥០​​​ដុល្លារ​កាល​​​ពី​​​ខែ​​​វិច្ឆិកា​​​របស់​​​លោក ហ៊ុន សែន​​​ ក៏​​​ដោយ​​​សារ​​​ការ​​​កម្លាំង​​​ជំរុញ​​​របស់​​​គណបក្ស​​​លោក​​​ដែរ​​​។

លោក កឹម សុខា បាន​​​ថ្លែង​​​ថា “យើង​​​មិន​​​ទាន់​​​ទទួល​​​បាន​​​ជ័យ​​​ជម្នះ​​​ដឹក​​​នា​​​ំ​​​ប្រទេស​​​ក៏​​​ពិត​​​មែន​​​ ប៉ុន្តែ យើង​​​មាន​​​ឥទ្ធិពល​​​យ៉ាង​​​ខ្លាំង​​​​​​​ក្នុង​​​ឆាក​​​នយោបាយ​​​នៅ​​​កម្ពុជា​និង​​​​​​​អន្តរជាតិ​​​ក្នុង​​​ពេល​​​​នេះ​​​”។

ចាប់​​​តាំង​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ដែល​​​មាន​​​ការ​​​ប្រកួត​​​ប្រជែង​​​គ្នា​​​ដ៏​​​ស្វិត​​​ស្មាញ​​​កាល​​​ពី​​​ឆ្នាំ​​​២០១៣មក​ ​​​វិធានការ​​​កំណែ​​​ទម្រង់​​​មួយ​​​ចំនួន​​​ដែល​​​ដាក់​​​ចេញ​​​ដោយ​​​រដ្ឋាភិបាល​​​របស់​​​លោក ហ៊ុន សែន មាន​​​ភាព​​​ស្រដៀង​​​គ្នា​​​ទៅ​​​នឹង​​​គោល​​​នយោបាយ​​​ដែល​​​ដាក់​​​ចេញ​​​ដោយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ជា​​​ផ្នែក​​​នៃ​​​កម្មវិធី​​​​នយោបាយ​​​របស់​​​ខ្លួន ​​​ក្នុង​​​នោះ​​​រួម​​​មាន​​​ដូច​​​ជា​​​ការ​​​ជំរុញ​​​ឲ្យ​​​មាន​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ជូន​​​មន្ត្រី​​​រាជការ​​​ និង​​​កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ ការ​​​ធានា​​​ផ្តល់​​​សេវាកម្ម​​​ថែ​​​ទាំ​​​សុខភាព​​​ដោយ​​​ឥត​​​គិត​​​ថ្លៃ​​​ជូន​​​​ប្រជា​​​ពល​​​រដ្ឋ​​​ក្រីក្រ និង​​​ការ​​​កាត់​​​បន្ថយ​​​​​​តម្លៃ​​​អគ្គិសនី និង​​​​​​ប្រេង​​​សាំង​​​​ជា​​​ដើម​​​។

លោក គល់ បញ្ញា នាយកប្រតិបត្តិ​នៃ​គណៈ​កម្មាធិការ​​​ដើម្បី​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី​​​និង​យត្តិធម៌​នៅ​​​កម្ពុជា​​​(ខុមហ្វ្រែល​​​) ​​​បាន​​​លើក​​​ឡើង​​​ថា គណបក្ស​​​ប្រឆាំង​​​ធ្វើ​​​ការ​​​វាយ​​​តម្លៃ​​​អំពី​​​ស្ថាន​​​ភាព​​​នេះ​​​គឺ​​​មិន​​​ខុស​​​ទេ​​​។ ​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រសិន​​​បើ​​​គ្មាន ​​​ការ​​​ប្រឆាំង​​​ដ៏​​​ខ្លាំង​​​ក្លា​​​ទេ​នោះ​ គ្មាន​​​​​ផ្លូវ​​​ដែល​​​បញ្ហា​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​ឆ្លើយ​​​តប​​​ដូច​​​នេះ​​​ឡើយ​​​”។​លោក​​​បាន​​​គូស​​​បញ្ជាក់​​​ថា​ បញ្ហា​​​ដូច​​​ជា​​​ប្រាក់​​​ខែ​​​មន្ត្រី​​​រាជ​​​ការ​​​ជា​​​ដើម​​​នោះ​​​គឺ​​​​​​មាន​​​ភាព​​​ជាប់​​​គាំង​​​អស់​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ឆ្នាំ​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​​។

លោក​​​បាន​​​បន្ថែម​​​ថា ការ​​​លើក​​​ឡើង​​​របស់ ​​​លោក ហ៊ុន សែន ដែល​​​ថា គណបក្ស​​​ប្រឆាំង​​​​​​មិន​​​គួរ​​​កេង​​​ចំណេញ​​​ផល​​​ប្រយោជន៍​​​ពី​​​កំណែ​​​ទម្រង់​​​ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​គឺ​​​ទំនង​​​ជា​​​លោក​​​បាន​​​គិត​​​គូរ​​​​​ដល់​​​ការ​​​បោះ​​​​​​ឆ្នោត​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៧ និង​​​ឆ្នាំ​​​២០១៨ ខណៈ​​​​លោក​​​ កឹម សុខា​ កំពុង​ព្យាយាម​​​បញ្ចុះ​​​បញ្ចូល​​​អ្នក​​​បោះ​​​ឆ្នោត​​​ដែល​​​​​​ខ្លួន​​​​​​ខិតខំទាក់ទាញ​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “នេះ​​​គឺ​​​ប្រហែល​​​​សម្រាប់​​​ភាគី​​​ទាំង​​​ពីរ នៅក្នុង​ការ​​​បោះ​​​ឆ្នោត​​​នា​​​ពេល​​​ខាង​​​មុខ​​​​​​”៕​​​ ស៊ុយឈាង (រាយការណ៍​​​បន្ថែម​​​ដោយ​​​ Anthony Jensen)​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស