លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថ បាននិយាយកាលពីថ្ងៃច័ន្ទថា ក្រុមការងារពិសេសមួយដែលបង្កើតឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមុនដើម្បីស្វែងរកការស្តុកឈើខុសច្បាប់ក្នុងប្រទេសកម្ពុជាភាគខាងកើត បានចាប់ផ្តើមបញ្ជូនសំណុំរឿងទៅតុលាការខេត្តដើម្បីធ្វើការផ្តន្ទាទោស។
មន្ត្រីនគរបាលនិងមន្ត្រីរដ្ឋបាលព្រៃឈើបាននិងកំពុងរុករកគំនរឈើនៅក្នុងឃ្លាំង នៅតាមចម្ការកៅស៊ូ និងនៅក្នុងព្រៃនៅទូទាំងបណ្តាខេត្តភាគខាងកើត ចាប់តាំងពីលោកនាយករដ្ឋមន្ត្រីបានប្រកាសការបង្កើតក្រុមការងារនេះកាលពីថ្ងៃទី១៥ខែមករាមក។
លោកឧត្ដមសេនីយ៍ត្រី អេង ហ៊ី មិនបានឲ្យដឹងថា ឈើកាប់ឬស្តុកខុសច្បាប់ចំនួនប៉ុន្មានដែលសមត្ថកិច្ចបានរកឃើញទេ ប៉ុន្តែបាននិយាយថា ពួកគេកំពុងធ្វើការចុះបញ្ជីឈើក្នុងខេត្តត្បូងឃ្មុំនិងខេត្តក្រចេះ ហើយភាគច្រើនក្នុងខេត្តមណ្ឌលគិរី។ ក្រុមការងារនេះក៏កំពុងធ្វើការក្នុងខេត្តព្រះវិហារ រតនគិរី និងខេត្តស្ទឹងត្រែងដែរ។
លោកបាននិយាយថា “យើងបានបញ្ចប់ការវាស់វែងឈើនៅកន្លែងមួយចំនួនក្នុងខេត្តទាំងនោះ ហើយក្រុមការងាររបស់យើងបានបញ្ជូនឯកសារទៅព្រះរាជអាជ្ញាតុលាការខេត្ត ដើម្បីចាត់វិធានការទៅតាមច្បាប់។ ព្រះរាជអាជ្ញាតុលាការខេត្តនឹងពិនិត្យឯកសារទាំងនោះ ហើយគេអាចកោះហៅឧកញ៉ាឬក្រុមហ៊ុនណាដែលពាក់ព័ន្ធឲ្យចូលខ្លួនដើម្បីសាកសួរ។ ខ្ញុំមិនអាចអត្ថាធិប្បាយណាមួយលើសពីនេះទេ ពីព្រោះសំណុំរឿងទាំងនេះស្ថិតក្នុងដៃព្រះរាជអាជ្ញា”។
ឧកញ៉ាជាងារកិត្តិយសដែលផ្តល់ឲ្យពាណិជ្ជករដែលបានផ្តល់អំណោយឲ្យរដ្ឋយ៉ាងហោចណាស់១០០.០០០ដុល្លារ។
លោកឧត្ដមសេនីយ៍ត្រី អេង ហ៊ី បាននិយាយថា គេរំពឹងថាក្រុមការងារនេះនឹងបញ្ចប់ការវាស់វែងឈើទាំងអស់ដែលក្រុមខ្លួនបានរកឃើញនៅត្រឹមពេលមុនចូលឆ្នាំខ្មែរនាពាក់កណ្តាលខែមេសា។
លោកឧត្ដមសេនីយ៍ត្រីបាននិយាយថា ក្រុមការងារក៏បានរកឃើញរថយន្តឯកជន២១៧គ្រឿង ដែលខ្លួនជឿថា កំពុងត្រូវបានប្រើដើម្បីដឹកជញ្ជូនឈើកាប់ខុសច្បាប់ ហើយនឹងចាប់ផ្តើមឃាត់ទុករថយន្តទាំងនោះក្នុងពេលឆាប់ៗនេះ។ លោកបាននិយាយថា សមត្ថកិច្ចមិនបានឃើញយានយន្តទាំងនោះដឹកឈើដោយផ្ទាល់ភ្នែកទេ ប៉ុន្តែជឿជាក់ថាពិតជាមានបំណងខុសច្បាប់ ដោយលោកលើកឡើងថា ការកែច្នៃយានទាំងនោះមិនអាចដឹកអ្វីបានក្រៅតែពីឈើទេ។
ក្រុមការពារបរិស្ថាននិយាយថា រដ្ឋាភិបាលខ្លួនឯងពាក់ព័ន្ធយ៉ាងខ្លាំងក្នុងការរកស៊ីកាប់ឈើខុសច្បាប់ដ៏រាលដាលក្នុងប្រទេសកម្ពុជាដោយផ្ទាល់ ឬក៏ការឃុបឃិតជាមួយឈ្មួញឈើឯកជន។ ពួកគេនិយាយថា ការបង្ក្រាបក្នុងពេលកន្លងមកដែលប្រកាសដោយរដ្ឋាភិបាល បានទទួលលទ្ធផលតិចតួច យ៉ាងម៉េចក៏ដោយ គឺដើម្បីទប់ស្កាត់ការជួញដូរឈើ ហើយនៅតែមានមន្ទិលសង្ស័យថា យុទ្ធនាការថ្មីៗបំផុតនេះនឹងមិននាំមកនូវលទ្ធផលល្អប្រសើរនោះទេ៕ និត