បំណែកខ្លះនៃរបងដែកព័ទ្ធជុំវិញការដ្ឋានសំណង់នៅជិតពហុកីឡាដ្ឋានបានដួលលើអ្នកបើកម៉ូតូម្នាក់និងអ្នកដំណើរលើម៉ូតូនោះកាលពីព្រឹកថ្ងៃច័ន្ទ បណ្តាលឲ្យខូចខាតម៉ូតូតិចតួច។
លោក មុក បូរុណឆស័ក្ខ នាយប៉ុស្តិ៍សង្កាត់វាលវង់ក្នុងខណ្ឌ៧មករា បាននិយាយថា មួយផ្នែកនៃរបងកម្ពស់ពីរម៉ែត្របានរលំលើស្ត្រីម្នាក់នៅម៉ោងប្រហែល១០និង៣០នាទីព្រឹក ខណៈដែលពួកគាត់បើកម៉ូតូកាត់ការដ្ឋានសំណង់អូឡាំពា ស៊ីធី ដែលកំពុងត្រូវសាងសង់ដោយក្រុមហ៊ុនអភិវឌ្ឍន៍កម្ពុជាក្រៅប្រទេស (OCIC)។
លោកបាននិយាយថា “ចង្កៀងម៉ូតូបានបែក ហើយម្ចាស់ម៉ូតូបានទទួលសំណង និងមិនបានរងរបួសទេ។ បញ្ហាត្រូវបានដោះស្រាយរួចរាល់ហើយ”។
លោក បូរុណឆស័ក្ខ បាននិយាយថា អ្នកដែលពាក់ព័ន្ធក្នុងការអភិវឌ្ឍនេះមិនមែនជាដើមហេតុចំពោះគ្រោះថ្នាក់នេះទេ។
លោកបាននិយាយថា “ក្រុមហ៊ុនបានប្រាប់ខ្ញុំថា របងនោះបានដួលដោយខ្លួនឯងដោយសារតែខ្យល់ពីរថយន្តដែលបើកកាត់”។
ទោះជាយ៉ាងនេះក្តី គេឃើញមានត្រាក់ទ័រចូកកាយមួយគ្រឿងស្ថិតនៅតែប៉ុន្មានម៉ែត្រពីរបងដួលរលំនោះកាលពីថ្ងៃច័ន្ទ ហើយគេហទំព័រហ្វ្រេសញ៉ូបានរាយការណ៍ថា គ្រឿងចក្រនោះវាយរបង រីឯនាយប៉ុស្តិ៍បាននិយាយថា គេមិនបានបើកវាទេនៅពេលមានការដួលរលំនោះ។
លោក ទូច សំណាង នាយកគម្រោងរបស់ក្រុមហ៊ុន OCIC បានបដិសេធមិនឆ្លើយសំណួរទាក់ទិននឹងឧប្បត្តិហេតុនេះទេ។
ឧប្បត្តិហេតុនេះកើតឡើង១៥ខែក្រោយពីស្ត្រីអាយុ៤២ឆ្នាំម្នាក់បានស្លាប់ នៅពេលដែលរបាដែកមួយបានធ្លាក់ពីជាន់ទី១២នៃការដ្ឋាននេះ ត្រូវចំក្បាលគាត់ ខណៈដែលគាត់ជិះម៉ូតូកាត់ទីនោះ។ អ្នកស្រី ប៊ុត វណ្ណី កំពុងជិះម៉ូតូជាមួយកូនប្រុសរបស់អ្នកស្រីនិងគូដណ្តឹងរបស់កូនប្រុសអ្នកស្រី ដើម្បីទៅទិញរបស់របរសម្រាប់ពិធីមង្គលការអ្នកទាំងពីរ។
លោក ភឿន ជីវ៉ា អាយុ១៨ឆ្នាំ ដែលលក់តុក្កតាសត្វនៅទល់មុខរបងនោះ បាននិយាយថា ការដួលរលំនេះបានធ្វើឲ្យអារម្មណ៍របស់លោកកាន់តែខ្វល់ខ្វាយខ្លាំងឡើងទាក់ទិនគម្រោងអូឡាំពាស៊ីធីនេះ ដោយបានលើកឡើងនូវការស្លាប់របស់អ្នកស្រី វណ្ណី និងបានបន្ទោសចំពោះឧប្បត្តិហេតុទាំងពីរនេះលើក្រុមហ៊ុន OCIC។
លោកបាននិយាយថា “ខ្ញុំគិតថា វាជាកំហុសរបស់ការដ្ឋានសំណង់ ពីព្រោះពួកគេមិនបានសង់របងនោះឲ្យមាំ”។
“ខ្ញុំ រួមជាមួយប្រជាជនផ្សេងទៀត គិតទាំងពូរបស់ខ្ញុំផង មានអារម្មណ៍ខ្លាចខ្លាំងឡើងឥឡូវនេះ ពីព្រោះរឿងនេះគឺដូចមុនអ៊ីចឹង គឺនៅពេលនោះរបាដែកបានធ្លាក់ចំស្ត្រីម្នាក់នោះស្លាប់”៕ និត