មន្ទីរសុខាភិបាលខេត្តកណ្ដាល បានលុបចោលការធ្វើតេស្តឈាមប្រជាពលរដ្ឋនៅភូមិដែលអង្គការមិនមែនរដ្ឋាភិបាលមួយរកឃើញផ្ទុះករណីឆ្លងជំងឺអេដស៍កាលពីដើមខែនេះ ដោយសុំឲ្យអ្នកភូមិស្ម័គ្រចិត្តស្វែងរកការធ្វើតេស្តដោយខ្លួនឯង ប្រសិនបើពួកគាត់នៅតែមានការព្រួយបារម្ភ។
គួររំឭកថា បុគ្គលិកអង្គការខេមរា បានចុះទៅធ្វើតេស្តឈាមប្រជាពលរដ្ឋរកមេរោគអេដស៍នៅឃុំសំបួរមាស ស្រុកមុខកំពូលកាលពីថ្ងៃទី១៣ ខែកុម្ភៈដែលជាទិវាស្រោមអនាម័យអន្តរជាតិ ហើយបានរកឃើញអត្រាឆ្លងមេរោគអេដស៍ខ្ពស់ជាងធម្មតា ជាហេតុនាំឲ្យប្រជាពលរដ្ឋផ្សេងៗទៀតក្នុងតំបន់នេះស្វែងរកការធ្វើតេស្តឈាមនៅមន្ទីរពេទ្យបង្អែកសម្ដេចឪក្នុងរាជធានីភ្នំពេញ។
គិតមកត្រឹមចុងសប្ដាហ៍កន្លងទៅនេះ ករណីឆ្លងថ្មីចំនួន១៤ត្រូវបានបញ្ជាក់នៅឃុំនេះ ហើយគ្រាន់តែនៅភូមិពាម មានដល់ទៅ១០ករណីក្នុងចំណោមនោះ។ កាលពីថ្ងៃច័ន្ទ មន្ត្រីសុខាភិបាលខេត្តបានចាប់ផ្ដើមធ្វើតេស្តឈាមប្រជាពលរដ្ឋនៅភូមិនេះដោយនិយាយថា ខ្លួនមិនជឿលើលទ្ធផលពិនិត្យរបស់អង្គការខាងលើនេះឡើយ ពីព្រោះរដ្ឋាភិបាលមិនបានអនុញ្ញាតការធ្វើតេស្តរបស់អង្គការនេះ។
ប៉ុន្តែបន្ទាប់ពីធ្វើតេស្តឈាមប្រជាពលរដ្ឋតិចជាង២៨០នាក់ក្នុងចំណោមប្រជាពលរដ្ឋប្រមាណ១.០០០នាក់នៅភូមិនេះ ហើយរកឃើញការឆ្លងមេរោគអេដស៍ចំនួនបួនករណី ប្រធានមន្ទីរសុខាភិបាលខេត្តបានសម្រេចមិនបន្តធ្វើតេស្តឈាមទៀតឡើយកាលពីម្សិលមិញ ដោយសារតែគ្មានប្រជាពលរដ្ឋមូលដ្ឋានចេញមកធ្វើតេស្តឈាមនៅពេលរសៀលរាងជ្រេកាលពីថ្ងៃច័ន្ទ។
លោក គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តមានប្រសាសន៍ថា ”យើងឈប់ធ្វើតេស្តឈាមជូនប្រជាពលរដ្ឋនៅភូមិពាមហើយ [កាលពីថ្ងៃច័ន្ទ] ព្រោះយើងបានរង់ចាំរហូតដល់ម៉ោង៤កន្លះ ប៉ុន្តែមិនឃើញមនុស្សបន្ថែមទៀតស្ម័គ្រចិត្តមកធ្វើតេស្តឈាម”។
ទោះបីជាធ្វើតេស្តឈាមតែ១ភាគ៤នៃអ្នកភូមិទាំងអស់ក្ដី ក៏លោក គួយ ប៊ុនធឿន បានលើកឡើងថា លទ្ធផលឆ្លងមេរោគអេដស៍តែ៤ករណីដែលត្រូវបានរកឃើញកាលពីថ្ងៃច័ន្ទបង្ហាញថា ក្ដីបារម្ភអំពីការផ្ទុះករណីឆ្លងមេរោគអេដស៍គឺមិនសមហេតុផលឡើយ។
សំដៅដល់ការឆ្លងមេរោគអេដស៍ចំនួនបួនករណីដែលក្រសួងបានរកឃើញកាលពីថ្ងៃច័ន្ទ លោកបានថ្លែងថា “យើងមិនអាចទទួលយកលទ្ធផលផ្ដល់ដោយអង្គការខេមរាបានទេ ពីព្រោះពួកគាត់មិនបានសហការជាមួយមន្ទីរសុខាភិបាលខេត្ត ប៉ុន្តែយើងនឹងប្រៀបធៀបតួលេខជាមួយអង្គការនេះ”។
លោកស្រី ណែម យ៉ុង មេឃុំសំបួរមាសបានមានប្រសាសន៍ថា មូលហេតុមួយទៀតដែលមន្ត្រីមន្ទីរសុខាភិបាលខេត្តឈប់ធ្វើតេស្តឈាមនៅតំបន់នេះ គឺដោយសារតែផ្លូវឆ្ងាយពេក។ លោកស្រីលើកឡើងថា “យើងបានប្រាប់ប្រជាពលរដ្ឋឲ្យទៅធ្វើតេស្តឈាមនៅមណ្ឌលសុខភាពឃុំសំបួរមាស ព្រោះផ្លូវឆ្ងាយពេកសម្រាប់ [មន្ត្រី] មន្ទីរសុខាភិបាល និងក្រសួងសុខាភិបាលធ្វើដំណើរ”។
លោក ជា សុផាត វ័យ៤៥ឆ្នាំដែលស្ថិតក្នុងចំណោមអ្នកធ្វើតេស្តឃើញផ្ទុកមេរោគអេដស៍នៅខែនេះ និយាយថា ប្រជាពលរដ្ឋក្នុងភូមិពាម ទំនងជាមិនធ្វើដំណើរទៅមណ្ឌលសុខភាពឃុំដើម្បីធ្វើតេស្តឈាមបន្ថែមទៀតឡើយ។ គាត់និយាយថា “ខ្ញុំគិតថា អ្នកភូមិនឹងមិនទៅធ្វើតេស្តឈាមនៅមណ្ឌលសុខភាពឃុំសំបួរមាសទេ ពីព្រោះមណ្ឌលនៅចម្ងាយប្រហែល១០គីឡូមែត្រពីភូមិ”។
ខណៈមន្ត្រីសុខាភិបាលហាក់មានបំណងឲ្យប្រជាពលរដ្ឋនៅភូមិពាម ស្វែងយល់ដោយខ្លួនឯងថា តើមានផ្ទុះករណីឆ្លងមេរោគអេដស៍ក្នុងសហគមន៍របស់ខ្លួនឬយ៉ាងណានោះ ប្រធានអង្គការមួយក្នុងចំណោមអង្គការប្រយុទ្ធប្រឆាំងជំងឺអេដស៍សំខាន់ៗបំផុតក្នុងប្រទេសកម្ពុជា បានលើកឡើងថា គួរតែធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀត។
លោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការខាណា បានមានប្រសាសន៍ថា ក្រោយមកករណីឆ្លងមេរោគអេដស៍ទាំងអស់ដែលរកឃើញដោយអង្គការខេមរា ត្រូវបានបញ្ជាក់នៅគ្លីនិករបស់រដ្ឋ ហើយបច្ចុប្បន្នភូមិនេះមានមនុស្សសរុប២៨នាក់ដែលកំពុងរស់នៅដោយផ្ទុកមេរោគអេដស៍ គឺលើសមធ្យមភាគឆ្លង០,៦ភាគរយនៅទូទាំងប្រទេស។ លោកបានធ្វើការកត់សម្គាល់ថា “ខ្ញុំគិតថា តាមលក្ខណៈបច្ចេក ទេសគួរតែមានការសិក្សាបន្ថែមទៀតទៅលើចំនួននៃការឆ្លង។ វាគួរឲ្យព្រួយបារម្ភ”។
ទោះជាយ៉ាងណា មន្ត្រីនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងអាជ្ញាធរប្រយុទ្ធនឹងជំងឺអេដស៍ ដែលជាស្ថាប័នរដ្ឋគ្រប់គ្រងកិច្ចប្រឹងប្រែងទប់ស្កាត់ការឆ្លងមេរោគអេដស៍ មិនអាចទាក់ទងសុំការបំភ្លឺបានទេ៕ សុខុម (រាយការណ៍បន្ថែមដោយ Colin Meyn)