40.9 C
Phnom Penh

ករណីចាប់​​​រំលោភ​​​ដែល​​​ត្រូវ​​​បានរាយការណ៍​​​ដោយ​​​ក្រសួង​​​មហាផ្ទៃ​​​កើន​​​ឡើង​​​ក្នុង​​​ឆ្នាំ​​​​​​២០១៥

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​របាយការណ៍របស់​​​​ក្រសួង​​​មហាផ្ទៃ​​​ដែល​​​ចេញ​​​កាល​​​ពី​​​ម្សិលមិញ បាន​​​ឲ្យ​​​ដឹង​​​ថា ករណីចាប់​​​​រំលោភ​​​ដែល​​​ត្រូវ​​​បាន​​​រាយ​​​ការណ៍​​​កើន​​​ឡើង​​​១២​​​ភាគ​​​រយ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​បើ​​​ធៀប​​​នឹង​​​ឆ្នាំ​​​២០១៤ ទោះ​​​បី​​​ជា​​​មាន​​​ការ​​​ធ្លាក់​​​ចុះ​​​សរុប​​​​​​នៅ​​​ក្នុង​​​បទ​​​ល្មើស​​​ឆ្នាំ​​​២០១៥​​​ក៏​​​ដោយ។​​​

របាយការណ៍​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា “មាន​​​ការ​ចាប់​​​រំលោភកើតឡើង​​​​ចំនួន​​​២៥៣​​​ករណី​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៥​​​ បើ​​​ធៀប​​​ទៅ​​​នឹង​​​ឆ្នាំ​​​​​​២០១៤​​​ ដែល​​​មាន​​​២២៦ករណី​​​”។ ​​​របាយ​​​ការណ៍​​​ នេះ​បន្ថែម​​​ថា ករណី​​​រំលោភ​​​សម្លាប់​​​បានធ្លាក់​​​ចុះ​​​ពី​​​៦​​​ករណី​​​មក​​​នៅត្រឹម​៤​​​ករណី​​​។

តួលេខ​​​នេះត្រូវ​បាន​​​​គាំទ្រ​​​ដោយ​​​ទិន្នន័យ​​​របស់​​​អង្គការ​​​សិទ្ធិមនុស្ស​​​អាដហុក​​​​​​ដែល​​​រក​​​ឃើញ​​​ថា មាន​​​ការ​​​ចាប់​​​រំលោភ​​​កើត​​​ឡើង​​​ចំនួន​​​​​​២៣៨​​​ករណី​​​នៅ​​​ទូទាំង​​​ប្រទេស​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ ពោល​​​គឺ​​​បាន​​​កើន​​​ឡើង​​​ពី​​​២០១​​​ករណី​​​ក្នុង​​​ឆ្នាំ​​​២០១៤។​​​ក្នុង​​​ចំណោម​​​ករណី​​​ចាប់​​​រំលោភទាំង​​​២៣៨​​​ករណី​​​នេះ​​​លើក​​​លែង​​​តែ​​​៥៥​ករណីចេញ​​​ ជន​​​រងគ្រោះ​​​គឺ​​​ជា​​​អនីតិជន​​​។

លោក​​​ស្រី ចាន់​​​ សុគន្ធា ប្រធាន​​​កម្មវិធី​​​ស្ត្រី ​​​និង​​​កុមារ​​​នៅ​​​អង្គការ​​​អាដហុក​​​បាន​​​លើក​​​ឡើង​​​ថា ករណី​​​ចាប់​​​រំលោភ​​​ដែល​​​ត្រូវ​​​បាន​​​រាយការណ៍​​​ទំនង​​​ជា​​​ត្រឹម​​​តែ​​​មួយ​​​ផ្នែក​​​ប៉ុណ្ណោះ​​​​​​នៃ​​​ចំនួន​​​ករណី​​​ចាប់​​​រំលោភ​​​ពិត​​​ប្រាកដ​​​ដែល​​​កើត​​​ឡើង​​​ទូទាំង​​​ប្រទេស​​​។

លោក​​​ស្រី​​​បាន​​​លើក​​​ឡើង​​​ថា “យើង​​​មិន​​​ដឹង​​​ថា តើ​​​មានប៉ុន្មាន​​​​​​​ករណី​​​ដែល​​​ជន​​​រង​​​គ្រោះ​​​ ​​​ឬ​​​ក្រុម​​​គ្រួសារ​​​ខ្លាច​​​មិន​​​ហ៊ាន​​​រាយការណ៍​​​នោះ​​​ឡើយ​​​”។

ករណីប្រព្រឹត្ត​អំពើ​​​ចាប់​​​រំលោភ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ត្រូវ​​​បាន​​​កត់ត្រា​​​ទុក​​​បាន​​​យ៉ាង​​​ល្អ​​​។ការ​​​សិក្សា​​​ឆ្នាំ​​​២០១៣​​​​​​ធ្វើ​​​ឡើង​​​ដោយ​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​រក​​​ឃើញ​​​​​​ថា ​​​ក្នុង​​​ចំណោម​​​បុរស​​​៥​​​នាក់​​​ ដែល​​​ស្ថិត​​​ក្នុង​​​ចំណោម​​​អ្នកត្រូវបានសម្ភាស​ជាង​​​១.៨០០នាក់​​​ មាន​​​ម្នាក់​បាន​​​រំលោភ​​​ស្ត្រី​​​យ៉ាង​​​តិច​​​ម្តង​​​។ ជាង​​​ពាក់​​​កណ្តាល​​​នៃ​​​អ្នក​​​ទាំង​​​នោះ​​​បាន​​​សារភាព​​​ថា ​​​បាន​​​ប្រព្រឹត្ត​​​​​​អំពើ​​​ចាប់​​​រំលោភ​​​ជា​​​លើក​​​ដំបូង​​​មុន​​​អាយុ​​​២០​​​ឆ្នាំ​​​។

ហើយ​​​ខណៈ​​​មន្ត្រី​​​រដ្ឋាភិបាល និង​​​សកម្ម​​​ជន​​​ការ​​​ពារ​​​សិទ្ធិ​​​មនុស្ស​​​លើក​​​ឡើង​​​ថា បញ្ហា​​​នេះ​​​ស្ថិត​ក្នុង​ស្ថាន​ភាព​កាន់​​​តែ​​​អាក្រក់​​​ទៅ​​ៗ​នោះ មូល​​​ហេតុដែល​នាំ​ឲ្យ​កើតមាន​បញ្ហា​​​នេះ​ ក្លាយជា​ប្រធាន​បទ​​ដែល​​​មាន​​​ការ​​​ពិភាក្សា ​​​ដេញ​​​ដោល​​​យ៉ាង​​​ច្រើន​​​។ ក្នុង​​​ចំណោម​​​កត្តា​​​ចម្បង​​​ៗ​​​ដែលត្រូវ​​​បាន​​​រក​​​ឃើញ គឺ​​​ការ​​​អនុវត្ត​​​ច្បាប់​​​មាន​​​ភាព​​​ទន់​​​ខ្សោយ​​​ ការ​​​ទទួល​​​បាន​​​រូប​​​ភាព​​​ អាស​​​អាភាស​​​តាម​​​រយៈ​​​ទូរស័ព្ទ​​​ស្មាត​​​ហ្វូន​​​មាន​​​ភាព​​​ងាយ​​​ស្រួល​​​​​ ការ​​​ប្រើ​​​ប្រាស់​​​សារធាតុ​​​ញៀន​​​ មាន​​​ការ​​​កើន​​​ឡើង​​​​​​​​​ និង​​​ខ្វះ​​​ការ​​​អប់​​​រំ​​ផ្លូ​វ​​​ភេទ​​​។

លោកស្រី ធីតា ឃឹះ អ្នក​​​តស៊ូ​​​មតិ​​​សមភាព​​​យេនឌ័រ​​​ដ៏​​​លេច​​​ធ្លោ​​​មួយ​​​រូប​​​បាន​​​លើក​​​ឡើង​​​ថា ទោះ​​​បី​​​ជា​​​រដ្ឋាភិបាល​​​មាន​​​គំនិត​​​ផ្តួច​​​ផ្តើម​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​ក៏​​​ដោយ​​​ ក៏នៅ​​​តែ​​​មាន​ឧបសគ្គ​​​​​​សង្គម​​​និង​ផ្លូវច្បាប់​ដែរ​។

លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “មនុស្ស​​​ជា​​​ច្រើន​​​​​​នៅ​​​ស្ងៀម​​​ស្ងាត់​​​មិន​​​ហ៊ាន​​​រាយ​​​ការណ៍​​​ ទេ ដោយ​​​សារ​​​ការ​​​រើស​​​អើង​​​នៅ​​​ក​​​្នុង​​​សង្គម​​​និង​ការ​​​អនុវត្ត​​​ច្បាប់​​​នៅ​​​តែ​​​ខ្វះ​​​ខាត​​​មិន​​​ផ្តល់​​​នូវ​​​អ្វី​​​ដែល​​​ស្ត្រី​​​សមនឹង​​​ទទួល​​​បាន​​​”។

លោក​​​ស្រី ធីតា ឃឹះ បាន​​​លើក​​​ឡើង​​​ទៀត​​​​​​ថា ចំនួន​​​នៃ​​​ករណី​​​ចាប់​​​រំលោភ​​​ដែល​​​ត្រូវ​​​បាន​​​រាយការណ៍​​​ជូន​​​នគរ​​​បាល​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ថា មន្ត្រី​​​អនុវត្ត​​​ច្បាប់​មាន​​​ការ​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​តិច​​​តួច​​​នៅ​​​ក្នុង​​​ការ​​​ដោះ​​​ស្រាយ​​​ករណី​​​ទាំង​​​នោះ​​​។

លោក​​​ស្រី​​​បាន​​​ថ្លែង​​​ថា “តើ​​​មាន​​​ប៉ុន្មាន​​​ករណី​​​ ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ និង​​​ប៉ុន្មាន​​​ករណី​​​ត្រូវ​​​បាន​​​ដោះ​​​ស្រាយ​​​ក្រៅ​​​ប្រព័ន្ធ​​​តុលាការ​​​?”។

យោង​​​តាម​​​របាយការណ៍​​​របស់​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​ឲ្យ​​​ដឹង​​​ទៀត​ថា ​​​​​ចំនួន​​​នៃ​​​ករណី​​​ចាប់​​​រំលោភ​​​ដែល​​ត្រូវ​​​បាន​​​រាយការណ៍​​​ច្រើន​​​បំផុត​​​គឺ​​​ស្ថិត​​​ក្នុង​​​ខេត្ត​​​កណ្តាល​​​ (មាន​​​៣០​​​ករណី​​​)​ ​​ ​​​រី​​​ឯ​​​ខេត្ត​​​បន្ទាប់​​​​​គឺ​​​ខេត្ត​​​បាត់​​​ដំបង​​​ (មាន​​​២៥​​​ករណី​​​)។

លោក​​​ សេង នុច នាយ​​​រង​​​ការិយាល័យ​​​ព្រហ្មទណ្ឌ​​​កម្រិត​​​ធ្ងន់​​​ខេត្ត​​​បាត់​​​ដំបង​​​បាន​​​ចាត់​​​ទុក​​​ការ​​​ប្រើ​​​ប្រាស់​​​គ្រឿង​​​ស្រវឹង និង​​​ថ្នាំ​​​ញៀ​​​ន​​​គឺជា​​​កត្តា​​​ដែល​​​នាំ​​​ឲ្យ​​​កើត​​​មាន​​​បញ្ហា​​​នេះ ​​​ប៉ុន្តែ ​​​ថា ការ​​​ចាប់​​​រំលោភ​​​ភាគ​​​ច្រើន​​​កើត​​​ឡើង​​​​​​នៅ​​​តាម​​​ទី​​​ជន​​​បទ​​​ដែល​​​ក្មេង​​​ៗ​​​ជា​​​រឿយ​​​ៗ​​​ត្រូវ​​​បាន​​​ទុក​​​ឲ្យ​​​នៅ​​​តែ​​​ម្នាក់​​​ឯង​​​។

លោក​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “កត្តា​​​​សំខាន់​​​ ដែល​​​ធ្វើ​​​ឲ្យ​​​កើត​​មាន​ការ​​​ចាប់​​​រំលោភ​​​គឺ​​​ដោយ​​​សារ​​​ឪពុក​​​ម្តាយ​​​ទុក​​​​​​កូន​​​ៗ​​​របស់​​​ខ្លួន​​​ឲ្យ​​​នៅ​​​ផ្ទះ​​​តែ​ម្នាក់​​​ឯង​​​ ឬ​​​ក៏​​​ពេល​​​ប្រជាពលរដ្ឋ​​​ទៅ​​​​​​កន្លែង​​​ដាច់​​​ស្រយាល​​​តែ​​​ម្នាក់​​​ឯង​​​ ​ជន​​​ល្មើស​​​បាន​​​ឆ្លៀត​​​ឱកាស​​​​ចាប់​​​រំលោភតែម្តង​​​​”។

លោកស្រី​ ជូ ប៊ុនអេង អគ្គលេខាធិការ​​​គណៈកម្មាធិការ​​​ប្រយុទ្ធ​​​ប្រឆាំង​​​ការ​​​ជួញ​ដូរ​​​មនុស្ស​​​ និង​​​ការ​​​កេងប្រវ័ញ្ច​​​ផ្លូវភេទ​នៅ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​លើក​​​ឡើង​​​ថា ក្រសួង​​​របស់​​​លោក​​​ស្រី​​​កំពុង​​​ពិភាក្សា​​​អំពី​​​លទ្ធផល​​​របស់​​​របាយការណ៍​​​នេះ​​​នៅ​​​ឡើយ​​​ទេ ហើយ​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ទាក់​​​ទិន​​​នឹង​​​តួលេខ​​​នេះ​​​ឡើយ​​​៕ស៊ុយឈាង​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស