28.4 C
Phnom Penh

របាយការណ៍អង្គការ​លើកលែង​ទោស​អន្តរជាតិ​រិះគន់រដ្ឋាភិបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​របាយការណ៍​​សាកលថ្មីបំផុត​​​របស់​​​អង្គការ​​​លើក​​​លែង​​​ទោស​​​អន្តរជាតិ​​​ដែល​​​បាន​​​ចេញ​​​ផ្សាយ​​​នា​​​ព្រឹក​​​នេះ​បាន​ឱ្យ​ដឹង​ថា ​ប្រជា​​​ពល​​​រដ្ឋ​​​កម្ពុជា​​​បន្ត​​​ទទួល​​​រង​​​ការ​​​រំលោភ​​​​​បំពាន​​​សិទ្ធិ​​​មនុស្ស​​​ជា​​​បន្ត​​​បន្ទាប់​​​រួម​​​មាន​​​ ”ការ​​​រឹត​​​​​ត្បិតតាមតែទំនើងចិត្ត”​លើ​​​សេរីភាពនៃ​​​ការ​​​ជួប​​​ជុំ​​​គ្នា​​​ និង​​​សេរីភាព​​​នៃ​​​ការ​​​បញ្ចេញ​​​មតិ។

របាយការណ៍​​​ដែល​​​រួម​​​មាន​​​ការ​​​សង្ខេប​​​សម្រាប់​​​ប្រទេស​​​និង​ទឹក​ដី​ចំនួន​​​១៦០​​​ក៏​​​បាន​​​ចាត់ទុកការ​​​អនុម័ត​​​ច្បាប់អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ដ៏​​​ចម្រូង​​​ចម្រាស​​​កាល​​​ពី​​​ខែ​​​កក្កដា ការ​​​ចាប់​​​សកម្ម​​​ជន​​​គណបក្ស​​​ប្រឆាំង​​​ដាក់​​​ពន្ធនាគារ និង​​​ការ​​​បញ្ជូន​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​​​​ត្រឡប់​​​ទៅ​​ិញថាជាបញ្ហា​​​ទាក់ទិន​​​សិទ្ធិ​​​​មនុស្ស​​ដែល​ត្រូវ​​ចាត់វិធានការ​​ដោះ​ស្រាយ​​ឲ្យបាន​ឆាប់​រហ័ស​បំផុត​នៅកម្ពុជា​​​។

លោក ចន ខូហ្វឡែន(John Coughlan) អ្នក​​​ស្រាវ​​​ជ្រាវ​​​អង្គការ​​​លើក​​​លែង​​​ទោស​​​អន្តរ ជាតិ​​​​នៅ​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​អីុម៉េល​​​កាល​​​​​​​ពីម្សិលមិញ​​​ថា “ជា​​​អកុសល​​​បញ្ហា​​​រំខាន​​​ជា​​​ច្រើន​​​​​​​​​បាន​​​កើត​​​ឡើង​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ពេញ​មួយ​ឆ្នាំ​​​២០១៥។ អំឡុង​​​ឆ្នាំ​​​នោះ​​​​​​គណបក្ស​​​កាន់​​​អំណាច​​​ជា​​​ថ្មី​​​ម្តង​​​ទៀត មិន​បាន​​​បង្ហាញ​​​ឆន្ទៈ​អនុញ្ញាត​​​​ឲ្យ​មាន​ការ​​ប្រឆាំង​​​នៅ​​​ក្នុង​​​វិស័យ​​​​​នយោបាយ​​​​​ក៏​ដូចជា​ពីភាគីអង្គការ​​​សង្គម​​​សីុវិល​​​ឡើយ”។

ដោយ​​​​​សំដៅ​​​ទៅ​​​ដល់​​​ការ​​​ចាប់​​​មន្ត្រី​​​គណ​បក្ស​​​ប្រឆាំង​​​១១​​​រូប​​​ និង​​​សកម្ម​​​ជន​​​មួយ​​​ចំនួន​​​ទៀត​​​ដាក់​​​ពន្ធនាគារកាល​​​ពី​​​ខែ​​​កក្កដា​ចំពោះ​​ការ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ប៉ះទង្គិចគ្នា​​​រវាង​​​កម្លាំង​​​​​​សន្តិសុខ​​​ និង​​​ក្រុមបាតុករ​​​កាល​​​ពី​​​មួយ​​​ឆ្នាំ​​​មុន​​​​លោក ខូហ្វឡែន បាន​​​បន្ថែម​​​ថា “ការ​​​កាត់ឱ្យ​ជាប់ទោស​​ពាក់ព័ន្ធ​​​​​កុបកម្ម​​​កាល​​​ពី​​​ខែ​​​កក្កដា ​និង​​​ការ​​​ប្រើ​​​ប្រាស​​់​​​ប្រព័ន្ធ​​​តុលាការ​​​ដើម្បី​​​បង្ខំ​​​ឲ្យ​​​លោក សម រង្ស៊ី និរទេស​​​ខ្លួន​​ គឺជា​​​ភ័ស្តុ​​​តាង​​​បន្ថែម​​​ទៀត​​​ដែល​​​គណបក្ស​​​កាន់​​​អំណាច​​​បន្ត​​​រំលោភ​​​បំពាន​​​ប្រព័ន្ធ​​​តុលាការ​​​ដើម្បី​ផល​ប្រយោជន៍​​​នយោបាយ​​​” ។

លទ្ធផល​​​របស់​​​អង្គការ​​​លើក​​​លែង​​​ទោស​​​​​​កើត​​​ឡើង​​​ភ្លាមៗ​​​បន្ទាប់​​​ពី​​​របាយការណ៍​​​អន្តរ​​​ជាតិ​​​មួយ​​​ចំនួន​​​រិះ​​​គន់​​​រដ្ឋាភិបាល​​​របស់​​​លោក​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ។

នៅ​​​ក្នុង​​​របាយការណ៍របស់ខ្លួនស្តីពី​​​ “សេរី​ភាពក្នុង​​​ពិភព​​​លោកឆ្នាំ​​​២០១៦” អង្គការ ​​Freedom ​​​House ជា​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​សហរដ្ឋអាមេរិក​​​បាន​​​ចាត់​​​ទុក​​​ប្រទេស​​​​​​​កម្ពុជា​​​ថា​​​ “មិន​​​ទាន់សេរី​​​”​​​ ទាក់​​​ទិន​​​សិទ្ធិ​​​នយោ​បាយ​​​ និង​​​សិទ្ធិ​​​ស៊ីវិល ខណៈ​​​ដែល​​​សន្ទស្សន៍​​​ប្រជា​​​ធិបតេយ្យ​​​របស់​​​អង្គភាព​​​សើុបអង្កេត​​​សេដ្ឋកិច្ច​​​បាន​​​ចាត់ទុកប្រទេស​​​នេះ​​ថា ​​​​​បាន​ចាប់​ផ្ដើម​ ឈាន​​​ទៅរក​​​ភាពផ្តាច់​​​ការ​​​។

ដោយ​​​លើក​​ឡើង​​​ពី​​​ប្រព័ន្ធ​​​តុលាការ​​ដែល​​សម្បូរ​​​ដោយ​​​បញ្ហាថា​​​ជា​​​មូល​​​ហេតុ​​​ចម្បង​​នៃភាពខ្សោយរបស់ខ្លួន​​​​​ សន្ទស្សន៍​​​យល់​​​ដឹង​​​ពី​​​អំពើ​​​ពុក​​​រលួយ​​​របស់​​​អង្គការ​​​​​​តម្លាភាព​​​អន្តរ​ជាតិ​​​​ជាអង្គការឃ្លាំមើលអំពើពុករលួយបាន​​​លើក​​​ឡើង​​​ថា ឥឡូវ​​​នេះ​​​ប្រទេស​​​កម្ពុជា​​​ត្រូវ​​​បាន​​​ចាត់​​​ទុក​​​ថា ជា​​​ប្រទេស​​​ពុក​​​រលួយ​​​បំផុត​​​ក្នុង​​​តំបន់​​​។

នៅ​​​ក្នុង​​​សេចក្តីថ្លែងការណ៍​​​​​​អម​​​ជា​​​មួយ​​​របាយការណ៍​​​ពិភព​​​លោក​​​ថ្មី​​​បំផុត​​​របស់​​​ខ្លួន​​​​អង្គការ​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស​​​​(HRW) បាន​ចោទ​​​រដ្ឋាភិបាល​​​កម្ពុជា​​​ថា “បាន​​​ធ្វើ​​​យុទ្ធ​​​នាការ​ដ៏អាក្រក់​​​ប្រឆាំង​​​ក្រុម​​​សិទ្ធិ​​​មនុស្ស​​​”​​​ ទន្ទឹម​​​នឹង​​​នោះ​​​ដែរ​​​ក៏​​​បានលើកឡើងពី​​​ការ​​​រំលោភ​​​បំពាន​​​​​សិទ្ធិ​​​មនុស្ស​​​ជា​​​ច្រើន​​​ រួម​​​មាន​​​ការ​​​ចាប់​​យក​​​ដី​​​និង​​​​​​ការ​​គាបសង្កត់​​​នយោបាយ​​​របស់​​​គណបក្ស​​​ប្រឆាំង​​​ជា​​​ដើម។

លោក Rupert Abbott អ្នក​​​ពិគ្រោះ​យោ​បល់​​​​សិទ្ធិ​​​មនុស្ស​​​ និង​​​ជា​​​អតីត​​​អនុប្រធាន​​​ប្រចាំ​​​តំបន់​​​​​​​​អាស៊ី-ប៉ាស៊ីហ្វិក​​​​​​នៅ​​​អង្គការ​​​លើក​​​លែង​​​ទោស​​អន្តរជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា របាយ​ការណ៍​​​​បែប​​​នេះ​​​បម្រើ​​​ផល​​​ប្រយោជន៍​​​ជា​​​ច្រើន។

លោក Abbott បាន​​​លើក​​​ឡើង​​​ក្នុង​​​អីុម៉េល​​​ថា “រដ្ឋាភិបាល​​​គឺពិតជា​​ភាគីដ៏សំខាន់​​​​​សម្រាប់​​​របាយការណ៍​​​ប្រចាំ​​​ឆ្នាំ​​​​​ ប៉ុន្តែ បើ​ទោះ​ជា​ពួក​គេ​​​​ប្រហែលជាច្រាន​​​ចោ​​​ល​​​កង្វល់​​​ និង​​​អនុសាសន៍​​​​​ជា​​​សាធារណៈ​​​ក៏ដោយ​​​ ក៏​​​នេះ​​​មិនមែន​​​​​​មាន​​​ន័យ​​​​​​ថា  ពួក​​​គេ​​​មិន​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ឡើយ។​របាយ​ការណ៍​​​បែប​​​នេះ​​​ដែល​​​ផ្អែក​​​លើ​​​ការ​​​ស្រាវ​​​ជ្រាវ​​​​ច្បាស់​​​លាស់​​​ក៏​​​បាន​​​ផ្តល់​​​ភ័ស្តុ​​​តាង​​​គាំទ្រ​​​ដល់​រដ្ឋាភិបាលផ្សេងទៀត​​​ អង្គការ​​​សហ​ប្រជា​ជាតិ​​​ ​ទីភ្នាក់​​​ងារ​​​អន្តរ​​​រដ្ឋាភិបាល​​​ និង​​​ស្ថាប័ន ផ្សេង​ទៀត​​​​​​ក្នុង​​​ការ​​​លើក​​​ឡើង​​​អំពី​​​កង្វល់​​​ទាក់​​​ទង​​​សិទ្ធិ​​​មនុស្ស​​​។

លោក ម៉ក់ សម្បត្តិ​​​ ប្រធាន​​​គណៈកម្មា​ធិការ​​​​​​សិទ្ធិ​​​មនុស្ស​​​របស់​​​រដ្ឋាភិបាល​​​​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា របាយការណ៍​​​ថ្មីៗ​​​ទាំង​​​អស់​​​ដែល​​​លទ្ធផល​​​លោក​​​បាន​​​ច្រាន​​​ចោល​​​នោះ​​​​ធ្វើ​ឲ្យ​លោក​ច្របូក​​​ច្របល់នៅក្នុងចិត្ត។

លោក​​​ សម្បតិ្ត​​​ បាន​​​ថ្លែង​​​ថា “ខ្ញុំ​​​បាន​​​ឃើញ​​​របាយការណ៍​​​នេះ​​​ហើយ ហើយ​​​ខ្ញុំ​​​គិត​​​ថា វា​​​គ្មាន​​​អ្វី​​​ប្លែក​​​ពី​​​របាយការណ៍​​​របស់​​​លោក ប្រេដ​​​អាដាម របាយការណ៍​​​របស់អង្គការ​​​សង្គម​​​សីុវិល និង​​​របាយ​ការណ៍​​​របស់​​​គណបក្ស​​​ប្រឆាំង​​​​​ឡើយ។ លោក អាដាម បាន​​​បម្រើ​​​ការ​​​ងារ​​​ជា​​​នាយក​​​ប្រចាំ​​​តំបន់​​​អាស៊ី​​​របស់​​​អង្គការ​​​ឃ្លាំ​​​មើល​​​​​សិទ្ធិ​​​មនុស្ស​​​។

ដោយហៅ​​​ការ​​​ងារ​​​ថ្មី​​​បំផុត​​​របស់​​​អង្គការ​​​លើក​​​លែង​​​ទោស​​​នេះ​​​ថា ”គ្មាន​​​មូល​​​ដ្ឋាន​​​” លោក​​​​​​បាន​​​បន្ថែម​​​ថា “វា​​​ស្ទើរ​​​តែ​​​ដូច​​​គ្នា​​​។ ខ្ញុំ​​​អាច​​​និយាយ​​​​​បាន​​​ថា វា​​​ត្រូវ​​​បាន​​​ចម្លង​​​ចេញ​ពី​​​របាយ​ការណ៍​​​ផ្សេង​​​ទៀត​​​ ពីព្រោះគ្មាន​​​អ្វី​​​ថ្មី​​​ឡើយ” ។

លោក​​​​​​​និយាយ​​​ថា “បញ្ហា​​​សំខាន់​​​បំផុត​​​សម្រាប់​​​​រដ្ឋាភិបាល​​​​ គឺ​​​ត្រូវ​​​ធ្វើ​​​អ្វីៗ​ដើម្បី​​​ប្រយោ​ជន៍​​​ប្រជា​​​​​​​ពល​​​រដ្ឋ​​​ មិន​​​មែន​​​ដើម្បី​​​ផ្គាប់​​​ចិត្ត​​​អ្នក​​​រិះ​​​គន់​​​ឡើយ”។

នៅ​​​ពេល​​​សួរ​​​អំពី​​​ការ​​​វាយ​​​តម្លៃ​​​របស់​​​លោក​​​​​​អំពីស្ថានភាពសិទ្ធិ​​​មនុស្ស​​​ក្នុ​​​ងប្រទេស​​​កម្ពុជា ​​​លោក សម្បតិ្ត​​​ បាន​​​ថ្លែង​​​ថា ប្រទេស​​​កម្ពុជា​​​កំពុង​​​​​​អនុវត្ត​​​​ប្រសើរ​​​ជាង​​​ប្រទេស​​​ជិត​​​ខាង​​​​​​ខ្លួន​​​។

ដោយ​​​លើក​​​ឡើង​​​ពី​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​មួយ​​​​​ចំនួន​​​ធំ​​​ និ​​​ងអង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ ដែល​​​មាន​វត្តមាននៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា លោក​​​បាន​​​​​​ថ្លែង​​​ថា “បើ​​​យើង​​​ប្រៀប​​​ធៀប​​​ជាមួយ​​​ប្រទេស​​​​​​ជុំវិញ​យើងក្នុង​​​ត​​​ំបន់​​​អាស៊ី គ្មាន​​​ប្រទេស​​​ណា​​​មាន​​​សេរីភាព​​​ច្រើន​​​ដូច​​​ប្រទេស​​​កម្ពុជា​​​ទេ​​​”។

លោក​​​ ផៃ ស៊ីផាន អ្នកនាំពាក្យ​​​រដ្ឋាភិបាល​​​បាន​​​រិះ​​​គន់​​​អ្វី​​​ដែល​​​លោក​​​បាន​​​​​​ចាត់​​​ទុក​​​ថា ជា​​​គំនិត”មួយ​​​តម្រូវ​​​ទាំង​​​អស់” របស់អង្គការ​មិន​មែន​​រដ្ឋាភិបាល​​​នៅពេលនិយាយ​​ទាក់ទង​​​សិទ្ធិ​​​​មនុស្ស​​​។

ដោយច្រានចោល​របាយការណ៍របស់​អង្គការ​តម្លភាពនេះ លោក ផៃ ស៊ីផាន បាន​​​ថ្លែង​​​ថា ”ប្រទេស​​​នីមួយ​​​ៗ​​​មាន​​​វប្បធម៌​​​ខុស​​​ៗ​​​គ្នា។ អ្នក​​​កាន់​​​គ្រិស្ត​​​សាសនា​​​ គិត​​​​​​ផ្សេង​​​ អ្នក​​​កាន់​​​អិុស្លាមសាសនា​​​គិត​​​ផ្សេង អ្នក​​​កាន់​​​ពុទ្ធ​សាសនា គិត​​​ផ្សេង​​​”។

លោកបាន​​​មានប្រសាសន៍​​​ថា “វា​​​គ្រាន់​​​តែ​​​ជា​​​អង្គការ​​​អន្តរជាតិ​​​ប៉ុណ្ណោះ​​​ គ្មាន​​​អ្វី​​​ពាក់​​​ព័ន្ធ​​​ជាមួយ​​​កម្ពុជា​​​ឡើយ​​​”៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស