27.5 C
Phnom Penh

តុលាការ​ខេត្ត​ក្រចេះ​ចាត់ការ​លើ​បណ្តឹង​លាក់​ឈើ​ខុស​ច្បាប់​ជា​លើក​ដំបូង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​តុលាការ​ម្នាក់​បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ថា រដ្ឋាភិបាល​បាន​ដាក់​ពាក្យ​បណ្ដឹង​ចំនួន​បួន​ទាក់ទិន​នឹង​ការ​គរ​លាក់​ឈើ ប្រឆាំង​ក្រុមហ៊ុន​ចំនួន​ពីរ​ក្នុង​ខេត្ត​ក្រចេះ ជា​វិធានការ​ច្បាប់​លើក​ដំបូង​កើត​ចេញ​ពី​ក្រុម​ការងារ​ពិសេស ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្កើត​ឡើង​កាលពី​ខែ​មុន ដើម្បី​ស្វែង​រក​ការ​ស្តុក​ឈើ​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា​ភាគ​ខាង​កើត។

កាលពី​ថ្ងៃ​ច័ន្ទ លោក អេង ហ៊ី អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ បាន​និយាយ​ថា ក្រុម​ការងារ​នេះ​បាន​ចាប់​ផ្តើម​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ​នៅ​ខេត្ត​មណ្ឌល​គិរី ខេត្ត​ក្រចេះ និង​ខេត្ត​ត្បូង​ឃ្មុំ ដោយ​បាន​បញ្ចប់​ការ​ចុះ​បញ្ជី​ឈើ​មួយ​ចំនួន ដែល​ខ្លួន​បាន​រក​ឃើញ​នៅ​តាម​រោង​អារ​ឈើ​និង​ឃ្លាំង​ជាច្រើន​កន្លែង និង​នៅ​តាម​ចម្ការ​កៅស៊ូ។

កាលពី​ថ្ងៃ​អង្គារ លោក ហាក់ ហ៊ន ព្រះ​រាជអាជ្ញា​តុលាការ​ខេត្ត​ក្រចេះ​មាន​ប្រសាសន៍​ថា  លោក​បាន​ទទួល​ពាក្យ​បណ្តឹង​ចំនួន​បួន​ក្នុង​ពេល​ពីរ​បី​ថ្ងៃ​មុន​នេះ គឺ​ពាក្យ​បណ្តឹង​ពីរ​ប្តឹង​ក្រុមហ៊ុន​ឆាយណា ឌីណាមិក (China Dynamic) និង​ពីរ​ទៀត​ប្តឹង​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ ធី​អិន​វី (TNV) ពី​បទ​មាន​ឈើ​ឥត​ប្រកាស​ឲ្យ​ដឹង​និង​គ្មាន​ឯកសារ​លើ​ដី​របស់​ខ្លួន។

cam-photo-logging-folo-suppliedលោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​ទទួល​សំណុំ​រឿង​ចំនួន​បួន​ពី​ក្រុម​ការងារ​បង្ក្រាប​ការ​កាប់​ឈើ​ខុស​ច្បាប់ ហើយ​ខ្ញុំ​បាន​ចេញ​ដីកា​កោះ​ហៅ​តំណាង​នៃ​ក្រុមហ៊ុន​ទាំង​នេះ​មក​តុលាការ​នៅ​ថ្ងៃ​ទី​១៦​ខែ​មីនា​ដើម្បី​សាកសួរ ពីព្រោះ​ពួកគេ​ពាក់ព័ន្ធ​នឹង​ឈើ​ដែល​ត្រូវ​បាន​រក​ឃើញ”។

លោក​បាន​បន្ថែម​ថា “ក្រុម​ការងារ​នេះ​បាន​រក​ឃើញ​ឈើ​ជាច្រើន​កំណាត់​លើ​ដី​របស់​ក្រុមហ៊ុន​ទាំង​ពីរ។ យើង​នឹង​អាច​ដឹង​ច្បាស់ ថា​នរណា​ជា​ម្ចាស់​ឈើ​នោះ​ពិត​ប្រាកដ បន្ទាប់ពី​ការ​សាកសួរ​ក្រុមហ៊ុន​ទាំង​នេះ”។

ក៏​ប៉ុន្តែ លោក ហាក់ ហ៊ន បាន​មាន​ប្រសាសន៍​ថា លោក​មិន​អាច​ចាំ​បាន​ថា​ឈើ​ឥត​ប្រកាស​និង​គ្មាន​ឯកសារ​ចំនួន​ប៉ុន្មាន​ដែល​សមត្ថកិច្ច​បាន​រក​ឃើញ​នៅ​លើ​ដី​របស់​ពួកគេ​ទេ។ ក្រុមហ៊ុន​ទាំង​នេះ​មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​បាន​ឡើយ។

ព្រះ​រាជអាជ្ញា​តុលាការ​ខេត្ត​មណ្ឌល​គិរី និង​ខេត្ត​ត្បូង​ឃ្មុំ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ពួកគេ​កំពុង​រង់ចាំ​ទទួល​ពាក្យ​បណ្តឹង​ពី​ក្រុម​ការងារ​នេះ​នៅ​ឡើយ។

ប៉ុន្តែ លោក ជា សុវណ្ណថេត ព្រះ​រាជ​អាជ្ញា​រង​តុលាការ​ខេត្ត​មណ្ឌល​គិរី បាន​មាន​ប្រសាសន៍​ថា លោក​រំពឹង​ថា សំណុំ​រឿង​ទាំង​នេះ​ក៏​ធ្វើ​ឡើង​ប្តឹង​ក្រុមហ៊ុន​មួយ​ចំនួន ក្នុង​នោះ​មាន​ទាំង​ក្រុមហ៊ុន ប៊ិញ ភឿក​១ (Binh Phuoc 1) ដែរ។

អ្នក​ភូមិ​បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​របស់​វៀតណាម​នេះ ថា​បាន​កាប់​ដោយ​ខុស​ច្បាប់​នូវ​ព្រៃ​ដែល​ការពារ​ក្រៅ​ព្រំ​ប្រទល់​ចម្ការ​របស់​ខ្លួន​រយៈ​ពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ។ ក្រុមហ៊ុន​នេះ​បដិសេធ​ការ​អះអាង​នេះ។ កាលពី​ខែ​មុន គំនរ​ឈើ​ជាច្រើន​កន្លែង​នៅ​លើ​ដី​របស់​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​គេ​ដុត​ចោល។ អាជ្ញាធរ​បាន​និយាយ​នៅ​ពេល​នោះ​ថា ពួកគេ​សង្ស័យ​ការ​លួច​ដុត​នេះ ប៉ុន្តែ​មិន​ទាន់​បាន​បញ្ចេញ​ឈ្មោះ​ជន​សង្ស័យ​ទេ។

បញ្ជាក់​ឈ្មោះ​ឈើ​ប្រណីត​បី​ប្រភេទ លោក សុវណ្ណថេត បាន​មាន​ប្រសាសន៍​ថា “យើង​បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​ក្រុមហ៊ុន ប៊ិញ ភឿក​១ និង​បាន​រក​ឃើញ​ឈើ​សុក្រម គគីរ និង​ផ្ចឹក ចំនួន​៤.៣៨៤​ម៉ែត្រ​គូប។ រដ្ឋបាល​ព្រៃ​ឈើ​បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន ប៊ិញ ភឿក​១ ថា​បាន​ស្តុក​ឈើ​ដោយ​ខុស​ច្បាប់​លើ​ដី​របស់​ក្រុមហ៊ុន”។

លោក​បាន​បន្ថែម​ថា “ប៊ិញ ភឿក​១​ត្រូវតែ​ទទួល​ខុស​ត្រូវ​ចំពោះ​ឈើ​ដែល​ត្រូវ​គេ​រក​ឃើញ និង​ឈើ​ដែល​ដុត​ចោល។ ដំបូង យើង​ចោទ​ប្រកាន់​ក្រុមហ៊ុន​នេះ ទោះជា​ក្រុមហ៊ុន​នេះ​បដិសេធ​ក៏ដោយ”។

លោក ឆេង សុវិចិត្រ អ្នក​គ្រប់គ្រង​ក្រុមហ៊ុន ប៊ិញភឿក​១ បាន​និយាយ​ក្នុង​ពេល​កន្លង​មក​ថា ចម្ការ​នេះ​បាន​ជួល​ក្រុមហ៊ុន ដួង ស្រួច ឲ្យ​ធ្វើការ ដែល​បន្ទាប់មក បាន​ម៉ៅការ​បន្ត​ទៅ​ពាណិជ្ជករ ស៊ឹង សំអុល។

លោក សំអុល ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់ រួម​ជាមួយ​លោក លឹម ប៊ុណ្ណា ដែល​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា​ជា​គោលដៅ​សំខាន់​មួយ​របស់​ក្រុមការងារ នៅ​ពេល​ដែល​ក្រុម​ការងារ​នេះ​បាន​បង្កើត​ឡើង។ លោក ប៊ុណ្ណា មិន​អាច​ទាក់ទង​បាន​ទេ ចំណែកឯ​លោក សំអុល បាន​បដិសេធ​ថា​មិន​បាន​កាប់​ឈើ​ខុស​ច្បាប់​ទេ ដោយ​ចោទ​អាជ្ញាធរ​មូលដ្ឋាន​ថា បាន​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​របស់​គាត់​ក្នុង​បំណង​ចង់​បាន​សំណូក។

លោក ជា សុវណ្ណថេត ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​មណ្ឌល​គិរី បាន​មាន​ប្រសាសន៍​ថា លោក​ក៏​រំពឹង​ថា សំណុំ​រឿង​នេះ​ត្រូវ​ប្តឹង​ចម្ការ​យ៉ាង​ហោច​ណាស់​បី​ទៀត​ដែរ គឺ​ចម្ការ ខ្មែរ អង្គរ អឺគ្រី​ខាលឆឺ (Khmer Angkor Agricul­ture), ដាយ ណាំ (Dai Nam) និង ដាយ ថាញ់ (Dai Thanh)។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​នឹង​កសាង​សំណុំ​រឿង​ដើម្បី​ចោទ​ប្រកាន់​ក្រុមហ៊ុន​ទាំង​នេះ បន្ទាប់ពី​ក្រុម​អ្នក​ជំនាញ​មក​ពី​រដ្ឋបាល​ព្រៃ​ឈើ​បញ្ចប់​ការ​វាស់​វែង​ឈើ​ក្នុង​ពេល​ឆាប់ៗ”។

ដាយ ថាញ់ ជា​ក្រុមហ៊ុន​របស់​លោក សំអុល។ ក្រសួង​បរិស្ថាន​បាន​លុប​ចោល​ចម្ការ​ពីរ​ផ្សេង​ទៀត​កាលពី​ឆ្នាំ​មុន ព្រោះ​ការ​រំលោភ​កិច្ច​សន្យា​ដែល​គេ​មិន​បាន​បញ្ជាក់​ប្រាប់ ប៉ុន្តែ​ចាប់​តាំង​ពី​ពេល​នោះ​មក​បាន​ផ្តល់​ការ​អនុញ្ញាត​ឲ្យ​លោក ភាព ប្រមូល​ឈើ​ដែល​បន្សល់​ដោយ​ក្រុមហ៊ុន ដាយ ណាំ និង​ផ្តល់​ការ​អនុញ្ញាត​ឲ្យ​លោក ប៊ុណ្ណា ធ្វើ​ដូចគ្នា​នេះ​នៅ​ចម្ការ ខ្មែរ អង្គរ អឺគ្រី​ខាលឆឺ ។

ក្នុង​កិច្ច​ប្រជុំ​នៃ​ក្រុម​ការងារ​នេះ​កាលពី​ខែ​មុន លោក អេង ប៊ុនហៀង អភិបាល​ខេត្ត​មណ្ឌល​គិរី បាន​មាន​ប្រសាសន៍​ថា លោក ភាព និង​លោក ប៊ុណ្ណា ម្នាក់ៗ​បាន​ទទួល​សម្បទាន​ដី​សេដ្ឋកិច្ច​ថ្មី​នៅ​កន្លែង​ទាំង​នោះ ជា​ទង្វើ​មួយ​ដែល​រំលោភ​បម្រាម​ផ្អាក​ការ​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​ថ្មី​របស់​លោក​នាយករដ្ឋមន្ត្រី​ក្នុង​ឆ្នាំ​២០១២។ ក្រសួង​បរិស្ថាន​បាន​បដិសេធ​ថា មិន​បាន​ចេញ​សម្បទាន​ថ្មី​ទេ ប៉ុន្តែ​មិន​បាន​ផ្តល់​ច្បាប់​ចម្លង​នៃ​កិច្ច​ព្រមព្រៀង ដែល​ខ្លួន​បាន​ធ្វើ​ជាមួយ​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ឡើយ។

លោក ហ៊ន ព្រះ​រាជអាជ្ញា​តុលាការ​ខេត្ត​ក្រចេះ បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ណា​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ឈើ​លើ​ដី​របស់​ពួកគេ នឹង​ត្រូវ​ពិន័យ និង​រឹបអូស​យក​ឈើ​ទុក​ជា​សម្បត្តិ​រដ្ឋ។

ច្បាប់​រដ្ឋបាល​ព្រៃ​ឈើ​ចែង​ថា ឈើ​ទាំង​អស់​ដែល​រឹបអូស​ជា​សម្បត្តិ​រដ្ឋ ត្រូវ​ដាក់​លក់​ដេញ​ថ្លៃ​ជា​សាធារណៈ។ ទោះជា​យ៉ាង​នេះ​ក្តី កាលពី​ឆ្នាំ​២០១៤ ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ផ្តល់​ឈើ​រឹប​អូស​បាន​ទាំង​អស់​ទុក​លក់​ឲ្យ​លោក ភាព ដែល​បាន​ប្រើ​ការ​សម្រុះ​សម្រួល ដើម្បី​ទទួល​បាន​ឈើ​មាន​តម្លៃ​ខ្ពស់​ជាច្រើន​តាម​តម្លៃ​ចរចា។

ការ​ស៊ើប​អង្កេត​សម្ងាត់​ដោយ​ឡែក​ដោយ​ក្រុម​សិទ្ធិ​មនុស្ស​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ បាន​រក​ឃើញ​ថា​លោក ភាព ជា​ឈ្មួញ​ឈើ​ខុស​ច្បាប់​ដ៏​ធំ​បំផុត​នៅ​ប្រទេស​កម្ពុជា។ ក្រុមហ៊ុន​របស់​គាត់​បដិសេធ​ការ​អះអាង​នេះ៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស