មន្ត្រីតុលាការម្នាក់បានបញ្ជាក់កាលពីថ្ងៃអង្គារថា រដ្ឋាភិបាលបានដាក់ពាក្យបណ្ដឹងចំនួនបួនទាក់ទិននឹងការគរលាក់ឈើ ប្រឆាំងក្រុមហ៊ុនចំនួនពីរក្នុងខេត្តក្រចេះ ជាវិធានការច្បាប់លើកដំបូងកើតចេញពីក្រុមការងារពិសេស ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើតឡើងកាលពីខែមុន ដើម្បីស្វែងរកការស្តុកឈើខុសច្បាប់ក្នុងប្រទេសកម្ពុជាភាគខាងកើត។
កាលពីថ្ងៃច័ន្ទ លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថ បាននិយាយថា ក្រុមការងារនេះបានចាប់ផ្តើមបញ្ជូនសំណុំរឿងទៅតុលាការនៅខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ដោយបានបញ្ចប់ការចុះបញ្ជីឈើមួយចំនួន ដែលខ្លួនបានរកឃើញនៅតាមរោងអារឈើនិងឃ្លាំងជាច្រើនកន្លែង និងនៅតាមចម្ការកៅស៊ូ។
កាលពីថ្ងៃអង្គារ លោក ហាក់ ហ៊ន ព្រះរាជអាជ្ញាតុលាការខេត្តក្រចេះមានប្រសាសន៍ថា លោកបានទទួលពាក្យបណ្តឹងចំនួនបួនក្នុងពេលពីរបីថ្ងៃមុននេះ គឺពាក្យបណ្តឹងពីរប្តឹងក្រុមហ៊ុនឆាយណា ឌីណាមិក (China Dynamic) និងពីរទៀតប្តឹងក្រុមហ៊ុនចម្ការកៅស៊ូ ធីអិនវី (TNV) ពីបទមានឈើឥតប្រកាសឲ្យដឹងនិងគ្មានឯកសារលើដីរបស់ខ្លួន។
លោកបានមានប្រសាសន៍ថា “ខ្ញុំបានទទួលសំណុំរឿងចំនួនបួនពីក្រុមការងារបង្ក្រាបការកាប់ឈើខុសច្បាប់ ហើយខ្ញុំបានចេញដីកាកោះហៅតំណាងនៃក្រុមហ៊ុនទាំងនេះមកតុលាការនៅថ្ងៃទី១៦ខែមីនាដើម្បីសាកសួរ ពីព្រោះពួកគេពាក់ព័ន្ធនឹងឈើដែលត្រូវបានរកឃើញ”។
លោកបានបន្ថែមថា “ក្រុមការងារនេះបានរកឃើញឈើជាច្រើនកំណាត់លើដីរបស់ក្រុមហ៊ុនទាំងពីរ។ យើងនឹងអាចដឹងច្បាស់ ថានរណាជាម្ចាស់ឈើនោះពិតប្រាកដ បន្ទាប់ពីការសាកសួរក្រុមហ៊ុនទាំងនេះ”។
ក៏ប៉ុន្តែ លោក ហាក់ ហ៊ន បានមានប្រសាសន៍ថា លោកមិនអាចចាំបានថាឈើឥតប្រកាសនិងគ្មានឯកសារចំនួនប៉ុន្មានដែលសមត្ថកិច្ចបានរកឃើញនៅលើដីរបស់ពួកគេទេ។ ក្រុមហ៊ុនទាំងនេះមិនអាចទាក់ទងសុំការពន្យល់បានឡើយ។
ព្រះរាជអាជ្ញាតុលាការខេត្តមណ្ឌលគិរី និងខេត្តត្បូងឃ្មុំ បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេកំពុងរង់ចាំទទួលពាក្យបណ្តឹងពីក្រុមការងារនេះនៅឡើយ។
ប៉ុន្តែ លោក ជា សុវណ្ណថេត ព្រះរាជអាជ្ញារងតុលាការខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា លោករំពឹងថា សំណុំរឿងទាំងនេះក៏ធ្វើឡើងប្តឹងក្រុមហ៊ុនមួយចំនួន ក្នុងនោះមានទាំងក្រុមហ៊ុន ប៊ិញ ភឿក១ (Binh Phuoc 1) ដែរ។
អ្នកភូមិបានចោទប្រកាន់ក្រុមហ៊ុនចម្ការកៅស៊ូរបស់វៀតណាមនេះ ថាបានកាប់ដោយខុសច្បាប់នូវព្រៃដែលការពារក្រៅព្រំប្រទល់ចម្ការរបស់ខ្លួនរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ ក្រុមហ៊ុននេះបដិសេធការអះអាងនេះ។ កាលពីខែមុន គំនរឈើជាច្រើនកន្លែងនៅលើដីរបស់ក្រុមហ៊ុននេះត្រូវបានគេដុតចោល។ អាជ្ញាធរបាននិយាយនៅពេលនោះថា ពួកគេសង្ស័យការលួចដុតនេះ ប៉ុន្តែមិនទាន់បានបញ្ចេញឈ្មោះជនសង្ស័យទេ។
បញ្ជាក់ឈ្មោះឈើប្រណីតបីប្រភេទ លោក សុវណ្ណថេត បានមានប្រសាសន៍ថា “យើងបានបញ្ចប់ការស៊ើបអង្កេតក្រុមហ៊ុន ប៊ិញ ភឿក១ និងបានរកឃើញឈើសុក្រម គគីរ និងផ្ចឹក ចំនួន៤.៣៨៤ម៉ែត្រគូប។ រដ្ឋបាលព្រៃឈើបានចោទប្រកាន់ក្រុមហ៊ុន ប៊ិញ ភឿក១ ថាបានស្តុកឈើដោយខុសច្បាប់លើដីរបស់ក្រុមហ៊ុន”។
លោកបានបន្ថែមថា “ប៊ិញ ភឿក១ត្រូវតែទទួលខុសត្រូវចំពោះឈើដែលត្រូវគេរកឃើញ និងឈើដែលដុតចោល។ ដំបូង យើងចោទប្រកាន់ក្រុមហ៊ុននេះ ទោះជាក្រុមហ៊ុននេះបដិសេធក៏ដោយ”។
លោក ឆេង សុវិចិត្រ អ្នកគ្រប់គ្រងក្រុមហ៊ុន ប៊ិញភឿក១ បាននិយាយក្នុងពេលកន្លងមកថា ចម្ការនេះបានជួលក្រុមហ៊ុន ដួង ស្រួច ឲ្យធ្វើការ ដែលបន្ទាប់មក បានម៉ៅការបន្តទៅពាណិជ្ជករ ស៊ឹង សំអុល។
លោក សំអុល ជាមនុស្សម្នាក់ក្នុងចំណោមពីរនាក់ រួមជាមួយលោក លឹម ប៊ុណ្ណា ដែលរដ្ឋាភិបាលបានលើកឡើងថាជាគោលដៅសំខាន់មួយរបស់ក្រុមការងារ នៅពេលដែលក្រុមការងារនេះបានបង្កើតឡើង។ លោក ប៊ុណ្ណា មិនអាចទាក់ទងបានទេ ចំណែកឯលោក សំអុល បានបដិសេធថាមិនបានកាប់ឈើខុសច្បាប់ទេ ដោយចោទអាជ្ញាធរមូលដ្ឋានថា បានធ្វើឲ្យខូចឈ្មោះរបស់គាត់ក្នុងបំណងចង់បានសំណូក។
លោក ជា សុវណ្ណថេត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា លោកក៏រំពឹងថា សំណុំរឿងនេះត្រូវប្តឹងចម្ការយ៉ាងហោចណាស់បីទៀតដែរ គឺចម្ការ ខ្មែរ អង្គរ អឺគ្រីខាលឆឺ (Khmer Angkor Agriculture), ដាយ ណាំ (Dai Nam) និង ដាយ ថាញ់ (Dai Thanh)។
លោកបានមានប្រសាសន៍ថា “យើងនឹងកសាងសំណុំរឿងដើម្បីចោទប្រកាន់ក្រុមហ៊ុនទាំងនេះ បន្ទាប់ពីក្រុមអ្នកជំនាញមកពីរដ្ឋបាលព្រៃឈើបញ្ចប់ការវាស់វែងឈើក្នុងពេលឆាប់ៗ”។
ដាយ ថាញ់ ជាក្រុមហ៊ុនរបស់លោក សំអុល។ ក្រសួងបរិស្ថានបានលុបចោលចម្ការពីរផ្សេងទៀតកាលពីឆ្នាំមុន ព្រោះការរំលោភកិច្ចសន្យាដែលគេមិនបានបញ្ជាក់ប្រាប់ ប៉ុន្តែចាប់តាំងពីពេលនោះមកបានផ្តល់ការអនុញ្ញាតឲ្យលោក ភាព ប្រមូលឈើដែលបន្សល់ដោយក្រុមហ៊ុន ដាយ ណាំ និងផ្តល់ការអនុញ្ញាតឲ្យលោក ប៊ុណ្ណា ធ្វើដូចគ្នានេះនៅចម្ការ ខ្មែរ អង្គរ អឺគ្រីខាលឆឺ ។
ក្នុងកិច្ចប្រជុំនៃក្រុមការងារនេះកាលពីខែមុន លោក អេង ប៊ុនហៀង អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា លោក ភាព និងលោក ប៊ុណ្ណា ម្នាក់ៗបានទទួលសម្បទានដីសេដ្ឋកិច្ចថ្មីនៅកន្លែងទាំងនោះ ជាទង្វើមួយដែលរំលោភបម្រាមផ្អាកការផ្តល់សម្បទានដីសេដ្ឋកិច្ចថ្មីរបស់លោកនាយករដ្ឋមន្ត្រីក្នុងឆ្នាំ២០១២។ ក្រសួងបរិស្ថានបានបដិសេធថា មិនបានចេញសម្បទានថ្មីទេ ប៉ុន្តែមិនបានផ្តល់ច្បាប់ចម្លងនៃកិច្ចព្រមព្រៀង ដែលខ្លួនបានធ្វើជាមួយក្រុមហ៊ុនទាំងពីរនេះឡើយ។
លោក ហ៊ន ព្រះរាជអាជ្ញាតុលាការខេត្តក្រចេះ បានមានប្រសាសន៍ថា ក្រុមហ៊ុនណាដែលត្រូវបានគេរកឃើញឈើលើដីរបស់ពួកគេ នឹងត្រូវពិន័យ និងរឹបអូសយកឈើទុកជាសម្បត្តិរដ្ឋ។
ច្បាប់រដ្ឋបាលព្រៃឈើចែងថា ឈើទាំងអស់ដែលរឹបអូសជាសម្បត្តិរដ្ឋ ត្រូវដាក់លក់ដេញថ្លៃជាសាធារណៈ។ ទោះជាយ៉ាងនេះក្តី កាលពីឆ្នាំ២០១៤ ទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាឲ្យអាជ្ញាធរផ្តល់ឈើរឹបអូសបានទាំងអស់ទុកលក់ឲ្យលោក ភាព ដែលបានប្រើការសម្រុះសម្រួល ដើម្បីទទួលបានឈើមានតម្លៃខ្ពស់ជាច្រើនតាមតម្លៃចរចា។
ការស៊ើបអង្កេតសម្ងាត់ដោយឡែកដោយក្រុមសិទ្ធិមនុស្សក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានរកឃើញថាលោក ភាព ជាឈ្មួញឈើខុសច្បាប់ដ៏ធំបំផុតនៅប្រទេសកម្ពុជា។ ក្រុមហ៊ុនរបស់គាត់បដិសេធការអះអាងនេះ៕ និត