ចៅក្រមមួយរូបឲ្យដឹងថា តារាចម្រៀងប្រជាប្រិយម្នាក់ដែលតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ៧ឆ្នាំពីបទធ្វើសញ្ចរកម្មអនីតិជន បានអះអាងនៅសាលាឧទ្ធរណ៍ក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញថា នាងគ្មានទោសពៃរ៍ទេ ហើយថា នាងមិនបាននាំក្មេងស្រីអាយុ១៤ឆ្នាំទៅឲ្យរួមភេទជាមួយបុរសម្នាក់នោះឡើយ។
អូ រស្មី ដែលបម្រើការងារឲ្យក្រុមហ៊ុនរៃមាស ជាក្រុមហ៊ុនផលិតកម្មវិធីទូរទស្សន៍ និងផលិតកម្មខារ៉ាអូខេឆ្លងដែន ត្រូវសាលាដំបូងរាជធានីភ្នំពេញកាត់ឲ្យជាប់ទោសពីបទនាំក្មេងស្រីទៅឲ្យរួមភេទជាមួយបុរសខ្មែរអាណិកជនអាមេរិកម្នាក់រយៈពេលបីថ្ងៃជាប់គ្នា។
អូ រស្មី ត្រូវសមត្ថកិច្ចចាប់ខ្លួននៅផ្ទះរបស់នាងក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីខែមករា ឆ្នាំ២០១៤ បន្ទាប់ពីម្ដាយរបស់ក្មេងស្រីរងគ្រោះប្ដឹងទៅនគរបាល។
លោក ប្លង់ សំណាង ចៅក្រមជំនុំជម្រះនៅសាលាឧទ្ធរណ៍បានមានប្រសាសន៍អំពីសវនាការបិទទ្វារកាលពីម្សិលមិញថា “យើងបានសាកសួរជនរងគ្រោះដោយផ្ទាល់ និងម្ដាយរបស់នាង ប៉ុន្តែសាក្សីពីរនាក់ទៀតអវត្តមាន” ហើយ អូ រស្មី ក៏ត្រូវបានចោទសួរដែរ។ លោកបានបន្ថែមថា ”ចុងចម្លើយបានច្រានចោលការចោទប្រកាន់ ហើយអះអាងថា ខ្លួនមិនបាននាំអនីតិជនទៅឲ្យរួមភេទជាមួយបុរសម្នាក់នោះទេ។ ប៉ុន្តែដើមចម្លើយប្រាប់តុលាការថា ជនសង្ស័យបាននាំនាងទៅឲ្យរួមភេទជាមួយបុរសចំណាស់ក្បាលទំពែកម្នាក់”។
លោកបន្តថា ក្មេងស្រីរងគ្រោះបានប្រាប់តុលាការថា នាងយល់ព្រមរួមភេទជាមួយបុរសម្នាក់នោះដោយសារ អូ រស្មី បានសន្យាធ្វើឲ្យនាងល្បីឈ្មោះជាថ្នូរដោះដូរ។ ”ជនរងគ្រោះនិយាយថា អូ រស្មី បានប្រាប់នាងថា ‘បើឯងចង់ក្លាយជាតារាល្បី ទៅដេកជាមួយគាត់ទៅ។ ពេលនោះជនរងគ្រោះក៏យល់ព្រមទៅដេកជាមួយបុរសម្នាក់នោះដែលបានអះអាងថា រូបគេនឹងលើកនាងឲ្យក្លាយជាតារាល្បី”។
សូមបញ្ជាក់ថា អាយុគ្រប់ការនៅប្រទេសកម្ពុជា គឺ១៦ឆ្នាំ។
លោក ប្លង់ សំណាង បានថ្លែងថា បុរសខ្មែរអាណិកជនអាមេរិក ដែលសមត្ថកិច្ចកំណត់អត្តសញ្ញាណមិនបានរូបនោះ កំពុងគេចខ្លួននៅឡើយ។ “តុលាការមិនទាន់រកឃើញបុរសម្នាក់នោះទេ។ សាលាឧទ្ធរណ៍របស់យើងនឹងពិចារណាលើភ័ស្តុតាង ហើយនៅថ្ងៃទី២៩ កុម្ភៈ យើងនឹងប្រកាសថា តើការផ្ដន្ទាទោសនេះត្រឹមត្រូវ ឬក៏អត់”។
ចំណែកឯ អូ រស្មី និងលោក នូ ចន្ថា មេធាវីរបស់នាង សុទ្ធតែបដិសេធមិនឆ្លើយបំភ្លឺកាលពីម្សិលមិញ៕ សុខុម