អតីតមន្ត្រីរដ្ឋបាលខេត្តបន្ទាយមានជ័យម្នាក់ ដែលបានចំណាយពេលជាងពីរឆ្នាំក្នុងពន្ធនាគារព្រោះការពាក់ព័ន្ធរបស់លោកក្នុងការលក់ដូរដីខុសច្បាប់ បាននិយាយកាលពីថ្ងៃពុធថា លោក អាំង មាលតី អតីតប្រធានតុលាការក្រុងភ្នំពេញអបយសបានប្រឌិតរឿងនេះប្រឆាំងនឹងលោក ជាការសងសឹកព្រោះតែសំបុត្រមួយច្បាប់ដែលបញ្ជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
និយាយនៅឯតុលាការក្រុងភ្នំពេញបន្ទាប់ពីសវនាការបានលើកពេលជាថ្មីក្នុងការជំនុំជម្រះដែលបានដំណើរការយឺតៗអស់រយៈពេលជាច្រើនខែនោះ អតីតប្រធានរដ្ឋបាលខេត្តបន្ទាយមានជ័យ គឺលោក អ៊ុក កែវរតនៈ បាននិយាយថា លោក មាលតី ដែលបច្ចុប្បន្នជាប់ពន្ធនាគារដោយសារមានទោសមួយផ្សេងនោះ បានប្រឌិតករណីនេះឡើង នៅពេលដែលគាត់ធ្វើជាប្រធានតុលាការក្នុងខេត្តភាគពាយព្យនេះ។
លោក កែវរតនៈ បានប្រាប់អ្នកកាសែតថា “[អតីតអភិបាលខេត្ត] អ៊ុង អឿន បានផ្ញើលិខិតមួយច្បាប់ទៅសម្តេច ហ៊ុន សែន រាយការណ៍អំពីសកម្មភាពនិងអំពើពុករលួយដែលប្រព្រឹត្តដោយលោក អាំង មាលតី។ ផ្តើមចេញពីលិខិតនេះ គាត់ខឹង និងបានបង្កើតករណីនេះឡើងជាការសងសឹក”។
លោកបានបន្ថែមថា “លោក អាំង មាលតី ជាមនុស្សម្នាក់ដែលបានបង្កើតករណីនេះ ហើយអំពើអាក្រក់របស់គាត់បានបកមកលើគាត់វិញ”។
លោក មាលតី ត្រូវបានផ្ទេរតំណែងពីខេត្តបន្ទាយមានជ័យមកកាន់ក្រុងភ្នំពេញកាលពីខែមេសាឆ្នាំ២០១៤។ លោកត្រូវបានបណ្តេញចេញពីមុខតំណែងនៅខែកុម្ភៈឆ្នាំ២០១៥ បន្ទាប់ពីលោក ហ៊ុន សែន បានចោទប្រកាន់ប្រធានតុលាការក្រុងរូបនេះជាសាធារណៈ ថាបានទទួលសំណូកជាច្រើនលានដុល្លារ ក្នុងការដោះលែងប្តីប្រពន្ធមានទ្រព្យធនស្ដុកស្ដម្ភឲ្យនៅក្រៅឃុំ។
ចៅក្រមធ្លាក់យសរូបនេះតាំងពីពេលនោះមកត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពីរឆ្នាំ ពីបទកេងប្រវ័ញ្ច បន្ទាប់ពីបានសារភាពថា បានយកមកប្រើប្រាស់ផ្ទាល់ខ្លួននូវរថយន្ត Audi SUV មួយគ្រឿង ដែលរឹបអូសបានពីឈ្មួញគ្រឿងញៀនម្នាក់នៅឆ្នាំ២០១៤។
លោក កែវរតនៈ ស្ថិតក្នុងចំណោមចុងចោទជាច្រើននាក់ក្នុងសំណុំរឿងបោកបន្លំមួយដែលសំដៅលើក្រុមហ៊ុនជីវឥន្ធនៈរបស់ពាណិជ្ជករអង់គ្លេស គឺលោក ហ្គ្រេក ហ្វ្រីយ៉េត (Gregg Fryett)។ លោក កែវរតនៈ រងការចោទប្រកាន់ពីបទក្លែងឯកសារដែលផ្តល់សម្បទានដីសេដ្ឋកិច្ចទៅក្រុមហ៊ុនរបស់លោក ហ្វ្រីយ៉េត ដើម្បីធ្វើចម្ការល្ហុងខ្វងដ៏ធំនៅខេត្តបន្ទាយមានជ័យ។
ផែនការទាំងនោះបានដួលរលំ មិនយូរប៉ុន្មានបន្ទាប់ពីការិយាល័យប្រឆាំងបទល្មើសក្លែងបន្លំកម្រិតធ្ងន់ (Serious Fraud Office) របស់ចក្រភពអង់គ្លេសបានបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនលោក ហ្វ្រីយ៉េត គឺក្រុមហ៊ុន Sustainable Agro Energy។ ប៉ុន្មានសប្ដាហ៍បន្ទាប់មក ក្រុមមន្ត្រីក្នុងប្រទេសកម្ពុជាបានរឹបអូសគ្រឿងចក្រមានតម្លៃរាប់សែនដុល្លាររបស់ក្រុមហ៊ុនរបស់លោក ហ្វ្រីយ៉េត ជាចំណាត់ការមួយដែលអភិបាលខេត្តនោះបានហៅថា “ខុសច្បាប់” ក្នុងលិខិតរបស់លោកផ្ញើជូនលោក ហ៊ុន សែន។
លោក កែវរតនៈ បាននិយាយកាលពីថ្ងៃពុធថា លោកគ្រាន់តែគាំទ្រឯកសារនោះប៉ុណ្ណោះ ដែលក្រោយមកចុះហត្ថលេខាដោយលោក អឿន នៅពេលនោះជាអភិបាលខេត្ត ហើយថាលោកគួរត្រូវបានដោះលែង១៨ខែមកហើយ គឺមិនមានភ័ស្តុតាងបង្ហាញភាពត្រឹមត្រូវក្នុងការឃុំខ្លួនលោកជាបន្តទេ។
លោកបាននិយាយថា “វាជាលិខិតច្បាប់រដ្ឋបាល។ អភិបាលខេត្តបានចុះហត្ថលេខាលើវា ហើយខ្ញុំគ្រាន់តែផ្តល់ការក្បៀសគាំទ្រប៉ុណ្ណោះ”។
លោកបានបន្ថែមថា “លោក អ៊ុង អឿន ជាអ្នកដែលបានចុះហត្ថលេខា ហើយលោក អ៊ុង អឿន គួរតែជាអ្នកប្តឹងខ្ញុំ។ ចុះហេតុអ្វីបានជាលោក អាំង មាលតី ប្តឹងខ្ញុំទៅវិញ?”៕ និត