33 C
Phnom Penh

ឧកញ៉ា​​​ និង​​​អតីត​​​ភរិយា​​​ឡើង​​​សវនាការ​​​នៅ​​​ក្នុង​​​​សំណុំ​រឿង​រៀប​​​ផែន​​​ការ​​​រំលោភ​​​សម្លាប់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​ក្តី​​​របស់​​​លោក  ខូវ ផល្លាបុត្រ​​​ ជា​​​ឧកញ៉ា​​​មួយ​​​រូប​​​ក្នុង​​​ចំណោម​​​ឧកញ៉ា​​​ដែល​​​មាន​​​ទ្រព្យ​​​សម្បត្តិ​​​ស្តុក​​​ស្ដម្ភ​​​បំផុត​​​នៅ​​​កម្ពុជា និង​​​អ្នកស្រី ឡាយ ហួង អតីត​​​ភរិយា​​​ មិន​​​បាន​​​រៀប​​​ការ​​​តាម​​​ផ្លូវ​​​ច្បាប់​​​របស់​​​លោក​​​ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​រៀប​​​ផែន​​ការ​​​​​​រំលោភសម្លាប់​​​​ភរិយា និង​​​កូន​​​ស្រី​​​របស់​​​លោក ស៊ុន ចាន់​​​ថុល រដ្ឋមន្ត្រី​​​ក្រសួង​​​ពាណិជ្ជ កម្ម​​​កាល​​​ពី​​​ឆ្នាំ​​​២០១០​​​ បាន​​​បន្ត​​​នៅ​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពីម្សិលមិញ​​​។

អ្នកស្រី ឡាយ ហួង អាយុ​​​៥០​​​ឆ្នាំ ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ កាល​​​ពី​​​ខែ​​​ធ្នូឆ្នាំ​​​២០១៤ ហើយ​​​ត្រូវ​​​បាន​​​ធ្វើ​បត្យាប័ន​មក​​​កម្ពុជា​​​វិញ​​​បាន​​​អះ​​​អាង​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​ពី​​​ភាព​​​គ្មាន​​​ទោស​​​របស់​​​ខ្លួន​​​ចាប់​​​តាំង​​​ពី​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​ថា​​​ បាន​​​ “ផ្តួច​​​ផ្តើម​​​គំនិត​​​ នៅ​​​ក្នុង​​​ករណី​​​ប៉ុន​​​ប៉ង​​​រំលោភ​​​ និង​​​ធ្វើឃាត​ដោយគិត​ទុក​​​ជា​​​មុន​​​”។

អ្នកស្រី​​​បាន​​​អះ​​​អាង​​​ថា ការ​​​ជាប់​​​ពន្ធនាគារ​​​ របស់​​​អ្នក​ស្រី គឺ​​​ដោយសារ​​​ជម្លោះ​​​របស់​​​​អ្នក​​​ស្រី ជាមួយ​លោក ស៊ុន ចាន់ថ​​​ុល ​​​​និង​​​ភរិយា​​​របស់​​​គាត់​​​ គឺ​​​អ្នកស្រី ស៊ុន សូថា បង​ស្រី​​​របស់​​​លោក ខូវ​​​ ផល្លា​​​បុត្រ​​​។

លោក ខូវ ផល្លា​​​បុត្រ មិន​​​ទាន់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ទេ​​​ ហើយ​​​នៅ​​​តែ​​​ជា​​​ប្រធាន​​​ក្រុមហ៊ុន​​​ខូវ ជឺលី​​​ គ្រុប ដែល​​​មាន​​​ភាគ​​​ហ៊ុន​​​យ៉ាង​​​ច្រើន​​​នៅ ​​​ក្នុង​​​វិស័យ​​​សំណង់​​​ និង​​​កសិកម្ម​​​ ប៉ុន្តែ ប្រឈម​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​​​ដូច​​​អ្នក​​​ស្រី​​​ ឡាយ  ហួង ដែរ។

ការ​​​បើក​​​សវនាការ​​​របស់​​​អតីត​​​ប្តី​​​ប្រពន្ធ​​​នឹង​​​គ្នា​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​មិន​​​មែន​​​ជា​​​​លើក​ដំបូង ទេ​​​​នៅ​​​​ក្នុ​​​ងសំណុំ​​​រឿង​​​​ដ៏​​​លេច​​​​ធ្លោ​​​​នេះ​​​។ ​

កាល​​​ពី​​​ឆ្នាំ​​​២០១១ សាលា​​​ដំបូង​​​រាជធានី​​​បាន​​​ផ្តន្ទាទោស​​​អ្នក​​​ស្រី ខូវ​​​ សេងចន្តា ភរិយា​​​របស់​​​លោក ខូវ ជឺលី ដែល​​​ជា​​​ឪពុក​​​វ័យ​​​ចំណាស់​​​របស់​​​លោក ខូវ ផល្លាបុត្រ និង​​​អ្នក​​​ស្រី ស៊ុន សូថា ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​២០​​​ឆ្នាំ​​​ទាក់​​​ទិន​​​នឹង​​​ការ​​​រៀប​​​ផែន​​​ការ​​​នេះ​​​។  យោង​​​តាម​​​តុលាការ​​​បាន​​​ឲ្យ​​​ដឹង​​​ថា អ្នក​​​ស្រី​​​ សេង ចិន្តា បាន​​​ជួល​​​បុរស​​​ម្នាក់​​​ឲ្យ​​​ចូល​​​ទៅ​​​ក្នុង​​​ភូមិ​​​គ្រឹះ​​​ក្នុង​​​ខណ្ឌ​​​មាន​​​ជ័យ​​​របស់​​​លោក ស៊ុន  ចាន់ថុល ហើយ​​​រំលោភ និង​​​សម្លាប់​​​អ្នកស្រី  ស៊ុន សូថា ព្រម​​​ទាំង​​​កូន​​​ស្រី​​​អាយុ​​​៩​​​ឆ្នាំ​​​របស់​​​គាត់​​​។ មនុស្ស​​​បី​​​នាក់​​​ផ្សេង​​​ទៀត​​​ក៏​​​ត្រូវ​​​បាន ផ្តន្ទាទោស​​​ឲ្យជាប់​​​ពន្ធនាគារ​​ដែរ​ ដោយ​​​សារ​​​ការ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​របស់​​​ពួកគេ​​​ក្នុង​​​ផែន​​​ការ​​​នេះ​​​គឺ​​​អ្នក​​​បម្រើ​​​​​​​​​ពីរ​​​នាក់​​​ និង​​​បុរសស៊ីឈ្នួល​រូប​​​នេះ​​​។

ពេល​​​ផ្តល់​​​សក្ខីកម្ម​​​អំឡុង​​​ការ​​​បើក​​​សវនាការ​​​ ជា​​​លើក​​​ទី​​​៣​​​កាល​​​ពីម្សិលមិញ នាង​​​ ស៊ីណាត ​អ្នក​បម្រើ​​​​​​​ម្នាក់​​​​​​ក្នុង​​​ចំណោម​​​អ្នក​បម្រើ​ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​កាល​​​ពី​​​ឆ្នាំ​​​២០១១ បាន​​​ប្រាប់​​​តុលាការ​​​ថា ខណៈ​​​នាង​​​​ពិត​​​ជា​​​បាន​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​ផែន​​​ការ​​​ប្រឆាំង​​​គ្រួសារ​​​របស់​​​លោក ស៊ុន ចាន់​​​ថុល​​​ មែន​​​នោះ នាង​​​មិន​​​ដឹង​​​អំពី​​​ការ​​​ពាក់​​​ព័ន្ធ​​​ណា​​​មួយ​​​របស់​​​អ្នក​​​ស្រី ឡាយ  ហួង ឬ​​​លោក ខូវ​​​ ផល្លាបុត្រ ឡើយ​​​។

នាង ស៊ីណាត ដែល​​​ធ្វើ​​​ការ​​​នៅ​​​ផ្ទះ​​​របស់​លោក ស៊ុន ចាន់​​​ថុល បាន​​​និយាយ​​​ថា “ខ្ញុំ​​​បាន​​​​​​ធ្វើមែន​ ប៉ុន្តែ ខ្ញុំ​​​មិន​​​ដឹង​​​អំពី​​​​អ្នក​​​ស្រី ឡាយ  ហួង និង​​​លោក ខូវ​​​ ផល្លាបុត្រ​​​ ទេ​​​”។

នាង​​​ ស៊ីណាត បាន​​​បន្ថែម​​​ថា “ខ្ញុំ​​​ធ្វើ​​​រឿង​​​នេះ ​​​ព្រោះ​​​ខ្ញុំ​​​ទទួល​​​បញ្ជា​​​ពី​​​​ ចាន់ សុខា និង​​​អ្នក​​​ស្រី ខូវ  សេង​​​ចន្តា “។ ចាន់ សុខា ដែល​ជា​អ្នក​​​បម្រើ​​​​​​​ទី​​​២​​​ ធ្លាប់​​​បាន​​​ធ្វើការ​​​នៅ​​​​​​អា​ផាតមិន  របស់​​​លោក ខូវ​​​ ជឺលី ។

នាង​ ស៊ីណាត ​បាន​​​និយាយបន្ត​​​​ថា “អំឡុង​ពេល​​​នោះ​​​ ចាន់​​​ សុខា បាន​​​ឲ្យ​​​ថ្នាំ​​​ងងុយ​​​ដេក​​​មក​​​ខ្ញុំ​​​១០​​​គ្រាប់​​​ ហើយ​​​ខ្ញុំ​​​បាន​​​យក​​​វា​​​ទៅ​​​លាយ​​​ជាមួយ​​​អាហារ​​​មុន​​​ពេល​​​យក​​​ទៅ​​​ឲ្យ​​​ឆ្កែ​​​ និង​​​អ្នក​​​បម្រើ​​​ផ្សេង​​​ទៀត​​​ស៊ី។ នៅ​​​ពេល​​​នោះ​​​ឆ្កែ​​​​និង​​​អ្នក​​​បម្រើ​​​សុទ្ធ​​​តែ​​​ដេក​​​លក់​​​អស់​​​”។

ក្រឡា​​​បញ្ជី​​​ម្នាក់​​​ក៏​​​បាន​​​អាន​​​សំណុំ​​​ឯកសារ​​​របស់​​​​​​មេ​​​គ្រួសារ​​​​​​ត្រកូល​​​ ខូវ គឺ​​​លោក ​​​ខូវ​​​  ជឺលី ដែរ។​មេគ្រួសាររូបនេះ​ ​ក៏​​​ជា​​​ពាណិជ្ជករ​​​​​​ម្នាក់​​​ក្នុង​​​ចំណោម​​​ពាណិជ្ជករ​​​ដែល​​​មាន​​​ទ្រព្យ​​​សម្បត្តិ​​​ស្តុក​​​ស្តម្ភ​​​បំផុត​​​នៅ​​​កម្ពុជា​​​ដែរ​​ ហើយក៏​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ដោយ​​​ ចាន់ សុខា ថា  មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​ផែន​​​ការ​​​នេះ​​​ដែរ​​​។

​​​ លោក ខូវ ជឺលី បាន​​​លើក​​​ឡើង​​​ថា ” ខ្ញុំ​​​មិន​​​បាន​​​រៀប​​​ចំ​​​ផែន​​​ការ​​​ដើម្បី​​​ឲ្យ​​​គេ​​​រំលោភ​​​ និង​​​សម្លាប់​​​កូន​​​ស្រី និង​​​ចៅ​​​ស្រី​​​របស់​​​ខ្ញុំ​​​ឡើយ”​។ លោក​​​​បន្ត​​​ដោយ​ចោទ​​​ប្រកាន់​​​លោក ស៊ុន  ចាន់​​​ថុល​​​ ដែល​​​ជា​​​កូន​​​ប្រសា​​​របស់​​​ខ្លួន​​​ថា ជា​​​អ្នក​​​រៀបចំ​​ផែន​​​ការ​​​នេះឡើង។​

លោក​​​បាន​​​មានប្រសាសន៍​ថា ”ផែនការ​​​នេះ​​​រៀប​​​ចំ​​​ដោយ​​​ ស៊ុន ចាន់ថុល​​​”។​ លោក​​​បាន​​​បន្ថែម​​​ថា ប៉ុន្មាន​​​ថ្ងៃ​​​បន្ទាប់ពី​​​មានការ​​​ប៉ុន​​​ប៉ង​អនុវត្ត​ផែនការ​​​រំលោភ​​​សម្លាប់​​​​​​ លោក​​​ស៊ុន ចាន់​​​ថុល​​​ បាន​​​ព្យាយាម​​​ធ្វើ​ឲ្យ​គាត់​​​ជឿ​​​​ថា ​​​ផែនការ​ដ៏​​​​គ្រោះ​​​ថ្នាក់​​​នេះ​ រៀបចំឡើង​ដោយ ​​​​អ្នក​​​ស្រី សេង ចិន្តា និង​​​អ្នក​​​ស្រី ឡាយ ហួង ។

លោក ខូវ ជឺលី បាន​​​លើក​​​ឡើង​​​​​​ថា “កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៩ ខែ​​​មិថុនា ឆ្នាំ​​​២០១០​​​ ស៊ុន ចាន់​​​ថុល​​​ ​​​បាន​​​ប្រាប់​​​ខ្ញុំ​​​ថា សេង ចិន្តា ចង់​​​សម្លាប់​​​ខ​​​្ញុំ​​​​​​​​​​​ហើយ​​​ ឡាយ ហួង ចង់​​​សម្លាប់​​​ ខូវ​​​ ផល្លាបុត្រ” ​​​។

“ អំឡុង​​​ពេល​​​នោះ​​​ ខ្ញុំ​​​ដឹង​​​ថា ​​​ឯកឧត្តម ​​​ស៊ុន ចាន់​​​ថុល​​​ បាន​​​រៀប​​​ផែន​​​ការ​​​នេះ​​​ ព្រោះ​​​គាត់​​​ចង់​​​បាន​​​ទ្រព្យ​​​សម្បត្តិ​​​របស់​​​ខ្ញុំ​​​ ហើយ​​​ខ្លាច​​​ប្រពន្ធ​​​របស់​​​ខ្ញុំ​​​ទទួល​​​បាន​​​ទ្រព្យ​​​សម្បត្តិ​​​នេះ​​​”។

លោក ខូវ​​​ ជឺលី បាន​​​បន្ថែម​​​​ថា រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ពាណិជ្ជកម្ម​​​រូប​​​នេះ​​​ ក៏​​​បាន​​​ឲ្យ​​​គាត់​​​ចោទ ​ប្រកាន់​លើ​​​អ្នកស្រី ឡាយ ហួង ដើម្បី​​​ជា​​​ថ្នូរ​​​នឹង​ការ​​​​ដោះ​​​លែង​​​ភរិយារបស់​​​គាត់​​​ផង​ដែរ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ស៊ុន ចាន់​​​ថុល ព្យាយាម​​​ឲ្យ​​​ខ្ញុំ​​​ចោទ​​​ប្រកាន់​​​ ឡាយ ​​​ហួង ​​​ដោយ​​​និយាយ​​​ថា គាត់​​​នឹង​​​ជួយ​​​ឲ្យ​​​គេ​​​ដោះ​​​លែង​​​ប្រពន្ធ​​​របស់​​​ខ្ញុំ​​​ ប៉ុន្តែ ខ្ញុំ​​​មិន​​​អាច​​​ធ្វើ​​​បែប​​​នេះ​​​បាន​​​ទេ​”។

“ស៊ុន ចាន់​​​ថុល បាន​​​ព្យាយាម​​​ធ្វើ​​​ឲ្យ​​​គ្រួសារ​​​ របស់​​​ខ្ញុំ​​​បែក​​​ខ្ញែក​​​”។

ការ​​​បើក​​​សវនាការ​​​កាល​​​ពី​​​ម្សិល​​​មិញ ​​​បញ្ចប់​​​ដោយ​​​មាន​​​ការ​​​ចាក់​​​បញ្ចាំង​​​កិច្ច​​​សម្ភាសន៍ ​​​រយៈ​​​ពេល​​​មួយ​​​ម៉ោង​​​រវាង​​​លោក ខូវ ​​​ផល្លា​​​បុត្រ ​​​និង​​​លោក សយ សុភាព ម្ចាស់​​​គេហទំព័រ​​​សារព័ត៌មាន​​​ដើម​​​អម្ពិល​​​ តាម​​​សំណើ​​​របស់​​​លោក ប៉ាល់​ ចាន់​​​តារា មេធាវីរបស់​​​លោក ​​​ស៊ុន ​​​ចាន់​​​ថុល​​​។

លោក ខូវ ផល្លាបុត្រ បាននិយាយ​​​​​​អំឡុង​​​ពេល​សម្ភាសថា “ខ្ញុំ​​​មានការ​​​សោក​​​ស្តាយ​​​ណាស់​​​ ដែល​​​ពី​​​មុន​​​ជឿ​​​ជាក់​​​លើ​​​ ឡាយ​​​ ហួង “។ ​​​លោក​​​បាន​​​ពន្យល់​​​ថា ឥឡូវ​​​នេះ​​​គាត់​​​ជឿ​​​ហើយ​​​​​​ថា អតីត​​​ភរិយា​មិន​​​បាន​​​រៀបការ​​​របស់​​​គាត់​​​ពិត​​​ជា​​​មាន​​​ពិរុទ្ធភាព មុន​​​ពេល​​​ធ្វើការ​​​សូម​​​អភ័យ​​​ទោស​​​ចំពោះ​​​លោក ស៊ុន ចាន់​​​ថុល និង​​​ភរិយា​​​របស់​​​រដ្ឋ​​​មន្ត្រី​​​រូប​​​នេះ​​​។

ពេល​​​និយាយ​​​ទៅ​​​កាន់​​​អ្នក​​​យក​​​ព័ត៌មាន ​​​ខណៈ​​​​​​ខ្លួន​ត្រូវ​​​បាន​​​ក្រៀក​ចេញ​​​ពី​​​បន្ទប់​​​សវនាការ​​​ អ្នក​​​ស្រី ឡាយ ហួង បាន​​​និយាយ​​​ថា អតីត​​​ស្វាមី​​​របស់​​​អ្នក​​​ស្រី​​​និយាយ​​​កុហក​​​នៅ​​​ក្នុង​​​វីដេអូ​​​នេះ​​​​​។

អ្នក​​​ស្រី​​​បាន​​​លើក​​​ឡើង​​​ថា “ខូវ ​​​ ផល្លា​​​បុត្រ    មិន​​​បាន​​​និយាយ​​​ការ​​​ពិត​​​ទេ​​​។ គាត់​​​ខឹង​​​ខ្ញុំ​​​ដោយ ​​​សារ​​​ខ្ញុំ​​​ដាក់​​​ពាក្យ​​​ប្តឹង​​​សុំ​​​លែង​​​លះ​​​ ហើយ​​​ទាម​​​ទារ​​​ចែក​​​ទ្រព្យ​​​សម្បត្តិ​​​”។

ការ​​​បើក​​​សវនាការ​​​នេះ​​​គ្រោង​​​បន្ត​​​នៅ​​​ថ្ងៃ​​​នេះ​​​៕ ស៊ុយឈាង​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស