យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃដែលបញ្ចេញឲ្យដឹងកាលពីម្សិលមិញឲ្យដឹងថា ការជួញដូរមនុស្សចេញពីប្រទេសកម្ពុជាគឺកើនឡើង ហើយយោងតាមរបាយការណ៍អង្គការសហប្រជាជាតិដាច់ដោយឡែកមួយឲ្យដឹងថា បញ្ហានេះកើតឡើងដោយសារតែការគ្រប់គ្រងព្រំដែនធូររលុង និងភាពខុសគ្នាផ្នែកសេដ្ឋកិច្ចនៅក្នុងតំបន់។
យោងតាមរបាយការណ៍ដែលបញ្ចេញក្នុងពេលសន្និបាតប្រចាំឆ្នាំស្តីពីការប្រឹងប្រែងប្រឆាំងការជួញដូរមនុស្សនៅឯក្រសួងមហាផ្ទៃក្នុងក្រុងភ្នំពេញឲ្យដឹងថា កាលពីឆ្នាំមុន នគរបាលបានជួយសង្គ្រោះជនរងគ្រោះដោយសារការជួញដូរចំនួន២៩៥នាក់ គឺចំនួនច្រើនជាងពាក់កណ្តាលនៃស្ត្រីត្រូវគេជួញដូរសម្រាប់អាជីវកម្មផ្លូវភេទ។
យោងតាមរបាយការណ៍ឲ្យដឹងថា ជនរងគ្រោះទាំងនេះគឺជាផ្នែកនៃករណីជួញដូរមនុស្សដាច់ដោយឡែកពីគ្នាចំនួន១០៥ករណី ពោលគឺកើនឡើងពី៩៥ករណីនៅក្នុងឆ្នាំ២០១៤។
អ្នកស្រី យក់ សុខា អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានមានប្រសាសន៍នៅក្នុងសន្និបាតនោះថា “ក្នុងឆ្នាំ២០១៥ យើងបានកត់សម្គាល់ឃើញថា សកម្មភាពជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទនៅតែកើនឡើង ទោះបីជាសកម្មភាពខ្លះបានផ្លាស់ប្តូរក៏ដោយ”។
ឧត្តមសេនីយ៍ឯក អ្នកស្រី សុខា បានមានប្រសាសន៍ថា អ្នកនេសាទ ពលករបម្រើតាមផ្ទះ និងស្ត្រីជាកូនក្រមុំ បានកើតមានឡើងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗកន្លងទៅនេះ ជាក្រុមដែលងាយទទួលរងគ្រោះថ្នាក់បំផុតដែលនឹងក្លាយទៅជាជនរងគ្រោះដោយសារការជួញដូរ។
អ្នកស្រីអគ្គស្នងការរងនគរបាលជាតិរូបនេះបានមានប្រសាសន៍ថា “កង្វះព័ត៌មាន ការអប់រំ និងភាពក្រីក្រ មានន័យថា ប្រជាពលរដ្ឋនៅតាមតំបន់ជនបទ គឺងាយនឹងគេបោក។ អាជ្ញាធរមូលដ្ឋានខ្លះមិនបានដឹងអំពីបញ្ហានេះទេ។ វានៅតែខ្វះការសហការនៅថ្នាក់មូលដ្ឋាន”។
របាយការណ៍និយាយថា ទោះជាយ៉ាងនេះក្តី ក្រុងភ្នំពេញមានចំនួននៃករណីជួញដូរខ្ពស់បំផុត ដោយមានជនរងគ្រោះចំនួន៥៦នាក់ដែលសង្គ្រោះដោយនគរបាលកាលពីឆ្នាំ។ ទោះបីជារបាយការណ៍នេះមិនបានផ្តល់តួលេខថា មានមនុស្សប៉ុន្មាននាក់ត្រូវបានគេជួយសង្គ្រោះនៅខាងក្រៅប្រទេសកម្ពុជាក៏ដោយ ក៏របាយការណ៍នេះបានកត់សម្គាល់ថា ប្រទេសថៃគឺជាគ្រោះថ្នាក់សម្រាប់កម្មករចំណាកស្រុក។ ពលរដ្ឋកម្ពុជារាប់រយនាក់ដែលគេបង្ខំឲ្យធ្វើការនៅលើទូកនេសាទថៃ ត្រូវបានគេបញ្ជូនមកមាតុភូមិវិញកាលពីឆ្នាំកន្លងទៅ ក្នុងពេលដែលឧស្សាហកម្មនេះបានស្ថិតនៅក្រោមការពិនិត្យពិច័យជាអន្តរជាតិ។ ចំនួននៃស្ត្រីខ្មែរដែលធ្វើដំណើរទៅប្រទេសចិនដើម្បីរៀបការជាមួយបុរសជនជាតិចិន ហើយដែលតែងតែជួបបញ្ហារកាំរកូសដោយប្តីធ្វើបាប ឬក៏ត្រូវគេលក់ឲ្យធ្វើជាស្ត្រីពេស្យាក៏បានកើនឡើងដែរក្នុងប៉ុន្មានឆ្នាំថ្មីៗកន្លងទៅនេះ។
ក្នុងពេលដែលស្ត្រីចូលបម្រើការងារតាមផ្ទះនៅឯបរទេស គឺងាយទទួលរងការធ្វើបាប និងជំពាក់បំណុលគេនោះ នាពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងចរចាជាមួយប្រទេសម៉ាឡេស៊ី និងអារ៉ាប៊ី សាអ៊ូឌិត ជាប្រទេសដែលមានឈ្មោះមិនល្អចំពោះការការពារកម្មករចំណាកស្រុក ដើម្បីបើកផ្លូវឲ្យពលករទៅធ្វើការតាមផ្ទះ។
ការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មបានចេញរបាយការណ៍មួយកាលពីម្សិលមិញ ដែលមានចំណងជើងថា “ការពារសន្តិភាព និងវិបុលភាពនៅក្នុងអាស៊ីអាគ្នេយ៍ៈ បញ្ចូលរបៀបវារៈសេដ្ឋកិច្ចនិងសន្តិសុខក្នុងពេលតែមួយ ដែលចាត់ទុកប្រទេសកម្ពុជាស្ថិតក្នុងប្រទេសនានា ដែលមានប្រជាពលរដ្ឋប្រឈមនឹងហានិភ័យខ្ពស់ដោយរងការជួញដូរ។
របាយការណ៍និយាយថា “កម្មករចំណាកស្រុកគ្មានជំនាញដែលធ្វើដំណើរទៅប្រទេសថៃ សិង្ហបុរី ឥណ្ឌា និងចិន គឺភាគច្រើនមកពីប្រទេសអភិវឌ្ឍតិចតួច ដូចជាប្រទេសកម្ពុជា ឡាវ ភូមា និងវៀតណាមជាដើម”។
របាយការណ៍និយាយថា កំណើននៃមនុស្សថ្នាក់កណ្តាលនៅក្នុងប្រទេសមួយចំនួនក្នុងតំបន់ផ្តល់ឱកាសឲ្យកម្មករមកពីប្រទេសនានា ដូចជាប្រទេសកម្ពុជាជាដើម ប៉ុន្តែឱកាសនេះក៏មានហានិភ័យចំពោះការធ្វើអាជីវកម្មដែរ។
របាយការណ៍បាននិយាយបន្តថា “អ្នករត់ពន្ធមនុស្ស និងអ្នកជួញដូរមនុស្សឆ្លៀតឱកាសឆក់យកភាពងាយរងគ្រោះនេះ ដោយបង្ខំឲ្យពួកគេធ្វើការក្នុងស្ថានភាពកេងប្រវ័ញ្ច ឬដូចជាទាសករ”។
របាយការណ៍បាននិយាយថា ការគ្រប់គ្រងព្រំដែនធូររលុងកាន់តែខ្លាំងក្នុងបណ្តាប្រទេសនានាក្នុងតំបន់ ដែលមានបំណងបន្ធូរបន្ថយពាណិជ្ជកម្ម គឺធ្វើឲ្យការអនុវត្តច្បាប់កាន់តែជួបការលំបាក។
របាយការណ៍បាននិយាយថា “ការផ្លាស់ប្តូរការគ្រប់គ្រងចំណាកស្រុក និងនិយតកម្មការងារដោយសេរី គឺកាត់បន្ថយហានិភ័យ និងតម្លៃសម្រាប់អ្នករត់ពន្ធនិងអ្នកជួញដូរមនុស្ស ទន្ទឹមនឹងកាត់បន្ថយវិធានការជាមូលដ្ឋានសម្រាប់ទីភ្នាក់ងារអនុវត្តច្បាប់”។
អ្នកស្រី ហេឡិន ស្វន ជាស្ថាបនិកនិងជានាយកអន្តរជាតិនៃអង្គការប្រឆាំងការជួញដូរឈ្មោះ ចាប់ដៃ បានមានប្រសាសន៍ថា តំបន់នេះគឺស្ថិតនៅលើទីចោតនៃការផ្ទុះឡើងនូវចំណាកស្រុកដែលនឹងកើតឡើងឥតព្រាងទុក។
អ្នកស្រី ស្វន បានមានប្រសាសន៍ថា “ដោយសារតែសមាហរណកម្មអាស៊ានកាន់តែទូលំទូ លាយ និងសមាហរណកម្មមហាតំបន់ទន្លេមេគង្គ យើងនឹងឃើញចលនានៃកម្មករគ្មានជំនាញគឺមានកម្រិតខ្ពស់ដែលយើងពុំដែលឃើញពីមុនមក ដោយធ្វើឲ្យកម្មករចំណាកស្រុកជាច្រើនងាយទទួលរងការជួញដូរ”។
អ្នកស្រី ស្វន បានមានប្រសាសន៍បន្តថា “យើងត្រូវមើលបញ្ហានេះមិនមែនជារឿងប្រទេសមួយទេ ប៉ុន្តែ មើលឃើញវាជាបញ្ហាថ្នាក់តំបន់។ អង្គការនានានៅក្នុងបណ្តាប្រទេសទាំងឡាយត្រូវទាក់ទងគ្នាឲ្យស្អិតល្មួតថែមទៀត ហើយរដ្ឋាភិបាលនៃប្រទេសទាំងនោះត្រូវប្រាស្រ័យទាក់ទងគ្នាឲ្យកាន់តែខ្លាំង”៕រើន