37 C
Phnom Penh

សកម្មជន​ដីធ្លី​​មាន​​មន្ទិល​​លើ​ការ​សន្យា​​អំពី​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់ពី​ការ​​ប្រកាស​​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ថា ការ​ពិនិត្យ​ទូទាំង​ប្រទេស​​នូវ​សម្បទាន​​ដី​សេដ្ឋកិច្ច​​ (ELCs) ​បាន​រក​ឃើញ​ថា ​ដី​ប្រហែល​១លាន​ហិកតា​​បាន​ដក​ហូត​​មក​វិញ​ពី​ក្រុមហ៊ុន​​នានា​នោះ​​ ក្រុម​អ្នក​គាំទ្រ​សិទ្ធិដីធ្លី​​កាលពីថ្ងៃសុក្រ​​បាន​​មាន​មន្ទិល​លើ​ការ​អះអាង​នេះ​ ដោយ​លើក​ឡើង​​អំពី​កង្វះ​តម្លាភាព​​​អំពី​របៀប​ដែល​ការ​ពិនិត្យ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​។

កាលពី​ឆ្នាំ​២០១២ លោក ហ៊ុន សែន បាន​​ផ្អាក​​ការ​ផ្ដល់​​​សម្បទាន​ដីសេដ្ឋកិច្ចថ្មី​ ​ដែល​ជា​រឿយៗ​ជាប់​ពាក់​ព័ន្ធជាមួយ​​ការ​រំលោភ​សិទ្ធិ​ និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ និង​បាន​សន្យា​​ថា រដ្ឋាភិបាល​របស់​លោក​នឹង​ពិនិត្យ​ឡើង​វិញ​នូវ​ដី​ទាំង​អស់​២លាន​ហិកតា​នៃ​សម្បទាន​​ទាំង​អស់​ ដើម្បី​កំណត់​​​ថាតើ​ដី​ទាំង​នោះ​កំពុង​​បាន​​ប្រើ​​ដោយ​ត្រឹម​ត្រូវ​ឬយ៉ាង​ណា។

លោក​នាយករដ្ឋមន្ត្រី​បាន​ប្រកាស​​លទ្ធផល​នៃ​ការ​ពិនិត្យ​ឡើង​វិញ​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​បាន​សន្យា​ថា ដី​១លានហិកតា​ដែល​ដក​ហូត​​នឹង​ត្រូវ​បែង​ចែក​ជា​ថ្មី​ឲ្យ​គ្រួសារ​ក្រីក្របំផុត​នៅ​ប្រទេស​កម្ពុជា​។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “​ឥឡូវ​ដី​ប្រមាណ​១.០៩០.០០០ហិកតា​​ដែល​មាន​​ការ​ដាំដុះ​​រួច​​ហើយនោះ ត្រូវ​រក្សា​ទុក​​ឲ្យ​វិនិយោគ​​បន្ត​​ ហើយ​ផ្ទៃ​ដី​​ជិត​១លាន​ហិកតា​​ត្រូវ​បាន​ដកហូត​មក​វិញ”។

ទោះ​យ៉ាង​នេះ​ក្ដី មេដឹកនាំ​សង្គម​ស៊ីវិល​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា រដ្ឋាភិបាល​​មិន​បាន​បញ្ចេញ​​ព័ត៌មាន​សាធារណៈ​គ្រប់គ្រាន់​ដើម្បី​​ឲ្យ​ពួកគេ​អាច​វាយ​តម្លៃ​ផលប៉ះពាល់​​នៃ​ការ​ប្រកាស​របស់​លោក ហ៊ុន សែន ទេ។ ​ពួកគេ​បាន​និយាយ​ថា សំខាន់​បំផុត​នោះ​​ គឺ​ព័ត៌មាន​ពិស្ដារ​នៃ​​ទំហំ​​ដី​​ប៉ុន្មាន​ត្រូវ​យក​មក​វិញ​ពី​ក្រុមហ៊ុន​ណាខ្លះ​។

លោកស្រី ណាលី ពីឡូក ​ប្រធាន​អង្គការ​សិទ្ធិមនុស្ស​លីកាដូ បាន​និយាយ​តាម​រយ​ៈ​​អុីម៉េល​ថា “​បើ​គ្មាន​សេចក្ដី​ពិស្ដារ​ និង​ឯកសារ​បន្ថែម​ទេ​នោះ យើង​មិន​អាច​បញ្ជាក់​ភាព​ត្រឹម​ត្រូវ​នៃ​តួលេខ​នេះ​បាន​ទេ។

លោកស្រី​បាន​និយាយ​ថា ​”​ប្រសិន​បើ​រដ្ឋាភិបាល​បញ្ចូល​ដី​មក​ពី​សម្បទាន​កាប់​ឈើ​ដែល​​ត្រូវ​បាន​ផ្អាក​១៥​ឆ្នាំ​មក​ហើយ​នោះ តួលេខ​អាច​មាន​ចំនួន​ប្រហែល​១លាន​ហិកតា​ ប៉ុន្តែ​បើ​គ្មាន​​ព័ត៌មាន​ពិស្ដារ និង​ឯកសារ​​ថែម​ទៀត​ទេនោះ មិន​អាច​វាយ​តម្លៃ​ការ​អះអាង​ឬ​តួលេខ​នេះ​​បាន​ទេ​”។

លោក ឡាត់ គី ប្រធាន​កម្មវិធី​សិទ្ធិ​​ដីធ្លី​ និង​ធនធាន​ធម្មជាតិ​របស់​អង្គការ​អាដហុក​ បាន​​យល់ស្រប​ថា នៅ​មិន​ទាន់​មាន​ព័ត៌មាន​អាច​ទទួល​បាន​​ជា​សាធារណៈ​គ្រប់គ្រាន់​នៅ​ឡើយ​អំពី​ដី​ធ្លី​ដកហូត​​​មក​វិញ​ ដើម្បី​ផ្ទៀង​ផ្ទាត់​​នោះ​​ទេ​។

​លោក ឡាត់ គី បាន​និយាយ​ថា “​​យើង​មិន​ដឹង​ថា​តើ​វា​ត្រឹម​ត្រូវ​ឬ​មិន​ត្រឹម​ត្រូវ។ ​វា​នឹង​ងាយ​ស្រួល​ផ្ទៀង​ផ្ទាត់​តួលេខ​នេះ​ ប្រសិន​បើ​តួលេខ​នេះ​ចេញ​​ដោយ​មាន​ព័ត៌មាន​​ពិស្ដារ​ទាក់​ទិន​នឹង​ក្រុមហ៊ុន​ និង​ខេត្ត​នីមួយៗ​”។

​លោកបាន​និយាយ​ថា លោក​បាន​ព្យាយាម​​​ស្វែង​រក​ព័ត៌មាន​ថែម​ទៀត​តាម​គេហទំព័រ​រដ្ឋាភិបាល ប៉ុន្តែ​មិន​បាន​ការ​សោះ​។ លោក​បាន​បន្ថែម​ថា អ្នក​ភូមិ​ដែល​រង​​ផល​ប៉ះពាល់​ដោយ​សម្បទាន​ដីសេដ្ឋកិច្ច​ កាន់​តែ​ច្របូកច្របល់​​ថែមទៀត​។

លោក​បាន​បន្ថែម​ទៀត​ថា “​សូម្បី​តែ​យើង​​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ក៏​​ប្រឈម​នឹង​ការ​លំបាក​​ក្នុង​ការ​ស្វែង​រក​ព័ត៌មាន​​ដែរ​។ ​ចុះ​ទម្រាំ​​ពលរដ្ឋ​​ធម្មតា​​ដែល​ចង់​បាន​​ព័ត៌មាន​នេះ​ ជា​ពិសេស​អ្នក​ដែល​បាន​រងគ្រោះ​ដោយ​សារ​សម្បទាន​ដី​សេដ្ឋកិច្ច​យ៉ាង​ម៉េច​ដែរ​​”។

លោក​ អ៊ូ វីរៈ អ្នក​វិភាគ​នយោបាយ និង​ជា​ស្ថាបនិក​នៃ​អង្គការ​វេទិកា​អនាគត​ បាន​និយាយ​ថា ​លោក​គិត​ថា វា​​កាន់​តែ​មិន​ទំនង​ថា ​ដី​១លាន​ហិកតា​​​នឹង​ត្រូវ​បែង​ចែក​ទៅ​ឲ្យ​អ្នក​ក្រីក្រ​​ដោយសារ​​តែ​ការ​លំបាក​ផ្នែក​ភ័ស្តុភារ​​នៃ​គម្រោង​បែប​នេះ។

លោក​បាន​និយាយ​ថា “​ទេ ខ្ញុំ​គិត​ថា ​រឿង​នេះ​ពិបាក​ណាស់​។ ខ្ញុំ​មិន​ដឹង​​​ថា​ពួកគេ​នឹង​ប្រគល់​វា​មក​វិញ​បែប​ណា​ទេ។ ​តើ​ពួកគេ​ទទួល​ស្គាល់​ថា ពួកគេ​ពិត​ជា​បាន​​​រឹបអូស​យក​វា​​ពី​គ្រួសារ​ក្រីក្រ​​​១លាន​ហិកតា​នេះ​ឬ?”។

លោក​បាន​បន្ថែម​ថា រដ្ឋាភិបាល​ក៏​គួរ​ផ្ដោត​លើ​​​ការ​ដាំដើម​ឈើ​ឡើង​វិញ​ ដែល​​មាន​ដី​មួយ​ផ្នែក​ធំ​ត្រូវ​បាន​​កាប់​នៅ​ក្នុង​ព្រំប្រទល់​នៃ​សម្បទាន​​ឯកជន​។

លោក​បាន​និយាយ​ថា ​”​​តើ​អ្នក​ដឹង​ថា នរណា​​ដែល​នឹង​ត្រូវ​ប្រគល់​ឲ្យ​វិញ​? គឺ​ព្រៃឈើ​។ ពួកគេ​​គួរ​ប្រាកដ​ថា ដី​នោះ​ត្រូវ​​​ដាំ​ដើម​ឈើ​ឡើង​វិញ​ ហើយ​ប្រសិន​បើ​មាន​សហគមន៍​ណាមួយ​​ដែល​ចង់​បាន​វា​មក​វិញ នោះ​មុខ​ជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​​ដែល​​ទទួល​​ប្រយោជន៍ពី​ព្រៃ​នោះ ប៉ុន្តែ​មិន​មែន​ជា​ម្ចាស់​ព្រៃទេ”។

លោក អា៊ង វុទ្ធី ប្រធាន​អង្គការ​សមធម៌​កម្ពុជា​បាន​ស្វាគមន៍​គំនិត​នៃ​ការ​​ផ្ដល់​ដី​១លាន​ហិកតា​ឲ្យ​គ្រួសារ​ក្រីក្រ​ ប៉ុន្តែ​បាន​និយាយ​ថា ​ការ​ប្រគល់​ដី​ទៅ​ឲ្យ​ម្ចាស់​ដើម​វិញ​​​​គួរ​​តែជា​អាទិភាព។

លោក​បាន​និយាយ​ថា “​នេះ​ជា​ដំណឹង​ល្អ​ ប៉ុន្តែ​យើង​ចង់​​ឃើញ​​សកម្មភាព​ពិត​កើត​ឡើង​ មិន​មែន​តែ​លើ​ក្រដាស​នោះ​ទេ”។

ទាំង​រូប​លោក​ និង​លោកស្រី ណាលី ពីឡូក ​បាន​លើក​ឡើង​​អំពី​ករណី​មួយ​ក្នុង​ខេត្ត​ឧត្ដរមានជ័យ ពាក់​ព័ន្ធ​នឹង​ក្រុមហ៊ុន​ មិត្រ ផល (Mitr Phol) ជាក្រុមហ៊ុន​​ស្ករស​ដ៏ធំ​របស់​ថៃ​ ដែល​​រង​ការ​ចោទ​ប្រកាន់​ថា​បាន​បង្ខំ​ប្រជាជន​ប្រហែល​២.០០០គ្រួសារ​ចេញពី​​ដីស្រែចម្ការ​របស់​ពួកគេ​ បន្ទាប់ពី​ទទួល​បាន​សម្បទាន​​លើ​ផ្ទៃ​ដី​សរុប​២០.០០០​ហិកតា​ក្នុង​ឆ្នាំ​២០០៨។

​នៅ​ចុង​ឆ្នាំ​២០១៤ ក្រុមហ៊ុន​នេះ​បាន​​បោះបង់​​​សម្បទាន​នោះ​ចោល​ ដែល​បាន​​ឈូស​ឆាយ​​ដី​ភាគច្រើន​ ប៉ុន្តែ​បាន​ដាំ​អំពៅ​បន្តិច​បន្តួច​។ ទោះ​ជាយ៉ាង​នេះ​ក្ដី ដី​នោះ​​មិន​ទាន់​បាន​ប្រគល់​ទៅ​ឲ្យ​​អ្នក​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​​នៅ​ឡើយ​ទេ។

លោក វុទ្ធី បាន​និយាយ​ថា “​​យើង​ទាំង​អស់​គ្នា​សុទ្ធតែ​ដឹង​ថា ​ដី​នោះ​ជា​របស់​ប្រជាជន​ មុន​ពេល​ការ​មក​ដល់​របស់​ក្រុមហ៊ុន​នេះ​នៅ​តំបន់​នោះ​។ ទីនោះ​ធ្លាប់​ជា​វាលស្រែ​ និង​ជា​ភូមិ​មួយ​​ ហើយ​យើង​បាន​ចងក្រង​​ឯកសារ​នេះ​ច្រើន​ឆ្នាំ​ហើយ ​ដូច្នេះ​គួរ​តែ​ជា​អាទិភាព​ ហើយ​ប្រគល់​​ឲ្យ​ប្រជាជន​វិញ​”។

ថ្វី​បើ​​​រហូត​មក​ដល់​ពេល​នេះ​​មិន​មាន​លទ្ធផល​អ្វី​ក៏ដោយ ក៏អ្នកស្រី ហ៊ួយ ម៉ៃ​ តំណាង​​គ្រួសារ​ដែល​ត្រូវ​បណ្ដេញ​ចេញពី​ដីធ្លី​របស់​ខ្លួន​​ដើម្បី​បើក​ផ្លូវ​ឲ្យ​ក្រុមហ៊ុន មិត្រ ផល​ បាន​និយាយ​ថា ​អ្នកស្រី​មាន​សុទិដ្ឋិនិយម​អំពី​ការ​ថ្លែង​របស់​​លោក​នាយករដ្ឋមន្ត្រី​។

អ្នកស្រី ម៉ៃ បាន​និយាយ​ថា “​អ្នកភូមិ​របស់​យើង​​គិត​ថា អាជ្ញាធរ​មូលដ្ឋាន​មាន​បំណង​អាក្រក់​ចង់​​ទុក​ដី​នោះ​យក​ខ្លួនឯង​ ដូច្នេះ​ហើយ​ពួកគេ​ធ្វើ​ព្រងើយ​កន្តើយ​នឹង​សំណើ​​ឲ្យ​ប្រគល់​ដី​នោះ​មក​យើង​វិញ”។

​អ្នកស្រី​បាន​និយាយ​ថា “​​ទោះ​យ៉ាង​នេះ​ក្ដី ខ្ញុំ​ជឿជាក់​​យ៉ាង​ខ្លាំង​ថា យើង​នឹង​បាន​ដី​របស់​យើង​​មក​វិញ​ បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី​ប្រកាស​ជា​សាធារណៈ​បែប​នេះ​ ព្រោះ​យើង​ពិត​ជា​គ្រួសារ​ក្រីក្រ​​ និង​គ្មាន​ដីធ្លី​មែន”។

លោក ស្រ៊ុន ដារិទ្ធ ​នាយក​ខុទ្ទកាល័យ​ក្រសួង​បរិស្ថាន​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទាក់​ទិន​នឹង​ការ​ពិនិត្យ​សម្បទានដី​សេដ្ឋកិច្ច​នេះ​ទេ ចំណែក​ឯ​អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម​វិញ​មិន​​អាច​​ទាក់​ទង​​បាន​ឡើយ​៕ និត​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស