ក្រោយពេលប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា គេបានចំណាយប្រាក់ចំនួន៤0.០០០ដុល្លារ ដើម្បីសាងសង់បង្គន់អនាម័យដ៏ទំនើបមួយសម្រាប់ព្រះអង្គម្ចាស់ក្សត្រីយ៍ថៃ មហាចក្រី សិរិន្ទថន ដើម្បីប្រើប្រាស់អំឡុងព្រះរាជទស្សន កិច្ចនាពេលថ្មីៗរបស់ព្រះអង្គម្ចាស់ទៅកាន់ខេត្តរតនគិរី អាជ្ញាធរបានចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃសុក្រ ដោយច្រានចោលការលើកឡើងដែលថា អគារនេះគឺជាបង្គន់អនាម័យ។
អគារនេះ ដែលព្រះអង្គម្ចាស់ក្សត្រិយ៍ថៃ បានយាងទៅទតតែមិនបានប្រើប្រាស់ បន្ទាប់ ពីសោយព្រះក្រយាថ្ងៃត្រង់នៅមាត់បឹងយក្ខឡោម ”គឺមិនមែនបង្គន់អនាម័យ” ទេ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាខេត្តរតនគិរី ដែលលើកឡើងថា ក្រុមការងារបានចុះទៅពិនិត្យអគារនេះហើយបានឃើញមានតែ ឡាបូលាងដៃ កៅអី ម៉ាស៊ីន ត្រជាក់ តុ បង្អួច និងទ្វារសម្រាប់ខ្សល់ចេញចូលប៉ុណ្ណោះ។
សេចក្តីប្រកាសព័ត៌មាននេះមានខ្លឹមសារដូច្នេះថា ”ព័ត៌មាននេះបានធ្វើឲ្យប៉ះ

ពាល់យ៉ាងខ្លាំងដល់កិត្តិយស និងសេចក្តីថ្លៃ ថ្នូររបស់ខេត្ត ជាពិសេសការរិះគន់មកលើអាជ្ញាធរខេត្ត គឺកើតចេញពីសាធារណជនដែលមិនទទួលបានព័ត៌មានច្បាស់លាស់”។ សេចក្តីប្រកាសព័ត៌មាននេះមានខ្លឹមសារបន្តដូច្នេះថា “គ្មានបង្គន់អនាម័យទេ”។
សេចក្តីប្រកាសព័ត៌មាននេះមិនបានគូសបញ្ជាក់ថា បង្គន់អនាម័យនេះដែលត្រូវបាននាំចូលពីប្រទេសថៃមក ត្រូវបានរុះចេញ ឬយកត្រឡប់ទៅប្រទេសថៃវិញឡើយ បន្ទាប់ពីព្រះអង្គម្ចាស់ក្សត្រីយ៍ បានយាងចេញពីខេត្តនេះវិញកាលពីថ្ងៃទី២២ ខែកុម្ភៈ។
លោក ញ៉ែម សំអឿន អភិបាលរងខេត្តនេះដែលពីមុនបញ្ជាក់ថា សំណង់អគារនេះគឺជាបង្គន់អនាម័យនោះបានលើកឡើងកាលពីម្សិលមិញថា លោកប្រមូលបានព័ត៌មានតាមតែពីរយៈប្រភពមិនផ្លូវការប៉ុណ្ណោះហើយមិនបានឃើញផ្នែកខាងក្នុងដោយផ្ទាល់ឡើយ។
លោកបាននិយាយទាក់ទិននឹងអគារនេះដែលឥឡូវត្រូវបានប្រែក្លាយទៅជាការិយាល័យរដ្ឋបាលក្នុងមូលដ្ឋាននោះថា ”ខ្ញុំគិតថា [វាជាបង្គន់អនាម័យ] តាមតែរយៈការជជែកជាមួយមនុស្សផ្សេងៗទៀតប៉ុណ្ណោះ”។
“វាមិនគ្រាន់តែប៉ះពាល់ដល់ខេត្ត និងអាជ្ញាធរខេត្តទេ ប៉ុន្តែ ថែមទាំងប៉ះពាល់ដល់ប្រទេសជាតិទាំងមូល ព្រោះស្តាប់ទៅវាមិនល្អទេដែលនិយាយថា យើងប្រើប្រាស់ បង្គន់អនាម័យជាការិយាល័យនោះ”។
លោក វេន ឆិ ប្រធានសហគមន៍បឹងយក្ខឡោមដែលត្រូវបានគេផ្តល់អគារនេះឲ្យបានលើកឡើងថា លោកដឹងថា សំណង់អគារ នេះគឺជាបន្ទប់ទឹក ហើយបានបន្ទោសលើការយល់ច្រឡំដែលថា បង្គន់ត្រូវបានគេរុះយកចេញ។
លោកបានមានប្រសាសន៍ថា “ដំបូងឡើយ ខ្ញុំគិតថា វាជាបង្គន់អនាម័យ ហើយអ្នកផ្សេងៗ
ទៀតក៏និយាយថា បង្គន់អនាម័យដែរ។យើង សុទ្ធតែនិយាយខុស ព្រោះវាមិនមែនជា បង្គន់អនាម័យទេ វាគឺជាបន្ទប់ទឹក”។
លោកបានបន្ថែមថា “ខ្ញុំមានបំណងប្រើប្រាស់វាជាការិយាល័យដែលនឹងបំពាក់ដោយ កុំព្យូទ័រ តុ និងសាឡុង ដើម្បីទំនាក់ទំនងជាមួយភ្ញៀវទេសចរជាតិ និងអន្តរជាតិអំពីការត្អូញត្អែរទាក់ទិនសន្តិសុខ និងសុវត្ថិភាព និងដើម្បីផ្តល់ឲ្យពួកគេនូវព័ត៌មានដែលពួកគេត្រូវការ”។
សេចក្តីប្រកាសពត៌មានរបស់សាលាខេត្តនេះបានបន្ទោសលោក ឆាយ ធី អ្នកសម្របសម្រួលនៅអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តនេះ ចំពោះការទទួលបាននិងផ្សព្វផ្សាយមតិសាធារណៈអំពីសំណង់អគារនេះ។ លោក ឆាយ ធី បានគូសបញ្ជាក់កាលពីម្សិលមិញថា ប្រព័ន្ធផ្សព្វផ្សាយបានចុះផ្សាយអំពីអគារនេះមុនលោកចាប់ផ្តើមចែករំលែកព័ត៌មានទាក់ទិននឹងសំណង់អគារេនះតាមអីុនធឺណិតទៅទៀត ហើយបានបញ្ជាក់ថា សំណង់អគារនេះធ្លាប់ត្រូវបានប្រើប្រាស់ជាបង្គន់អនាម័យ។
លោកបានមានប្រសាសន៍ថា “ខ្ញុំមានភ័ស្តុតាងគ្រប់គ្រាន់បន្ទាប់ពីខ្ញុំបានទៅទីនោះ។ ខ្ញុំបានជួបជាមួយប្រធានសហគមន៍នេះ ហើយគាត់បានបើកសោទ្វារឲ្យខ្ញុំ ប្រពន្ធ និងកូនរបស់ខ្ញុំចូលក្នុងបន្ទប់នោះ ហើយគាត់បានប្រាប់ខ្ញុំថា បង្គន់ត្រូវបានគេយកចេញបាត់ហើយ”។ “ហេតុដូច្នេះការដែលសាលាខេត្តលើកឡើងពីឈ្មោះរបស់ខ្ញុំ គឺមិនត្រឹមត្រូវទេ”៕ស៊ុយឈាង