28 C
Phnom Penh

លោក កឹម សុខា អនុ​​​ប្រធាន​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​បង្កើន​ការ​អះអាង​​​​លើ​​​គោល​នយោបាយ​​​របស់​​​បក្ស​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក កឹម សុខា អនុប្រធាន​គណបក្ស​ប្រឆាំង​បាន​​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​នៅ​​ខេត្ត​តាកែវ និង​ខេត្ត​កំពត​កាលពី​ចុង​សប្ដាហ៍​​​ថា ប្រជាពលរដ្ឋ​ឆ្លាត​ណាស់​មិន​ចាញ់​បោក​អ្នក​​នយោបាយ​ទេ ​​​ហើយ​​​បាន​​​​​​អះអាង​ជា​ថ្មី​ម្ដង​ទៀត​ថា កំណែទម្រង់​របស់​រដ្ឋាភិបាល​កាលពី​ពេល​ថ្មីៗ​នេះ​ធ្វើ​ឡើង​ដោយ​សារ​តែ​មាន​សម្ពាធ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​រិះគន់​គណបក្ស​ប្រឆាំង​​​ខ្លាំង​​​ៗ​​​តាម​រយៈ​សារ​​​មួយ​​​​​​​បង្ហោះ​តាម​ហ្វេសប៊ុក​កាលពី​​សប្ដាហ៍​មុន​ បន្ទាប់ពី​លោក​ កឹម សុខា ​​​បាន​​​​​​ប្រាប់​​​​​​ក្រុម​​​​​​​​​អ្នក​គាំទ្រ​ថា ចំណាត់​​​ការ​​​​​​​​​​​ជា​​​​​​បន្ត​​​បន្ទាប់​​​​​​​​​ក្នុង​​​គោល​​នយោបាយ​​ប្រជានិយម​​​ដែលនាយករដ្ឋមន្ត្រី​​​​បាន​​​​​​​​​អនុវត្ត​​​នៅ​ឆ្នាំ​នេះ គឺ​​​​ធ្វើ​​​ឡើង​​​​​​​​​ដោយ​​​សារ​តែ​​​គណបក្ស​សង្គ្រោះជាតិ​​ ​​​ដោយ​​​ក្នុង​នោះ​រួម​មាន​ទាំង​ការ​លុប​ចោល​ការ​យក​ប្រាក់​លើ​ផ្លូវ​សំខាន់ៗ​មួយ​ចំនួន​ផង​ដែរ​។

cam-photo-kem-sokhaលោក ហ៊ុន សែន បាន​សរសេរ​​​​ក្នុង​​​​​​សារ​​​កាលពី​ថ្ងៃទី​២២ ខែ​កុម្ភៈ​​​នោះ​​​ថា “ខ្ញុំ​​​សូម​​​ផ្ញើ​​​សារ​​​ខ្លី​​​នេះ​​​ទៅ​​​កាន់​​​ក្រុមបក្ស​​​ប្រឆាំង​​​ទាំងអស់​​​ត្រូវ​​​ឈប់​​​បោក​​​ប្រាស់​​​ប្រជា​​​ពល​​​រដ្ឋ​​​តទៅ​ទៀត​​​​ ​ព្រោះ​​​កន្លង​​​ទៅ​​​ប៉ុន្មាន​​​អាទិត្យ​​​នេះ​​​ បក្ស​​​ប្រឆាំង​​​​​​បាន​​​យក​​​លទ្ធផល​​​ដែល​​​គណបក្ស​​​ប្រជា​​​ជន​​ និង​​​លទ្ធផល​​​ដែល​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​សម្រេច​​​​​ខាង​​​លើ​​​យក​​​ទៅ​​​ធ្វើ​​​នយោបាយ​​​ប្រជាភិថុតិ​​​ឃោសនា​​​បោក​​​ប្រាស់​​​ប្រជា​​​ពល​​​រដ្ឋ​​​”។

​ក្នុងវីដេអូ​​​នៃ​​​​សុន្ទរកថាចំនួន​​​​ពីរ​កាលពី​ចុង​​សប្ដាហ៍​កន្លង​ទៅដែល​​​​​​ត្រូវ​​​​បាន​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក លោក​ កឹម សុខា ​​​​​​លើក​​​ឡើង​​​ថា លោក​នាយក​រដ្ឋមន្ត្រី​មើល​ស្រាល​អ្នក​បោះ​ឆ្នោត។ លោក​​​​បាន​​​​ថ្លែង​​​​​​ទៅ​កាន់​អ្នក​ចូល​រួម​នៅ​​ខេត្ត​តាកែវ​កាលពី​ថ្ងៃ​​​សៅរ៍​ថា “គ្មាន​នរណា​​​​​អាច​​​បោក​ប្រាស់​ប្រជា​ពលរដ្ឋ​បាន​ទេ។ កុំបារម្ភ​ចំពោះ​សមត្ថភាព​របស់​ខ្ញុំ​​​​អី​​​អ្នក​​​ទាំង​​​អស់​​​​​​គ្នា មេដឹកនាំ​បច្ចុប្បន្ន​​​​​​​ទាំង​​​នៅ​ក្នុង​គណបក្ស​កាន់​អំណាច និង​គណ​បក្ស​​ប្រឆាំង​ដែល​ចង់​បោក​​​ប្រាស់​ប្រជា​ពលរដ្ឋ ​ពួកគេ​មិន​អាច​ធ្វើ​បាន​​​​​​ទេ”។

នៅ​ខេត្ត​កំពត​កាលពី​ថ្ងៃ​អាទិត្យ អនុ​ប្រធាន​​​គណបក្ស​​ប្រឆាំង​​​​​​​​រូប​​​​នេះ​​​បាន​បង្កើន​ការ​អះ​​​អាង​របស់​លោក​ថា គណបក្ស​ប្រជា​​​​​ជន​កម្ពុជា ធ្វើ​ការ​ផ្លាស់​ប្ដូរ​​​ក៏​​​ដោយ​សារ​តែ​ខ្លួន​ប្រឈម​ការ​ប្រឆាំង​​​​​​​​ខ្លាំង​ក្លា។ សំដៅ​ដល់​​​ការ​បង្កើន​កិច្ច​ប្រឹង​ប្រែង​​ធ្វើ​​​​កំណែទម្រង់​របស់​រដ្ឋាភិ​​​បាល​​ដែល​កើត​មាន​ឡើង​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​មុន​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់ និង​ជាង​២ឆ្នាំ​មុន​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​​​រាស្ត្រ​អាណត្តិ​ក្រោយ​ លោកបាន​​ថ្លែង​ថា “​នៅ​ក្នុង​​​​​ការ​ប្រកួត​ប្រជែង​ បើ​អ្នក​រត់​នៅ​ខាង​មុខ​ឃើញ​​​​​អ្នក​រត់​នៅ​ពីក្រោយ​ដាច់​គ្នា​​​ឆ្ងាយ អ្នក​នៅ​ខាង​​​​​មុខ​នឹង​មិន​ខំ​ទេ​។ នេះ​ជា​រឿងពិត​ដែល​យើង​​​​​​ត្រូវ​ហ៊ាន​និយាយ​។ វា​ជា​សមិទ្ធ​ផល​​​របស់​យើង​”។

លោក កឹម សុខា ក៏​សម្ដែង​ការ​មិន​សប្បាយ​​ចិត្ត​ដែរ​ចំពោះ​សមត្ថកិច្ច​ដែល​មិន​បាន​ចាត់​វិធានការ​ទៅ​លើ​អ្នក​ដែល​គំរាម​ប្រើ​ហិង្សា​លើ​មន្ត្រី​គណបក្ស​ប្រឆាំង ដែល​ផ្ទុយ​ទៅ​នឹង​​ការ​ចេញ​វិធានការ​ផ្លូវ​ច្បាប់​ភ្លាមៗ​ទៅ​លើ​អ្នក​ដែល​គំរាម​​មន្ត្រី​គណបក្ស​កាន់​អំណាច​។

អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែថ្មីៗ​នេះ រួម​ទាំង​​​យុវជន​​​​​​បី​នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​​ពីបទ​គំរាម​ប្រើ​​​​អំពើ​​​ហិង្សា​លើ​លោក ហ៊ុន សែន និង​លោក ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ផង​ដែរ​។

លោក កឹម សុខា ប្រធាន​ “ក្រុម​ភាគតិច​” ក្នុង​​​​​​រដ្ឋ​​​សភា​ បានរង​​​ការ​​​គំរាម​​​​​​​ធ្វើ​ឃាត​យ៉ាង​ហោច​​​​ណាស់​ម្ដង​ និង​ការ​គំរាម​ប្រើ​អំពើ​ហិង្សា​​​ផ្សេងៗ​ទៀត ​​​ក្នុង​​​នោះ​​​​​​រួម​ទាំង​​​​​ការ​​​ព្រមាន​​​មួយ​​​​​​​​​កាលពី​ដើម​ខែ​នេះ​​ពីសំណាក់​​​​អ្នក​លេង​ហ្វេសប៊ុក​​ដ៏ល្បីល្បាញ​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ឡើយ​​​​ក្នុង​ករណី​ទាំង​នេះទេ។

លោក​​​​មាន​ប្រសាសន៍​ថា “​ពេល​ភាគី​ម្ខាង​ទៀត​មាន​​អំណាច​ចោទ​ប្រកាន់​មក​លើ​ក្រុម​ភាគ​តិច​ គ្មាន​​​​អ្នក​​​ណា​​​អើពើ​ទេ ទោះ​ជា​​​​​​​មាន​​​​​​ការ​គំរាម​សម្លាប់​​​​ក៏ដោយ គ្មាន​អ្នក​ដាក់​​ពាក្យ​បណ្តឹង គ្មាន​អ្នក​ចាត់វិធានការ​។ ប៉ុន្តែ​ បើ​ជា​បុគ្គល​ទន់ខ្សោយវិញ​​​ ពួកគេ​នឹង​ជាប់​គុក”។

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​មាន​ប្រសាសន៍​កាលពី​ម្សិល​មិញ​ថា លោក កឹម សុខា​ យល់​ច្រឡំ​ហើយប្រសិន​បើ​លោក​​យល់​ថា គណបក្ស​​សង្គ្រោះ​ជាតិ​​​​មាន​​​​​​ចំណែក​​​​​​នៅ​​​ក្នុង​​​​គំនិត​ផ្ដួច​ផ្ដើម​របស់​រដ្ឋាភិបាល​។

លោក​គូស​​​​​​បញ្ជាក់​​​ថា “គណបក្ស​ប្រជាជន​ធ្វើ​អ្វីៗ​តាម​ផែន​ការ​របស់​ខ្លួន​មុន​ កឹម សុខា ឬ​ សម រង្ស៊ី ចាប់​ផ្ដើម​ស្រែក​​​ទៅ​​​ទៀត​​​។ អ្វី​ដែល​គាត់​និយាយ​វា​ងាយ​ស្រួល ប៉ុន្តែ​​រដ្ឋាភិបាល​កំពុង​អនុវត្ត​ផែនការ​របស់​ខ្លួន​មួយជំហាន​ម្ដងៗ។ ​​​ដូច្នេះ​គាត់​បាន​ប្លន់​ និង​ឆក់​ឱកាស​ដើម្បី​ទទួល​គុណសម្បត្តិ និង​សមិទ្ធផល​របស់​គណបក្ស​ប្រជាជន និង​រដ្ឋាភិបាល​”។

លោក​ក៏​បាន​លើក​ឡើង​ដែរ​ថា លោក​មិន​​​​ដែល​ឮ​ការ​គំរាម​កំហែង​ណាមួយ​លើ​គណ​បក្ស​ប្រឆាំង​ទេ។ “​តើ​អ្នក​ណា​​គំរាម​អ្នក​ណា? គ្មាន​​​អ្នក​​​ណា​​​គំរាម​ពួកគេ​ទេ។ បើ​មាន​ការ​គំរាម​​​​កំហែង​ សុំសួរ​ថាម៉េច​​​​ក៏គាត់​អាច​ទៅ​ជួប​​​ជាមួយ​​អ្នក​គាំទ្រ​​បាន​ដោយ​សេរី?”៕ សុខុម​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស