អ្នកស្រុករាប់រយអ្នកដែលរស់នៅជុំវិញវត្តគោកបញ្ជាន់ក្នុងក្រុងភ្នំពេញ បានតវ៉ានៅខាងក្រៅវត្តនេះក្នុងខណ្ឌពោធិ៍សែនជ័យកាលពីចុងសប្តាហ៍ជំទាស់នឹងផែនការរបស់ព្រះចៅអធិការវត្តលក់ស្រះទឹកឲ្យទៅក្រុមហ៊ុនអភិវឌ្ឍន៍មួយក្នុងតម្លៃ៤,៨លានដុល្លារ។
លោក ពុំ ផល្លី អ្នកតវ៉ាម្នាក់ក្នុងចំណោមអ្នកតវ៉ាប្រហែល៥០០នាក់ដែលបានមកចូលរួមកាលពីថ្ងៃសៅរ៍និងថ្ងៃម្សិលមិញ បាននិយាយថា ពួកគាត់ទទួលបានដំណឹងលក់នេះ បន្ទាប់ពីការប្រជុំមួយធ្វើឡើងរវាងក្រុមមន្ត្រីសង្កាត់ចោមចៅ និងព្រះសង្ឃក្នុងវត្តនោះកាលពីថ្ងៃពុធ។ លោកនិយាយថា អ្នកស្រុកជាច្រើនពឹងលើស្រះទឹកនោះដើម្បីស្រោចច្បារដំណាំរបស់ពួកគាត់ ហើយថា ពួកគាត់បន់ស្រន់ដល់អ្នកថែរក្សាស្រះ ដែលគេជឿថា គង់នៅក្នុងទីសក្ការមួយនៅចម្ងាយ៣០០ម៉ែត្រពីវត្តនោះ។
លោកបាននិយាយថា “យើងមិនសប្បាយចិត្តទេ ពីព្រោះព្រះចៅអធិការវត្តរួមគំនិតជាមួយក្រុមមន្ត្រីមូលដ្ឋានលក់ស្រះទឹកនេះ។ យើងមិនចង់ឲ្យលក់ស្រះទឹកនេះទេ ពីព្រោះវាជាទ្រព្យសម្បត្តិសាធារណៈ។ គ្មាននរណាអាចយកវាធ្វើជារបស់ឯកជនបានឡើយ”។
លោក ផល្លី បាននិយាយថា អ្នកភូមិនឹងបន្តតវ៉ានៅថ្ងៃនេះ និងមានគម្រោងដាក់ញត្តិទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សុំឲ្យលោកជួយបញ្ឈប់ការលក់ដូរនេះនៅពេលណាអ្នកភូមិប្រមូលបានស្នាមផ្តិតមេដៃចំនួន១.០០០។
ព្រះចៅអធិការវត្ត ព្រះនាម សេង ថន មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
លោក សុ៊ត សាត់ ចៅសង្កាត់ដែលបានចូលរួមការប្រជុំកាលពីថ្ងៃពុធ បានការពារផែនការលក់ដូរនេះ ប៉ុន្តែ មិនបានប្រាប់ឈ្មោះអ្នកទិញទេ ហើយបញ្ជាក់ថា ផែនការគ្រាន់តែជាការដោះដូរទេ។ លោកបាននិយាយថា ផែនការរបស់វត្តគឺនឹងលក់ដីស្រះទឹកទំហំ៣ហិកតាក្នុងតម្លៃ១៦០ដុល្លារក្នុងមួយមែ៉ត្រក្រឡា ដែលសរុបទៅប្រហែល៤,៨លានដុល្លារ។
លោកបានឲ្យដឹងថា “ព្រះចៅអធិការវត្តមានផែនការដោះដូរវា ប៉ុន្តែ ព្រះអង្គមិនបានទទួលសូម្បីមួយរៀលពីនរណាម្នាក់នៅឡើយទេ។ ព្រះសង្ឃបានជីកស្រះទឹកនេះដើម្បីយកទឹកប្រើ ប៉ុន្តែ ឥឡូវនេះព្រះសង្ឃមានទឹកស្អាតប្រើហើយ។ ទន្ទឹមនឹងនេះព្រះសង្ឃក៏ខ្វះបច្ច័យដើម្បីកសាងវត្តដែរ”។
លោក សាត់ បាននិយាយថា ព្រះសង្ឃបានជីកស្រះទឹកនោះនៅឆ្នាំ១៩៩៥។ ក៏ប៉ុន្តែ លោក ផល្លី បាននិយាយថា ស្រះទឹកនេះមានមុននោះទៅទៀត ហើយថា ព្រះសង្ឃគ្រាន់តែជីកពង្រីកស្រះនោះប៉ុណ្ណោះ។
លោក វ៉ា សាវឿន ចៅសង្កាត់រង ជាសមាជិកគណបក្សប្រឆាំង ដែលក៏បានចូលរួមការប្រជុំកាលពីថ្ងៃពុធដែរ បាននិយាយថា ស្រះទឹកនោះនឹងមានប្រយោជន៍កាន់តែខ្លាំងសម្រាប់សាធារណជនប្រើប្រាស់ បើស្រះទឹក មួយផ្នែកត្រូវបានចាក់ដីបំពេញ ទុកសម្រាប់សាងសង់សាលារៀន ឬមន្ទីរពេទ្យនៅពេលអនាគត។
លោកបាននិយាយថា ប្រជាជន៩៩ភាគរយមិនគាំទ្រការលក់ស្រះទឹកនេះទេ ដូច្នេះខ្ញុំគាំទ្រប្រជាជន”៕និត