26 C
Phnom Penh

ក្រុម​​​​​​​កាប់​ឈើ​វៀត​ណាម ​​​​​ត្រូវ​​​​តុលាការ​​​​ចោទ​ប្រកាន់​​​ ខណៈ​​​​​​​​​​​កង​​​​​កម្លាំង​​​​​​​ស្ថិត​​​ក្រោម​ការ​ស៊ើប​អង្កេត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី​ បាន​ចោទ​​ប្រកាន់​​ជនជាតិ​វៀតណាម​​​ប្រាំបួន​នាក់​​​ពីបទ​ប្រើ​ប្រាស់​​រណារ​យន្ត​​ដោយ​ខុស​ច្បាប់​ និង​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ​ដោយ​ខុស​ច្បាប់ ​បន្ទាប់ពី​​​សមត្ថ​​​​​​កិច្ច​​​ចាប់​ខ្លួន​​​បាន​​​​ក្រុម​កាប់​ឈើ​នេះ​កាលពី​ថ្ងៃ​ពុធ ខណៈ​​​​​​​សមត្ថកិច្ច​​កំពុង​​​​​​​ស៊ើប​​​​​​​​​អង្កេត​​​លើ​​​​​​ទាហាន​ និង​នគរ​បាល​​ដែល​​​បាន​​​​អនុញ្ញាត​ឲ្យ​ពួកគេ​ចូល​។

ក្រុម​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​​ជាមួយ​នឹង​រណារ​​​យន្ត​ពីរគ្រឿង​​​ពេល​​​កំពុង​​​​​ឆ្លង​​​​​កាត់​​​​ស្រុក​​​​​​ពេជ្រាដា បន្ទាប់ពី​​ឆ្លង​ច្រក​ព្រំដែន​ដាក់ជង។

លោក សូ សុវិជ្ជា ព្រះរាជអាជ្ញា​រង​​​​អម​​​សាលា​​​​​​ដំបូង​​​ខេត្ត​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា មនុស្ស​​ទាំង​​​ប្រាំបួន​នាក់​នេះ​​ត្រូវ​​បាន​ចោទ​ប្រកាន់​កាលពី​ថ្ងៃ​សុក្រ​ពីបទ​ចូល​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់ និង​ប្រើ​ប្រាស់​​​រណារយន្ត​ដោយ​ខុស​ច្បាប់​ ទោះបី​ជា​ពួកគេ​មិនទាន់​ប្រើ​គ្រឿង​​​​​​យន្ត​ទាំង​នោះ​​​ក៏​​​​​​ដោយ​​​។ ​លោក​ថ្លែង​ថា ”​តុលាការ​​​បាន​ចោទ​ប្រកាន់​ជន​​ជាតិ​វៀតណាមទាំង​នោះ ហើយ​ពេល​នេះ​ពួកគេ​កំពុង​ជាប់​ឃុំ​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​”។

​លោក កែវ សុភ័ក្ត្រ អនុប្រធាន​អភិរក្ស​ជីវចម្រុះ​ខេត្ត​នេះ​បាន​មាន​ប្រសាសន៍​ថា ជន​សង្ស័យ​ទាំង​នេះ​​បាន​សារភាព​ថា ខ្លួន​ចូល​មក​​​កម្ពុជា​​​ដើម្បី​​​កាប់​ឈើ​​ធ្នង់ដែល​​​​​​ជា​ប្រភេទ​ឈើ​ប្រណីត​ ហើយ​​​និយាយ​​​​​​​ថា ខ្លួន​​​​​ត្រូវ​បាន​​អនុញ្ញាត​ឲ្យ​ឆ្លង​ដែន​ដោយ​ឆ្មាំព្រំដែន​បី​នាក់​ដែល​បាន​​​​​​​​ដឹង​ពី​​​​​​​បំណង​របស់​​​​ខ្លួន។

លោក​បាន​មាន​ប្រសាសន៍​​បន្ថែម​ទៀត​ថា ​”​ជន​ជាតិ​វៀតណាមទាំង​នោះ​​​​បាន​​​​​​សារ​ភាព​​​​​​ថា ​ពួកគេ​​​ចូល​​ព្រៃ​​​​ក្នុង​​​​ទឹក​​​ដី​​​​​​​​​​​របស់​​​​​ខ្មែរ ​ដើម្បី​ប៉ុន​ប៉ង​កាប់​ឈើ​ធ្នង់​។ យើង​បាន​សាក​​​​​​​សួរ​ជន​ជាតិ​វៀត​ណាម​ទាំង​នោះ​ហើយ ហើយ​​​​​ពួក​គេ​​​​​បាន​ប្រាប់​​​​​​ថា ទាហាន​ពីរ​នាក់​ឈ្មោះ​ ផាត និង​ឈ្មោះ ភូ និង​មន្ត្រី​នគរ​បាល​ព្រំដែន​​​​​​​​ម្នាក់​ឈ្មោះ ចាន់ ​បាន​អនុញ្ញាត​ឲ្យ​ពួកគេ​ចូល​កាប់​ឈើ​”។

លោក ឈិត ម៉េងស្រេង ​មេបញ្ជាការ​​សឹក​រង​​ខេត្ត​នៃ​កង​យោធពល​ខេមរភូមិន្ទ​បាន​​​មាន​​​ប្រសាសន៍​ថា លោក​បាន​បញ្ជា​ឲ្យ​ស៊ើប​អង្កេត​​​​លើ​​​ទាហាន​ពីរ​នាក់​​ដែល​ឈរ​ជើង​នៅ​កង​អនុ​សេនាតូច​លេខ​១០៣ហើយ។ លោក​បាន​​​បន្ត​ថា “​ខ្ញុំ​បាន​បញ្ជា​ឲ្យ​មេបញ្ជាការ​កង​អនុសេនា​​តូច​​ស៊ើបអង្កេត​ហើយ ហើយ​បើ​ទាហាន​របស់​​​ខ្ញុំ​ពិត​ជា​ប្រព្រឹត្ត​បទល្មើស​មែន ព្រះរាជ​អាជ្ញា​​​អាច​អនុវត្ត​តាម​ច្បាប់​បាន​ ហើយ​​ខ្ញុំ​នឹង​លុប​ឈ្មោះ​ពួកគេ​ចេញពី​បញ្ជី​​​កង​យោធពល​ខេមរ​ភូមិន្ទ”។

ប៉ុន្តែ​​​​មេបញ្ជាការ​រូប​នេះ​បាន​គូស​​​បញ្ជាក់​​​ថា ​លោកខឹង​នឹង​​​មន្ត្រី​ព្រៃឈើ​ដែល​តែង​តែ​ចោទ​ប្រកាន់​ទាហាន​របស់​លោក​​​ថា អនុញ្ញាត​​​ឲ្យ​ជន​កាប់​ឈើ​ខុស​ច្បាប់​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​គ្មាន​​​ភ័ស្តុតាង​គ្រប់គ្រាន់​ដើម្បី​គាំទ្រ​​​ការ​​​អះអាង​របស់​ពួកគេ​។​​​​​​​​​

​លោក​បាន​​​ថ្លែង​​​ថា “​​​​ទាំង​​​នេះ​​​​​​ជា​​​​​​ការ​​ចោទ​ប្រកាន់​​ដែល​​​​គ្មាន​ភ័ស្តុតាង​ច្បាស់លាស់។ បើ​យើង​ជះទឹក​ដាក់​គ្នា​​​ យើង​នឹង​ទទឹក​​​​​ទាំង​​​អស់​​​គ្នា​​​ នោះ​​​ជាមូលហេតុ​ដែល​យើង​ត្រូវ​ស្វែង​រក​អ្នក​​​ប្រព្រឹត្ត​បទ​ល្មើស​​​ឲ្យ​​​ឃើញ​​​”។

លោក យិន ចន្ធី មេបញ្ជាការ​កង​អនុ​សេនា​​​តូច​លេខ​១០៣​ បាន​​​មាន​​​ប្រសាសន៍​​​​ថា លោក​​​មិន​ដឹង​ឈ្មោះ​ពេញ​របស់​ទាហានទាំង​ពីរ​នាក់​​​នោះ​ទេ ប៉ុន្តែ​លោក​​​បាន​បញ្ជា​ឲ្យពួកគេ​ចូល​ខ្លួន​ដើម្បី​សាកសួរ​នៅ​ថ្ងៃ​នេះ​​​​។ លោក​គូស​បញ្ជាក់​ថា ”​​ខ្ញុំ​បាន​ហៅ​ទាហាន​ទាំង​​​​ពីរ​នាក់​នោះ​​ឲ្យ​ត្រឡប់​មក​មូលដ្ឋាន​យោធា​វិញ​នៅ​​​​​ថ្ងៃច័ន្ទ ហើយ​ខ្ញុំ​នឹង​សួរ​ពួកគេ​​​ថា ​តើ​ពួកគេ​​បាន​បើក​​ព្រំដែន​ឲ្យ​​ជនជាតិ​វៀត​ណាម​​ទាំង​ប្រាំបួន​នាក់​នេះ​ ឬក៏អត់។ ប៉ុន្តែ​​ខ្ញុំ​បាន​សួរ​​ពួកគេ​ទាំង​ពីរ​​តាម​ទូរស័ព្ទ​​​ហើយ ហើយ​​ពួក​គេ​​​​ប្រាប់​ខ្ញុំ​ថា ពួកគេ​មិន​ជាប់​ពាក់​ព័ន្ធ​ទេ”។

លោក ទូច យន់ ស្នងការ​​​​នគរ​​​​​​បាល​​​ខេត្ត​​លើក​ឡើង​ថា លោក​​ក៏​មិន​ដឹង​ឈ្មោះ​ពេញ​​​របស់​មន្ត្រី​នគរ​បាល​ដែល​រង​ការចោទ​ប្រកាន់​​​​​ទេ ប៉ុន្តែ​លោក​​​បាន​បញ្ជា​ឲ្យ​មេបញ្ជាការ​របស់​​​​មន្ត្រី​​​នគរ​​​បាល​​​ឈ្មោះ​ ចាន់ ស៊ើបអង្កេត​​​​ហើយថា តើ​គាត់​ជាប់​ពាក់​ព័ន្ធ​​ការ​អនុញ្ញាត​ឲ្យ​ជន​កាប់​ឈើ​ចូល​​មក​ក្នុង​ប្រទេស​​កម្ពុជា​ ឬក៏​​​អត់​​​​។

ជាញឹកញាប់ ជនជាតិ​វៀតណាម​​ត្រូវ​​​​ចាប់​បាន​ពេល​កំពុង​កាប់​ឈើ​​​ដោយ​ខុស​ច្បាប់​​​​​​​​នៅ​តំបន់​​​ភាគ​ឦសាន​​​នៃ​​​​​​ប្រទេស​​​​​​កម្ពុជា​​​ ហើយ​​​​​​ជា​​​​​​​​​ញឹក​​​ញាប់​​​​​​ទាហាន​ និង​កង​រាជអាវុធហត្ថ​ក្នុង​មូលដ្ឋាន​​​បាន​​​​​​​​​រង​​​ការ​​​ចោទ​​​ប្រកាន់​​​​​​ពី​​​សំណាក់​​​មន្ត្រី​រដ្ឋបាល​​ព្រៃឈើ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​​​​​​​​​ចោទ​ប្រកាន់​ថា​ជួយ​ពួកគេ​កាប់​ឈើ​​​ និង​រត់​ពន្ធ​​ឈើ​ទាំង​នោះ​ចូល​ទៅ​ប្រទេស​វៀតណាម​។ ​​​ការ​ស៊ើប​អង្កេត​​​​​មួយ​ធ្វើ​ឡើង​ដោយ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ឈ្មោះ​ថា Forestry Trends របស់​សហរដ្ឋ​អាមេរិក​​​​​កាលពី​ឆ្នាំ​មុន ​​រក​ឃើញ​ថា ​ភាគច្រើន​នៃ​​​ឈើ​​​ដែល​​​​​​វៀតណាម​​​​​​នាំ​​​​​​ចូល​​​​​​​ពី​កម្ពុជា​ គឺ​ខុស​ច្បាប់។

សូម​​​​​​បញ្ជាក់​​​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ផ្អាក​​ការ​នាំចេញ​ឈើ​​ទាំង​អស់​ទៅ​វៀតណាម​​ នៅ​​​ពេល​ចាប់​ផ្ដើម​ប្រតិបត្តិការ​បោស​សម្អាត​​​​ការ​​​​កាប់​ឈើ​ខុស​ច្បាប់​​នៅ​ខេត្ត​ភាគឦសាន​កាល​​​ពី​ពាក់​កណ្ដាល​ខែមករា ស្រប​​​ពេល​​​​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​ការ​នាំ​ចេញ​​​​ឈើ​​​​​​ខុស​ច្បាប់​គ្រប់គ្រង​លែង​បាន៕ សុខុម​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស