33 C
Phnom Penh

សារមន្ទីរ​​​អាមេរិក​​​បញ្ជូន​​​រូបចម្លាក់​​​រាម​​​មក​​​កម្ពុជា​​​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​​​​បាន​​​និយាយ​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ថា ចម្លាក់​​​​​​ថ្ម​​​រាម​​​​​​​​​នាសតវត្សរ៍​​​ទី​​​១០ ជា​​​រូប​​​ចម្លាក់​​​​​​សល់​​​ចុង​​​ក្រោយ​​​ពី​​​​​​​​​បរិវេណ​​​ប្រាសាទ​​​កោះ​​​កេរ​​​ដែល​​​បាន​​​ដាក់​​​បង្ហាញ​​​នៅ​​​ក្រៅ​​​ប្រទេស​​​កម្ពុជា​​​​​​ ត្រូវ​​​បាន​​​បញ្ជូន​​​មក​​​កម្ពុជា​​​វិញ​​​​​​ហើយ​​​កាល​​​ពី​​​សប្តាហ៍​​​មុន។

លោក គង់ វីរៈ នាយក​​​សារមន្ទីរ​​​​​​ជាតិ​​​​​​​​​​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ដង​​​ខ្លួន​​​រាម​​​ដែល​​​​​​បាត់​​​ក្បាលជើង និង​​​​​​ប្រអប់​​​ដៃ​​​បាន​​​បញ្ជូន​​​មក​​​ដល់​​​​​​ប្រទេស​​​កម្ពុជា​​​​​​​​​វិញ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ពី​​​សារ​​​មន្ទីរ​​​​​​សិល្បៈដិនវឺ ហើយ​​​​​​នឹង​​​​​​ប្រារព្ធ​​​​​​​​​ពិធី​​​ជា​​​ផ្លូវ​​​ការ​​​​​​នៅ​​​ឯទី​​​ស្តី​​​ការ​​​គណៈរដ្ឋ​​​មន្ត្រី​​​នៅ​​​ខែ​​​ក្រោយ​​​នេះ។​​​​​​

នាយក​​​សារមន្ទីរ​​​​​​ជាតិ​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ការ​​​ទទួល​​​បាន​​​រូប​​​ចម្លាក់​​​មួយ​​​ដោយ​​​មាន​​​តម្លៃ​​​ពិសេសគឺ​​​គួរ​​​ឲ្យ​​​រីក​​​រាយ​​​ណាស់ ប៉ុន្តែ​​​យើង​​​​​​បន្ត​​​ធ្វើ​​​ការ​​​ដើម្បី​​​​​​ស្វែង​​​រក​​​រូប​​​ចម្លាក់​​​ផ្សេង​​​ទៀត។​​​ លោក​​​​​​បាន​​​បញ្ជាក់​​​ថា ផ្អែក​​​លើ​​​​​​រូប​​​ថត និង​​​ភ័ស្តុតាង​​​​​​បុរាណ​​​វិទ្យា អាច​​​មាន​​​​​​រូប​​​ចម្លាក់​​​១០​​​ថែម​​​ទៀត​​​​​​ពី​​​បរិវេណ​​​ប្រាសាទ​​​ដែល​​​មិនទាន់​​​រក​​​ឃើញ​​​នៅ​​​ឡើយ។​​​

cam-photo-statueនាយក​​​សារមន្ទីរ​​​​​​ជាតិ​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​យើង​​​មិន​​​ដែល​​​រំពឹង​​​ថា រូបចម្លាក់​​​ដែល​​​គេ​​​លួច​​​ទៅ​​​ហើយ​​​​​​បាន​​​វិល​​​មក​​​វិញ​​​ទេ អ៊ីចឹង​​​​​​​​​យើង​​​សូម​​​អរគុណ​​​ណាស់​​​ដែល​​​រូប​​​ចម្លាក់​​​មួយ​​​ទៀត​​​​​​បាន​​​វិល​​​ត្រឡប់​​​មក​​​កម្ពុជា​​​វិញ”។

លោក វីរៈ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​តំណាង​​​នៃ​​​សារមន្ទីរ​​​សិល្បៈ​​​ដិនវឺ ដែល​​​​​​​​​ដាក់​​​តាំង​​​​​​បង្ហាញ​​​រូប​​​ចម្លាក់​​​​​​ដង​​​ខ្លួន​​​កម្ពស់​​​១,៦​​​ម៉ែត្រ​​​​​​​​​រហូត​​​ដល់​​​​​​ខែ​​​ធ្នូ បាន​​​ទាក់​​​ទង​​​មន្ត្រី​​​កម្ពុជា​​​​​​លើក​​​ទី​​​មួយ​​​​​​ក្នុង​​​ពាក់​​​កណ្តាល​​​​​​ឆ្នាំ​​​២០១៥ ហើយ​​​ក៏​​​បាន​​​ព្រម​​​​​​បញ្ជូន​​​​​​រូបចម្លាក់​​​​​​នោះ​​​មក​​​វិញ​​​ដោយ​​​មាន​​​កិច្ច​​​ព្រម​​​ព្រៀង​​​​​​ជាមួយ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​នៅ​​​ថ្ងៃ​​​ទី​​​១៦ ខែ​​​កុម្ភៈ។​​​​​​​​​

ក្នុង​​​សេចក្តី​​​​​​ប្រកាស​​​ព័ត៌មាន​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ សារមន្ទីរ​​​​​​សិល្បៈ​​​ដិនវឺ បាន​​​និយាយ​​​ថា រូបចម្លាក់​​​​​​ដែល​​​គេ​​​ជឿថា​​​ត្រូវ​​​គេ​​​លួច​​​​​​ពី​​​កោះកេរ​​​​​​ក្នុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៧០ ត្រូវ​​​បាន​​​បញ្ជូន​​​​​​មក​​​កម្ពុជា​​​វិញហើយ​​​ ​​​​​​ក្រោយ​​​ពី​​​​​​មាន​​​ការ​​​ស្រាវ​​​ជ្រាវ​​​ថ្មី​​​​​​រក​​​ប្រភព​​​ដើម។

លោក គ្រិស្តូប ហែន​​​រិច នាយក​​​សារមន្ទីរ​​​​​​ត្រូវ​​​បាន​​​ដក​​​ស្រង់​​​​​​សម្តី​​​ដោយ​​​មាន​​​ប្រសាសន៍​​​ថា “​​​​​​ថ្មីៗ​​​នេះ​​​ យើង​​​បាន​​​ទទួល​​​​​​ភ័ស្តុតាង​​​​​​ពិនិត្យ​​​ផ្ទៀង​​​ផ្ទាត់ដែល​​​​​​យើង​​​មិន​​​ទទួល​​​បាន​​​កាល​​​ពី​​​​​​ពេល​​​ទិញ​​​នោះ​​​ទេ ហើយ​​​ភ្លាមៗ​​​​​​​​​បាន​​​ចាប់​​​ផ្តើម​​​ចាត់​​​វិធាន​​​ការ​​​សម​​​ស្រប​​​ ដើម្បី​​​បញ្ចេញ​​​ពី​​​សារ​​​មន្ទីរ​​​ ហើយ​​​ក៏​​​​​​រៀប​​​ចំ​​​បញ្ជូន​​​រូប​​​ចម្លាក់​​​​​​​​​​​​នោះ​​​ទៅ​​​ប្រទេស​​​កំណើត​​​វិញ”។​​​​​​​​​​​​​​​​​​​​​ ក្រោយ​​​ពី​​​​​​ការ​​​រក​​​ឃើញ​​​​​​ក្នុង​​​ឆ្នាំ​​​២០១២​​​​​​នូវ​​​ជើង​​​ទម្រ​​​ទទេរ​​​នៅ​​​ឯ​​​ប្រាសាទ​​​ចិន​​​កោះ​​​កេរ ក្រុម​​​មន្ត្រី​​​​​​បាន​​​ចាប់​​​ផ្តើម​​​​​​ស្វែង​​​រក​​​រូប​​​ចម្លាក់​​​ដែល​​​ត្រូវ​​​គេ​​​លួច។​​​ ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក រូប​​​ចម្លាក់​​​៦​​​រូប​​​​​​បាន​​​រក​​​ឃើញ​​​​​​ ហើយ​​​ត្រូវ​​​បញ្ជូន​​​មក​​​ប្រទេស​​​​​​វិញ រួម​​​មាន​​​​​​រូប​​​ចម្លាក់​​​ពីរ​​​​​​រូប​​​មក​​​ពី​​​សារ​​​មន្ទីរ​​​​​​ក្រុង​​​ញូវយ៉ក​​​ក្នុង​​​ឆ្នាំ​​​២០១៣ ហើយ​​​៤​​​រូប​​​ផ្សេង​​​ទៀត​​​​​​ស្ថិត​​​នៅ​​​ឯ​​​សាជីវកម្ម​​​សូធីប៊ី សាជីវកម្ម​​​គ្រិស្ទី សារមន្ទីរ​​​ន័រតុន សាយម៉ុន និង​​​សារ​​​មន្ទីរ​​​​​​ក្លេវីឡិន។​​​​​

អ្នកស្រី អាន ឡឺម៉េស តំណាង​​​អង្គការ​​​យូណេស្កូ​​​ប្រចាំ​​​កម្ពុជា បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​ក្នុង​​​ពេល​​​ដែល​​​​​​ការ​​​បញ្ជូន​​​រូប​​​ចម្លាក់​​​ត្រឡប់​​​មក​​​​​​ប្រទេស​​​វិញ​​​ទទួល​​​បាន​​​ការ​​​សាទរ​​​យ៉ាង​​​ខ្លាំង​​​ ក៏​​​មាន​​​រូប​​​ចម្លាក់​​​៤​​​រូប​​​ទៀត​​​​​​​​​ពី​​​ប្រាសាទ​​​ចិន​​​​​​ដែល​​​គេ​​​ជឿ​​​ថា​​​​​​ កំពុង​​​ស្ថិត​​​ក្នុង​​​ដៃ​​​អ្នក​​​ប្រមូល​​​ឯកជន​​​នៅ​​​ឡើយ។​​​​​​

អ្នកស្រី អាន ឡឺម៉េស បាន​​​មាន​​​ប្រសាសន៍​​​ថា “ដើម្បី​​​ធ្វើ​​​ឲ្យ​​​​​​រូប​​​ចម្លាក់​​​ទាំង​​​អស់​​​បញ្ជូន​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញ​​​ គឺ​​​ជា​​​អ្វី​​​ដែល​​​អង្គការ​​​យូណេស្កូ​​​កំពុង​​​ខិតខំ​​​ធ្វើ​​​យ៉ាង​​​ខ្លាំង​​​ ដើម្បី​​​​​​ឲ្យ​​​​​​ទទួល​​​បាន​​​ជោគជ័យ​​​ ហើយ​​​យើង​​​ក៏​​​​​​អំពាវ​​​នាវ​​​ដល់​​​អ្នក​​​ដែល​​​​​​ប្រហែល​​​មាន​​​​​​​​​រូប​​​ចម្លាក់​​​​​​ស្ថិត​​​ក្នុង​​​របស់​​​ប្រមូល​​​សន្សំ​​​ទុក​​​ជា​​​​​​ឯកជន សូម​​​មេត្តា​​​​​​យក​​​គំរូ​​​ល្អ​​​តាម​​​សារមន្ទីរ​​​​​​ដិនវឺ ហើយ​​​បញ្ជូន​​​វត្ថុ​​​បុរាណ​​​នោះ​​​មក​​​វិញ”។

លោក វីរៈ បាន​​​មាន​​​ប្រសាសន៍​​​ថា ទោះ​​​បី​​​ជា​​​រូប​​​ចម្លាក់​​​រាម​​​វិល​​​ត្រឡប់​​​មក​​​ប្រទេស​​​វិញ​​​ហើយ​​​​​​ក៏​​​ដោយ ក៏​​​​​​វា​​​អាច​​​ប្រើ​​​ពេល​​​មួយ​​​រយៈ​​​មុន​​​នឹង​​​ដាក់​​​តាំង​​​បង្ហាញ​​​ជា​​​សាធារណៈ។

​​លោក វីរៈ បាន​​​មាន​​​ប្រសាសន៏​​​ថា “​​​ការ​​​ជួស​​​ជុល​​​ដង​​​ខ្លួន​​​នឹង​​​ប្រើ​​​ពេល​​​ច្រើន​​​ មុន​​​នឹង​​​អាច​​​ដាក់​​​តាំង​​​បង្ហាញ​​​ជាមួយ​​​រូប​​​ចម្លាក់​​​ផ្សេងទៀត​​​ដែល​​​បាន​​​បញ្ជូន​​​មក​​​ប្រទេស​​​វិញ​​​​​​រួច​​​ហើយ។វា​​​ត្រូវ​​​ការ​​​ពេល​​​វេលា​​​យ៉ាង​​​ហោច​​​ណាស់​​​មួ​​​យ​​​ឆ្នាំ​​​”។ លោក​​​នាយក​​​សារ​​​មន្ទីរ​​​ជាតិ​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ដោយ​​​មិន​​​បញ្ជាក់​​​ថា​​​ ​​​​​​រូប​​​ចម្លាក់​​​នោះ​​​នឹង​​​ត្រូវ​​​​​​ជួស​​​ជុល​​​ត្រង់​​​ណា​​​ខ្លះ​​​ទេ៕​​​រើន​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស