កាលពីម្សិលមិញ អភិបាលរងខណ្ឌពោធិ៍សែនជ័យក្នុងក្រុងភ្នំពេញបានបញ្ចប់ភ្លាមៗនូវផែនការរបស់ព្រះចៅអធិការវត្តលក់ដីស្រះទឹកមួយតម្លៃ៤,៨លានដុល្លារ ដែលពាក្យចចាមអារ៉ាមអំពីផែនការនេះបានបង្កឲ្យមានការតវ៉ាជាច្រើនថ្ងៃពីសំណាក់អ្នកភូមិដែលផ្ទុះកំហឹង។
ប្រជាពលរដ្ឋនៅសង្កាត់ចោមចៅពឹងផ្អែកលើទឹកស្រះទំហំ៣ហិកតាដើម្បីដាំបន្លែបង្កា និងបន់ស្រន់ដល់អ្នកថែរក្សាស្រះទឹក នៅទីសក្ការមួយកន្លែងដែលនៅចម្ងាយពីរបីរយម៉ែត្រពីវត្តគោកបញ្ជាន់។អ្នកភូមិរាប់រយនាក់បាននឹងកំពុងតវ៉ានៅខាងក្រៅវត្តនោះតាំងតែពីថ្ងៃសៅរ៍មក បន្ទាប់ពីមានការប្រជុំមួយរវាងព្រះចៅអធិការវត្តព្រះនាម សេង ថននិងក្រុមមន្ត្រីមូលដ្ឋានកាលពីថ្ងៃពុធ ដើម្បីពិភាក្សាការលក់ស្រះទឹកនេះតម្លៃ១៦០ដុល្លារក្នុងមួយម៉ែត្រក្រឡា។
អំឡុងកិច្ចប្រជុំរយៈពេល៤ម៉ោងនៅវត្តនោះកាលពីម្សិលមិញ អភិបាលរងខណ្ឌលោក ឃឹម ស៊ុនសូដា បានមានប្រសាសន៍ថា មិនមានការយល់ព្រមឲ្យលក់ទេ ដើម្បីបំពេញតាមការទាមទាររបស់ប្រជាជន។

លោក ស៊ុនសូដា បានសួរព្រះចៅអធិការវត្តថា “យើងព្រមព្រៀងមិនលក់វាទេ ហើយ រក្សាវាទុកជាសម្បត្តិសាធារណៈ។ តើព្រះតេជគុណយល់ឃើញយ៉ាងម៉េច?”។ ព្រះចៅអធិការវត្ត សេង ថន បានមានសង្ឃដីកាតបថា “អាត្មាយល់ស្រប”។
ក្នុងការការពារខ្លួន ព្រះចៅអធិការវត្តអង្គ នេះបានមានសង្ឃដីកាថា ព្រះអង្គគ្រាន់តែពិចារណាការលក់ប៉ុណ្ណោះ។ ព្រះតេជគុណបានមានសង្ឃដីកាថា “ញាតិញោមមួយចំនួនបានចោទអាត្មាថា បានរួមគំនិតជាមួយអាជ្ញាធរមូលដ្ឋានដើម្បីលក់ដីតម្លៃរាប់លានដុល្លារ។ អាត្មាសូមបដិសេធការចោទប្រកាន់ដែលថា មានផែនការលក់ ឬដោះដូរវានោះ។ អាត្មាគ្រាន់តែមានគំនិតប៉ុណ្ណោះ…។ អាត្មាមិនទាន់បានទទួលប្រាក់ណាមួយនៅឡើយទេ”។
លោក ស៊ុត សាត ជាមេប៉ុស្តិ៍ដែលបានចូលរួមការប្រជុំកាលពីសប្តាហ៍មុននៅវត្តនេះ ក៏បាននិយាយដែរថា មានការផ្តើមគំនិតហើយឥឡូវបានបោះបង់ចោលហើយ។
លោកថ្លែងថា “យើងបានធ្វើការប្រជុំនេះ បន្ទាប់ពីមានសំណើមួយពីព្រះចៅអធិការវត្ត ហើយយើងមិនបានថា ត្រូវលក់វាទេ។ យើងគ្រាន់តែបានពិភាក្សាអំពីគំនិតនេះ ហើយបន្ទាប់ពីយើងបានទទួលការបដិសេធ យើងបានបោះបង់វាចោលហើយ”។
ព័ត៌មានដែលថា ស្រះទឹកនេះនឹងទុកនៅជាទ្រព្យសម្បត្តិសាធារណៈបានទទួលការអបអរក្នុងចំណោមអ្នកភូមិប្រហែល៣០០នាក់ដែលបានមកជួបជុំគ្នានៅខាងក្រៅវត្តនេះកាលពី ម្សិលមិញ ប៉ុន្តែ អ្នកភូមិខ្លះចង់បញ្ជាក់អំពីការទាមទាររបស់ខ្លួនឲ្យដកព្រះតេជគុណ សេង ថន និងលោកសុខ លី ប្រធាន ភូមិចោមចៅចេញពីតំណែង។
លោកអភិបាលរងខណ្ឌ ស៊ុនសូដា បានបន្តថា លោកនឹងឲ្យបុគ្គលិករបស់លោកចុះពិនិត្យមើលការអះអាងរបស់ពួកគាត់ប្រឆាំង អ្នកទាំងពីរ ថាតើនិងពេលណាពួកគាត់បានដាក់ពាក្យបណ្តឹងជាផ្លូវការនោះ៕ និត