33 C
Phnom Penh

អភិបាល​រង​ក្រុង​បាត់ដំបង​ គប់​កំណាត់​ចម្រៀក​ក្ដារ​​ត្រូវ​មុខ​ក្មេងស្រី​អាយុ​៤ឆ្នាំ​បណ្តាល​​​ឲ្យ​​​រង​​​របួស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​មួយ​រូប​បាន​លើក​ឡើង​កាលពី​ម្សិល​មិញ​ថា អភិបាល​រង​ក្រុង​បាត់ដំបង​​ បាន​​​គប់​​​​​​កំណាត់​ចម្រៀក​ក្ដារ​ចំ​មុខ​របស់​ក្មេងស្រី​អាយុ​៤ឆ្នាំ​​កាលពី​ថ្ងៃ​សុក្រ ​ បន្ទាប់ពី​ជម្លោះ​ក្នុង​គ្រួសារ​​​​​​​​​ឯង​​​​ “​ធ្វើ​ឲ្យ​គាត់​តុកស៊ិក​” ​​ប៉ុន្តែ​គាត់​នឹង​មិន​ត្រូវ​​​បាន​ចោទ​​ប្រកាន់​ទេ ព្រោះ​គាត់​បាន​ផ្ដល់​ប្រាក់​​​ចំនួន​២៥​ដុល្លារ​ និង​ចំណី​អាហារ​មួយ​កញ្ចប់​ឲ្យ​ទៅ​គ្រួសារ​ក្មេងស្រី​រងគ្រោះ​រួចហើយ​។       

ខណៈ​ពេល​​លោក ពៅ ឌី ​កំពុង​​​នៅ​ផ្ទះ​របស់​ខ្លួន​​ក្នុង​ភូមិ​អង់ ក្រុង​បាត់ដំបង កាលពី​ល្ងាច​ថ្ងៃ​សុក្រ មាន​ក្មេង​ក្នុង​​​មូល​​​ដ្ឋាន​​​មួយ​ក្រុម​រួម​ទាំង​ក្មេងស្រី​រងគ្រោះ​ផង​​​​ បាន​ចាប់​ផ្ដើម​​លេង​លើ​គំនរ​ខ្សាច់​ក្បែរ​ផ្ទះ​របស់​គាត់​ នេះ​បើ​​​​យោង​តាម​​​ការ​​​​​​ឲ្យ​​​ដឹង​​​​​​ពី​​​លោក ផល ផ ​ប្រធាន​ភូមិ​ស្ដីទី។

​​ប្រធាន​ភូមិ​រូប​នេះ​និយាយ​ថា ”​គាត់​ខឹង​ពួកគេ​យ៉ាង​ខ្លាំង ព្រោះ​ពេល​នោះ​គាត់​​តុក​ស៊ិក​​​​នឹង​​ប្រពន្ធ​គាត់​​ដែល​ផឹកស្រា​​នៅ​ផ្ទះ​​​​​​របស់​​​គាត់។ ដោយ​​​សារតែ​​​បែប​​នោះ​​​​ ​​​​គាត់​​ក៏​គប់​ចម្រៀក​ក្ដារ​ចេញ​ក្រៅ​ផ្ទះ​គាត់​​​​ប៉ះ​ចំ​ថ្ពាល់​ខាង​​​ឆ្វេង​ ត្រចៀក និង​ក្បាល​របស់​ក្មេងស្រី​រង​គ្រោះ”។ ចម្រៀក​ក្ដារ​ដែល​លោក ឌី ពៅ ​គប់​មាន​ទំហំ​ប៉ុន​ដៃ​មនុស្ស​ ហើយ​របួស​​របស់​ក្មេងស្រី​រូប​​​​នេះ​​​​” មិន​ធ្ងន់ធ្ងរ​ទេ​”។

​លោក ផល ផ ​និយាយ​ទៀត​ថា គាត់ និង​​​មន្ត្រី​​​នគ​រ​បាល​ក្រុង​មួយ​ចំនួន​ទៀត​រួម​ទាំង​​នាយ​ប៉ុស្តិ៍​​​នគរ​​​បាលផង ​​​បាន​ជួយ​​សម្រុះ​សម្រួល​​​​ការ​​​​​​​ចរចា​​​​​សំណង​រវាង​​អភិបាល​រង​ក្រុង​​ និង​​ក្រុម​​​​គ្រួសារ​​ក្មេងស្រី​​​រង​​​គ្រោះ​​​​កាលពី​ថ្ងៃ​អាទិត្យ។ ​​​​​​ទីបំផុត​គ្រួសារ​នេះ​​បាន​​​យល់​ព្រម​​​មិន​ដាក់​ពាក្យ​​​​​បណ្ដឹង​ ជា​ថ្នូរ​នឹង​​​ប្រាក់​​១០ម៉ឺន​រៀល​ អង្ករ​​​​២៥គីឡូក្រាម មី​២កញ្ចប់​ ​ទឹកសុទ្ធ​ និង​ថ្នាំពេទ្យ​​​​​មួយ​ចំនួន​។ ​”​លោក​អភិបាល​រង​ក្រុង​​បាន​ទៅ​សួរ​សុខទុក្ខ​នាង​​ និង​គ្រួសារ​របស់​នាង​កាល​​ពី​ម្សិលមិញ ហើយ​​ពួក​​​គាត់​​​​បាន​​​ផ្សះផ្សា​គ្នា​​​រួច​ហើយ​”។

ទោះ​ជាយ៉ាង​ណា លោក ផាន់ សុវណ្ណារិទ្ធ ​​​នាយ​​​​ប៉ុស្តិ៍​​​នគរ​បាល​​​​​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា ការ​​​​រៀប​រាប់​របស់​លោក ផល ផ មិន​ពិត​ទេ ដោយ​​​​​​​​​​លើក​ឡើង​ថា ប្រធាន​ភូមិ​រូប​នេះ​ “​ប្រហែល​ជា​ស្រវឹងស្រា​” នៅ​ពេល​គាត់​និយាយ​ជាមួយ​​​​អ្នក​យកព័ត៌មាន​។

ខណៈ​ទទួល​ស្គាល់​ថា ​គាត់​ពិត​​​ជាបាន​ទៅ​ផ្ទះ​របស់​​ក្មេងស្រី​រងគ្រោះ​​ជាមួយ​អភិបាល​ក្រុង ​​និង​មន្ត្រី​ផ្សេងៗ​ទៀត​​មែន​​​កាលពី​ថ្ងៃ​អាទិត្យ ដើម្បី​ចែក​អំណោយ​ លោក​ ផាន់ សុវណ្ណារិទ្ធ និយាយ​ថា ​ការ​ចុះ​ទៅ​សួរ​សុខទុក្ខ​នេះ​គ្រាន់​តែ​ជា​កាយវិការ​មនុស្ស​ធម៌​តាង​នាម​​​ឲ្យ​កាកបាទ​ក្រហម​កម្ពុជា​ ​ដែល​ស្ថិត​​ក្រោម​​​​​​ការ​​​​​​ដឹក​នាំ​​​​​​របស់​​​លោកស្រី ប៊ុន រា៉នី ភរិយា​​របស់​លោក​នាយក​រដ្ឋមន្ត្រី​​​ប៉ុណ្ណោះ ហើយ​មិន​មែន​ជា​ការ​​​​ព្យាយាម​ទិញ​ទឹកចិត្ត​​គ្រួសារ​ជន​រងគ្រោះ​ទេ។ ​​លោក​​​​​​​ថា “​ពួកគេ​ជា​គ្រួសារ​ក្រីក្រ”។

នាយ​​​ប៉ុស្តិ៍​​​​​​រូប​​​​​​នេះ​​​បាន​​​​សង្កត់​​​ធ្ងន់​​​ថា អភិបាល​​​រង​ក្រុង​រូប​នេះ​មិន​បាន​ទៅ​ផ្ទះ​​របស់​ក្មេងស្រី​រងគ្រោះ​ទេ ហើយ​ក៏​មិន​បាន​ចែក​​​​អំណោយ​ដល់​គ្រួសារ​នេះ​ដែរ។ លោក​បាន​​បន្ថែម​ទៀត​​​​ថា នគរ​​បាល​មិន​ស៊ើបអង្កេត​ករណី​គប់​​ចម្រៀក​​​​ក្ដារ​នេះ​ទេ ពីព្រោះ​​ហេតុការណ៍​នេះ​​មិន​ត្រូវ​​​​បាន​ពិនិត្យ​​ពិច័យ​​ជា​ផ្លូវ​ការ​។ លោកបាន​​មាន​​ប្រសាសន៍​ថា “​​​យើង​មិន​ទទួល​បាន​ដំណឹង​អំពី​​​អ្វី​ដែល​បាន​កើត​ឡើង​ទេ មាន​ន័យ​ថា ខាង​​​​ភាគី​ជនរងគ្រោះ​មិនបាន​ដាក់​ពាក្យ​ប្ដឹង​”៕ សុខុម​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស