31 C
Phnom Penh

យុវជន​ម្នាក់​ត្រូវ​តុលាការ​​ចោទ​​ប្រកាន់​​​ពីបទ​​​​ចាប់​​​រំលោភ​ក្មេង​ស្រី​​​​អាយុ​៤ឆ្នាំ​ចំនួន​​​បីលើក​​​​ផ្សេង​​​​​​គ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឪពុក​ម្ដាយ​មិន​​រាយការណ៍​អំពី​ការ​រំលោភ​ពីរ​លើក​ដំបូង​

មន្ត្រី​កង​រាជអាវុធហត្ថ​បាន​​និយាយ​កាល​ពី​​ម្សិលមិញ​ថា យុវជន​អាយុ​១៩​ឆ្នាំ​ម្នាក់​ដែល​​​ជាប់​សង្ស័យ​​​ពីបទ​ចាប់​រំលោភ​​​​​ក្មេង​​​​​​ស្រី​អាយុ​៤ឆ្នាំដែល​ជា​​​កូន​​​​​​​​របស់​បងប្អូនជីដូន​មួយ​ខ្លួន​ចំនួន​បី​លើក​ផ្សេង​គ្នា​ ត្រូវ​សាលា​​ដំបូង​ខេត្ត​សៀមរាប​ចោទ​ប្រកាន់​កាលពី​ថ្ងៃ​អាទិត្យ​ពោល​​​គឺ​​​​​​​​​​ពីរ​ថ្ងៃ​បន្ទាប់ពី​​ការ​ចាប់​រំលោភ​លើក​ចុង​ក្រោយ​។

យុវជន​ឈ្មោះ ហ៊ុយ សារុំ ដែលធ្វើ​ជា​អ្នក​​​​ប៉ះកង់​​យូរៗ​ម្ដង ត្រូវ​​​​សមត្ថ​​​កិច្ច​​​​​​​​ចាប់​ខ្លួន​នៅ​​ផ្ទះ​របស់​ខ្លួន​ក្នុង​ស្រុក​ពួក កាលពី​ថ្ងៃ​សៅរ៍ បន្ទាប់​​​ពី​គ្រួសារ​របស់​ក្មេងស្រី​រងគ្រោះ​​​បាន​ដាក់​ពាក្យ​​​​​​​​បណ្ដឹង​ទៅ​សមត្ថកិច្ច​ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក អាង សេន នាយការិយាល័យ​​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៃ​កង​រាជអាវុធ​ហត្ថ​ខេត្ត​។

លោកបាន​​ថ្លែង​ថា ”​តុលាការ​បាន​ចោទ​ប្រកាន់​ជន​សង្ស័យ​ពីបទ​ចាប់​រំលោភ​មាន​ស្ថានទម្ងន់​ទោស​” ហើយ​ ហ៊ុយ សារុំ ត្រូវ​បាន​បញ្ជូន​​ខ្លួន​ទៅ​ពន្ធនាគារ​ខេត្ត​​ហើយ​​​ដើម្បី​រង់ចាំ​សវនាការ​។

លោក ជា ស៊ីណា មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​បាន​មាន​ប្រសាសន៍​ថា ឪពុក​ម្ដាយ​របស់​ជន​រងគ្រោះ​​បាន​​​សម្រេច​ចិត្ត​មិន​ប្ដឹង​​​​ឡើយ​​​​​ចំពោះ​​​ការ​ចាប់​រំលោភ​ពីរ​លើក​មុន ទោះបី​ជា​ដឹង​អំពី​​​ហេតុ​​​ការណ៍​​​​​​​​នោះ​​​ដែល​​​​​បាន​កើត​ឡើង​​​ខណៈ​ពួកគេ​ធ្វើ​ការ​នៅ​ក្រុង​សៀមរាប​ក្ដី។ លោក​បាន​បន្ត​ថា “​ឪពុក​ម្ដាយ​របស់​​ជន​សង្ស័យ​​​​គ្រាន់​តែ​ដោះស្រាយ​ជាមួយ​​​ឪពុក​ម្ដាយ​របស់​ក្មេងស្រី​រងគ្រោះ និង​​​​បញ្ចុះ​បញ្ចូល​ពួកគេ​កុំ​ឲ្យ​​​​ប្តឹង​​​​​​​ទៅ​អាជ្ញាធរ​​​ប៉ុណ្ណោះ​​​”។

​មេបញ្ជាការ​​​កង​រាជអាវុធហត្ថ​រូប​នេះ​បាន​​​​​មាន​​​ប្រសាសន៍​​​​បន្ថែម​​​​ថា ការ​ចាប់​រំលោភ​កាល​​​​ពី​ថ្ងៃ​សុក្របាន​កើត​ឡើង​​ នៅ​ពេល ហ៊ុយ សារុំ ដែល​រស់​នៅ​​ម្ខាង​ផ្លូវ​​​​​​​ពី​គ្រួសារ​របស់​ជន​រងគ្រោះ បាន​​​ល្បួង​​​​ក្មេងស្រី​​​​រង​​​គ្រោះ​​​ឲ្យ​​​ទៅ​​​​​ជាមួយ​ខ្លួនដើម្បី​​​​ចូល​គុម្ពោត​ព្រៃ​​ក្រោយ​ផ្ទះ​របស់​នាង ដោយ​​យាយ​ដែល​នៅ​ផ្ទះ​ជាមួយ​នាង​មិន​បាន​ដឹង​ឡើយ​។

លោក​​​​ថ្លែង​​​​ថា ការ​ចាប់​រំលោភ​ត្រូវ​បាន​រំខាន នៅ​ពេល​ក្មេងៗ​ជិត​ខាង​​ឃើញ​​​​​​ហេតុ​​​ការណ៍​ចាប់​រំលោភ​​​​កំពុង​​​កើត​ឡើង ហើយ​រត់​​ទៅ​ប្រាប់​យាយ​របស់​ជនរងគ្រោះ​។

​លោក​​​បាន​​​​​​គូស​​​បញ្ជាក់​​​​ថា “​នៅ​ពេល​យាយ​​​របស់​ជន​រងគ្រោះ​​ទៅ​ដល់​កន្លែង​កើត​ហេតុ ជន​សង្ស័យ​​​រត់​គេច​​​​ខ្លួន​​​បាន​ទៅ​ហើយ​”។ ឪពុក​ម្ដាយ​របស់​​​ជនរងគ្រោះ​បាន​ដាក់​ពាក្យ​បណ្ដឹង​មក​​​នគរ​បាល​នៅ​​ព្រឹក​បន្ទាប់។ “យើង​ចាប់​បាន​ជន​សង្ស័យ​​​នៅ​ថ្ងៃ​តែ​មួយ​ដែល​ឪពុក​ម្ដាយ​​​ជន​​​រង​​​គ្រោះ​​​​បាន​ដាក់​ពាក្យ​បណ្ដឹង​” ​​​ដោយ​ពន្យល់​ថា ហ៊ុយ សារុំ​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​កន្លែង​ប៉ះកង់​​ក្បែរ​ផ្ទះ​របស់​ខ្លួន​។

ហ៊ុយ សារុំ បាន​សារភាព​ថា ខ្លួន​ពិត​ជា​បាន​​​ចាប់​រំលោភ​​​ក្មេង​​​​​​ស្រី​​​​​​រង​​​គ្រោះ​​​​មែន​អំឡុង​​ពេល​សាកសួរ​​នៅ​ទីបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​​។

លោក មុំ ម៉ុន មេភូមិ​ចំបក់ហែ ជា​​​កន្លែង​​​ដែល​ជន​សង្ស័យ​​ និង​ជន​រងគ្រោះ​រស់​នៅ​​​​បាន​​​​​​ឲ្យ​​​ដឹង​​​ថា ទី​​​បំផុត​គ្រួសារ​នេះ​​​បាន​​​​​​សម្រេច​​​ចិត្ត​​​ដាក់​ពាក្យ​​​​ប្តឹង បន្ទាប់ពី​​​​ការ​​​​​រំលោភ​​​​លើក​​​ចុង​ក្រោយ​បាន​​កើត​ឡើង​ បន្ទាប់ពី​ម្ដាយ​​របស់​ជន​​រងគ្រោះ​បាន​ទៅ​សុំ​យោបល់​ពី​លោក​កាលពី​ល្ងាច​ថ្ងៃសុក្រ​។

​លោក​បាន​​​​បន្ត​​​​ថា “​បន្ទាប់ពី​ការ​ចាប់​រំលោភ​​​លើក​ទី១​ និង​លើកទី២​ ម្ដាយ​របស់​ជន​រង​គ្រោះ​​​​​​មិន​បាន​ដាក់​ពាក្យ​ប្ដឹង​ទេ​​​ដោយ​សារ​គាត់​​​​និយាយ​​​ថា​​​ គាត់​​​​​នឹង​​​​​​អាម៉ាស់​​​មុខ​​​ ​ប្រសិន​បើ​គេ​ដឹង​​ថា កូនស្រី​របស់​គាត់​ត្រូវ​គេ​​រំលោភ​ ហើយ​​​​​​​​​​ដោយ​សារ​តែស្ត្រី​​​ជា​​​​​ម្ដាយ​ និង​ជន​សង្ស័យ​ជា​បង​ប្អូន​ជីដូន​មួយ​នឹង​គ្នា។ បន្ទាប់ពី​ខ្ញុំ​បាន​ដឹង​អំពី​ការ​ចាប់​រំលោភ​ទាំង​នេះ ខ្ញុំ​ក៏​​​​បាន​​​បង្ខំ​ឲ្យ​ឪពុក​ម្ដាយ​របស់​ជនរងគ្រោះ​ដាក់​ពាក្យ​បណ្ដឹង”។

លោកស្រី រស់ សុភាព នាយិកាអង្គការ​​យែនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ បាន​លើក​ឡើង​ថា ការ​ស្ងាត់​ស្ងៀម​របស់​​គ្រួសារ​នេះ​មិន​​​​ព្រម​​ដាក់​ពាក្យ​បណ្ដឹង​​​គ្មាន​​​អ្វី​​​​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ។ “​សង្គម​នេះ​​គឺ​ជា​សង្គម​ដែល​ឲ្យ​តម្លៃ​ខ្លាំង​​​​​​លើ​បុរស​” ហើយ​ការ​គំរាម​ទម្លាយ​រឿង​អាស្រូវ​ព្រមទាំង​​កង្វះ​ការ​ជឿជាក់​លើ​ប្រពន្ធ​តុលា​ការ​​​​​​​​នៅ​​​ក្នុង​​​ប្រទេស ​​​បាន​​​​ធ្វើ​ឲ្យ​ការ​រំលោភ​​​​ផ្លូវ​​​ភេទ​​​​​​​​ជាច្រើន​មិន​ត្រូវ​បាន​រាយ​ការណ៍។

លោកស្រី​​បាន​បន្ត​ថា គ្រួសារ​ក្មេង​​​ស្រី​​​ជន​រងគ្រោះ​ “​ មាន​អារម្មណ៍​​​​ថា ប្រជាជន​​​​ក្នុង​​​សហគមន៍ ជា​​​ពិសេស​​​បុរស​​​ៗ​នឹង​មិន​ឲ្យ​តម្លៃ​​កូនស្រី​របស់​ពួកគាត់ ហើយ​នាងនឹង​​​​​មិន​អាច​រៀបការ​ជាមួយ​ប្ដី​​សមរម្យ​​​​​​​ឡើយ​​​​”៕ សុខុម

(រាយការណ៍​បន្ថែម​ដោយ Anthony Jensen)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស