31 C
Phnom Penh

លោក ហ៊ុន សែន ៖ ប្រអប់​​​សារ​​​ក្នុង​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​​​​លោក​​​បើក​​​ចំហ​​​សម្រាប់​​​បណ្តឹង​​​ពុក​​​រលួយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពីម្សិលមិញ លោក​​​នាយករដ្ឋ​​​មន្ត្រី ហ៊ុន សែន បាន​​​លើក​​​ទឹក​​​ចិត្ត​​​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​ផ្ញើ​​​ពាក្យ​បណ្តឹង​​ទាក់ទិន​​អំពើ​​​ពុក​​​រលួយ​​​ចូល​​​ក្នុង​​​ប្រអប់​​​សារ​​​ក្នុង​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​ផ្ទាល់​​​របស់​​​លោក​ ដោយ​​​ភ្ជាប់​​​​​​ភ័ស្តុ​​​តាង​​​មក​​​ជាមួយ​​នៅ​​​​​​ក្នុង​​​អ្វី​​​ដែល​​​លោក​​​លើក​​​ឡើង​​​ថា ជា​​​ចំណាត់​​​ការ​​​មួយ​​​ដើម្បី​​​ពង្រឹង​​​កិច្ច​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​។

សារ​​​មួយ​​​បង្ហោះ​​​នៅ​​​លើ​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​របស់​​​លោក ហ៊ុន សែន កាល​​​ពី​​​ព្រឹក​​​ម្សិល មិញ  មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា ”ដើម្បី​​​​​​លើក​​​កម្ពស់​​​ជីវភាព​​​រស់​​​នៅ​​​ប្រជា​​​ពល​​​រដ្ឋ​​​ ទប់​​​ស្កាត់​​​​​​ និង​​​លុប​​​បំបាត់​​​អំពើ​​​ពុក​​​រលួយ​​​ និង​​​ផ្តល់​​​នូវ​​​យុត្តិធម៌​​​សង្គម​​​ សូម​​​បង​​​ប្អូន​​​ជន​​​រួម​​​ជាតិ​​​ចូល​​​រួម​​​ជាមួយ​​​សម្តេច​​​តេជោ​​​ទាំង​​​អស់​​​គ្នា​​”។

សារ​​​េនះ​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​ផ្ញើ​​​សារ​​​ និង​​​លិខិត​​​ផ្សេង​​​ៗ​​​ជា​​​ PDF ឬ ​​​Microsoft ​​​Word​​​ ​​​រួមជាមួយ​ភ័ស្តុ​​​តាង​​​នៃ​​​ការ​​​ប្រព្រឹត្តអំពើ​​​ពុក​​​រលួយនានា​​​​មកកាន់​ប្រអប់​​​សារ​​​នៅ​​​ក្នុង​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​របស់​​​លោក​​​ដោយផ្ទាល់​។

សារ​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​បន្ត​​​ដូច្នេះ​​​ថា​​​”សំណូម​​​ពរ​​​ របាយការណ៍ និង​​​ពាក្យ​​​បណ្តឹង​​​នានា​​​ត្រូវ​​​តែ​​​មាន​​​មូល​​​ដ្ឋាន​​​ច្បាប់​​​ពិត​​​ប្រាកដ​​​រួម​​​ជាមួយ​​​ភ័ស្តុ​​​តាង​​​ និង​​​សាក្សី​​​ច្បាស់​​​លាស់​​​”។

“ ទន្ទឹម​​​នឹង​​​នេះ​​​ក្រសួង​​​មន្ទីរ​​​ អាជ្ញាធរ​​​ និង​​​សមត្ថកិច្ច​​​ពាក់​​​ព័ន្ធ​​​នានា​​​ត្រូវ​​​ចូល​​​រួម​​​ដោះ​​​ស្រាយ​​​អំពើ​​​អយុត្តិធម៌​​​ជូន​​​ប្រជា​​​ពល​​​រដ្ឋ​​​ឲ្យ​​​ឈប់​​​​​​ក​​​សាង​​​អំពើ​​​អាក្រក់​​​​​​តទៅ​​​ទៀត​​​”។

ខណៈ​​​រដ្ឋាភិបាល​​​មាន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​រួច​​​ហើយ​​​​​​ជា​​​មធ្យោបាយ​​​ដើម្បី​​​លុប​​​បំបាត់​​​អំពើ​​​ពុក​​​រលួយ​​​នៅ​​​ក្នុង​​​វិស័យ​​​សាធារណៈ​​​រដ្ឋាភិបាល​​​កម្ពុជា​​​ត្រូវ​​​បាន​​​ចាត់​​​ទុក​​​ថា ជា​​​ប្រទេស​​​មាន​​​ការ​​​ប្រព្រឹត្ត​អំពើ​​​ពុក​​​រលួយ​​​ខ្លាំង​​​បំផុត​​​ក្នុង​​​តំបន់​​​ នេះ​​​បើ​​​យោង​​​តាម​​​អង្គការ​​​តម្លាភាព​​​កម្ពុជា។

លោក​​​ ផៃ ស៊ីផាន អ្នក​​​នាំពាក្យ​​​រដ្ឋាភិបាល​​​បាន​​​លើក​​​ឡើង​​​ថា គំនិត​​​ផ្តួច​​​ផ្តើម​​​ថ្មី​​​បំផុត​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​​​លើក​​​ទឹក​​​ចិត្ត​​​ឲ្យ​​​មាន​​​រំហូរ ​​​ព័ត៌មាន​​​កាន់​​​តែ​​​សេរី​​​អំពី​​​អំពើ​​​ពុក​​​រលួយ​​​។

លោក​​​​​​​​​ ផៃ ស៊ីផាន បាន​​​មានប្រសាសន៍​​​ថា “ហ្វេស​​​ប៊ុក​​​មាន​​​ប្រសិទ្ធ​​​ភាព​​​ប្រសើរ​ច្រើន​​​សម្រាប់​​​រាយ​​​ការណ៍​​​​​​អំពី​​​បញ្ហា​​​នានា​​​។​​​វិធី​​​សាស្ត្រ ​​​នេះ​​​បញ្ឈប់ ​​​​ការិយាធិបតេយ្យ​​​ និង​​​ធ្វើ​​​ឲ្យ​​​គម្លាត​​​រវាង​​​ជន​​​ស៊ីវិល​​​ និង​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​កាន់​​​តែ​​​កៀក​​​ជិត​​​គ្នា​​​”។

លោក កែម ឡី អ្នក​​​វិភាគ​​​នយោបាយ​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​អំពាវ​​​នាវ​​​របស់​​​លោក ​​​ហ៊ុន ​​​ សែន ត្រូវ​​​ការ​​​ការ​​​គាំទ្រ​​​ដោយ​​​យន្ត​​​ការ​​​ផ្លូវ​​​ការ​​​ដើម្បី​​​ដោះស្រាយ​បណ្តឹង​​​បែប​​​នេះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ការ​​​មាន​​​ប្រសាសន៍​​​​​ដូច្នេះ​​​​​​​​​​​ គឺ​​​ល្អ​​​ ប៉ុន្តែ គាត់​​​មិន​​​អាច​​​ដោះ​​​​​​ស្រាយ​​​បញ្ហា​​​ទាំ​​​ងអស់​​​តែ​​​ម្នាក់​​​ឯង​​​បាន​​​ទេ​​​។ បន្ទាប់​​​ពី​​​សរសេរ​​​ដូច្នេះ​​​ វា​​​ក៏​​​ត្រូវ​​​ការ​​​យន្តការ​​​សម្រាប់​​​ការ​​​អនុវត្ត​​​​​​ផង​​​ដែរ​​​ គឺ​​​ថា តើ​​​នរណា​​​នឹង​​​អនុវត្ត​​​វា​​​​ ហើយ​​​​​​ថា តើអ្នក​​​​​​​​​​អនុវត្ត​​​នឹង​ទទួល​​​បាន​​​សិទ្ធិ​​​អំណាច​​​ប៉ុណ្ណា​​​​​​​?”។

លោក​​​ ព្រាប​​​ កុល​​​ នាយក​​​ប្រតិបត្តិ​​​អង្គការ​​​តម្លាភាព​​​កម្ពុជា​​​បាន​​​លើក​​​ទឹក​​​ចិត្ត​​​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​ទទួល​​​បាន​​​ប្រយោជន៍​​​ពីគំនិត​ផ្តួច​ផ្តើម​របស់​​​លោក ហ៊ុន សែន ដែល​លោក​​​បាន​​​លើក​​​ឡើង​​​ថា​​​ បាន​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ពីភាពបរាជ័យ​របស់​​​ស្ថាប័ន​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ដែល​​​មាន​​​ស្រាប់​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​ក្នុង​​​ពេល​​​វេលា​​​ដ៏​​​យូរ​​​ទៅ​​​មុខ​​​ទៀត​​​ យើង​​​សង្ឃឹម​​​ថា នឹង​​​ឃើញ​​​មាន​​​ការ​​​ធ្វើ​​​កំណែ​​​ទម្រង់​​​ស្ថាប័ន​​​សាធារណៈ​​​ដែល​​​អាច​​​ដោះ​​​ស្រាយ​​​ករណី​​​អយុត្តិធម៌ និង​​​បណ្តឹង​​​ដោយ​​​ឯករាជ្យ​​​ ដោយ​​​ពុំ​​​ចាំ​​​បាច់​​​មាន​​ការ​​​អំពាវ​​​នាវ​​​ដោយ​​​ផ្ទាល់​បែប​​​នេះ​​​ទៀត​​​”។

“អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ តុលាការ​​​  និង​​​ស្ថាប័ន​​​​អនុវត្ត​​​ន៍​​​ច្បាប់​​​បច្ចុប្បន្ន​​​​​​មិន​​​អាច​​​ឆ្លើយ​​​តប​​​នឹង​​​ភាព​អយុត្តិធម៌​​​ទាំង​នេះ​​​ដោយ​​​ប្រសិទ្ធ ភាព​​​បាន​ឡើយ​​​”៕ស៊ុយឈាង​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស