40.9 C
Phnom Penh

គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​អំពាវ​​​នាវ​​​ឲ្យ​​​សើុប​​​អង្កេត​​​បន្ថែម​​​លើក​​​ករណី​​​ឆ្លង​​​មេរោគ​​​អេដស៍​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​​​គណៈកម្មការ​​​សុខាភិបាល​​​នៃ​​​រដ្ឋ​​​សភា​​​បាន​​​ស្នើ​​​ឲ្យ​​​រដ្ឋាភិបាល​​​សើុប​​​អង្កេត​​​បន្ថែម​​​ទៀត​​​លើ​​​ករណី​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​ដែល​​​ទើប​​​តែ​​​រក​​​ឃើញ​​​ថ្មី​​​​​​នៅ​​​ក្នុង​​​ភូមិ​​​មួយ​​​ក្នុង​​​ខេត្ត​​​កណ្តាល​​​ ដែល​​​បាន​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​ជុំវិញ​​​​ការ​​​ដែល​​​អាច​​​មាន​​​ការ​​​​​​ផ្ទុះ​​​ឡើង​​​នូវ​​​មេរោគ​​​នេះ​​​។

ប៉ុន្មាន​​​ថ្ងៃ​​​បន្ទាប់ពី​​​លទ្ធផល​​​​​​នៃ​​​ការ​​​ធ្វើ​​​តេស្ត​​​ដែល​​​ធ្វើ​​​ឡើ​​​ង​​​ដោយ​​​អង្គការ​​​ខេមរា ​​​ត្រូវ​​​បាន​​​ផ្សព្វ​​​ផ្សាយ​​​ជា​​​សាធារណៈ​​​កាលពី​​​ចុង​​​ខែ​​​មុន​​​ថា មាន​ករណី​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​ចំនួន​​​១០​​​ករណី​​​ដែល​​​គេ​​​មិន​​​បាន​​​ដឹង​​​ពី​​​មុន​​​មក​​​ត្រូវ​​​បាន​​​បញ្ជាក់​​​នៅ​​​ក្នុង​​​ភូមិ​​​ពាមនោះ​​​​ ក្រសួង​​​សុខា​​​ភិបាល​​​បាន​​​បញ្ជូន​​​មន្ត្រី​​​​​​ទៅ​​​ធ្វើ​​​តេស្ត​​​រក​​​មេរោគ​​​នេះ​​​ជា​​​បន្ត​​​បន្ទាប់​​​ ប៉ុន្តែ បាន​​​បញ្ឈប់​​​បន្ទាប់​​​ពី​​​ធ្វើ​​​តេស្ត​​​លើ​​​អ្នក​​​ភូមិ​​​ចំនួន​​​ត្រឹម​​​តែ​​​២៧៩​​​នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​ភូមិ​​​ប្រហែល​​​១.០០០នាក់ ហើយ​​​រក​​​ឃើញ​​​ករណី​​​ផ្ទុក​​​មេរោគ​​​​​​អេដស៍​​​នេះ​​​ត្រឹម​​​តែ​​​៤​​​ករណី​​​ប៉ុណ្ណោះ​​​។

ពីរថ្ងៃក្រោយ​ ក្រសួង​​​សុខាភិបាល​​​រួម​​​ជា​​​មួយ​​​ ​​​UNAIDS និង​​​អង្គការ​​​សុខភាព​​​​​​ពិភព​​​លោក (WHO) បាន​​​ចេញ​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៥ ខែ​​​កុម្ភៈ ដែល​​លើក​​​ឡើង​​​ថា លទ្ធផល​​​ដែល​​​បាន​​​ពី​​​ថ្ងៃ​​​ធ្វើ​​​តេស្ត​​​នោះ​​​”មិន​​​បង្ហាញ​​​ថា ជា​​​ការ​​​ផ្ទុះ​​​ករណី​​​ឆ្លង​​​មេរោគ​​​អេដស៍​​​ឡើយ​​​”។

ទោះ​​​ជា​​​យ៉ាង​​​ណា លោកស្រី កែ សុវណ្ណ​​​រតន៍​​​ ​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង​​​ដែលជា​​​ប្រធាន​​​គណៈកម្ម​ការ​​​នៃ​រដ្ឋ​​​សភា​​​​​​ទទួល​​​បន្ទុក​​​ផ្នែក​​​សុខាភិបាល​​​សាធារណៈ​​​​​​បាន​​​លើក​​​ឡើង​​​ក្នុង​​​លិខិត​​​មួយ​​​ផ្ញើ​​​ជូន​​​លោក ម៉ម ប៊ុន​​​ហេង​​​រដ្ឋមន្ត្រីក្រសួង​​​សុខាភិបាល​​​​​​ថា លោក​​​ស្រី​​​នៅ​​​តែ​​​មិន​​​ទាន់​​​មាន​​​ការ​​​ជឿជាក់​​​។

នៅ​​​ក្នុង​​​លិខិត​​​នេះ​​​ ដែល​​​ចុះ​​​កាល​​​បរិច្ឆេទ​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៥​​​ ខែ​​​កុម្ភៈ និង​​​ចារ​​​ខ្នង​​​ដោយ​​​លោក ហេង សំរិន ប្រធាន​​​រដ្ឋ​​​សភា​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ លោក​​​ស្រី កែ សុវណ្ណរតន៍​​​​​​ បាន​​​ពន្យល់​​​ថា ​​​គណៈកម្មការ​​​របស់​​​លោក​​​ស្រី​​​ទទួល​បាន​​​​​​​​​​​​​​​ព័ត៌​​​មា​​​ន​​​អំពី​​​ “ការ​​​ឆ្លង​​​រាល​​​ដាល​​​នូវ​​​មេរោគ​​​អេដស៍​​​ ដល់​​​អ្នក​​​ភូមិ​​​ក្នុង​​​ភូមិ​​​ពាម​​​ ឃុំ​​​សំបួរ​​​មាស”។

លោកស្រី​​​បាន​​​លើក​​​ឡើង​​​ថា “ហេតុ​​​​​​ដូច្នេះ​​​ យោង​​​តាម​​​ព័ត៌មាន​​​ខាង​​​លើ​​​ ខ្ញុំ​​​សូម​​​ស្នើ​​​ឲ្យ​​​ឯក​​​ឧត្តម​​​រដ្ឋ​​​មន្ត្រី​​​ពិនិត្យ​​​ និង​​​ចាត់​​​វិធានការណ៍​​​ជា​​​បន្ទាន់”។ ពេល​​​និយាយ​​​តាម​​​ទូរស័ព្ទ​​​កាល​​​ពី​​​ម្សិល​​​មិញ លោកស្រី​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​ធ្វើ​​​តេស្ត​​​​​​ជា​​​បន្តបន្ទាប់​ដែល​​​ធ្វើ​​​ឡើង​​​ដោយ​​​ក្រសួង​​​​​​សុខាភិបាល​​​មិន​​​គ្រប់​​​គ្រាន់​​​ទេ​​​។

លោកស្រី​​​បាន​​​មានប្រសាសន៍​​​ថា “យើង​​​ឃើញ​​​របាយការណ៍​​​របស់​​​អង្គការ​​​សុខភាព​​​ពិភព​​​លោក​​​ដែល​​​ថា មាន​​​ការ​​​ធ្វើ​​​តេស្ត​​​លើ​​​អ្នក​​​ភូមិ​​​១ភាគ​​​៤​​​នៃ​​​អ្នក​​​ភូមិ​​ [​​​នៅ​​​ក្នុង​​​ភូមិ​​​ពាម] ហើយ​​​ប្រជា​​​ពល​​​រដ្ឋ​​​នៅ​​​តែ​​​ព្រួយ​​​បារម្ភ​​​ខ្លាំង​​​។ យើង​​​ឃើញ​​​ថា វិធានការណ៍​​​នេះ​​​មិន​​​ទាន់​គ្រប់​ជ្រុង​ជ្រោយ​ទេ”។

លោក​​​ស្រី​​​ កែ សុវណ្ណរ័ត្ន​​​ បាន​​​លើក​​​ឡើង​​​ទៀត​ថា កត្តាដែល​បាន​​​ជំរុញ​​​ឲ្យ​​​លោក​ស្រី​​​ស្នើ​​​ឲ្យ​​​មាន​​​​​​ការ​​​ចាត់​​​វិធានការណ៍​​​បន្ថែម​​ គឺ​​​ដោយសារ​កង្វះ​​​ការ​​​ពន្យល់ឲ្យបាន​សមហេតុ​សមផល​​​​ថា តើ​​​ហេតុ​​​អ្វី​​​បាន​​​ជាមាន​​​​អ្នក​​​ភូមិ​​​ត្រឹម​​​តែ​​​មួយ​​​ភាគ​​​ត្រូវ​​​បាន​​ធ្វើ​​​តេស្ត​​។​

លោកស្រី​​​បាន​​​បន្ថែម​​​ថា “តើ​​​នរណា​​​ចម្លង​​​មេរោគ​​​អេដស៍​​​នេះ​​​? វា​​​មិន​​​ទាន់​​​ច្បាស់​​​នៅ​​​ឡើយ​​​ទេ។ ខ្ញុំ​​​មិន​​​ចង់​​​ឲ្យ​​​គេ​​​លាក់​​​បាំង​​​បញ្ហា​​​នេះ​​​ទេ​​​។ យើង​​​មិន​​​ចង់​​​បញ្ចប់​​​បញ្ហា​​​ដោយ​​​ការ​​​លាក់​​​បាំង​​​ព័ត៌មាន​​​ឡើយ​។ យើង​​​ចង់​​​បញ្ចប់​​​បញ្ហា​​​ដោយ​​​លទ្ធផល​​​ជាក់លាក់​​​”។

លោកស្រីបាន​​​បន្ថែម​​​ថា “យើង​​​បាន​​​ឃើញ​​​​​​ការ​​​ផ្ទុះ​​​ឡើង​​​នេះ​​​នៅ​​​ក្នុង​​​ខេត្ត​​​បាត់​​​ដំបង​​​ហើយ​​​ ឥឡូវ​​​នេះ​​​នៅ​​​ក្នុង​​​ខេត្ត​​​កណ្តាល​​​ តើ​​​ខេត្ត​​​ណា​​​ជា​​​ខេត្ត​​​បន្ទាប់​​​ទៀត​​​?។​​​ នេះ​​​គឺជា​​​ការ​​​ព្រួយ​​​បារម្ភ​​​ដ៏​​​ធំ”។

កាល​​​ពី​​​ចុង​​​ឆ្នាំ​​​២០១៤ ការ​​​ផ្ទុះ​​​ឡើង​​​នៃ​​​មេរោគ​​​អេដស៍​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​នៅ​​​ក្នុង​​​ឃុំ​​​រកា​​​ ខេត្ត​​​បាត់​​​ដំបង​​​ ដែលមាន​​​​​​អ្នក​​​ភូមិ​​​ប្រហែល​​​​​​២៨០​​​នាក់​​​ទី​​​បំផុត​​ត្រូវ​​​បាន​​ធ្វើ​​​​តេស្តរក​​​​ឃើញ​​​ថា ឆ្លង​​​​មេរោគ​​​អេដស៍។ ការ​​​ឆ្លង​​​ដ៏​​​រាលដាល​​​នេះ​​​ត្រូវ​​​បាន​​​បន្ទោស​​​លើ​​​លោក យ៉ែម ជ្រិន​​​អាយុ​​​៥៦​​​​​​ឆ្នាំ​​​ជា​​​គ្រូពេទ្យ​​​ភូមិ​​​ដែល​អ្នកភូមិ​​​ចូល​​​ចិត្ត​ហៅ​ឲ្យទៅព្យាបាល​និង​​ដែល​​​សារភាព​​​​​​ថា បាន​​​ប្រើ​​​ម្ជុល និង​​​សឺរ៉ាំង​​​ដដែល​​​​​ៗ​ពេល​​​ចាក់​​​ថ្នាំ​​​ឲ្យ​​​អ្នក​​​ជំងឺ​​​ ហើយ​​​ត្រូវ​​​បាន​​​ផ្តន្ទា​​​ទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​២៥​​​ឆ្នាំ​​​ដោយ​​​សារ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុងករណី​ផ​​​្ទុះ​​​មេរោគ​​​អេដស៍​​​នេះ​​​។

អ្នក​​​ភូមិ​​​ពាម​​​បាន​​​បន្ទោ​​ស​​​ភ្លាម​​​ៗ​​​លើ​​​គ្រូពេទ្យ​​​មូល​​​ដ្ឋាន​​​ពេល​​​ការ​​​ធ្វើ​​​តេស្ត​​​រក​​​ឃើញ​​​ថា មាន​​​ការ​​​ឆ្លង​​​​មេរោគ​​​អេដស៍​​​កាល​​​ពី​​​ខែ​​​មុន ប៉ុន្តែ គ្រូពេទ្យ​​​មូល​​​ដ្ឋាន​​​បាន​​​បដិសេធ​​​យា៉ង​​​ដាច់​​​អហង្ការ​​​មិន​​​ទទួល​​​ខុស​​​ត្រូវ​​​ឡើយ។

លោក លី សុវណ្ណ​​​​​​​​​​​​ ​​​អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​សុខា​​​ភិ​​​បាល​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ក្រសួង​​​របស់​​​​លោក​​​មិន​​​ទាន់​​​ទទួល​​​បាន​​​លិខិត​​​របស់​​​លោក​​​ស្រី កែ សុវណ្ណរតន៍ នៅ​​​ឡើយទេ​​​ ប៉ុន្តែ បាន​​​​​​ពន្យល់​​​ថា ក្រុម​​​មន្ត្រី​​​មិន​​​ព្រួយ​​​បារម្ភ​​​អំពី​​​ស្ថាន​​​ភាព​​​នៅ​​​ក្នុង​​​ភូមិ​​​ពាម​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “មេរោគ​​​អេដស៍​​​នៅ​​​ក្នុង​​​ភូមិ​​​ពាម​​​ គឺជា​​​រឿង​​​ធម្មតា​​​មិន​​​ដូច​​​នៅ​​​ក្នុង​​​ឃុំ​​​រកា​​​ទេ​​​។ វា​​​មិន​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ចាក់​​​ថ្នាំ​​​ឡើយ​​​។ ប្រភព​​​នៃ​​​ការ​​​ឆ្លង​​​គឺ​​​ធម្មតា​​​ ដូច​​​​​​តាម​​​រយៈ​​​ការ​​​រួម​​​ភេទ​​​”។

លោក​​​ លី សុវណ្ណ បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ករណី​​​នៅ​​​ក្នុង​​​ភូមិ​​​ពា​ម​​​មិន​​​មែន​​​ជា​​​ករណី​​​ថ្មី​​​ទេ​​​ ប៉ុន្តែ គេ​​​មិន​​​បាន​​​ដឹង​​​ពី​​​មុន​​​មក​​​ឡើយ​​​ រហូត​​​​​​ដល់​​​ពេល​​​អង្គការ​​​ខេមរា​​​បាន​​​ផ្តល់​​​ការ​​​ធ្វើ​​​តេស្ត​​​ឥត​​​គិត​​​ថ្លៃ​​​ដល់​​​អ្នក​​​ភូមិ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៣ ​​​ខែ​​​កុម្ភៈ​​​ ដើម្បី​​​​​​ប្រារព្ធ​​​ទិវា​ស្រោម​​​អនាម័យ​​​អន្តរ​​​ជាតិ​​​​​​ទើបដឹង​​​។

លោក​​​បាន​​​ថ្លែង​​​ថា “ខ្ញុំ​​​ចង​​់​​​បញ្ជាក់​​​​​​ឲ្យ​​​បាន​​​ច្បាស់​​​ថា បច្ចុប្បន្ន​​​មាន​​​មនុស្ស​​​មួយ​​​ចំនួន​​​ដែល​​​រស់​​​នៅ​​​ជាមួយ​​​មេរោគ​​​អេដស៍​​​ ហើយ​​​មិន​​​ដឹង​​​ថា ខ្លួន​​​ឯង​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​ទេ”។

លោកស្រី ម៉ារី អូឌីល អេមិន (Marie-Odile Emond) នាយក​​​ប្រចាំ​​​ប្រទេស​​​នៃ​​​អង្គការ​​​ UNAIDS បាន​​​លើក​​​​​​ឡើង​​​ថា អ្នក​​​ភូមិ​​​ចំនួន​​​២៧៩​​​នាក់​​​ ដែល​​​ត្រូវ​​​បាន​​​ធ្វើ​​​តេស្ត​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២២​​​ ខែ​​​កុម្ភៈ​​​ គឺជា​​​ចំនួន​​​មួយ​​​ភាគ​​​ធំ​​​គ្រប់​​​គ្រាន់​​​ក្នុង​​​ការ​​​កំណត់​​​ថា គ្មាន​​​ការ​​​ផ្ទុះ​​​ករណី​​​ឆ្លង​​​មេរោគ​​​អេដស៍​​​​​នៅ​​​ក្នុង​​​ភូមិ​​​នេះ​​​ឡើយ​​​។

លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ក្នុង​​​ចំណោម​​​អ្នក​​​ដែល​​​ធ្វើ​​​តេស្ត​​​ទាំង​​​អស់​​​រក​​​ឃើញ​​​ករណី​​​ឆ្លង​​​តិច​​​តួច គឺ​​​មិន​​​ខុស​​​គ្នា​​​​​​ខ្លាំង​​​ទេបើ​​​ធៀប​​​ទៅ​​​នឹង​​​មធ្យម​​​ភាគ​​​នៃ​​​ការ​​​ឆ្លង​​​ទូទាំង​​​ប្រទេស​​​​​​”។ (យោង​​​តាម​​​តួ​​​លេខ​​​ថ្មី​​​បំផុត​​​របស់​​​រដ្ឋាភិបាល​​​​​​ឲ្យ​​​ដឹង​​​ថា ការ​​​ឆ្លង​​​មេរោគ​​​​​​អេដស៍ជា​​​មធ្យម​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ គឺ​​​មាន​​​ចំនួន​០,៦​​​ភាគ​​​រយ​​​នៃ​​​អត្រា​​​ប្រជា​​​ពល​​​រដ្ឋ​​​សរុប​​)។

លោក​​​ស្រី​​​ អេមិន បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ការ​​​វិភាគ​​​លើ​​​ករណី​​​ឆ្លង​​​ដែល​​​រក​​​ឃើញ​​​នេះ​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ស្រប​​​តាមនីតិវិធី​​​​បទ​​​ដ្ឋាន​​​ត្រឹម​​​ត្រូវ​​​ ប៉ុន្តែថា លទ្ធផល​​​ទំនង​​​ជា​​​មិន​​​អាច​​​ផ្សព្វ​​​ផ្សាយ​​​ជា​​​សាធារណៈ​​​បាន​​​ទេ​​​ ដើម្បី​​​ការ​​​ពារ​​​រក្សា​​​ភាព​​​ឯកជន​​​របស់​​​អ្នក​​​ជំងឺ​​​៕ ស៊ុយឈាង (រាយការណ៍​​​បន្ថែមដោយ Colin Meyn)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស