40.9 C
Phnom Penh

ក្រសួង​បញ្ជា​ឲ្យ​ស្ថានទូត​​​​កម្ពុជា​​​រក​មេធាវី​ការពារ​អ្នក​នេសាទ​ក្នុង​រឿង​ក្ដី​រំលោភ​នៅប្រទេស​​​​ថៃ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​​បាន​បញ្ជា​ឲ្យ​​ស្ថានទូត​ខ្មែរ​នៅ​ក្រុង​បាងកក​ផ្ដល់​មេធាវី​​ជួយ​អ្នក​នេសាទ​​ខ្មែរ​ប្រាំ នាក់​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​​ពីបទ​វាយ​ប្រហារ​ភ្ញៀវ​ទេសចរ​បារាំង​បួន​នាក់​ ហើយ​រំលោភ​ម្ដាយ​និង​កូនស្រី​ លើ​កោះ​គុត​របស់​​​ថៃ កាល​​​ពី​យប់​ថ្ងៃ​សៅរ៍។

លោកស្រី អ៊ាត សុភា ឯកអគ្គរាជទូត​ខ្មែរ បាន​ធ្វើ​ដំណើរ​ទៅ​កោះ​នោះ​នៅ​ខេត្ត​ត្រាត ប្រទេស​ថៃ​ ​ក្នុង​បេសកកម្ម​ស្វែង​រក​ការ​ពិត​កាលពី​ថ្ងៃ​ច័ន្ទ ដោយ​ត្រឡប់​មក​ក្រុង​បាងកក​វិញ​នៅ​ពេល​រសៀល​ដើម្បី​ជម្រាប​ជូន​លោក ហោ ណាំហុង តាម​ទូរស័ព្ទ។

សេចក្ដី​ជូន​ព័ត៌មាន​មួយ​ចុះ​ហត្ថលេខា​ដោយ​​លោក​រដ្ឋមន្ត្រី និង​ចេញ​កាលពី​ម្សិល មិញ បាន​បញ្ជាក់​ពិស្ដារ​នូវ​ការ​វាយ​ប្រហារ​​ ដែល​ត្រូវ​បាន​រាយការណ៍​ដោយ​ព័ត៌មាន​អន្តរជាតិ និង​ព័ត៌មាន​ថៃ​​ ក្នុង​នោះ​មាន​ទាំង​ហេតុការណ៍​ដែល​ជន​សង្ស័យ​បាន​សារភាព​​ថា​ បាន​វាយ​ប្រហារ​ភ្ញៀវទេសចរ​បារាំង​​នៅ ជិត​រមណីយដ្ឋាន​របស់​ពួកគេ​ និង​​ថា​ពួកគេ​បាន​រំលោភ​​ស្ត្រី​ទាំង​នោះ​ ដែល​ទីភ្នាក់ងារ​ព័ត៌មាន​ AP បាន​​រាយការណ៍​ថា គឺ​ជា​​ម្ដាយ​និង​កូន​ស្រី។

សេចក្ដី​ជូន​ព័ត៌មាន​ក៏​បាន​​ឲ្យ​ដឹង​ដែរ​ថា បុរស​ទាំង​នោះ​ស្រវឹង​ស្រា​នៅ​ពេល​ពួកគេ​វាយ​​ប្រហារ​អ្នក​ដើរ​លេង​វិស្សមកាល​ទាំង​នោះ។ សេចក្ដី​ជូន​ព័ត៌មាន​មិន​បាន​ប្រាប់​ភិន​ភាគ​បុរស​ទាំង​នោះ​ទេ ប៉ុន្តែ​​បាន​ឲ្យ​ដឹង​ថា ​មនុស្ស​ទាំង​ប្រាំ​នាក់​​មាន​អាយុ​ក្រោម​២៥​ឆ្នាំ​ និង​​រៀន​សូត្រ​បាន​តិច​តួច។

សេចក្ដី​ជូន​ព័ត៌មាន​បាន​បន្ថែម​ថា បុគ្គលិក​ស្ថានទូត​កម្ពុជា “ ​​ត្រូវ​ស្វែងរក​វិធី​ជួយ​អ្នក​នេសាទ ​​​​​ទាំង​ប្រាំ​នាក់​ និង​ផ្ដល់​មេធាវី​អំឡុង​ពេល​​​សាក​​​សួរ​នៅ​តុលាការ” ក្នុង​ប្រទេស​ថៃ។

លោក ជុំ សុន្ទរី ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ បាន​​​និយាយ​​តាម​ទូរស័ព្ទ​ថា គេ​មាន​គម្រោង​សាកសួរ​ជន​សង្ស័យ​នៅ​តុលាការ​ខេត្ត​ត្រាត​កាលពី​ម្សិលមិញ។

​លោក​បាន​និយាយ​ថា ​”​មិន​មែន​ជា​លើក​ដំបូង​ទេ​ដែល​ពលរដ្ឋ​ខ្មែរ​បាន​​ឡើង​តុលាការ​ក្នុង​ប្រទេស​ថៃ” ដោយ​លោក​បាន​ពន្យល់​ថា ស្ថានទូត​នៅ​ក្រុង​បាងកក​​បាន​ជួល​មេធាវី​ម្នាក់​ដើម្បី​ដោះស្រាយ​ករណី​បែប​នេះ។

លោក ស៊ុន្ទរី បាន​និយាយ​ថា ស្ថានទូត​បាន​​​ព្យាយាម​ទាក់​ទង​គ្រួសារ​​របស់​អ្នកទាំង​ប្រាំ​ ដែល​មក​ពី​ខេត្ត​កំពង់ចាម និង​បាត់ដំបង ​ហើយ​​​ធ្វើការ​​លើ​ទូក​នេសាទ​ថៃ​ឈ្មោះ Chok Kamolwan។ លោក​មិន​បាន​ផ្ដល់​ឈ្មោះ​ជន​​ជាប់​ចោទ​ទាំង​នោះ​ទេ តែ​ត្រូវ​នគរបាល​ថៃ​បាន​ឲ្យ​ដឹង​ថា មាន​​​ឈ្មោះ យីម ឈ្មោះ ផៃ ឈ្មោះ ចឺន ឈ្មោះ ធី និង ប៊ុត ម៉ាន។

អ្នក​នាំពាក្យ​រូប​នេះ​បាន​និយាយ​ថា លោក​មិន​ដឹង​ថា ​រដ្ឋាភិបាល​កម្ពុជា​នឹង​ចាត់វិធាន​ការ​​​បែបណា​ទេ​​​ក្នុង​ហេតុការណ៍​ដែល​មាន​ការ​ចោទ​​​​ប្រកាន់​លើ​អ្នក​នេសាទ​ទាំង​នោះប៉ុន្តែ​បាន​​​​លើក​ឡើង​ថា ប្រទេស​កម្ពុជា​និង​​ប្រទេស​​​​ថៃ​មាន​​សន្ធិសញ្ញា​បត្យាប័ន​ទ្វេភាគី។

កាសែត​បាងកក​ប៉ុស្តិ៍​​បាន​រាយការណ៍​ថា ទូក​នេសាទ​ Chok Kamolwan ​បាន​ចូល​ចត​នៅ​ឆ្នេរ​កោះគុត​កាលពីថ្ងៃ​សៅរ៍ ​ហើយ​ថា អ្នក​នេសាទ​ទាំង​នោះ​​បាន​ហែល​មក​កាន់​ឆ្នេរ​​រក​ទិញ​គ្រឿង​ស្រវឹង​ ក៏​ស្រាប់​​​តែជួប​​​​ប្រទះ​នឹង​​​​ភ្ញៀវ​ទេស​​ចរ​​​​ទាំង​​​នោះ​​​តែ​​​ម្តង​​​។ បន្ទាប់​មក បុរស​ទាំង​នោះ​​​​​​​​បាន​វាយ​ប្រហារ​ភ្ញៀវ​​​ទាំង​បួន​នាក់​ដោយ​កំាំបិត​និង​ដំបងមុន​ពេល​រំលោភ​ស្ត្រី​ពីរ​នាក់​នោះ។

ក្នុង​អត្ថបទ​កាលពី​​ម្សិលមិញ កាសែត​នេះ​​បាន​រាយការណ៍​ថា ក្រុម​អ្នក​ស៊ើបអង្កេត​ប្រមូល​បាន​​​៥១​ភ័ស្តុតាង ក្នុង​នោះ​មាន​​កាំបិត​​ដែល​​​​គេ​ជឿ​ថា  ត្រូវ​បាន​ប្រើ​ក្នុង​ការ​វាយ​ប្រហារ​នោះ៕ និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស