មន្ត្រីមូលដ្ឋានម្នាក់បាននិយាយកាលពីថ្ងៃអង្គារថា លោក ហ៊ុន ម៉ាណែត កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្ពោធដាក់ឲ្យប្រើប្រាស់សាលាបឋមសិក្សាមានបួនខ្នងនៅតំបន់អារ៉ែង ខេត្តកោះកុងកាលពីច័ន្ទ រួមជាមួយក្រុមចលនាយុវជនកម្ពុជាក្រុម១៥៧ ដែលបានផ្តល់អំណោយជាសាលារៀននេះ។
លោក កែវ នីបូរ៉ា អភិបាលរងស្រុកថ្មបាំង បាននិយាយថា សាលារៀននេះដែលសម្ពោធដាក់ឲ្យប្រើប្រាស់ដោយឧត្តមសេនីយ៍ឯក ម៉ាណែត ប្រធានអង្គភាពប្រឆាំងភេរវកម្មរបស់កងទ័ព និងលោក មឿង ពន្លក មេដឹកនាំចលនានេះ បានទទួលស្វាគមន៍ពីសំណាក់សហគមន៍ក្រុមជនជាតិភាគតិចជងក្នុងតំបន់នោះ។
លោក នីបូរ៉ា បាននិយាយថា “ខ្ញុំរីករាយណាស់ ដែលចលនាយុវជនកម្ពុជា ក្រុម១៥៧ បានអភិវឌ្ឍនិងសាងសង់សាលាបឋមសិក្សានៅក្នុងតំបន់អារែង”។

អភិបាលរងស្រុករូបនេះបានច្រានចោលពាក្យចោទប្រកាន់កន្លងមកពីសំណាក់សកម្មជនបរិស្ថានដែលថា ក្រុមដែលហៅដោយខ្លួនឯងថា ជាក្រុមមនុស្សធម៌របស់លោក ពន្លក តាមពិតជាអង្គការនយោបាយមានសម្ព័ន្ធជាមួយនឹងគណបក្សប្រជាជនកម្ពុជានោះ។
លោកបាននិយាយថា “ពួកគេអាចនិយាយអ្វីដែលពួកគេចង់និយាយ ប៉ុន្តែនេះជាប្រយោជន៍សាធារណៈសម្រាប់កុមារត្រូវមានសាលារៀនដែលពួកគេអាចរៀនសូត្របាន”។
ស្រុកថ្មបាំងជាកន្លែងមានការតវ៉ាអស់រយៈពេលជាច្រើនឆ្នាំ ដោយអ្នកស្រុកនិងសកម្មជនបរិស្ថានធ្វើបាតុកម្មប្រឆាំងគម្រោងធ្វើទំនប់វារីអគ្គិសនីក្នុងតំបន់នេះ។ ប្រសិនបើគម្រោងនេះបន្តទៅទៀតនោះ ជនជាតិជងរាប់រយគ្រួសារនឹងត្រូវបណ្តេញចេញពីដីដូនតារបស់ពួកគាត់។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា គម្រោងទំនប់នេះត្រូវពន្យារពេលរហូតដល់ក្រោយការបោះឆ្នោតជាតិលើកក្រោយនៅឆ្នាំ២០១៨។
លោក នីបូរ៉ា បានទទួលស្គាល់ថា ប្រសិនបើទំនប់នេះត្រូវសង់ អគារសិក្សាជាអំណោយនាពេលថ្មីៗនេះក៏នឹងត្រូវលិចលង់។
លោកបាននិយាយថា “អគារសិក្សាបួនខ្នងនេះនឹងស្ថិតនៅក្នុងអាងស្តុកទឹក ប្រសិនបើពួកគេសង់ទំនប់នេះ ប៉ុន្តែរដ្ឋាភិបាលនឹងមិនសាងសង់វាទេ”។
លោក ពន្លក បាននិយាយថា អំណោយជាអគារសិក្សា ដែលលោកបានអះអាងថា ចំណាយប្រាក់សរុប១១០.០០០ដុល្លារ និងរួមទាំងការជួសជុលស្ពាននៅក្បែរនោះផង គឺមិនមែនជារឿងនយោបាយទេ ហើយថាលោកមិនបានដឹងអ្វីទាក់ទិននឹងទំនប់ដែលស្នើឡើងនេះទេ។
លោកបាននិយាយថា “ខ្ញុំមិនដឹងអំពីបញ្ហានោះទេ។ យើងធ្វើតែរឿងមនុស្សធម៌ប៉ុណ្ណោះ”។
ការធ្វើទស្សនកិច្ចតំបន់អារ៉ែងកាលពីថ្ងៃច័ន្ទមិនមែនជាលើកទី១របស់ចលនាយុវជនកម្ពុជា ក្រុម១៥៧នោះទេ។ កាលពីខែមិថុនា ក្រុមនេះ ដែលសមាជិកជាច្រើននាក់របស់ក្រុមនេះមានវ័យកណ្តាល និងស្លៀកពាក់ឯកសណ្ឋានសុទ្ធតែខ្មៅ បានមកដល់តំបន់នេះចែកកញ្ចប់ថ្នាំពេទ្យ ខោអាវ និងប្រាក់ ក្នុងនាមឧត្តមសេនីយ៍ឯក ម៉ាណែត។
លោក អិុន គង់ជិត មន្ត្រីសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តកោះកុង បាននិយាយថា ទន្ទឹមនឹងពេលដែលលោកស្វាគមន៍អគារសិក្សាថ្មីនេះ លោកមិនជឿថា ហេតុផលរបស់លោក ពន្លក គិតដល់ប្រយោជន៍អ្នកដទៃទេ។
លោកបាននិយាយថា “យើងដឹងថា ការបោះឆ្នោតឃុំសង្កាត់ជិតមកដល់។ ហេតុនេះហើយ គណបក្សកាន់អំណាចចង់ទទួលបានការគាំទ្រពីក្រុមអ្នកភូមិ”។
“ក្នុងពេលកន្លងមក អ្នកភូមិនៅទីនេះបានងើបឡើងតវ៉ាប្រឆាំងនឹងគម្រោងទំនប់វារីអគ្គិសនីនេះ ហើយពួកគាត់ភាគច្រើនមិនចូលចិត្តគណបក្សប្រជាជនកម្ពុជាទេ”៕និត