38 C
Phnom Penh

មន្ត្រី​សហជីព និង​មិត្ត​ភក្តិ​​ត្រូវ​បាន​ចាប់ខ្លួន​ចំពោះ​ការ​តតាំងជាមួយប្រធាន​​​​រដ្ឋបាល​រោង​ចក្រ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​មន្ត្រី​សហជីពដែល​​​លើក​ឡើង​ថា ការ​ចាប់​ខ្លួន​​គឺ​ជា​ហេតុ​ផល​នយោបាយ​​បាន​និយាយ​កាលពី​ម្សិលមិញ​ថា មន្ត្រី​សហជីព​ម្នាក់​ និង​អ្នក​ជិត​ខាង​របស់​ខ្លួន​​ត្រូវបាន​​​កង​រាជអាវុហត្ថខេត្ត​កំពង់ឆ្នាំង​ឃាត់​ខ្លួន​ ពីបទ​ទះ​កំផ្លៀង​ស្ត្រី​​​គ្រប់​​​គ្រង​​​រដ្ឋបាល​​​​រោងចក្រ​​​ម្នាក់​ ហើយ​បាន​​ប៉ុនប៉ង​​សម្លាប់​ស្ត្រី​រូប​នោះ​ ។

យោង​តាម​​សហជីព​សេរីកម្មករ​ (FTU) បាន​ឲ្យ​ដឹង​ថា ជម្លោះ​នេះ​បាន​កើត​ឡើង​​នៅ​ពេល​​អ្នកស្រី សំ ច្រឹប ជា​ប្រពន្ធ​របស់​មន្ត្រី​សហ​ជីព​រូប​នេះ​​ ត្រូវ​បាន​បណ្ដេញ​ចេញពី​រោងចក្រ ​​Horizon Outdoor ចំពោះ​ការ​ព្យាយាម​​​​បង្កើត​សាខា​សហជីព​សេរីកម្មករ​នៅ​ទីនោះ។

យោង​តាម​លោក កាន សុខវី ប្រធាន​សហ​​ជីព​សេរីកម្មករ​​នៅ​រោងចក្រ​ Can Sport Shoes ក្បែរគ្នា​នោះ​បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​ត្រូវ​​បាន​​សន្តិសុខ​​ក្រៀក​ចេញពី​រោងចក្រកាលពី​ថ្ងៃអង្គារ​ អ្នកស្រី សំ ច្រឹប បាន​អះអាង​ថា គាត់​​​ត្រូវ​បាន​ប្រធាន​រដ្ឋបាល​​​រោងចក្រ​ Horizon ដែល​គេ​ស្គាល់​​ត្រឹម​តែ​ថាឈ្មោះ គន្ធា បាន​តាម​​គាត់​រហូត​ដល់​ផ្ទះ​។

លោក សុខវី ​និយាយ​ថា “​អ្នកស្រី សំ ច្រឹប បាន​ទូរស័ព្ទ​ទៅ​ប្រាប់​ប្ដី​របស់​ខ្លួន​ថា ប្រធាន​​រដ្ឋបាលរូបនេះ​​បាន​តាម​អ្នកស្រី​​ដល់​ផ្ទះ”។

លោក​ សុខវី បាន​ថ្លែងថា បន្ទាប់​​​មក​​​លោក ផុន វណ្ណា ​​ត្រូវ​ជា​ប្ដី​របស់​គាត់ និង​ជា​សមាជិក​សហជីព​សេរីកម្មករ​ដែល​បម្រើការងារ​នៅ​រោង​ចក្រ Can Sport Shoes បាន​ជិះរថយន្ត​មក​ផ្ទះ​របស់​ខ្លួន​ស្ថិត​ក្នុង​ស្រុក​សាមគ្គី​មានជ័យ ដើម្បី​វាយ​តម្លៃ​​ស្ថានភាព​នោះ។ ប៉ុន្តែ​ ស្ត្រី​ឈ្មោះ គន្ធា បាន​ព្យាយាម​​បើក​រថយន្ត​ចេញ​ពី​កន្លែង​នោះ​​បន្ទាប់ពី​បុរស​រូប​នេះ​បាន​មក​ដល់។ ពេល​នោះ​លោក វណ្ណា បាន​ទូរស័ព្ទ​ទៅ​​​​លោក​ ចែម ជួន ដែល​ជា​អ្នក​ជិត​ខាង​​ឲ្យ​មក​ជួយ​តតាំង​ជាមួយ​​ស្ត្រី​រូប​នេះ ហើយ​ពួក​គេ​បាន​​ដេញ​តាម​រថយន្ត​របស់​ស្ត្រី​រូប​នោះ។

​អ្វី​ដែល​កើត​ឡើង​បន្ទាប់​មក​​ទៀត​​​គឺ​​​មិន​ច្បាស់​ទេ ប៉ុន្តែ​ស្ត្រី​ឈ្មោះ គន្ធា បាន​អះអាង​ថា លោក​ វណ្ណា បាន​ទះ​កំផ្លៀង​គាត់ ហើយ​ថា បុរស​ទាំង​ពីរ​នាក់​នេះ​បាន​ប៉ុនប៉ង​​សម្លាប់​គាត់។ លោក វណ្ណា បាន​អះអាង​ថា ស្ត្រី​រូប​នេះ​បាន​ប្រឌិតរឿង​​​រ៉ាវ​​​ឡើង​​​​។

​លោក សុខវី ​ថ្លែង​ថា “​លោក វណ្ណា បាន​ប្រាប់​ខ្ញុំ​ថា គាត់​មិន​បាន​ទះកំផ្លៀង​ស្រីរូប​នោះ​​​​ទេ ប៉ុន្តែ​គ្រាន់​តែ​ចង់សួរ​ស្ត្រី​រូប​នោះ​ប៉ុណ្ណោះ​​ថា ‘ហេតុ​អ្វី​បាន​ជា​តាម​ប្រពន្ធ​​របស់​ខ្ញុំ​​ដល់​ផ្ទះ? ​​តើ​មាន​​បញ្ហា​អ្វី​ជាមួយ​ប្រពន្ធ​របស់​ខ្ញុំ?’”។

​លោកបាន​និយាយ​ថា កង​រាជអាវុធ​ហត្ថ​មក​ពី​បន្ទាយ​ក្បែរ​នោះ​បាន​ឆ្លើយ​តប​ចំពោះ​ការ​ហៅ​ទូរស័ព្ទ​ពី​ស្ត្រី​ឈ្មោះ​ គន្ធា ហើយ​បាន​​​​ចាប់​ខ្លួន​បុរស​ទាំង​ពីរ​នាក់​នេះ។

​លោក ប៊ុត សុភ័ក្ត្រ ជា​មេបញ្ជាការ​​នៅ​បន្ទាយ​នោះ បាន​អះអាង​ពី​ការ​ចាប់​ខ្លួន​នេះ ហើយ​បាន​និយាយ​ថា បុរស​ទាំង​ពីរ​នាក់​នេះ​ត្រូវ​បាន​បញ្ជូនទៅ​ទីបញ្ជាការដ្ឋាន​កង​រាជ​អាវុធ​​ហត្ថ​ខេត្ត​ ទីដែល​ពួកគេ​ស្ថិត​នៅ​ទីនោះ​​​នៅ​ឡើយ​ រហូត​ដល់​ពេល​ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ដើម្បី​ធ្វើ​ការ​សាកសួរ​កាល​ពី​ម្សិលមិញ។ លោក​បាន​និយាយ​ថា ពួកគេ​មិន​ទាន់​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ឧក្រិដ្ឋ​នៅ​ឡើយ​ទេ។

លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​​​​បាន​មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​នេះ​ជា​រឿង​​​គួរ​ឲ្យ​សង្ស័យ ហើយ​បាន​ចោទ​ប្រកាន់​​​ “​អ្នក​មានអំណាច​” ថា​បាន​រៀបចំ​រឿង​នេះ​។

លោក​បាន​ថ្លែង​ថា “​ខ្ញុំ​បាន​សង្កេត​ឃើញ​ថា នៅ​ពេល​ពួក​​​គាត់​​​​​ក្លាយ​ជា​មន្ត្រី​សហជីព​ អាជ្ញាធរ​និង​ថៅកែរោងចក្រ​តែង​តែ​រើស​អើង​មក​លើ​ពួកគេ​”។ ប៉ុន្តែ លោក​ សុភ័ក្ត្រ បាន​​​​អះអាង​ថា ពួក​គាត់​ត្រូវ​​បាន​ចាប់​ខ្លួន​​​ដោយ​សារ​តែ​ការ​​តតាំង​​​ជាមួយ​ស្ត្រីឈ្មោះ គន្ធា នេះ​។

លោក​​លើកឡើង​​​ថា ”​ប្រសិន​បើ​​ពួកគេ​មិន​​​​មាន​​​បញ្ហា​ យើង​ក៏​មិន​ចាប់​ខ្លួន​ពួកគេ​ដែរ”​។ លោក​បាន​បន្ថែម​ថា “ស្ត្រី​ម្នាក់​បាន​​ទូរស័ព្ទ​​​មក​​ប្ដឹង​​ខ្ញុំ​ដោយ​ផ្ទាល់​ថា មាន​បុរស​ពីរ​នាក់​​ប៉ុន​ប៉ង​សម្លាប់​គាត់​ ហើយ​ថា ពួកគេ​​បាន​ទាញ​គាត់​ចេញ​ពី​ឡាន ហើយ​បាន​វាយ​គាត់​”។

តំណាង​រោង​ចក្រ​មិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ៕សារុន​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស