27 C
Phnom Penh

ជនជាតិ​ចិនជាង​​​១០០​នាក់​​​ត្រូវ​ចាប់​ខ្លួន​​​នៅ​កាស៊ីណូ​​​ក្រុង​​​ប៉ោយប៉ែតដែល​​​ជា​​​​​​របស់​សមាជិក​ព្រឹទ្ធសភា​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​និយាយ​ថា ជន​ជាតិ​ចិន ​​ជាង​១០០នាក់​​ដែល​គេ​ជឿ​ថាសមត្ថកិច្ច​កំពុង​តាម​​​ចាប់​​ពីបទ​ល្មើស​​​​ប្រព្រឹត្ត​ក្នុង​ប្រទេស​កំណើត​របស់​​​​ពួក​​​គេ ត្រូវ​បាន​ឃាត់​​​​ខ្លួន​​​​​កាលពី​ម្សិលមិញ​នៅ​កាស៊ីណូ​មួយ​​​​​​​ក្នុង​​​​​​​​​ក្រុង​​​​​​​​ប៉ោយប៉ែត ​​ដែល​ជា​របស់​សមាជិក​ព្រឹទ្ធសភា​មួយ​រូប​មក​ពី​គណបក្ស​​កាន់​អំណាច។​

លោក សេម មករា ​នាយ​រង​នគរ​បាល​​អន្តោ​ប្រវេសន៍​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ថ្លែង​ថា នគរ​បាល​ចិន​​ និង​នគរ​បាល​កម្ពុជា​បាន​​​ឆ្មក់ចូល​​​​​​កាស៊ីណូ​ Golden Crown របស់​ឧកញ៉ា កុក អាន ដែល​ជា​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​កាន់​អំណាច ហើយ​បាន​ចាប់​ខ្លួន​​ជន​ជាតិ​ចិន​ ចំនួន​១០៥​នាក់ដែល​​​​សុទ្ធតែ​ជា​ភ្ញៀវ​​​ស្នាក់​​​នៅ​​​​​​​សណ្ឋាគារ​​​​​នៃ​​​​កាស៊ីណូ​នេះ​។

លោក​បាន​បដិសេធ​​មិន​​​​​​​និយាយ​​​​​​​លម្អិត​​​ថា​ តើ​​ជន​ជាតិ​ចិន​ ទាំង​នេះ​ជាប់​សង្ស័យពី​​​បទ​ល្មើស​អ្វី​នោះ​ទេ ដោយ​គ្រាន់​តែ​លើក​ឡើង​ថា ​”យើង​​​ត្រូវ​ពិនិត្យ​​​​មើល​​​ប្រវត្តិ​រូប​​​របស់​ពួកគេ​​ម្ដង​មួយៗ”​ប៉ុណ្ណោះ​។

ការ​​​ឆ្មក់​​​​​​​​​បង្ក្រាប​​​​​​នេះ​ដឹកនាំ​ដោយ​លោក សេង សេន ប្រធាន​​នាយកដ្ឋាន​​សន្តិសុខ​ផ្ទៃ​ក្នុង​នៃ​ក្រសួង​មហាផ្ទៃ​ដែល​​​​មាន​​​ប្រសាសន៍​​​ថា ប្រតិបត្តិការ​នេះ​​ធ្វើ​ឡើង​បន្ទាប់ពី​​ការ​ស៊ើប​​​អង្កេត​រួម​គ្នា​រវាង​នគរ​បាល​ចិន និង​នគរ​បាល​កម្ពុជា​លើ​ជន​សង្ស័យ​ទាំង​​​​១០៥​នាក់ ​​​ប៉ុន្តែ​​​លោក​ក៏​​​​ប្រយ័ត្ន​ប្រយែង​ដែរ​ចំពោះ​​​​ការ​​​និយាយ​​​អំពី​​​បទ​ល្មើស​របស់​ពួកគេ។

លោក​ថ្លែង​ថា ​កាស៊ីណូ​នេះ​​ត្រូវ​បាន​បិទ​ទាំងស្រុង​អំឡុង​​​​ពេល​​​ឆ្មក់​​​បង្ក្រាប ពីព្រោះ​មាន​អ្នក​លេង​ល្បែង​ជនជាតិ​ចិន​​​ ​យ៉ាង​​​ច្រើន​នៅ​ទីនោះ​​ដែល​នគរ​បាល​ពិបាក​កំណត់​​ថា ​អ្នក​ណា​​ដែល​​ខ្លួន​ស្វែង​រក​។ លោក​បាន​​​​​មាន​​​​​ប្រសាសន៍​​​ទៀត​​​​ថា ​ដំបូង​ឡើយ​ភ្ញៀវ​ជន​ជាតិ​​​ចិន ទាំង​អស់​​ត្រូវ​បាន​គៀង​​​​​ប្រមូល​​​​​​​ ហើយ​​​នាំ​ទៅ​​​កាន់​​​​​​​​សាល​ធំមួយ​នៅ​​ក្នុង​កាស៊ីណូ​​​នេះ​​​ដែល​នគរ​បាល​បាន​​កំណត់​អត្តសញ្ញាណ​​​​​​អ្នក​​​​​​ជាប់​​​មន្ទិល​​​សង្ស័យ​​​​​​ថា​​​​មាន​ដីកា​ចាប់​ខ្លួន​បើក​ចំហ​​​​​​នៅ​​ប្រទេស​ចិន​។

​​​យោង​​តាម​​​​ឧត្ដម​​​សេនីយ៍​ឯក សៀង សេន បាន​ឲ្យ​ដឹង​ថា ជនជាតិ​ចិន ​ដែល​ត្រូវ​ឃាត់​ខ្លួន​ទាំង​នេះ​ត្រូវ​បាន​ផ្ទេរ​​ពី​កាស៊ីណូ​​នេះ​ទៅ​អធិការដ្ឋាន​នគរ​បាល​ក្រុង​ប៉ោយប៉ែត​កាលពី​ល្ងាច​ម្សិលមិញ។

ពេល​នេះ​នគរ​បាល​កំពុង​ផ្ទៀង​ផ្ទាត់​ឈ្មោះ​​​​របស់​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​​ជាមួយ​នឹង​ដីកា​ចាប់​ខ្លួន​បើក​ចំហ ហើយ​បាន​​កំណត់​​រួច​ហើយ​​ថា ៣៨​នាក់​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​ទាំង​នេះ​ពិត​ជា​ត្រូវ​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​នៅ​ក្នុង​​ប្រទេស​ចិន​មែន។

ទោះ​ជាយ៉ាង​ណា លោក​ក៏​បដិសេធ​មិន​​​​បញ្ចេញ​​​បទ​ល្មើស​​របស់​ជន​ជាតិ​ចិន​ទាំង​នោះ​ដែរ។ ​ការ​ចាប់​ខ្លួន​ទ្រង់ទ្រាយធំ​កាលពី​ម្សិល​​មិញ​ធ្វើ​ឡើង​មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី​​​មាន​ប្រតិ​បត្តិ​ការ​​​​​ស្រដៀង​គ្នា​មួយ​នៅ​ក្រុង​ព្រះសីហនុ​កាលពី​ខែ​វិច្ឆិកា ដែល​នពេល​នោះ​នគរ​បាល​អន្តោប្រវេសន៍​​ដែល​មាន​ជំនួយ​​ពី​នគរ​បាល​ចិន​​ និង​មន្ត្រី​ស្ថានទូត​ចិន​ បាន​ចាប់​ខ្លួន​​​​​ជន​ជាតិ​​​ចិន​​​មួួយ​​​ក្រុម​​​​​​មាន​​​គ្នា​​​​​​​​១៦៨​នាក់​។

​មន្ត្រី​នគរ​បាល​​​​និយាយ​នៅ​ពេល​នោះ​​​ថា ក្រុម​នោះ​បាន​ប្រើ​ប្រាស់​​ប្រព័ន្ធ​​ហៅ​ទូរ​ស័ព្ទ​​​​តាមអុីនធើណិត​​ VoIP ​ដើម្បី​​ទូរស័ព្ទ​ជំរិត​​​​ទារ​​​ប្រាក់​​​​ពី​គ្រួសារ​ជនជាតិ​ចិន​ ដែល​មាន​ស្ដុក​ស្ដម្ភ​។ អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​​​ក្នុង​​​ប្រតិបត្តិ​​​ការ​​​ឆ្មក់​​​បង្ក្រាប​​​​​​​​​នោះ ​ត្រូវ​បាន​​​និរទេស​ និង​​​​​​កត់​​​ចូល​​​​​​ក្នុង​​​​​​​​​​​​​​​​​​​​​​​​បញ្ជី​ខ្មៅ​ហាម​​​​ប្រាម​​​ពួកគេ​មិន​ឲ្យ​វិល​ត្រឡប់​មក​កម្ពុជា​វិញ។ លោក​ សៀង​ សេន ​មាន​ប្រសាសន៍​ថា អ្នក​​​​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​​​​ក្នុង​​​ប្រតិ​​​បត្តិ​​​ការ​​​ឆ្មក់​​​បង្ក្រាប​​​​​​នៅ​​​​​​​ប៉ោយ​ប៉ែត​​ និង​​​​​​​​​ដែល​​​​​​មាន​ដីកា​ចាប់​ខ្លួន​បើក​ចំហក្នុង​ប្រទេស​ចិន​ បាន​ប្រឈម​​​​​វាសនា​ស្រដៀង​គ្នា​។

លោក​លើក​​​ឡើង​​​​​​​​​ថា “​​​​ថ្ងៃ​​​​​​ស្អែក យើង​នឹង​​​បញ្ចប់​​ដំណើរ​ការ​​​​​​រឿង​​​ក្តី​​​​​​របស់​​​អ្នក​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​បទល្មើស​​នៅ​ក្នុង​​ប្រទេស​កំណើត​​​របស់​ពួកគេ​” ​​​ហើយ​ថា សមត្ថកិច្ច​​កម្ពុជា​កំពុង​បន្ត​ធ្វើ​សហប្រតិ​បត្តិការ​ជាមួយ​សមភាគី​ចិន​។ ​​​”​យើង​បាន​អនុញ្ញាត​ឲ្យ​ពួកគេ​ស្នាក់​នៅឯ​​​ស្នង​ការ​​​​​ដ្ឋាន​នគរ​បាល​ក្រុង​ប៉ោយប៉ែត​នៅ​យប់​នេះ ​​​​​​ហើយ​​​ថ្ងៃ​​​​ស្អែក​ពួកគេ​នឹង​ត្រូវ​បញ្ជូន​​​​មក​ភ្នំពេញ​ដើម្បី​​​​​​បណ្តេញ​​​​​​​​​​​​ពួកគេ​ទៅ​​ចិន​វិញ”។

​​​ទាក់​​​ទិន​​​បញ្ហា​​​នេះ ស្ថានទូត​ចិន​មិន​អាច​ទាក់​​​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​​៕ សុខុម​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស