ថ្លែងទៅកាន់ក្រុមប្រជាពលរដ្ឋដែលមានការក្តៅក្រហាយនៅខណ្ឌសែនសុខ រាជធានីភ្នំពេញកាលពីថ្ងៃអង្គារ លោក ជួន សុវណ្ណ ស្នងការរាជធានីបានស្ដីបន្ទោសនាយប៉ុស្តិ៍សង្កាត់ស្ដីទីម្នាក់ខ្លាំងៗចំពោះការបណ្ដោយឲ្យជនប្រើប្រាស់គ្រឿងញៀន ចោរប្លន់ប្រដាប់អាវុធ និងក្រុមក្មេងទំនើងកាន់ដាវកាំបិតបង្កការអុកឡុកយ៉ាងអនាធិបតេយ្យក្នុងមូលដ្ឋាន ហើយថែមទាំងគំរាមមិនដំឡើងឋានៈលោកជានាយប៉ុស្តិ៍ពេញសិទ្ធិទៀតផង។
ចាប់តាំងពីលោក ដួង វណ្ណៈ កាន់តំណែងបន្តពីលោក កែវ សុទ្ធោធ៍ នាយប៉ុស្តិ៍នគរបាលសង្កាត់ភ្នំពេញថ្មីដែលចូលនិវត្តន៍ប្រហែល២ខែមក ប្រជាពលរដ្ឋក្នុងសង្កាត់ដែលស្ថិតនៅប៉ែកខាងជើងនៃរាជធានីភ្នំពេញនេះ បានត្អូញត្អែរចំពោះការកើនឡើងបទល្មើស នេះបើយោងតាមលោក ជុំ សារ៉ាយ ជាចៅសង្កាត់ដែលបានជួយរៀបចំវេទិកាសាធារណៈ ដើម្បីលើកឡើងការតវ៉ារបស់ខ្លួនកាលពីព្រឹកថ្ងៃអង្គារ។
ចំណុចសំខាន់នៃការតវ៉ាដែលបានលើកឡើងអំឡុងវេទិកាសាធារណៈនោះ គឺការព្រងើយកន្តើយរបស់លោក ដួង វណ្ណៈ ដែលបានធ្វើឲ្យសហគមន៍នេះក្ដៅក្រហាយ នៅពេលមន្ត្រីនគរបាលក្រោមឱវាទរបស់លោកមិនព្រមចាប់ខ្លួនបុរសម្នាក់ដែលគេចាប់បានពេលលួចកៅអីជ័រពីរោងជប់លៀង។
លោក ជុំ សារ៉ាយ មានប្រសាសន៍ថា “នគរបាលរបស់គាត់មិនបានឃុំខ្លួនចោរទេ ព្រោះពួកគេគ្មានពាក្យបណ្ដឹង [ផ្លូវការ] ហើយបន្ទាប់មកក៏ដោះលែងចោរនោះឲ្យរួចខ្លួន” ហើយថា ហេតុការណ៍នេះ និងហេតុការណ៍ផ្សេងៗទៀតដូចនេះបានបណ្ដាលឲ្យឧត្ដមសេនីយ៍ឯក ជួន សុវណ្ណ ប្រលះលោក ដួង វណ្ណៈ ឲ្យអាម៉ាស់នៅចំពោះមុខមនុស្សជាច្រើន។
លោកបន្តថា “ឯកឧត្ដម ជួន សុវណ្ណ មានប្រសាសន៍ថា ’លោកឯងគ្មានសមត្ថភាពធ្វើជានាយប៉ុស្តិ៍សង្កាត់ទេ ពីព្រោះគេអនុញ្ញាតឲ្យលោកឯងធ្វើជានាយប៉ុស្តិ៍ស្ដីទីដើម្បីតែងតាំងលោកឯងជានាយប៉ុស្តិ៍សង្កាត់ ប៉ុន្តែលោកឯងបែរជាធ្វើបែបនេះ”។
លោកលើកឡើងបន្ថែមទៀតថា លោកក៏ខឹងដូចអ្នកភូមិដែរចំពោះលោក ដួង វណ្ណៈ ដែលធ្វើជាមន្ត្រីនគរបាលក្នុងសង្កាត់នេះអស់រយៈពេលជាង១០ឆ្នាំ និងដែលកាលពីមុនជានាយរងប៉ុស្តិ៍។
លោក ជា សម្បត្តិ អនុប្រធានភូមិគោកឃ្លាងថ្លែងថា ចាប់តាំងពីលោក ដួង វណ្ណៈ ទទួលបន្ទុកដឹកនាំកងកម្លាំងសង្កាត់មក លោកបានកត់ត្រាឃើញកើនឡើងករណីចោរចូលលួចប្លន់ ចំណែកឯក្មេងស្ទាវញៀនថ្នាំបានចាប់ផ្ដើមប្រើដាវសាមូរ៉ៃដើម្បីបំភ័យប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន។ គាត់និយាយថា ”ខ្ញុំបានកត់ត្រាក្នុងសៀវភៅរបស់ខ្ញុំថា នគរបាលសង្កាត់ហាក់ដូចមិនជួយទប់ស្កាត់បទល្មើសទាំងនេះទេ និងមិនសហការជាមួយប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋាន”។
ពេលទាក់ទងកាលពីម្សិលមិញ លោក ដួង វណ្ណៈ បានបដិសេធមិនឆ្លើយបំភ្លឺទេជុំវិញការស្ដីបន្ទោសរបស់ស្នងការរាជធានី ប៉ុន្តែបានអួតថា មេចោរនោះ និងបក្ខពួកម្នាក់ត្រូវនគរបាលចាប់ខ្លួនបានហើយកាលពីរសៀលថ្ងៃអង្គារ ភ្លាមៗបន្ទាប់ពីវេទិកានេះ។ លោកបានលើកឡើងថា “ជនសង្ស័យពីរនាក់ឈ្មោះ ហ៊ុន ចាន់ណារ៉ូ អាយុ២៩ឆ្នាំ និង ណេន វ៉ាន់ណេត អាយុ២៤ឆ្នាំត្រូវបានចាប់ខ្លួនហើយ”។
ទោះជាយ៉ាងណា ឧត្ដមសេនីយ៍ឯក ជួន សុវណ្ណ មិនអាចទាក់ទងបានទេ៕ សុខុម