30 C
Phnom Penh

រដ្ឋាភិបាល​ចុះ​កិច្ច​ព្រមព្រៀង​តភ្ជាប់​បណ្តាញ​​ខ្សែកាប​អុបទិក​ក្នុង​ទឹកប្រាក់​៧០លានដុល្លារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​​​បានច​​​ុះ​​​ហត្ថលេខា​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​វិនិយោគ​​​មួយ​​​ដែល​​​មាន​​​ទឹក​​​ប្រាក់​​​៧០​​​លាន​​​ដុល្លារ​​​ជា​​​មួយ​​​ក្រុមហ៊ុន​​​ផ្តល់​សេវា​​​ហេដ្ឋារចនាសម្ព័ន្ទ​ទូរគមនាគមន៍​​​ចិន​​​កាល​​​ពី​​​ម្សិលមិញ ដើម្បី​​​តភ្ជាប់ប្រទេស​កម្ពុជាទៅនឹង​​​​បណ្តាញ​​​ខ្សែ​​​កាប​​​អ៊ុប​​​ទិក​​ក្រោមសមុទ្រ​​​​​ប្រវែង​​​២៥.០០០​គីឡូ​ម៉ែត្រ​​​កាត់​​​ទ្វីប​​​ចំនួន​​​៣​​​។

យោង​​​តាម​​​បុគ្គលិកក្រុមហ៊ុន​​​​ និង​​​មន្ត្រី​​​រដ្ឋាភិបាលបាន​ឱ្យ​ដឹង​ថា ហេដ្ឋារចនាសម្ព័ន្ធ​​ថ្មី​​​​​​ដែល​​​​គេរំពឹង​​​ថា នឹង​​​ដំណើរ​​​ការ​​​នៅ​​​ឆ្នាំ​​​២០១៧ នឹង​​ធ្វើ​​​ឲ្យ​​​ប្រព័ន្ធ​​​អីុនធឺណិត​​​កាន់​​​តែ​​​មាន​​​ល្បឿន​​​លឿន និង​​​តម្លៃ​​​កាន់តែ​ថោក​​។

បណ្តាញ​​​ខ្សែ​​​កាប​​​អុបទិក​​​កម្ពុជា ​​​(CFOCN​​​) ​​​ជា​​​បុត្រ​​​សម្ព័ន្ធ​​​កាន់កាប់​ទាំង​ស្រុងដោយ​​​​​​ក្រុមហ៊ុន HyalRoute Group បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​សាងសង់ ដំណើរការ​​​​ផ្ទេរ​​​​​​ ដែល​​​មាន​​​ទឹក​​​ប្រាក់​​​៦៩,៧​​​លាន​​​ដុល្លារ​​​​​​ជា​​​មួយ​​​ក្រសួង​​​ នេះ​នៅ​​​ក្នុង​​​ពិធី​​​មួយ​​​នា​​​ពេល​​​រសៀល​​​។

ក្រុម​​​ហ៊ុន​​​នេះ​​​នឹង​​​តភ្ជាប់​​​ប្រទេស​​​កម្ពុជា​​​ទៅ​​​កាន់​ទ្វីប​​​អាស៊ី អាហ្វ្រិក និង​​​អឺរ៉ុប-១ (AAE-1) ជា​​​បណ្តាញ​​​ក្រោម​​​សមុទ្រ​​​ជា​​​មួយ​​​នឹង​​​បច្ចេក​​​វិទ្យា​​​កម្លាំង​​​១០០ជីហ្គាបៃ​​​​​​ (gigabit) ក្នុង​​​១វិនាទី និង​​​មាន​​​សមត្ថភាព​​​ជាង​​​៤០​​​តេរ៉ាបៃ​​​ (terabits)​​​ តាម​​​រយៈ​​​ចំណុច​​តភ្ជាប់​​​​​ក្នុង​ឈូង​សមុទ្រ​​​ថៃ​​​ នៅក្នុង​ដែនសមុទ្រ​​​ក្រុង​​​ព្រះសីហនុ​​​។

cam-photo-cable-channaសេចក្តី​​​ប្រកាស​​​ព័ត៌មាន​​​ពី​​​ក្រុមហ៊ុន ​​​HyralRoute ​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា “ការ​​​វិនិ​​​យោគ​​​រួម​​​ AAE-1 នឹង​​​ជា​​​ការតភ្ជាប់​បណ្តាញ​ខ្សែ​​​កាប​​​ថ្មី​​​បំផុត និង​​​ធំ​​​បំផុត​​​ ដើម្បី​​​តភ្ជាប់​​​ទៅប្រទេស​ធំៗស្ថិត​ក្នុង​​​​ទ្វីប​​​អាស៊ី អាហ្វ្រិក​​​មជ្ឈិម​​​បូពា៌ និង​​​ប្រទេស​​​នៅ​​​តំបន់​​​អឺរ៉ុប​​​។ គេរំពឹង​​​ថា វា​​​នឹង​​ភ្ជាប់​​​ការ​​​ចែក​​​រំលែក​​​បច្ចេកវិទ្យា​​​ឌីជីថល​​​រវាង​​​ប្រទេស​​​កម្ពុជា និង​​​តំបន់​​​អភិវឌ្ឍន៍​​​នានា​នៅ​​​ក្នុង​​​ពិភពលោក​​​”។

យោង​តាម​សេចក្តី​ប្រកាសព័ត៌មាន​បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុនចម្រុះមួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​​​​ទូរគមនាគមន៍​​​១៩ក្នុង​ពិភព​​​លោក​​​​​​បាន​​​ចុះ​​​ហត្ថ​លេខា​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀងដើម្បី​អភិវឌ្ឍ​​​​​​បណ្តាញ​​​នេះ​​​​​​ក្នុង​ខែ​​​​មករា ឆ្នាំ​​​២០១៤។  ​​​បច្ចុប្បន្ន​​​នេះ​​​វា​​​បាន​​​តភ្ជាប់​​​ទៅ​​​កាន់​​​ប្រទេស​​​ចំនួន​​​១៩​​​ ដោយ​គេ​រំពឹងថា ​​​សាខា​​​នៅ​​​ប្រទេស​​​កម្ពុជា នឹង​​​ដំណើរ​​​ការ​​​នៅ​​​ដំណាច់​​​ឆ្នាំ​​​២០១៧​។

សេចក្តី​​​ប្រកាស​​​ព័ត៌មាន​នេះ​​បន្ថែមទៀត​ថា “ក្រុមហ៊ុន HyralRoute បាន​​​ត​បណ្តាញ​ខ្សែកាប​​​អុប​​​ទិក​​​លើ​​​ផ្ទៃ​​​ដី​​​ប្រវែង​​​១០.២៤៨​​​គីឡូម៉ែត្រ​​​ ដែល​​​គ្រប​​​ដណ្តប​​​់ក្នុង​​​ខេត្ត​​​ចំនួន​​​២៥​​​ក្នុង​​​ប្រទេស​​​កម្ពុជា។ ហើយ​​​ចំនួន​​​អតិថិ​​​ជន​​​ប្រើ​​​ប្រាស់​​​បណ្តាញ​​​នេះ​​​មាន​​​៣០០.០០០​​គ្រួសារ​​​​”។

លោក ខូវ មករា អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​ប្រៃសណីយ៍ និង​​​ទូរគមនាគមន៍​​​បាន​​​មាន​​​ប្រសាសន៍​​​ថា គម្រោង​​​នេះ​​​​​​នឹង​​​ធ្វើ​​​ឲ្យ​​​អីុនធឺ​​​ណិត​​​កាន់តែ​មាន​​​តម្លៃ​​​ថោក​​​នៅ​​​ក្នុ​​​ងប្រទេស​​​កម្ពុជា​​​ដោយ​​​កាត់​​​បន្ថយ​​​ការ​​​ពឹង​​​ផ្អែក​​​ទៅ​​​លើ​​​ប្រទេស​​​ជិត​​​ខាង​​​។

លោក មករា បាន​​​​​​ថ្លែង​​​ថា “បន្ទាប់​​​ពី​​​រៀប​​​ចំ​​​បណ្តាញ​ខ្សែ​​​កាប​​​ក្រោម​​​សមុទ្រ​​​រួច​​​ អីុនធឺណិត​​​​​​នឹង​​​លែង​​​ត្រូវ​​​ឆ្លង​​​កាត់​​​តាម​​​ប្រទេស​​​វៀត​​​ណាម ​​​ឬ​​​ប្រទេស​​​ថៃ​​​ទៀត​​​ហើយ​​​។​​​ ឧទាហរណ៍ ​​​នៅ​​​ពេល​​​យើង​​​ចង់​​​តបណ្តាញ​អីុនធឺណិត​​​ពី​​​ហុង​​​កុង ឬ​​​បារាំង​​​ យើង​​​អាច​​​តភ្ជាប់​​​ដោយ​​​ផ្ទាល់​​​ ដូច្នេះ​​​តម្លៃ​​​នៃ​​​ការ​​​តភ្ជាប់បណ្តាញ​នឹង​​​កាន់​​​តែ​​​មានតម្លៃ​ថោក​​​”។

លោក Joseph Man Chue Chan ប្រធាន​​​គណៈកម្មាធិការ​​​គ្រប់​​​គ្រង AAE-1 បាន​​​ពន្យល់​​​ថា ការ​​​តភ្ជាប់បណ្តាញ​​​​ខ្សែ​​​កាប​​​​​​នឹង​​​ធ្វើ​​​ឲ្យ​​​ប្រទេស​​​កម្ពុជា​​​អាច​​​ប្រើ​​​ប្រាស់​​​អីុនធឺណិត​​​នូវ​​​កម្រិត​​​បញ្ជូន​​​ទិន្នន័យ​​​កាន់​​​តែ​​​ខ្ពស់​​​។​​​

លោក​​​បាន​​​មានប្រសាសន៍ថា “ប្រព័ន្ធ​​​នេះ​​​​នឹង​​​គាំទ្រ​​​រាល់​​​ទម្រង់​​​នៃ​​​ការ​​​ទំនាក់​​​ទំនង​​​និង​​​ការ​​​ប្រើ​​​ប្រាស់​​​ទាំង​​​អស់​​​រួម​​​ទាំង​​​អីុនធឺណិត​​​ល្បឿន​​​លឿន វីដេអូ សំឡេង ទិន្នន័យ​​​… ក្នុង​​​ល្បឿន​​​កាត់​​​តែ​​​លឿន”។

យោង​តាម​ក្រសួង​ប្រៃសណីយ៍ និង​ទូរគម នាគមន៍​បាន​ឱ្យ​ដឹង​ថា គិត​​​ត្រឹម​​​ខែ​​​ធ្នូ​​​ ប្រទេស​​​កម្ពុជា​​​មាន​​​អ្នក​​​ប្រើ​​​ប្រាស់​​​អីុនធឺណិត​​​៦,៧​​​លាន​​​នាក់ គឺ​​​ជាង​​​៤០​​​ភាគ​​​រយ​​​នៃ​​​ប្រជា​​ជន​សរុប​​​ កើន​​​ឡើង​​​តែ​​​ជាង​​​១ភាគ​​​រយ​​​ប៉ុណ្ណោះ​​​បើ​​​ធៀប​​​នឹង​​​ចំនួន​​​ប្រជាជន​​​សរុប​​​​ក្នុង​​​ឆ្នាំ​​​២០១០។

លោក កាន ច័ន្ទ​​​មេត្តា រដ្ឋលេខាធិការ​​​ក្រសួង​​​ប្រៃសណីយ៍​​​ និង​​​ទូរគមនាគមន៍​​​បាន​​​មាន​​​ប្រសា​សន៍​​​ថា ខ្សែកាប​​​ក្រោម​​​សមុទ្រ​​​នេះ​​​នឹង​​​ជួយ​​​បំពេញ​​​តាម​​​តម្រូវ​​​ការ​​​នា​​​ពេល​​​អនាគត​​​ទាំង​​​សម្រាប់​​​ក្រុមហ៊ុន​​​ចែក​​​ចាយ​​​ និង​​​អ្នក​​​ប្រើ​​​ប្រាស់​​​រួម​​​ទាំង​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ផងដែរ​​​។

លោក​​​ ច័ន្ទ​​​មេត្តា បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​”យើង​​​អាច​​​ឆ្លើយ​​​តប​​​ចំពោះ​​​តម្រូវ​​​​​​ការ​​​ប្រចាំ​​​ឆ្នាំ​​​ដែល​​​មាន​​​ការ​​​កើន​​​ឡើង​​​សម្រាប់​​​ការ​​​ប្រើ​​​ប្រាស់​អីុនធឺណិត​​​ពី​​​អ្នក​​​ប្រើ​​​ប្រាស់​​​”។

លោក​​​បាន​​​បន្ថែម​​​ថា​​​ “ប៉ុន្តែ ប្រសិន​​​បើ​​​យើង​​​មិន​​​អភិវឌ្ឍការ​​​តភ្ជាប់បណ្តាញ​​​​ឲ្យ​​​បាន​​​កាន់តែ​ល្អ​​​ប្រសើ​​​រ​​​ទេ​​​នោះ​​​ ប្រជា​​​ពល​​​រដ្ឋ​​​នឹង​​​មិន​​​អាច​​​ប្រើ​​​ប្រាស់​​​ទិន្នន័យ​​​ទៅ​​​តាម​​​សមត្ថ​​​ភាព​​​របស់​​​ខ្លួន​​​បាន​​​ឡើយ ហើយ​​​ល្បឿន​​​នឹង​​​រអាក់​​​រអួល​​​”។

លោក​​​បាន​​​ថ្លែង​​​ថា “លោក​​​នាយក​​​​​រដ្ឋ​​​មន្ត្រី​​​ប្រើ​​​ប្រាស់​​​ហ្វេសប៊ុក​​​រាល់​​​ថ្ងៃ​​​… ដូច្នេះ​​​ហើយ​​​លោក​​​ចង់​​​បាន​​​អីុនធឺណិត​​​ដែល​​​មាន​​​ល្បឿ​​​ន​​​លឿន​​​”៕សារុន​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស