27 C
Phnom Penh

អ្នក​បើក​រថយន្ត​ស្លាប់ កម្មករ​កាត់ដេរ​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​ព្រះសីហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ប៉ូលិស​ដែល​បាន​រាយការណ៍​ថា អ្នក​បើក​រថយន្ត​បី​នាក់​បាន​រត់​គេច​ខ្លួន​ពី​កន្លែង​គ្រោះ​ថ្នាក់​និង​មិន​ទាន់​ចាប់​ខ្លួន​បាន​នោះ​ឲ្យ​ដឹង​ថា ការ​បុក​គ្នា​ក្នុង​ល្បឿន​ដ៏​លឿន​នៅ​ខេត្ត​ព្រះសីហនុ​ពាក់ព័ន្ធ​នឹង​រថយន្ត​កុងតឺន័រ​ពីរ​គ្រឿង គឺ​រថយន្ត​ដឹក​កាក​​​សំណល់ស្រា​បៀរ​និង​រថយន្ត​មាន​កម្មករ​ជិះ​ណែន បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​និង​របួស​៣៤​នាក់​កាលពី​ល្ងាច​ថ្ងៃ​អង្គារ។

គ្រោះថ្នាក់​ស្លាប់​មនុស្ស​នេះ​បាន​កើត​ឡើង​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤​ក្នុង​ស្រុក​ព្រៃ​នប់​នៅ​ម៉ោង​ប្រហែល​៧​យប់​ថ្ងៃ​អង្គារ តែ​ពីរ​សប្តាហ៍​មុន​ពេល​សមត្ថកិច្ច​មាន​គម្រោង​ចាប់​ផ្តើម​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី ដែល​សំដៅ​កាត់​បន្ថយ​ឲ្យ​មក​នៅ​កម្រិត​អប្បបរមា​នូវ​គ្រោះថ្នាក់​ដែល​ប្រឈម​ដោយ​កម្មករ​កាត់​ដេរ​ប្រហែល​៧០០.០០០​នាក់​របស់​ប្រទេស​កម្ពុជា។

អាជ្ញាធរ​បាន​បន្ទោស​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​លើ​រថយន្ត​កុងតឺន័រ​បើក​លឿន​ទាំង​ពីរ​គ្រឿង​របស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ស៊ីឌីភី។

យោង​តាម​លោក អ៊ី សុខា ស្នងការ​រង​នគរបាល​ខេត្ត​ឲ្យ​ដឹង​ថា នៅ​ពេល​រថយន្ត​ស៊ីឌីភី​ទី​១​បុក​ពី​ក្រោយ​រថយន្ត​ក្រុមហ៊ុន​ខេមប៊្រូ ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​អង្គរ មាន​ទីតាំង​នៅ​ក្រុង​ព្រះសីហនុ រថយន្ត​ទី​២​បាន​ឆែវ​ចូល​ផ្លូវ​រថយន្ត​មកពី​ខាង​មុខ ដើម្បី​គេច​ចេញ​ពី​ការ​បុក​នេះ ហើយ​បាន​បុក​ជាមួយ​រថយន្ត​ដឹក​កម្មករ​ណែន​និង​រថយន្ត​ធុន​តូច​ពីរ​គ្រឿង។

លោក សុខា បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ពុធ​ថា “អ្នក​បើក​រថយន្ត​[ស៊ីឌីភី]​បើកបរ​ដោយ​ធ្វេស​ប្រហែស​ក្នុង​ល្បឿន​លឿន​លើ​ផ្លូវ​ចោត ហើយ​ក៏​បាន​បុក​ពី​ក្រោយ​រថយន្ត​មួយ​គ្រឿង​ទៀត បណ្តាល​ឲ្យ​កើត​មាន​គ្រោះ​ថ្នាក់​នេះ”។

លោក​បាន​មាន​ប្រសាសន៍​ថា រថយន្ត​តួរីស ដែល​ដឹក​កម្មករ​ជាង​២០នាក់​ពី​រោងចក្រ​មួយ​ក្នុង​ស្រុក​នោះ រង​គ្រោះ​យ៉ាង​ខ្លាំង។ លោក ប៊៊ុត រ៉ារុន អាយុ​៥៥​ឆ្នាំ អ្នក​បើក​រថយន្ត​តួរីស បាន​ស្លាប់។

លោក សុខា បាន​និយាយ​ថា មនុស្ស​សរុប​៣៤​នាក់​បាន​រង​របួស​ក្នុង​គ្រោះ​ថ្នាក់​នេះ ដែល​ភាគច្រើន​ជា​កម្មករ​កាត់ដេរ ហើយ​មនុស្ស​បី​​​នាក់​របួស​ធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្នុង​ក្រុង​ភ្្នំពេញ។

លោក​បាន​ឲ្យ​ដឹង​ថា អ្នក​បើក​រថយន្ត​ស៊ីឌីភី​ទាំង​ពីរ​គ្រឿង​និង​រថយន្ត​ក្រុមហ៊ុន​ខេមប៊្រូ​បាន​រត់​ចោល​ឡាន ហើយ​ប៉ូលិស​បន្ត​ស្វែងរក​ចាប់​ពួកគេ។

ប៉ូលិស​មិន​ទាន់​បាន​ចាប់​ផ្តើម​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​ដែល​ហាមឃាត់​កម្មករ​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​មក​រោងចក្រ​របស់​ពួកគេ​តាម​រថយន្ត​ដែល​មិន​មាន​កៅអី​សម្រាប់​អ្នក​ដំណើរ​ទាំងអស់​នោះទេ។

ទោះជា​យ៉ាង​នេះ​ក្តី លោក អៀ ចរិយា ប្រធាន​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក បាន​មាន​ប្រសាសន៍​ថា លោក​មិន​ជឿ​ថា​កម្មករ​កាត់ដេរ​អាច​រក​ជម្រើស​ផ្សេង​ក្រៅពី​រថយន្ត​ចង្អៀត​ណែន​និង​គ្មាន​សុវត្ថិភាព ដែល​ពួកគេ​ជិះ​សព្វថ្ងៃ​នេះ​ទេ។

លោក ចរិយា បាន​និយាយ​ថា កម្មករ “ដឹង​ហើយ​ថា ការ​ជិះ​រថយន្ត​ទាំង​នេះ​គឺ​គ្រោះថ្នាក់​ចំពោះ​ពួកគេ”។

លោក​បាន​បន្ថែម​ថា “ប៉ុន្តែ ពួកគាត់​គ្មាន​ជម្រើស ពីព្រោះ​វា​ថោក​និង​ងាយ។ រដ្ឋាភិបាល​អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ ដោយ​យក​រថយន្ត​ក្រុង​ដឹក​កម្មករ​កាត់ដេរ”៕និត (រាយការណ៍​បន្ថែម​ដោយ Ben Paviour)

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស