សាលាក្តីខ្មែរក្រហមកាលពីថ្ងៃពុធបានចាប់ផ្តើមដំណាក់កាលថ្មីនៃសវនាការក្នុងសំណុំរឿង០០២/០២ ដែលផ្តោតលើមន្ទីរសន្តិសុខនិងការបោសសម្អាតផ្ទៃក្នុង ដោយសាក្សីម្នាក់បានប្រាប់តុលាការថា លោកបានឃើញឆ្អឹងនៃអ្វីដែលលោកជឿថាជាប្រជាជនចារ៉ាយជាង១០០នាក់ត្រូវគេសម្លាប់នៅមន្ទីរសន្តិសុខអូរកន្សែងនៅខេត្តរតនគិរីក្នុងឆ្នាំ១៩៧៧។
មន្ទីរសន្តិសុខ ដែលគេស្គាល់ថាជាកន្លែងអប់រំនិងកសាងអូរកន្សែង គឺជាគុកមួយ ដែលទាហានមកពីកងពល៨០១របស់កងទ័ពបដិវត្តន៍កម្ពុជាត្រូវបានដាក់ទណ្ឌកម្ម និងជួនកាលសម្លាប់ចោល ប្រសិនបើពួកគេមិនពេញចិត្ត ប៉ុន្តែជនស៊ីវិលជាច្រើនក៏ត្រូវបានឃុំខ្លួននៅទីនោះដែរ ក្នុងនោះមានទាំងសាក្សី ផាន ថុល ឥឡូវនេះមានអាយុ៧៥ឆ្នាំដែរ។
លោក ថុល បានប្រាប់តុលាការថា គេបានឃុំខ្លួនគាត់នៅមន្ទីរឃុំឃាំងនេះក្នុងខែមិថុនាឆ្នាំ១៩៧៧ បន្ទាប់ពីត្រូវកម្មាភិបាលខ្មែរក្រហមចោទថាបានប្រើ “វិធីសក្តិភូមិ” នៅចម្ការកៅស៊ូ ជាកន្លែងដែលលោកធ្វើការ ដូចជារម្ងាប់មេរោគឧបករណ៍របស់លោកជាមួយខ្លាញ់គោ ដើម្បីកុំឲ្យមានការឆ្លងជំងឺពីដើមឈើមួយទៅដើមឈើមួយទៀត។
លោកបាននិយាយថា លោកបានជាប់គុកមួយខែដំបូងនិងត្រូវគេដាក់ច្រវាក់ ប៉ុន្តែក្រោយមកត្រូវគេដោះលែងវិញ ហើយឲ្យធ្វើជាអ្នកយាមចម្ការខ្មុររបស់មន្ទីរនេះ”។
លោកបានរៀបរាប់ថា មិនយូរប៉ុន្មានក្រោយមក អ្នកទោសជនជាតិភាគតិចចារ៉ាយជាង១០០នាក់ ក្នុងនោះមានបុរស ស្ត្រី និងកុមារផង បានមកដល់អូរកន្សែង។ ពួកគេបានស្នាក់នៅទីនោះមិនដល់មួយសប្តាហ៍ផង ក៏ត្រូវគេចងនិងបណ្តើរចេញទៅ។
លោក ថុល បាននិយាយថា “ខ្ញុំបានមើលតាមចន្លោះជញ្ជាំងឃើញពួកគេចេញទៅ។ ពួកគេត្រូវគេចងជាជួរនឹងខ្សែនីឡុង ហើយត្រូវគេនាំចេញទៅបាត់”។
ក្រោយមក នៅពេលយាមចម្ការខ្នុរ លោកបាននិយាយថា លោកបានប្រទះឃើញរណ្តៅមួយ ដែលលោកបានឃើញសពស្អុយរលួយមួយភ្លែត ដែលកប់មិនជិត។ កន្លែងនោះក៏មានរាយប៉ាយដោយខោអាវប្រឡាក់ឈាម ស្បែកជើង និងសម្ពាយ ដែលដូចនឹងរបស់ដែលលោកបានឃើញជនជាតិចារ៉ាយប្រើអ៊ីចឹង។
លោកបាននិយាយថា “ខ្ញុំធុំក្លិនសពស្អុយរលួយក្នុងរណ្តៅនោះ ដែលកប់មិនជិត ដែលធ្វើឲ្យខ្ញុំជឿថា មនុស្សទាំងនោះត្រូវគេសម្លាប់ចោលហើយ”។
លោក ថុល ក៏បានផ្តល់សក្ខីកម្មថា លោកបានឃើញអ្នកជាប់ឃុំត្រូវគេធ្វើទារុណកម្មដោយឆក់ខ្សែភ្លើង និងបានឃើញការសម្លាប់មួយចំនួន ក្នុងនោះមានអ្នកទោសម្នាក់ត្រូវពួកអ្នកយាមបាញ់សម្លាប់ និងម្នាក់ទៀតត្រូវគេប្រើចបកាប់វាយសំពងរហូតដល់ស្លាប់។
ក្រោមការសួរក្រោយមកទៀតពីលោក វិកទ័រ កូប៉េ (Victor Koppe) មេធាវីការពារក្តីរបស់លោក នួន ជា លោក ថុល បានបញ្ជាក់ថា លោកត្រូវបានគេបញ្ជូនទៅអូរកន្សែង នៅថ្ងៃទី១៤ ខែមិថុនាឆ្នាំ១៩៧៧ ហើយលោកបានអះអាងថា គឺប្រហែលមួយខែមុនអ្នកទោសចារ៉ាយមកដល់។
ទោះជាយ៉ាងនេះក្តី លោក កូប៉េ បានលើកឡើងថា សាក្សីរូបនេះបានរៀបរាប់អំពីផ្លែខ្នុរនៅចម្ការនោះថា “ជិតទុំ” ដែលមិនអាចកើតមាននៅខែកក្កដាទេ ព្រោះថាផ្លែខ្នុរទុំនៅខែកុម្ភៈនិងខែមីនា ក្នុងខេត្តរតនគិរី។
នៅពេលដែលអតីតប្រធានអូរកន្សែង ឈ្មោះ ឆោម សែ បានផ្តល់សក្ខីកម្មនៅដំណាក់កាលដំបូងនៃសំណុំរឿង០០២ក្នុងឆ្នាំ២០១៣ លោកក៏បានលើកឡើងដែរថា ជនជាតិចារ៉ាយជាង១០០នាក់ត្រូវគេបញ្ជូនទៅមន្ទីរនេះមួយរយៈពេលខ្លីមុនពេលសម្លាប់ចោល ប៉ុន្តែលោកបានកំណត់កាលបរិច្ឆេទរឿងនេះថានៅចុងឆ្នាំ១៩៧៨។ ការផ្តល់សក្ខីកម្មរបស់លោក ថុល ត្រូវធ្វើបន្តនៅថ្ងៃនេះ៕ និត