38.1 C
Phnom Penh

ខណៈ​​ប្រឈម​រឿង​អាស្រូវ​ កឹម សុខា ប្រាប់​ឲ្យបក្ស​​យក​ចិត្ត​ទុកដាក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រោយ​​​​​​​ការ​​​បញ្ចេញ​​​​​​ខ្សែអាត់​សំឡេង​ដែល​​​គេថាជា​សំឡេង​របស់​លោក កឹម សុខា ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​និយាយ​គ្នា​ជាមួយ​ស្រីស្នេហ៍​របស់​​​​​​ខ្លួន​​​ អនុប្រធាន​គណ​បក្ស​ប្រឆាំង​រូប​នេះ​បាន​ថ្លែង​​​កាល​ពី​ម្សិល​មិញ​​​​ថា គណបក្ស​​​​​​​​គួរតែ​​​ផ្ដោត​យក​ចិត្ត​​ទុក​ដាក់​លើ​ការ​​​​បោះ​ឆ្នោត ហើយ​កុំឆ្លើយ​តប​​​​ការ​បង្ករឿង​។

​ក្នុង​ខ្សែអាត់​សំឡេង​​​ទាំង​នេះដែល​ខ្សែ​អាត់ទី១​ត្រូវ​បាន​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក​មួយ​​ដែល​គេ​ជឿ​ថាជា​របស់​​ស្រី​ស្នេហ៍​របស់​​​​គាត់​​​ឈ្មោះ “ស្រីមុំ” បុរស​ម្នាក់​ដែល​មាន​សំឡេង​ដូច​លោក កឹម សុខា និយាយ​​គ្នាលេង​​​​ដោយ​បញ្ឆិត​បញ្ឆៀង​ដល់​ការ​រួមភេទ​ជាមួយ​នារី​ម្នាក់​នោះ និង​និយាយ​​​គ្នា​​​អំពី​ការ​មាន​ផ្ទៃ​ពោះ​ដោយ​ចៃដន្យ​​របស់​នាង​។

ខណៈ​គណបក្ស​ប្រឆាំង​​មិន​ទាន់​​បដិ​សេធ​ភ្លាមៗ​​ថា បុរស​នៅ​ក្នុង​ខ្សែអាត់​សំឡេង​មិន​មែន​ជា​លោក កឹម សុខា គណបក្ស​នេះ​បាន​លើក​ឡើង​ថា ខ្សែអាត់​សំឡេង​ទាំង​នេះ​​​​​ជា​ការ​​ព្យាយាម​របស់​គណបក្ស​កាន់​អំណាច​​ដើម្បី​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​​​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិតាម​រយៈ​យករឿង​ផិត​ក្បត់​របស់​គាត់​មក​លេងសើច។

​ក្នុង​សារ​មួយ​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ម្សិលមិញ ក្រោយ​ពី​ជួប​​ជាមួយ​​​​ក្រុម​​​សកម្មជន​គណបក្ស​​សង្គ្រោះ​ជាតិ​ លោក កឹម សុខា មិន​បាន​​និយាយ​ដល់​រឿង​អាស្រូវ​​​នោះ​ចំៗ​ទេ ប៉ុន្តែ​បាន​ប្រាប់​អ្នក​គាំទ្រ​​ថា កុំ​ឲ្យ​ធ្វើ​តាម​អារម្មណ៍​​ ឬ​បែក​អារម្មណ៍​។ ​​

សារ​នោះ​​មាន​ខ្លឹមសារ​ដូច្នេះ​ថា “យើង​កំពុង​ដើរ​​​តាម​ផ្លូវ​​​ត្រូវ​​ហើយ យើង​កំពុង​តែ​រួប​​រួម​គ្នា​យ៉ាង​រឹងមាំ​ហើយ ហើយនេះ​ជា​ចំណុច​ខ្លាំង​របស់យើង​។ យើង​មិន​ត្រូវ​ធ្វើ​តាម​អារម្មណ៍​ ​​​ឬ​ធ្វើ​អី​តាម​តែ​គេ​ចាក់​​ឲ្យ​យើង​លោត​នោះ​ទេ។ ត្រូវ​រក្សា​នូវ​ការ​អត់ធ្មត់​​តទៅ​ទៀត​។ ដូច​​​ដែល​ខ្ញុំ​បាន​ជម្រាប​ហើយ​ថា យើង​​កុំឈ្លោះ កុំឆ្លើយ និង​កុំ​ឆ្លង​”។

​​​ការ​ស្រេក​ឃ្លាន​តណ្ហា​របស់​លោក កឹម សុខា និង​នារី​ដែល​គាត់​បាន​រិះគន់ ត្រូវ​​​បាន​​​​​​​​​​​​​​ក្រុម​ប្រឆាំង​ផ្នែក​នយោបាយ​​​​លើក​​​យក​​​​​​មក​​​​​​​​​វាយ​​​ប្រហារជា​​​​​​ថ្មី​​​ម្តង​​​​​​ទៀត។ នៅ​មុន​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ​២០១៣ ​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចោទ​ប្រកាន់​អនុប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​ថា បាន​​​ចំណាយ​​​​​​ប្រាក់​​​​​​ដើម្បី​​​​​​​​​រួម​ភេទ​ជាមួយ​ក្មេងស្រី​អាយុ​១៥​ឆ្នាំម្នាក់ ព្រមទាំង​​​​បោះ​បង់​ស្រី​ស្នេហ៍​ម្នាក់​ និង​​បដិសេធ​មិន​​​ជួយ​​​​​​ចិញ្ចឹម​កូនៗ​​​​​​របស់​​​នាង​​​​​​​​​ទៀត​​​ផង​​​។

លោក កឹម សុខា មិន​អាច​ទាក់​ទង​បាន​ទេ​កាលពី​ម្សិលមិញ។ ទោះ​ជាយ៉ាង​ណា លោក អេង ឆៃអ៊ាង តំណាង​រាស្ត្រជាន់​ខ្ពស់​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​ថា គណបក្ស​​របស់​លោក​នឹង​មិន​ចូល​រួម​ក្នុង​ “ល្បែង​នយោបាយ​” នេះ​ឡើយ។

លោក​បាន​បន្ត​ថា “​គណបក្ស​របស់​លោក​​កំពុង​​​​​​​​​តែ​​​​ផ្ដោត​លើ​ការ​ចុះ​​​​ជួប​ជាមួយ​សកម្ម​ជន ហើយ​កសាង​រចនាសម្ព័ន្ធ​​​​​ប៉ុណ្ណោះ​​​​​​។ យើង​មិន​​​​ព្រួយ​បារម្ភ​ចំពោះ​ខ្សែអាត់​សំឡេង​ទាំង​នេះ​ទេ។ វា​ហាក់​ដូច​ជា​ល្បែង​នយោបាយ​”៕ សុខុម​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស