នគរបាលបាននិយាយថា ខ្លួនបានដុតបំផ្លាញកញ្ឆាជិត៤៥.០០០ដើមដែលគេដាំនៅលើដីព្រៃរបស់រដ្ឋក្នុងខេត្តតាកែវកាលពីថ្ងៃអង្គារ និងថ្ងៃពុធ បន្ទាប់ពីពួកគេទទួលបានព័ត៌មានពីអ្នកភូមិមូលដ្ឋាន។
លោក ចក់ សុន នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តបានមានប្រសាសន៍ ថា អ្នកភូមិបានប្រាប់នគរបាលថា ពួកគាត់បានជួបប្រទះចម្ការកញ្ឆា១៣១កន្លែងតូចៗនៅពេលដើររកអុសក្នុងព្រៃរបស់រដ្ឋនៅក្នុងឃុំព្រះបាទជាន់ជំុ ស្រុកគិរីវង់កាលពីថ្ងៃច័ន្ទ។
លោកបានមានប្រសាសន៍ថា “ដោយសារពិបាកដឹកដើមកញ្ឆាទាំងនេះចេញពីព្រៃ និងដើម្បីចៀសវាងការចោទប្រកាន់ថា បាត់ភ័ស្តុតាងផង យើងបានស្នើទៅសាលាដំបូងខេត្តអនុញ្ញាតឲ្យពួកយើងដុតបំផ្លាញនៅនឹងកន្លែងតែម្តង”។
លោក ចក់ សុន បានមានប្រសាសន៍ថា កាលពីថ្ងៃអង្គារ នគរបាលបានរកឃើញ និងបានបំផ្លាញកញ្ឆាចំនួន២២.៤៣៩ដើមនៅ៥០កន្លែងក្នុងឃុំនេះ ហើយបានត្រឡប់មកវិញកាលពីថ្ងៃពុធ ដើម្បីដុតបំផ្លាញកញ្ឆា២២.២៥៣ដើមនៅ៨១កន្លែងផ្សេងទៀត។
លោកបានថ្លែងថា នគរបាលមិនទាន់ដឹងថា តើនរណាទទួលខុសត្រូវចំពោះការដាំកញ្ឆានេះនៅឡើយទេ ហើយថា ទំនងជាមិនមានការចាប់ខ្លួននរណាម្នាក់ឡើយ ពីព្រោះកញ្ឆានេះដាំនៅលើដីរបស់រដ្ឋ៕សារុន